30.4 C
Phnom Penh

កម្ពុជាពន្យារ​ពេល​ទទួល​ជំនួយ​ផ្នែកយោធា​របស់់​អូស្ត្រាលី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការ​ពារ​ជាតិ​អូស្ត្រាលី​បាន​ឲ្យ​ដឹង​កាល​ពីម្សិលមិញថា កម្ពុជា​បាន​ពន្យារ​ពេល​កម្ម​វិធី​ពី​រ​​នៃ​កម្ម​វិធី​សហ​ប្រ​តិ​បត្តិ​ការ​យោធា​របស់​ខ្លួន​ជាមួ​យ​អូស្ត្រាលី​​ បន្ទាប់​ពីកម្ពុជា​​បាន​​ប្រកាស​នៅ​សប្តាហ៍​នេះថា  កម្មវិធី​ដែល​ឧបត្ថម្ភ​ដោយសហ​រដ្ឋ​​អាមេរិក​ត្រូវ​បាន​ពន្យារ​ពេល​ បន្ទាប់​ពីការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៨​ខែ​កក្កដា​។

លោក​ ដេវ ហ្គច លេខាទី១ និង​ជា​អនុ​ប្រធាន​បេសកកម្ម​ស្ថាន​ទូត​អូស្ត្រាលី​បាន​​ផ្តល់​ឲ្យ​សេចក្តីថ្លែង​ការណ៍​​មួយមក​ពី​ក្រសួង​ការ​ពារជាតិ​អូស្ត្រាលី​​ កាល​ពីម្សិល​មិញ​។ សេចក្តី​ថ្លែង​ការណ៍នោះ​បាន​លើក​ឡើ​ង​​​​​​​​ ថា “កម្ពុជា​បាន​ពន្យារ​ពេល​សិក្ខាសាលា​មួយ​ស្តី​ពី​សន្តិសុខ​ដែនទឹក​ (ដែល​បច្ចុប្បន្ន​នេះ​កំពុង​គ្រោង​​ធ្វើ​​ឡើង​វិញ​​តាម​សំណើរបស់​កម្ពុជា) និង​សកម្មភាព​បណ្តុះបណ្តាល​ផ្នែក​ប្រឆាំង​ភេរវកម្ម​។​​សកម្ម​ភាព​​ផ្សេង​ទៀត​នៃកម្ម​វិធី​កិច្ច​សហ​ប្រតិបត្តិការ​យោធា​​របស់​យើង​ជាមួយ​​កម្ពុជា​កំពុងតែ​​​​ដំណើរការ​ជា​ធម្មតា​។

លោក ដេវ ហ្គច បាន​មាន​ប្រសាសន៍ថា លោក​​មិន​អាច​ប្រាប់​ព័ត៌មានបន្ថែម​ទៀត​អំពី​សេចក្តីថ្លែង​ការណ៍​នេះ​បាន​ទេ​។ យោង​តាម​គេហ​ទំព័រ​របស់​ស្ថាន​ទូត​នេះ​ វគ្គ​​បណ្តុះ​បណ្តាល​របស់​អូស្ត្រា​លី​​ប្រឆាំង​ភេរវកម្ម​​​សម្រាប់​​កម្ពុជា​ “ រួម​មាន​វគ្គ​បណ្តុះ​បណ្តាល​ជាមូល​ដ្ឋាន ដែល​មាន​​​ជំនាញ​ល្អៗ ដូចជា វាល​យន្ត​ហោះ​ នាវាចរណ៍​​ វេជ្ជ​​​សាស្ត្រ ​​​ និងវគ្គ​​បណ្តុះ​បណ្តាល​របស់​អង្គ​ភាព​​កម្ទេច​យុទ្ធភណ្ឌ​ និង​ផលិត​​គ្រឿង​ផ្ទុះ​ (EOD/IED)”។

គេហទំព័រនេះ​បង្ហាញថា អូស្ត្រា​លីក៏​បាន​ផ្តល់​វគ្គ​សិក្សាភាសាអង់គ្លេស​ផង​ដែរ​ដល់​សមាជិក​របស់​កង​កម្លាំង​ពិសេស​ជាតិ​ប្រឆាំង​​ភេរវកម្ម​ដែល​ដឹកនាំ​ដោយ​លោកឧត្តម​​​សេនីយ៍​​​ឯក ​ ហ៊ុន ម៉ា​ណែត​ កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន ។

នៅ​ពេល​សួ​រជាលើក​ដំបូង​កាល​ពីថ្ងៃ​អង្គារ​ បន្ទាប់​ពី​មាន​ព័ត៌មាន​អំពីការ​ពន្យារ​ពេល​កម្ម​វិធី​របស់​អាមេរិក​ថា តើ​កម្ម​វិធី​ផ្តល់​ជំនួយ​យោធា​អូស្ត្រាលី​​​រង​ផល​ប៉ះពាល់​ដែរ​ ឬយ៉ាង​ណា​នោះ​ លោក​ ដេវ ហ្គច មិន​និយាយ​​អំពីកម្ម​វិធី​ដែល​ត្រូវ​បាន​ពន្យារ​ពេល​ទាំង​ពីរ​នោះទេ។

លោក​ ដេវ  ហ្គច  បាន​លើក​ឡើង​តាម​អ៊ីម៉េល​ថា “ កម្មវិធី​សហប្រតិបត្តិការយោធា​របស់​យើង​នៅ​កម្ពុជា​កំពុង​ដំណើរការ​។ ជា​ធម្មតា​យើង​មិន​និយាយ​អំពី​សកម្ម​ភាព​របស់​កម្មវិធី​សហ​ប្រតិបត្តិការយោធានេះទេ​”។

លោក​ឧត្តម​សេនីយ៍​ឯក សួន​ សំណាង​ ​ប្រធាន​នាយក​ដ្ឋាន​គោល​នយោបាយ​ និង​​កិច្ច​ការ​បរទេស​ក្រសួង​ការ​ពារ​ជាតិ​បាន​មាន​​ប្រសាសន៍ថា កម្មវិធី​បណ្តុះ​បណ្តាល​អំពី​សន្តិ​សុខ​ដែន​ទឹក​ ដែល​គ្រោងធ្វើ​​​ដំបូង​នៅ​ខែ​មិថុនា​​នោះ​ត្រូវ​បាន​ពន្យារ​ពេល​ហើយ​។ លោក​បាន​មាន​ប្រសាសន៍ថា “ យើង​បាន​ពន្យារពេល​សិក្ខាសាលា​ស្តីពីសន្តិសុខ​ដែន​ទឹក​ជាមួយ​អូស្ត្រាលី​ ពីព្រោះ​យើង​ជាប់​រវល់​ជាមួយ​ការ​បោះ​ឆ្នោត​ ប៉ុន្តែ សិក្ខា​សាលា​​​​នេះអាច​ចាប់​ផ្តើម​វិញ​នៅ​សប្តា​ហ៍​ទី​១​ ឬ​​​សប្តាហ៍ទី​២​ខែ​ក្រោយ​”។

អ្នក​វិភាគ​បាន​និយាយ​ថា សេចក្តី​សម្រេច​របស់​កម្ពុជា​ក្នុង​ការ​ពន្យារ​ពេល​ជំនួយ​យោធា​អាមេរិក​មួយ​ចំនួន​រួម​ទាំង​គម្រោង​បណ្តុះ​បណ្តាល​​កង​ទ័ពអាកាស​មួយ​ផងនោះ​ គឺជា​ប្រតិកម្ម​ចំពោះការ​ជ្រៀតជ្រែក​របស់​សហ​​​រដ្ឋ​​​អាមេរិក​ក្នុង​កិច្ច​ការ​កម្ពុជា​។

ការ​ពន្យារពេល​កម្ម​វិធី​ទាំង​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រសួង​ការបរទេស​អាមេរិក​បាន​អំពាវ​នាវ​ឲ្យមាន​ការ​សើុបអង្កេត​ឲ្យ​បាន​ច្បាស់​លាស់​លើការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​​នៅ​ពេល​បោះឆ្នោត​ និង​បន្ទាប់​ពី​សមាជិក​សភា​អាមេរិក​ពិភាក្សា​ពីការ​កាត់​ផ្តាច់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ដោយសារ​មាន​បញ្ហា​ក្នុង​ដំណើរការ​បោះឆ្នោត​។ ខណៈដែល​មាន​ការ​រិះគន់​ពីអាមេរិក​ពាក់​ព័ន្ធនឹង​ការ​បោះឆ្នោត​នេះ​ធ្វើ​ឲ្យមាន​កំហឹង​ពី​លោក​ ហ៊ុន​ សែន​​ ដោយ​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​​ហ៊ាន​ជំរុញ​ឲ្យ​​ប្រទេស​មហាអំណា​ច​នេះ​កាត់​ផ្តាច់​ជំនួយ​នោះ​​ ​អូស្ត្រាលី​​មិន​សូវ​ហ៊ាន​​និយាយ​ដោយ​ផ្ទាល់​ និង​ត្រង់​ៗ​ទេ។

កាល​ពីខែ​តុលា​ ឆ្នាំមុន​ព្រឹទ្ធសភា​អូស្ត្រាលី​ដែល​បាន​ចេញ​សេចក្តីសម្រេច​មួយ​​ស្នើ​ឲ្យ​រដ្ឋាភិ​​​បាល​កម្ពុជា​ “រៀបចំការ​បោះ​ឆ្នោត​ដោយ​សេរី និ​ង​យុត្តិធម៌​នៅក្នុង​​​​ឆ្នាំ​២០១៣​” ​និង​ដែល​​​នៅពេល​​នោះ​ លោក​ សម​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ជា​គណបក្ស​ប្រឆាំង​កំពុង​និរទេស​ខ្លួន​នៅ​ឡើយ​ដើម្បី គេច​វេះ​ពី​ទោស​ជាប់​ពន្ធនាគារ​នោះ ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ធានា​ឲ្យ​លោក​បាន​ចូល​រួម​ពេញ​លេញ​ក្នុងការ​បោះឆ្នោត​នេះ​។

រដ្ឋាភិបាល​អូស្ត្រាលី​មិន​ទាន់​ទទួល​ស្គាល់​ ជាសាធារណៈ​ ឬ​បដិសេធ​លទ្ធផលបោះ​ឆ្នោត​​បឋម​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ឈ្នះ​ដោយ​បាត់​បង់​សំឡេង​យ៉ាង​ច្រើន​នោះទេ​។​ ប៉ុន្តែ គណបក្ស​បៃតង​  ដែល​ជា​គណបក្ស​តូច​នៅ​​ប្រទេស​អូស្ត្រាលី​បាន​​ស្នើ​​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​គាំទ្រ​ការ​អំពាវ​នាវ​ឲ្យមាន​ការ​សើុបអង្កេត​ដោយ​ឯករាជ្យ​លើ​ភាព​មិន​ប្រក្រតី​ទាំង​នេះ​។

មន្ត្រី​កម្ពុជា​បាន​និយាយ​សម្រាល​សារៈ​សំខាន់​នៃការ​ពន្យា​រពេល​ជំនួយ​នេះ​ ហើយ​​កាល​ពីថ្ងៃពុធ​ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា ទំនាក់​ទំនង​កម្ពុជា​ និ​ងសហ​​​រដ្ឋ​​​អាមេរិក​នៅ​ជាធម្មតា​។ លោក​ ស៊ាន​ ម៉ាកគីនតុស អ្នក​នាំពាក្យ​ស្ថាន​ទូត​អាមេរិក​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ពីរ​ថ្ងៃ​មក​ហើយ​ចាប់​តាំង​ម្សិល​មិញ៕

ប្រែសម្រួល​ដោយ មូល គឹមហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស