42.2 C
Phnom Penh

ការ​វាយ​ប្រ​ហារ​ដោយ​ទឹក​អា​ស៊ីត​នៅ​តែ​កើត​មាន​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុងផ្ទះ​ដាច់​តែ​ឯង​មួយ​ក្នុង​ខេត្ត​កណ្តាល  ជន​រង​គ្រោះ​ដោយ​សារ​អាស៊ីត​នៅ​ទូទាំង​ប្រទេស​ បាន​មក​ជួប​ជុំ​គ្នា​កាលពី​ដើម​ខែ​នេះ​សម្រាប់​ការ​​ធ្វើ​លំ​ហា​ត់​ប្រាណ​ ការ​ច្រៀងនិង​ការរាំ​ ដែល​មាន​រយៈ​ពេ​ល​ពីរថ្ងៃ​។

ជំនួប​​ពីរ​ដង​ក្នុង​មួយ​ខែ​ដែលត្រូវ​បាន​រៀបចំឡើង​ដោយ​អង្គការជួយ​ជន​រង​គ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីត​(CASC)បាន​ប្រមូល​ផ្ដុំ​អ្នក​រស់​រាន​ពី​ការ​វាយ​ប្រហារ​ដោយ​ទឹ​ក​អាស៊ីត​ប្រហែល​៤៥​នាក់​ដែល​មាន​អាយុ​ចាប់​ពី​ប្រាំ​មួយ​ឆ្នាំ​ដល់​៦៣​ឆ្នាំ​ ហើយ​​ភាគ​ច្រើន ​ក្នុង​ចំណោមនោះ​​មាន​ស្លាក​ស្នា​​​ម​រលាកធ្ងន់​ធ្ងរ​ ដោយ​សារ​​​អាស៊ីត។

គោល​បំណង​នៃ​ការ​ជួប​ជុំ​គ្នា​នេះ​ គឺ​ដើម្បី​ប្រមូល​ផ្ដុំ​អ្នក​រស់​រាន​ពី​ការ​វាយ​ប្រ​ហារ​ដោយ​ អាស៊ីត​នៅ​ក្នុង​បរិបទ​មួយ​ ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​បង្ហាញ​អារម្មណ៍​រប​ស់​ខ្លួន​​ដោយ​សេរី​និងដោយ​​គ្មាន​ស្លាក​ស្នាម​សង្គម​ ដែល​តាម​ធម្មតា​ពាក់​ព័ន្ទ​នឹង​ស្នាម​របួស​របស់​ពួក​គេ​។

អ្នក​ស្រី​ គង់ ទូច ដែល​រង​ការ​ជះ​អាស៊ីត​ដាក់​​ប្រហែល​ប្រាំ​លីត្រ​ក្នុង​ការ​វាយ​ប្រហារ មួយ​ កាល​ពី​ពីរ​ឆ្នាំ​មុន​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​នោះ​​​បាន​និយាយ​ថា “នៅ​ពេល​ខ្ញុំ​ឃើញ​ខ្លួន​​ឯង​មាន​​រូប​រាង​​​បែប​​​នេះ​​ជា​លើក​ដំបូង​ ខ្ញុំ​គិត​ថា  ‘ ខ្ញុំ​គ្មាន​សល់​អ្វី​ទៀត​ទេ​’ ”។

ស្ត្រី​​កូន​បី​​អាយុ​៥២​ឆ្នាំ​រូប​នេះ​​បាន​បាត់​បង់​ភ្នែក​ស្ដាំ​ ហើយ​មាន​ស្លាកស្នាម​លើ​ផ្ទៃ​មុខ​ និង​ដង​ខ្លួន​។ អ្នក​ស្រី ទូច​ គឺ​ជា​មនុស្សម្នាក់​នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​១៦​នាក់ ដែល​​​​ត្រូវ​បាន​កត់​ត្រា​ដោយ​អង្គការ​ CASC កាល​ពី​ឆ្នាំ​២០១១។​​​ជន​ដៃ​ដល់​នៅ​ក្នុង​អំពើ​ឧក្រិដ្ឋ​​​នេះ​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​​​​ពេល​១០ឆ្នាំ​កាល​ពី​ខែ​មិថុនាឆ្នាំ​២០១២ តាម​​​​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​​​​ និង​ប្រើ​ប្រាស់​អាស៊ីត​​​​ដែល​ត្រូវ​បាន​អនុម័ត​នា​ពេ​ល​ថ្មីៗ​នេះ​។

បើ​ទោះ​ជា​ CASC អះអាង​ថា តួលេខជន​រងគ្រោះ​ថយ​​ចុះ​​ច្រើន​ដោយ​សារ​ច្បាប់​​​ដែល​​​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​កាល​ពី​ឆ្នាំ​មុន​ផ្ដន្ទា​​​ទោស​ធ្ងន់​ធ្ងរ​ ចំពោះ​ជន​ដៃ​ដល់​នៅ​ក្នុង​ការ​វាយ​ប្រហារ​​​​​​​ដោយ​ទឹកស៊ីត​ក៏​ដោយ​​​​ ក៏​​ការ​អនុវត្ត​​​​​​ទន់​ខ្សោយ​​​​​​​​​​​​​នៅ​តែ​បណ្ដាល​​​​​​​ឲ្យ​មាន​គ្រោះ​ថ្នាក់​ និង​ឧប្បត្តិ​​​​​​​​​​​​ហេតុ​ ដែល​បង្ក​ដោយ​ខ្លួន​ឯង​។

ត្រឹម​មួយ​​​ខែ​មុន​ប៉ុណ្ណោះ​​​​​​​ មនុស្ស​ពីរ​នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ផឹក​ទឹក​អាស៊ីត​ ដែល​មាន​ប្រតិកម្ម​ខ្លាំ​ង​ហើយ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​​ម្នាក់​មាន​ស្នាក​ស្នាម​អស់​​មួយ​ជីវិត​ បន្ទាប់​ពីកំពប់​ទឹក​​​អាស៊ីត​លើ​ខ្លួន​នាង​ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​នៅ​ក្នុងខេត្ត​កំពង់​ចាម​។

បន្ទាប់​ពី​មាន​ការដាក់​ឲ្យ​ប្រើ​ច្បាប់​ស្ដី​ពី​ ​ការ​គ្រប់​គ្រង​​​​​​​ និងការ​​​​ប្រើប្រាស់​អាស៊ីតកាល​ពី​ខែ​ធ្នូ​​ឆ្នាំ​២០១១​មក​​​​​ ​រដ្ឋាភិបាល​​បាន​​​​អនុម័ត​អនុក្រឹត្យ​ដ៏​សំខាន់​មួយ​ដើម្បី​គ្រប់​គ្រង់​ការ​លក់​ ការចែក​ចាយ​និងការ​កាន់​កាប់​អាស៊ីត​​​​ខ្លាំង​កាល​ពីថ្ងៃ​ទី​២៨​​​ ​​​ខែ​មករា។ ប្រាំ​មួយ​ខែ​ក្រោយ​​​​មក ​អនុ​​​ក្រឹត្យ​​នេះ​បាន​ចូល​ជា​ធរមាន​។
អនុក្រឹត្យ​នេះ​​ចែង​​ថា ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​អាច​ទិញ​អាស៊ីត​ ហើយ​​ថា ពល​រដ្ឋ​ណា ដែល​ដឹក​ជញ្ជូន​អាស៊ីត​​ត្រូវ​តែ​មាន​អាជ្ញាប័ណ្ណ​។

អនុក្រឹត្យ​នេះ​ក៏​តម្រូវ​ឲ្យ​​អាជីវករសួរ​​​រក​​​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​​​អ្នក​​​ទិញ​​​ផងដែរ ហើយ​ថា តើ​ពួក​គេ​​​​យក​​​​អាស៊ីត​ទៅ​​​ធ្វើ​អ្វី​។​ក្នុង​ប្រទេសកម្ពុជា​​ កម្ម​ករ​ចៀរ​ជ័រ​កៅស៊ូ ជា​រឿយ​ទិញអាស៊ីតយក​ទៅ​ប្រើ​ដើម្បី​ជួយ​ពន្លឿន​ដំណើរការសំងួត​​​ជ័រ​កៅស៊ី ដែល​បាន​មក​ពី​ដើម​កៅស៊ីនោះ​។

លោកស្រី អេរីន បួហ្គ័ស (Erin Bourgois) ជា​នា​យក​គម្រោងនៅ ​CASC ​មាន​ប្រសាស​ន៍​ថា​ “អាស៊ីត​នៅ​តែ​ជា​អាវុធ​។វានៅ​តែ​គ្រោះ​​​​ថ្នាក់​ បើទោះ​ណា​វា​ជា​មិន​មែន​ជា​ការវាយ​ប្រហារដ៏​ហិង្សាក៏ដោយ​។ លោក​ស្រី​សួរ​ថា “​អនុក្រឹត្យនេះ​គ្រោង​នឹង​ដាក់​ឲ្យ​ប្រើ​ពេញ​លេញនៅ​ក្នុង​ខែ​កក្កដា​​ ប៉ុន្តែ​ សួរ​ថា តើ​អនុ​​​ក្រឹត្យនេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទូលំទូលាយ​ដល់​អាជីវករ​​ហើយ ឬ នៅ​? តើ​ពួក​គេ​ដឹង​ថា អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន​ហើយ​ឬ​នៅ​​? តើ​ត្រូវ​មាន​ការ​តាម​ដាន​បែប​ណា ​ដើម្បី​ដឹងថា ពួក​គេ​ពិត​ជា​បាន​សុំ​ឲ្យ​អតិថិជន​បង្ហាញ​​​​​អត្ត​សញ្ញាណ​ប័ណ្ណ​នោះ​?”។

បើ​ទោះ​ជា​តួលេខ​នៃ​ការ​វាយ​ប្រហារ​ដោយ​អាស៊ីត​ទំនង​ជា​ថយ​ចុះ​ ដែល​ក្នុង​នោះ​ឆ្នាំ​២០១០ CASC បាន​កត់​ត្រា​ជន​រងគ្រោះ​៣៦​នាក់​ បើ​ធៀប​ទៅ​នឹង​​ជន​រង​​​គ្រោះ​ត្រឹម​​​តែ​បីនាក់​ដែល​ត្រូវ​បាន​កត់​​​ត្រា​​​រហូតមក​ទល់​ពេល​នេះ​នៅ​ឆ្នាំ​នេះ​​ តម្លៃ​​​​​​​​​​ថោក​ និង​លទ្ធ​​​​​​ភាព​រក​បាន​អាសីុតនៅ​គ្រប់​ទី​កន្លែង​នោះ​​​​មាន​ន័យ​ថា ស្ទើរតែ​នរណាៗក៏​​​អាច​​រក​បាន​អា​ស៊ីត​ក្នុង​បរិមាណ​ច្រើន​​ដោយ​ងាយដែរ​​​​។

កាលពីសប្តាហ៍​មុន អាជីវករ​លក់​ទឹក​អាស៊ីត​​​​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា ពួក​គាត់​​​មិន​បាន​ដឹង ​អំពី​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ ការ​ចែក​ចាយ​ និង​ដឹក​ជញ្ជូន​អាស៊ីត​ទេ​​​។

រស់​ សុខារ៉ា អាយុ​៤៥​ឆ្នាំ​​ជា​អាជីវករ​ ដែល​​​​បន្ត​លក់​អាស៊ីតខ្លាំង​នៅ​ហាង​​​​​​ក្នុង​ផ្ទះ​នៅ​​​ក្នុង​ខណ្ឌ​ចម្ការ​មន​ រាជធានី​ភ្នំពេញ​ ​និយាយ​ថា “ មុន​​​​​​​ពេល​ពួក​គេ​តាក់តែង​ច្បាប់ ​[អនុក្រឹត្យ] ខ្ញុំ​បាន​ឮ​អំពី​រឿង​នេះ​ដែរ​ ប៉ុន្តែ​ចាប់តាំង​ពី​ពេល​នោះ​​​​មក​ ខ្ញុំ​មិន​បាន​ឮ​អ្វី​ទាំង​អស់​”។

លោ​ក ឡេង ធុយវីបូ​​​ អាយុ​៣០​ឆ្នាំ​ជា​​​អាជីវ​​​​​​​​​​​​ករ​​​​​​​​​​ម្នាក់​ទៀត​លក់​អាស៊ីត​ក្បែរ​នោះ​ ​និយាយ​ថា លោក​បាន​ចូល​រួម​កិច្ចប្រជុំ​មួយ​កាលពី​ឆ្នាំ​២០១០ ដើម្បី​ពិភាក្សា​ អំពី​គោលការណ៍​ណែនាំ​ថ្មី​ស្តីពីការ​លក់​អាស៊ីត​ ប៉ុន្តែ​ ចាប់​តាំង​ពី​ពេល​នោះ​មក​មិន​បាន​ឮ​អ្វី​ទាំង​អស់​។

លោក​ វីបូ​​​ ​និយាយ​ថា  ខណៈ​ពេល​លោក​​​​​​​​ធ្វើ​ការ​រឹត​ត្បិត​​លើ​ការ​លក់​អាស៊ីត​ដោយ​​​​ខ្លួន​ឯងនោះ​ អាជីវករ​ដ៏​ទៃ​ទៀត​មិន​សូវ​ប្រយ័ត្ន​​​ប្រយែង​​ទេ​។ទាក់​ទិន​ការ​សុំ​ឲ្យ​អតិថិជន​​បង្ហាញ​​​​​​​អត្តសញ្ញាណ​ប័ណ្ណ​ពេល​ទិញ​អាស៊ីត​នោះ លោក​​និយាយថា “ខ្ញុំ​បាន​អនុវត្ត​​បែប​នេះ​យូរ​មក​ហើយ​ អ្នក​ខ្លះ​​​​ទៀត​មិន​ធ្វើ​ដូច្នេះ​ទេ​”។
លោក​  តេង​  សាវង្ស​  រដ្ឋ​លេខាធិការ​ក្រសួង​​​​​​​មហា​ផ្ទៃ​ ដែល​ស្ថិត​នៅ​ក្នុង​គណៈ​កម្មាធិការ​ធ្វើ​សេចក្ដី​ព្រៀង​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​និង​​ប្រើ​​​​អាស៊ីតនោះ​​បាន​ថ្លែង​​​ថា អនុក្រឹត្យស្តីពី​​ការ​​​គ្រប់​គ្រង ​ការ​លក់​អាស៊ីត​ នឹង​ត្រូវ​​ផ្សព្វ​​​ផ្សាយ​​​ដល់​​​​សាធា​​​រណៈ​ជន​​​ឆាប់​ៗ​នេះ​ ប៉ុន្តែ​​​​លោក​​មិន​បាន​បញ្ជាក់​ថា អនុក្រឹត្យ​នេះ​នឹង​ត្រូវ​​​​បាន​ផ្សព្វផ្សាយ​នៅ​ពេល​ណា និង​ដោយ​របៀប​ណា​នោះទេ​។ លោក​មាន​ប្រសាសន៍​ថា យើង​​​​មាន​ស្ថាប័ន​​ផ្សេងទៀត​ជួយ​ផ្សព្វផ្សាយ​ច្បាប់​នេះ​ ប៉ុន្តែ​យើង​មិន​ទាន់​បាន​ផ្សព្វ​ផ្សាយ​ក្រឹត្យ​នេះ​​ដល់​​​សាធារណៈ​ជន​នៅ​ឡើយ​ទេ​។

ចំណែក​​លោក​ស្រី​ បូហ្គ័ស វិញ​យល់​ឃើញ​​​​ថា ប្រសិន​បើ​តួលេខ​ជន​រងគ្រោះ ​ដោយ​សារ​​​​អាសស៊ីត​ធ្លាក់​ចុះ​បន្ថែម​ទៀត ​ការ​គ្រប់​គ្រង​ការលក់​ទឹក​អាស៊ីត​គឺ​មាន​សារៈសំខាន់​ខ្លាំង​​​ណាស់​។​ លោក​ស្រី​បាន​ពន្យល់​ថា “វា​​​មាន​ទំនាក់​​​​ទំនង​គ្នា​រវាង​​តួ​លេខ​នៃ​ការ​វាយ​ប្រការ​​និង​លទ្ធិភាព​រក​បាន​អាស៊ីត​”៕

ប្រែសម្រួលដោយ អ៊ូច សូនី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស