32.5 C
Phnom Penh

គណបក្សកាន់អំណាចបញ្ជា​ឲ្យ​អាជ្ញា​ធរ​​ចាប់​អ្នក​ផលិត​ខ្សែ​អាត់​សំឡេង​លោក​ ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិល​មិញ គណ​បក្ស​​ប្រជាជន​​កម្ពុជា​​បាន​ស្នើ​​ឲ្យ​អាជ្ញាធរចាប់​ខ្លួន​ និង​ដាក់​ទោស​មនុស្ស​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​ផលិត​ខ្សែ​អាត់​សំឡេង​ដែល​គេ​អះអាង​ថា  ជា​ខ្សែ​អាត់​សំឡេង​របស់​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ​ ដែល​ទទួល​ស្គាល់​ជា​លក្ខណៈ​ឯកជន​ថា គណ​បក្ស​​របស់​លោក​បាន​ចាញ់​ការ​បោះ ឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា ។ ខ្សែ​អាត់​​សំឡេង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា លើក​ដំបូង​​នៅតាម​ហ្វេសប៊ុក និង​ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ចាក់​ផ្សាយ​កាល​ពីថ្ងៃអាទិត្យ​នោះ​ហាក់​ដូច​ជាត្រូវ​គ្នា​នឹង​សុន្ទរកថា ដែល​លោក​បាន​ថ្លែង​កាល​ពីថ្ងៃទី​១៦​ខែ​ឧសភា នៅ​ក្នុង​​ខេត្ត​ព្រៃវែង​​។

ផ្ទុយ​ពី​លទ្ធផល​បឋម​ចេញ​ដោយគណ​បក្ស​​ប្រជាជន​​កម្ពុជា​ និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ (គ.ជ.ប.) ដែល​បង្ហាញថា គណ​បក្ស​​ប្រជាជន​​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​​ គឺទទួលបាន៦៨​អាសនៈ​ ក្នុងខ្សែ​អាត់នោះគេ​ស្តាប់​ឮលោក​ ហ៊ុន​ សែន​ ថ្លែង​ពី​​ការទទួល​ស្គាល់​ការ​​ចាញ់​ឆ្នោត។

ខ្សែ​អាត់​សំឡេង​របស់​លោក​ ហ៊ុន​ សែន មាន​ខ្លឹម​សារ​ថា “គណ​បក្ស​​ប្រជាជន​​កម្ពុជា​​បាន​ចាញ់​ឆ្នោត​ហើយ​។ ​មេដឹកនាំ​ គណ​បក្ស​​ប្រជាជន​​កម្ពុជា​បាន​ដឹង​ពី​រឿង​នេះ​យ៉ាង​ច្បាស់ ប៉ុន្តែ​ មាន​តែ​ថ្នាក់​ក្រោមទេ ដែល​​នៅ​មិន​ទាន់ដឹង​ច្បាស់​”។ “ខ្ញុំសូម​ប្រកាស​ចំពោះ​មន្ត្រីថ្នាក់​ក្រោម​របស់​គណ​បក្ស​​ប្រជាជន​​កម្ពុជា​ថា ថ្នាក់​ក្រោម​មិន​ទាន់​ដឹងថា ខ្លួន​បាន​ចាញ់​ឆ្នោត​នោះ​ទេ​​។​បញ្ហា​នេះ​ខ្ញុំ​សូម​ប្រាប់​​ដល់​សកម្ម​ជន​ទាំង​អស់​ឲ្យ​ផ្សព្វផ្សាយ​ពីព័ត៌មាន​នេះ​” ។

ប៉ុន្តែ ដោយ​​មានប្រជាជន​ជាច្រើនត្រូវ​បាន​គេ​បោក​បញ្ឆោត​ឲ្យ​គិតថា  ខ្សែអាត់​សំឡេង​​​​នោះបង្ហាញថា  គណ​បក្ស​​ប្រជាជន​​កម្ពុជា​ និង​​ គ.ជ.ប. បាន​កុហក​អំពីលទ្ធផល​បោះ​ឆ្នោត​នោះ​ គណ​បក្ស​​ប្រជាជន​​កម្ពុជា​បាន​បញ្ជាក់កាល​ពី​ម្សិលមិញថា ពាក្យ​នេះ   ​ចេ​ញ​​ពីសុន្ទរកថា​របស់​លោក​ ហ៊ុន  សែន ដែល​​បាន​ថ្លែង​នៅ​មុន​ការ​បោះឆ្នោត​។

គណ​បក្ស​​ប្រជាជន​​កម្ពុជា​បាន​លើក​    ឡើ​ង​នៅ​ក្នុង​សេចក្តី​​ជូន​ដំណឹង​មួយ​ថា ខ្សែ​អាត់​សំឡេង​នេះ​ត្រូវ​បាន​គេ​កាត់​ត​ និង​បាន​បង្ហោះ​តាម​ហ្វេស​ប៊ុក​ ដើម្បី​ធ្វើ​ឲ្យ​សាធារណ​ជន​មាន​ការ​ភាន់​ច្រឡំ និង​បង្ក​អស្ថិរភាពនៅ​​​​ ក្នុ​ង​សង្គម​”។  សេចក្តី​ជូន​ដំណឹង​នោះ​លើក​ឡើង​ថា “នេះ​គឺជា​ទង្វើ​មួយ​ដែល​ក្រុម​មនុស្ស​អគតិ​មួយ​ចំនួន​បាន​បង្ក​បញ្ហា​មិន​ចេះ​ឈប់​មិន​ចេះ​ឈរ ​​នៅពេល​ដែល​ប្រជាជន​ខ្មែរ​ត្រូវ​ការ​សន្តិភាព​ដើម្បី​​បំពេញ​ការ​ងារ​របស់​ខ្លួន​ដូច​ធម្មតា​”។ សេចក្តី​ជូន​ដំណឹង​នោះ​​បាន​ស្នើ​   ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ និង​ចាត់​វិធាន​​ការ​ប្រឆាំង​​ជន​ល្មើស​។

លោក​ ជាម​ យៀប សមាជិកសភាជាន់​ខ្ពស់គណ​បក្ស​​ប្រជាជន​​កម្ពុជា​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញថា ពាក្យ​សម្តី​​​នេះ​ត្រូវ​​បាន​ដក​ស្រង់​​ចេញ​ពី​​សុន្ទរកថា​ដែល​លោក​ ហ៊ុន សែន បាន​ថ្លែង​កាល​ពីខែ​ឧសភា នៅឯ​វត្ត​មួយ​ក្នុង​ស្រុក​មេសាង ខេត្ត​ព្រៃវែង​ និង​ជា​ផ្នែក​មួយ​​នៃ​សម្តី​ផ្ទាល់​ដែល​លោក​  ហ៊ុន  សែន​  បាន​​និយាយតាម​បន្ទូល​ព្រះ​អង្គ​ម្ចាស់​​ស៊ី​សុវត្ថិ​ ធមិ្មកោ បេក្ខ​ជន​តំណាង​​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​។ លោក​ ជាម យៀប បាន​មាន​ប្រសាសន៍បន្ត​ថា “វា​​ត្រូវ​បាន​បង្កើត​ចេញ​​ពី​​​រឿង​ពិត”។

នៅ​ក្នុង​សុន្ទរកថាកាល​ពីខែ​ឧសភា​នោះ​​លោក​ ហ៊ុន​ សែន បាន​ដក​ស្រង់​សម្តី​ដ៏វែង​របស់​ព្រះអង្គម្ចាស់ ធម្មិកោ ដែល​បាន​មាន​បន្ទូល​នៅ​ថ្ងៃ​ទី​១០​ ខែឧសភា នៅ​ក្នុង​ខេត្ត​ក្រចេះ ​ហើយ​នៅ​ក្នុង​នោះ​អតី​ត​ជំនួយការ​របស់​ព្រះ​បរមរតនកោដ្ឋសម្តេច​ឪ នរោត្តម​ សីហនុ បាន​អះអាង​ថា  គណ​បក្ស​​ប្រជាជន​​បាន​ចាញ់​ឆ្នោត​ហើយ​ គឺ​​ផ្អែក​តាម​​ការ​វិភាគ​របស់​ព្រះ​អង្គ​អំពីលទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពីខែ​មិថុនា​ ឆ្នាំ​២០១២​​។

លោក ហ៊ុន​ សែន បាន​ប្រាប់​អ្នក​ចូល​រួម​ស្តាប់​កាល​ពីខែ​ឧសភា​មុន​ពេល​លើក​ឡើ​ងពី​ព្រះ​អង្គ​ម្ចាស់​ ធម្មិកោ ​ថា “ខ្ញុំ​សូម​អាន​អត្ថបទ​​​​ដក​ស្រង់​នោះ​ទាំង​ស្រុង​” ។ លោក ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍ថា “មាន​ការ​ឆ្លើយ​តបថា គេ​និយាយ​ថា​​ចង់​បាន​សន្តិភាព​ និង​ការ​អភិវឌ្ឍ ប៉ុន្តែ ការ​អភិ​វឌ្ឍ​​ នោះគួរតែ​ផ្តល់​ទៅ​ឲ្យ​​ថ្នាក់​ក្រោម​ផង​​ដែរ​”។ លោក​បាន​លើក​ឡើងទៀត​ថា   លទ្ធ​ផលបោះ​ឆ្នោ​ត​ឃុំ​សង្កាត់​សម្រាប់​​​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ មាន​ន័យ​ថា មាន​អ្នក​បោះ​ឆ្នោត​​ជាច្រើន​​​​មិន​គាំទ្រ​​គណ​បក្ស​កាន់​អំណាច​​ទេ ហើយ​​ជ័យ​ជម្នះ​​បាន​ទៅ​លើ​គណ​បក្ស​ប្រឆាំង​​​។ លោក​បាន​បន្ត​ថា “គណ​បក្ស​​ប្រជាជន​​ទទួល​បាន​៣,៥លាន​សំឡេង​ ដូច្នេះ​​គណបក្ស​សង្គ្រោះ​ជាតិ​​ទទួល​បាន​៦លាន​។  គណ​បក្ស​​ប្រជាជន​​កម្ពុជា​បាន​ចាញ់់​​ឆ្នោត​​ហើយ​”។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ ហ៊ុន សែន លោក​​បាន​ជំទាស់​នឹង​ចំណុច​ដែលព្រះ​អង្គ​ម្ចាស់​​ ធម្មិ​កោ​​​​ បាន​លើក​ឡើ​ង ដោយ​និយាយ​ថា សូម្បី​តែ​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​ពីរ​រួម​បញ្ចូល​គ្នា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ឃុំ​សង្កាត់​ក៏​មិន​គ្រប់​គ្រាន់​ដើម្បី​យក​ឈ្នះ​លើ​គណ​បក្ស​​ប្រជាជន​​កម្ពុជា​បាន​ដែរ​។

ខ្សែ​អាត់សំឡេង​ដែល​អាច​បណ្តាល​ឲ្យ​មាន​ទោស​ព្រហ្មទណ្ឌ​ត្រូវ​បាន​ គណ​បក្ស​​ប្រជា​​​​ជន​​កម្ពុជា​ផ្សព្វផ្សាយ​នៅ​មុន​ពេល​បោះ​ឆ្នោត​ ដោយ​​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ចាក់​ផ្សាយ​ខ្សែ​អាត់​សំឡេង​ជាច្រើន​របស់​មេដឹកនាំ​គណ​​​​បក្ស​ប្រឆាំង​ ដោយ​​បណ្តាល​ឲ្យ​មាន​បញ្ហា​​​​គួរ​ឲ្យ​អាម៉ាស់។

ខ្សែ​អាត់សំឡេងខ្លះទៀតដែលនិយាយទាក់ទងគ្នា​រវាង​លោក​ កឹម​ សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោ​ក សម រង្ស៊ី​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​បាន​និយាយ​រិះគន់​គ្នា​មុន​ពេល​គណបក្ស​ទាំង​ពីរ​ គឺ​គណបក្ស​សិទ្ធិ​មនុស្ស និ​ងគណបក្ស​សម រង្ស៊ី រួម​បញ្ចូល​គ្នា​កាល​ពីឆ្នាំ​មុន​​ ដើម្បី​បង្កើត​គណ​បក្ស​ប្រឆាំង​រួម​គ្នា​មួយ ដើម្បីតទល់​នឹង​គណ​បក្ស​​ប្រជាជន​​កម្ពុជា​។

ខ្សែ​អាត់សំឡេងមួយបាន​រៀប​រាប់​អំពីលោក ​​កឹម សុខា ដែលអះអាងថាក្រោយពីការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​នៅ​ក្នុង​ឆ្នាំ១៩៧៩​ វៀត​ណាម​បាន​ក្លែង​បន្លំ​ភ័ស្តុ​តាង​ពីបទ​ឧក្រិដ្ឋ​នៅ​គុក​ទួល​ស្លែង​ក្នុង​រាជធានី​ភ្នំពេញ​។

ទោះ​បីជាលោក​ កឹម​ សុខា បាន​បដិសេធ​ថា មិន​បាន​និយាយ​បែប​នេះ​ និងបាន​ចោទ​ប្រកាន់​​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​ថា បាន​កាត់​ត​សំឡេង​ខ្សែអាត់​នោះ​ក៏ដោយ​ ក៏សាលា​ដំបូង​​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅលោក​មក​សាក​សួរ​ដែរ​ ក្រោយ​ពី​ការ​អត្ថាធិប្បាយ​បែប​នេះ​ធ្វើ​ឲ្យ​មាន​ពាក្យ​បណ្តឹង​ពី​បទ​​បរិហា​រ​កេរ្តិ៍​​របស់​អ្នក​រួច​ជីវិត​ពីពន្ធនាគារ​ដ៏អសោច​នេះ​។ លោក​  កឹម​  សុខា  បាន​ធ្វើ​មិន​ដឹង​មិន​ឮ​​ចំពោះ​ដីកា​កោះហៅ​របស់​តុលាការ​អំពី​រឿង​​​​ក្តីនេះ​ដែល​ជារឿង​ក្តី​មួយ​ក្នុង​ចំណោម​​រឿង​ក្តី​ចំនួន​បី​ដែ​ល​គេបាន​ប្តឹង​គាត់​នៅមុន​ពេល​បោះឆ្នោត​៕

ប្រែសម្រួលដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស