30.4 C
Phnom Penh

សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ស្ត្រី​ម្នាក់​ពី​បទ​ឆក់​បោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ការ​ជំនុំ​ជម្រះ​ក្ដី​ស្ត្រី​អាយុ​៥៣​ឆ្នាំម្នាក់​ ពីបទ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ប្រាក់​អ្នក​ជំនួញ​មួយ​ក្រុម​ ដែល​មាន​ទឹក​ប្រាក់​១,២​លាន​ដុល្លារ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដី​សម្បា​ទាន​សេដ្ឋកិច្ច​​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​។

អ្នកជួញ​ដូរ​ដី​​ធ្លី​ឈ្មោះ​ អ៊ូ កូលី ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​បោក​ប្រាស​យក​ប្រាក់​​កាល​ពី​ឆ្នាំ​២០១១ និង​ឆ្នាំ២០១២ បន្ទាប់​ពី​បាន​ទាក់​ទង​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម​ អាង លីម៉េង​ ដើម្បី​ផ្ដល់​ដី​ទំហំ​៣០០​ហិកតា សម្រាប់​ក្រុមហ៊ុន​របស់​ព្រះ​អង្គ​ ដែល​រួម​មាន​អ្ន​ក​ជំនួញ​ជាតិ​អាមេរិក​ផង​ដែរ​។

លោក​ យូ ប៊ុនណា ចៅ​ក្រម​ជំនុំ​ជម្រះ​ក្ដី​បាន​មាន​ប្រសាសន៍​ថា ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​២០១២​ នៅ​ពេល​ក្រុម​វិនិយោគិន​ ដែល​នៅ​តែ​មិន​ទាន់​ទទួល​បាន​​អ្វី​សោះ​នោះ​​បាន​ទារ​ប្រាក់​របស់​ពួក​គេ​វិញ​ ហើយ​​​បាន​ស្នើ​ឲ្យអ្នក​ស្រី​ កូលី ផ្ដល់​ប្រាក់​របស់​ខ្លួន​មក​​វិញ​ ប៉ុន្តែ​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​ពួក​គេ​បាន​ដឹង​ថា មូល​ប្បទានប័ត្រ​នោះ​ជា​មូលប្ប​ទានប័ត្រ​ក្លែង​ក្លាយ​។ អ្នក​ស្រី​ កូលី ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ឆបោក​ និង​ចេញ​មូល​ប្បទាន​ប័ត្រ​ដែល​គ្មាន​សាច់​​ប្រាក់​ បន្ទាប់​ពី​បាន​យល់​ព្រម​ទិញ​ដី​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំ​ង​។

ក្នុង​អំឡុង​ពេល​បើ​ក​សវនការ​ចៅ​ក្រម​ជំនុំ​ជម្រះ​​លោក​ ប៊ុន​ណា មាន​ប្រសាសន៍​ថា អ្នក​ស្រី​ កូលី បាន​ទទួល​ប្រាក់​ប្រហែល​១០០.០០០​ដុល្លារ​​ពី​ព្រះ​សង្ឃ​ លីម៉េង​ ដើម្បី​ទទួល​បាន​ដី​មួយ​កន្លែង​។ អ្នក​ស្រី​ កូលី បាន​សារភាព​ថា គាត់​បាន​ទទួល​ប្រាក់​​១០០.០០០​ដុល្លារ​មែន​ ហើយ​បាន​ចុះ​ហត្ថលេខា​លើ​មូលប្បទានប័ត្រ​ចំនួន​១៤​សន្លឹក​ ប៉ុន្តែ​អ្នក​ស្រី​បាន​អះអាង​តាម​រយៈ​មេធាវី​របស់​ខ្លួន​ឈ្មោះ​ ស៊ួយ​ ឈុន​ហាក់​ ថា គាត់​មិន​បាន​ដឹង​ថា ពួក​គេ​បោក​ប្រាស​ទេ​។
លោក​ ឈុន ហាក់​ ថ្លែង​​​ថា មូល​​​​​​​​​ប្បទានបត្រ​ទាំង​នោះ​ត្រូវ​បាន​រៀប​ចំ​ដោយ​មនុស្ស​ផ្សេង​ទៀត​ជា​ដៃ​គូ​រក​សីុ​របស់​អ្នក​ស្រី​ កូលី ហើយ​គាត់​​គ្រាន់​តែ​​​​​​​បាន​ចុះ​ហត្ថលេខា​ប៉ុណ្ណោះ​។

លោក​ ប៊ុន​ណា​ បាន​មាន​ប្រសាសន៍​ថា តុលា​ការ​នឹង​ចេញ​សាលក្រម​របស់​អ្នក​ស្រី​ កូលី ​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​៕

ប្រែសម្រួលដោយ​ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស