ខណៈដែលគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងមានគម្រោងជួបជុំគ្នាដ៏ធំមួយ នៅរសៀលនេះក្នុងរាជធានីភ្នំពេញនោះ កាលពីម្សិលមិញ មន្ត្រីសាលារាជធានី និងមន្ត្រីក្រសួងមហាផ្ទៃ មិនយល់ស្របតាមមេដឹកនាំគណបក្សប្រឆាំងអំពីថាតើប្រជាពលរដ្ឋប៉ុន្មាននាក់នឹងត្រូវអនុញ្ញាតឲ្យចូលរួមក្នុងព្រឹត្តិការណ៍នោះ។
ទោះជាក្រសួងមហាផ្ទៃបានលើកឡើងថា មានប្រជាពលរដ្ឋចំនួន៦.០០០នាក់ប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ទីលានប្រជាធិបតេយ្យ ប៉ុន្តែ គណបក្សប្រឆាំងបានលើកឡើងថា ខ្លួនមិនអាចធានាថា តើមានប្រជាពលរដ្ឋចំនួនប៉ុន្មាននាក់អាចចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីស្ដាប់ការថ្លែងការណ៍របស់លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិនោះឡើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា “វាមិនអាចទៅរួចទេក្នុងការអនុវត្តតាមអ្វីដែលក្រសួងមហាផ្ទៃបានលើកឡើងនោះ។ ប៉ុន្តែយើងអាចរក្សាពាក្យសន្យារបស់យើងថា នឹងមិនមានការដង្ហែក្បួនបាតុកម្មនោះទេនៅថ្ងៃស្អែកនេះ ហើយយើងអាចរក្សាពាក្យសន្យារបស់យើងថាយើងនឹងបញ្ចប់ការជួបជុំគ្នានេះត្រឹមម៉ោង៦ឬ ៦និង៣០នាទីល្ងាច”។
លោកថ្លែងបន្តថា “វាលំបាកណាស់ក្នុងការព្យាករថា តើមានប្រជាពលរដ្ឋចំនួនប៉ុន្មាននាក់នឹងមកចូលរួមពិធីនេះ។ មិនដូចរបបកុម្មុយនីស្តទេដែលពួកគេបញ្ជូនលិខិតអញ្ជើញហើយបង្ខំឲ្យប្រជាពលរដ្ឋមកចូលរួម យើងជាអ្នកប្រជាធិបតេយ្យ និងនៅក្នុងសង្គមសេរី។ យើងមិនអាចប្រាប់អ្នកបានថា តើមានប្រជាពលរដ្ឋចំនួនប៉ុន្មាននាក់នឹងមកចូលរួមក្នុងការជួបជុំគ្នានេះឡើយ”។
ទោះជាយ៉ាងណាលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិបានយល់ព្រមតាមការទាមទារឲ្យកំណត់ចំនួនមនុស្ស ប៉ុន្តែលោកមិនបានដឹងថា ការកំណត់ចំនួនអ្នកចូលរួមនេះអនុវត្តដូចម្តេចទេ។
លោកបានថ្លែងបន្តថា “យើងបានស្នើឲ្យ[គណបក្សសង្គ្រោះជាតិ] អនុញ្ញាតឲ្យប្រជាពលរដ្ឋត្រឹមតែចំនួន៥.០០០នាក់ប៉ុណ្ណោះចូលរួមក្នុងការជួបជុំគ្នានេះហើយពួកគេបានយល់ព្រមរួមហើយ ហើយថា ពួកគេនឹងកំណត់ចំនួនអ្នកគាំទ្ររបស់ខ្លួនផងដែរ។ ខ្ញុំមិនដឹងអ្វីក្រៅពីនេះទៀតទេ”។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃដែលបានប្រកាសកាលពីថ្ងៃសុក្រថា ការជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិត្រូវមានប្រជាពលរដ្ឋចូលរួមតិចជាង៦.០០០នាក់នោះ ពេលសួរតើអាជ្ញាធរអាចគ្រប់គ្រងក្រុមមនុស្សដោយវិធីណានោះ លោកមានប្រសាសន៍កាលពីម្សិលមិញថា សំណួរបែបនេះគឺមានបំណងមិនល្អទេ។ លោកមានប្រសាសន៍បន្តថា “សំណួររបស់លោកមិនមានបំណងល្អឡើយ។ តើអ្នកចង់ឃើញការបង្ក្រាបឬអ្វី?”។
កាលពីចុងសប្ដាហ៍មុនប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងអនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានចុះទៅជួបប្រជាពលរដ្ឋនៅទូទាំងប្រទេស បានទាក់ទាញប្រជាពលរដ្ឋយ៉ាងច្រើន នៅក្នុងខេត្តកណ្ដាល កំពង់ចាម និងខេត្តសៀមរាប។
ក្នុងវីដេអូដែលបានផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន សារដ៏សំខាន់របស់ពួកគាត់គឺការកោតសរសើរចំពោះអ្នកបោះឆ្នោតជាអ្នកគាំទ្ររបស់ខ្លួនក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ដែលពួកគេបានអះអាងថា បានឈ្នះការបោះឆ្នោតនេះ ទោះបីផ្ទុយគ្នានឹងលទ្ធផលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះក៏ដោយ។
នៅលើកចុងក្រោយគឺនៅថ្ងៃទី៦ខែសីហា ដែលមេដឹកគណបក្សប្រឆាំងបានថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញពេលនោះមានប្រជាពលរដ្ឋប្រហែល៥.០០០នាក់បានចូលរួមក្នុងពិធីជួបជុំគ្នាមួយ។ ទោះជាយ៉ាងណា បើប្រៀបធៀបនឹងការជួបជុំគ្នានៅថ្ងៃនេះ ដែលបានប្រកាសតាមតាមវិទ្យុ និងតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីសប្តាហ៍កន្លងមកថា ការជួបជុំគ្នានៅពេលនោះមានអ្នកចូលរួមពិតតួចប៉ុណ្ណោះ។
នៅឯសួនសេរីភាពដែលលោក សម រង្ស៊ី និងលោក កឹម សុខា គ្រោងទៅដល់នៅម៉ោង៤រសៀលថ្ងៃនេះ គឺមានភាពស្ងប់ស្ងាត់ និងគ្មានមនុស្សទេកាលពីម្សិលមិញ លើកលែងតែអ្នកលក់រថយន្តពីរបីក្រុមអង្គុយនៅក្រោមម្លប់ដើមឈើដោយមានរថយន្តរបស់ពួកគេ ចតនៅតាមបណ្តោយផ្លូវនៅជុំវិញសួននេះ។
លោក កែវ សុធី អាយុ៣៨ឆ្នាំ ជាអ្នកលក់រថយន្តម្នាក់ក្នុងចំណោមអ្នកលក់រថយន្តទាំងនោះបាននិយាយថា លោកមិនរំពឹងថា ការជួបជុំគ្នាក្នុងថ្ងៃនេះមានបញ្ហានោះទេដោយសារមេដឹកនាំ គ្រាន់តែសាកល្បងនូវទឹកចិត្តរបស់អ្នកគាំទ្ររបស់ខ្លួនមុនពេលសម្រេចជំហានបន្ទាប់ទៀត ពេលដែលពួកគេកំពុងព្យាយាមបំបែកភាពជាប់គាំងផ្នែកនយោបាយជាមួយបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
លោកបន្ថែមថា “ ពួកគេនឹងមកទីនេះដើម្បីធ្វើការសាកល្បង… ទឹកចិត្តរបស់អ្នកគាំទ្ររបស់ខ្លួន។ ខ្ញុំមិនជឿថា នឹងមានអំពើហិង្សាណាមួយកើតឡើងឡើយ ពីព្រោះអ្នកនយោបាយរបស់យើង និងប្រជាពលរដ្ឋរបស់យើងបច្ចុប្បន្ននេះ យល់ដឹងច្រើនអំពីរបៀបដោះស្រាយបញ្ហាដោយសន្តិវិធី”៕
(រាយការណ៍បន្ថែមដោយ Colin Meyn)
ប្រែសម្រួលដោយ ឃិន ណៃ