39.4 C
Phnom Penh

លោក សួន​ សេរី​រដ្ឋា គ្រោងនឹង​វិល​ត្រឡប់មក​​​កម្ពុជាវិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ប្រឆាំង​ជាជនជាតិ​ខ្មែរ​ម្នាក់កំពុង​រស់​នៅ​សហ​រដ្ឋ​អាមេរិក​ដែល​សកម្មភាព​របស់​លោក​បាន​បណ្តាល​ឲ្យមានការ​ចាប់​ខ្លួន​មនុស្ស​​ប្រាំពីរ​នាក់​ចាប់​តាំង​ពីខែមុន​មក​នោះបាន​និយាយ​ថា លោក​នឹង​ធ្វើ​ដំណើរ​មក​ព្រំដែន​កម្ពុជា-ថៃ ដើម្បីជួប​ជាមួយ​សកម្ម​ជន​ ហើយ​នឹង​ចូល​មក​ប្រទេស​កម្ពុជា​ “ដើម្បីដឹកនាំ​ការ​តស៊ូ​ដើម្បី​សេរី​ភាព​​របស់​ពល​រដ្ឋខ្ញុំ”។

អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា ពួក​គេ​នឹង​ចាប់​ខ្លួន​  សួន  សេរីរដ្ឋា ដែល​ត្រូវ​​បាន​ចោទ​​ប្រកាន់​ពីបទ​ញុះញង់​ឲ្យមាន​ការ​គាំទ្រ​ចលនាបះបោរ​បែប​បដិវត្តន៍​អារ៉ាប់​ស្ព្រីង​ប្រឆាំង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រសិន​បើគាត់​​ត្រឡប់​មក​វិញ​​​​។​ ទោះបី​ជា​លោក​ សួន សេរីរដ្ឋា និង​ចលនា​​អំណាច​ពល​រដ្ឋ​ខ្មែរ​របស់លោក​បាន​ថ្កោល​ទោស​​កា​រប្រើប្រាស់​អំពើ​ហិង្សា​ ដើម្បី​​សម្រេច​​​គោល​បំណង​របស់​ពួកគេក៏​ដោយ​​​ ក៏​រដ្ឋា​​ភិ​បាល​​បាន​ចាត់​ទុក​ពួកគាត់​ថា ជា​ភេរវ​ជន​​​​ដែរ​។

ដោយ​ត្រូវ​បាន​ទាក់​ទង​កាល​ពីថ្ងៃ​ច័ន្ទ​ តាម​អ៊ីម៉េល​ លោក​ សេរីរដ្ឋា  បាន​និយាយ​ថា លោក​នឹង​ចាក​ចេញ​ពី​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃណាមួយ​​មក​កាន់​ក្រុង​បាង​កក​ ដែល​លោក​គ្រោងនឹង​ធ្វើ​ដំណើរ​មក​កាន់​ព្រំដែន​កម្ពុជា-ថៃ​នៅ​ល្ងាច​ថ្ងៃអង្គារ​​ ដើម្បីជួប​ជាមួយ​សកម្មជន​ចលនា​​អំណាច​ពល​រដ្ឋ​ខ្មែរ​​ ហើយ​ពិភាក្សា​ពី​ចលនា​បន្ទាប់​របស់​ក្រុម​នេះ។

ទោះ​បី​ជា​​លោក​បាន​និយាយ​ថា លោក   ​នឹ​ង​​ចូល​មក​ប្រទេសកម្ពុជាក្តី ក៏​លោក​​បាន​បដិ​សេធមិន​ប្រាប់ថា​ ​ចូល​មក​កន្លែង​ណា​ ឬ​នៅ​ពេល​ណា​នោះទេ​ ពីព្រោះ​លោក​​ស្ថិត​នៅ​ក្នុង​ការ​តាម​ដាន​របស់​រដ្ឋាភិបាល​។ លោក​បាន​​និយាយ​បន្ថែម​ថា “ខ្ញុំ​មិន​ចេះ​ខ្លាច​ទេ​”។ ប៉ុន្តែ លោក​ សេរីរដ្ឋា ​បាន​និយាយថា លោក​​​បាន​លួច​ចេញចូល​ប្រទេស​កម្ពុជា​ចាប់​តាំង​ពីលោក​ចាក​ចេញ​ទៅ​សហ​រដ្ឋ​អាមេរិក​កាល​ពីឆ្នាំ​២០០៧​មក​ ហើយ​លោក​បាន​និយាយ​ថា នៅពេល​នេះលោក​ប្រហែល​ជា​ធ្វើ​បាតុ​កម្ម​ជាសាធារណៈ​មួយ​ដែល​ជាផ្នែកមួយ​នៃ​ផែនការ​របស់​លោក “ដើម្បីដឹកនាំការ​តស៊ូ​ដើម្បី​សេរីភាព យុត្តិធម៌​ និង​ការ​ផ្លាស់​ប្តូរ​របស់​​ពល​រដ្ឋ​ខ្ញុំ​”។

លោកឧត្តម​សេនីយ៍​ឯក​ គៀត​ ច័ន្ទ​ថារិទ្ធ អ្នក​នាំពាក្យ​នគរបាល​ជាតិ​បាន​មាន​ប្រសាសន៍​​ថា លោក​ សេរីរដ្ឋា នឹង​ត្រូវ​ចាប់​ខ្លួន​ប្រសិន​បើ​លោក​បាន​ឆ្លង​កាត់​ព្រំដែន​នោះ។ លោក​បាន​មាន​ប្រសាសន៍ថា “យើង​គ្មាន​ជម្រើសអ្វី​​ក្រៅ​ពី​ការ​អនុវត្ត​​ច្បាប់​ឡើយ​។​ តុលា​ការ​​បាន​ចេញ​ដីកា​ចាប់​ខ្លួន​គាត់ហើយ​”។

លោក​ស្រី ចាំង​ ស៊ីណាត ចៅ​ក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ​ដែល​ទទួល​បន្ទុក​រឿង​ក្តី របស់​លោក​ សេរីរដ្ឋា ​មិន​​អាច​ទាក់​ទង​បាន​ទេ​។

លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​​សាលា​ដំបូងនេះ​បាន​មាន​ប្រសាសន៍ថា លោក​ សួន សេរីរដ្ឋា ​នឹង​ត្រូវ​ចាប់​ខ្លួន​ប្រសិន​បើគាត់​ត្រឡប់​មក​វិញ​។លោក​​មាន​ប្រសាសន៍ថា “ប្រសិន​បើ​គាត់​​​ត្រឡប់​មក​វិញ​​​ តុលាការ​នឹង​ចាប់​ខ្លួន​គាត់​”។

កាល​ពីដើម​ខែ​កក្កដា បុរស​បីនាក់​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ​តាម​ការ​ចោទ​ប្រកាន់​ពីបទ​ដឹក​អាវ​យឺត​ដែល​បញ្ជាទិញដោយ​ចលនា​អំណា​ច​ពល​រដ្ឋ​ខ្មែរ​ ដែលមា​ន​បោះពុម្ពអក្សរ​ជំរុញ​ប្រជាពល​រដ្ឋ​ កុំ​ឲ្យទៅ​បោះឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ថ្ងៃទី ២៨​ខែកក្កដា ហើយ​បន្ទាប់​មក​ត្រូវ​បាន​ចោទ​ប្រកាន់ថា ជា​សមាជិក​នៃក្រុម​ប្រឆាំង​រដ្ឋាភិបាល​។

មនុស្ស​បួន​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីពីរ​សប្តាហ៍​មុន​ពីបទ​ទិញផ្កា​ និង​បោះ​ពុម្ពខិត្តប័ណ្ណ​ជំរុញ​ឲ្យ​នគរបាល​ និង​ទាហាន “បែរកាណុង​កាំភ្លើ​ងទៅ​រក​ជន​ផ្តាច់ការ” នោះ ក៏ត្រូវ​បាន​បញ្ជា​ទិញ​ដោយ​ចលនា​អំណាច​​ពល​រដ្ឋ​ខ្មែរ​ផង​ដែរ​។

ពួកគេ​ត្រូវ​បា​ន​ចោទប្រកាន់​ពីបទ​ញុះ​ញង់​​រយៈពេល​ពីរ​បីថ្ងៃ​ក្រោយមក​ ហើយ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​​បណ្តោះ​​អាសន្ន​។ ទោះជាយ៉ាងណា អង្គការ​សិទ្ធិ​មនុស្ស​និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​បានលើកឡើង​ថា សារ និង​​សកម្មភាព​របស់​លោក​ សេរីរដ្ឋា ​មិន​មែន​ជា​បទល្មើស​  ឬ​គោល​បំណង​​ព្រហ្មទណ្ឌ​ឡើយ​​។

ពួកគេ​បាន​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​​​​​​មនុស្ស​​ទាំង​ប្រាំពីរនាក់​ដែល​អាជ្ញាធរ​បាន​ស្វះស្វែង​ភ្ជាប់​ទៅនឹង​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​នេះ​ ហើយ​បាន​ចោទប្រកាន់​រដ្ឋា​ភិ​បាល​​ថា​បាន​ប្រើប្រាស់​ជនទាំ​ងនេះ​ដើម្បី​បំភិត​បំភ័យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ចំពេល​ដែល​មាន​ភា​ព​តាន​តឹង​កើន​ឡើង​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពីខែ​មុន​ ដែលទាំង​​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​សុទ្ធ​តែ​​បាន​អះអាង​ថា ឈ្នះ​រៀង​ៗខ្លួននោះ​។

បើទោះជា​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​ និង​ គណបក្ស​សង្គ្រោះជាតិ​បាន​ចោទ​ប្រកាន់​រដ្ឋា​ភិបាល​របស់​លោក ហ៊ុន សែន​ ថា​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក៏ដោយ ក៏​ក្រុម​ទាំង​ពីរនេះ​បដិសេធថា ពួគគេ​មិន​​មាន​ទំនាក់​ទំនង​គ្នា​ដែរ​​៕

(រាយការណ៍​បន្ថែម​ដោយ​ ហ៊ុល​ រស្មី​)
ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស