26 C
Phnom Penh

មាន​ការ​ព្រួយ​បារម្ភ​ថ្មី​បន្ទាប់​ពី​រក​ឃើញ​បន្ថែម​ទៀត​​នូវ​​​កញ្ចប់​សុវត្ថិភាព​មិន​​បាន​បិទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សុក្រ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ បាន​បើក​​កញ្ចប់​សុវត្ថិភាព​ចំនួន​១២នៅ​ខេត្ត​សៀម​រាប​​ជា​សាធារណៈ​  ប៉ុន្តែ​ មាន​កញ្ចប់​សុវត្ថិ​ភាព​​ចំនួន​៧ ក្នុង​ចំណោម​កញ្ចប់​សុវត្ថិភាព​​ទាំង​១២​ត្រូវ​គេ​ហែក​​ ឬ​ក៏​បិទ​​មិន​បាន​ត្រឹម​ត្រូវ​ដោយ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថ្មីពីគណបក្ស​សង្គ្រោះជាតិ​ ដែល​សង្ស័យ​ថា កញ្ចប់​សុវត្ថិ​​​ភាព​ទាំង​នេះ​ត្រូវ​បាន​គេ​ប៉ះ​ពាល់​។

កញ្ចប់​សុវត្ថិភាព​មិន​បាន​បិទ​ ដែល​គេ​ហៅ​ថា “ កញ្ចប់​សុវត្ថិភាព ​ក” ត្រូវ​បាន​បើក​បង្ហាញ​មិន​ដល់​មួយ​​សប្ដាហ៍​ផង​​ បន្ទាប់ពី​កញ្ចប់​សុវត្ថិ​ភាព​ចំនួន​ប្រាំ​បី​ផ្សេង​ទៀត​ត្រូវ​បាន​គេ​យក​​ចេញ​មក​ដោយ​មាន​ស្ថានភាព​ស្រដៀង​គ្នា​ នេះ​ នៅ​ពេល​មន្ត្រី​​​វាយ​តម្លៃ​ឯកសារ​បោះ​ឆ្នោត​នៅ​មណ្ឌលខេត្ត​ក្រចេះ​។

លោក គួយ ប៊ុនរឿន បេក្ខជន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​​បាន​មាន​វត្តមាន​អំឡុង​​កិច្ច​ប្រជុំ​នៅ​ឯ​ គ.ជ.ប. កាល​ពី​ថ្ងៃ​សុក្រ ​មាន​ប្រសា​ស​ន៍​ថា “ កញ្ចប់​សុវត្ថិភាព ​ក គឺ​ជាកញ្ចប់​យ៉ាង​​សំខាន់​​ វា​ហាក់​បី​ដូច​ជា​ប្រអប់​ខ្មៅ​នៅ​លើ​យន្តហោះ​អ៊ីចឹង​។ គ្មាន​នរណា​អាច​ប្ដូរ​វា​បាន​ទេ​”។ លោក​បាន​បន្ថែម​ថា “ ប៉ុន្តែ​ ឥឡូវ​នេះ​ឯកសារ​ដែល​បាន​មក​ពី​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​ប្រាំពីរ​មិន​បាន​បិទ​នោះ​ឡើយ​ ហើយ​វា​គ្មាន​តម្លៃ​ដែល​អាច​ហៅ​ថា​ជា​កញ្ចប់​សុវត្ថិភាព​នោះ​ទេ​ វា​សម​នឹង​​ហៅ​ថា ជា​កញ្ចប់​អសុវត្ថិភាព​ច្រើន​ជាង​”។ កញ្ចប់​ដែល​ផ្ទុក​ឯកសារ​បោះឆ្នោត​ត្រូវ​បាន បើក​​តាម​បង្គាប់របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ ដែល​កំពុង​តែ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​​​ ដែល​ធ្វើ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា ខ្លួន​មាន​ការ​ជឿជាក់​តិច​តួច​លើ​គ.ជ.ប. និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដោយ​សារ​តែ​ទំនាក់​ទំនង​របស់​ពួក​គេ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​។ តែ​ទោះ​ជា​យ៉ាង​ណា គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ដាក់​ពាក្យ​បណ្ដឹង​​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​​ទៅ​ស្ថាប័ន​ទាំង​ពីរ​នេះ​ ដើម្បី​ជា​មធ្យោបាយ​​បង្ហាញ​ពី​ភាព​លម្អៀង​របស់​ពួក​គេ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។

អ្នក​ឃ្លាំ​មើល​​ការ​បោះឆ្នោត​បាន​លើក​ឡើង​ថា កញ្ចប់​សុវត្ថិភាព​ដែល​មិន​បាន​បិទ​នេះ​​ទោះ​បី​ជា​វា​មិន​អាច​តំណាង​​ឲ្យ​​ការិយា​ល័យ​បោះឆ្នោត​​ចំនួន​១៩.០០៩​ការិយា​ល័យ​នៅ​ទូទាំង​ប្រទេស​ក៏​ដោយ​ ក៏​វា​អាច​ជា​​កត្តាមួយ​​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​​ពី​ភាព​មិន​ប្រក្រតី​​មុន​ពេល​ធ្វើ​ការ​សម្រេច​ជា​​លើក​ចុង​ក្រោយ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែរ​។ កញ្ចប់​សុវត្ថិភាព​ដែល​មិន​​បាន​បិទ​ទាំង​នេះ​​មិន​មែន​ជា​ក្ដី​ព្រួយ​បារម្ភ​តែ​មួយ​​របស់​គណ​បក្ស​សង្គ្រោះជាតិ​ឡើយ​ កាល​ពីថ្ងៃ​សុក្រ​។

នៅ​​ពេល​កញ្ចប់​សុវត្ថិភាព​ត្រូវ​បាន​បើក​លោក​ ប៊ុន​រឿន​ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​​នៅ​​ការិយាល័យ​ចំនួន​១៦​នៅ​ក្នុង​ស្រុក​ស្វាយ​លើ និង​ស្រុក​​វ៉ា​រិន​ នៅ​ក្នុង​ខេត្ត​សៀមរាប​​ កន្លែង​ដែល​មាន​ការ​សង្ស័យ​ថា ទាហាន​ ដែល​​ឈរ​ជើង​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ និង​ខេត្ត​ឧត្តរមានជ័យ​​ត្រូវ​បាន​គេ​ដឹក​យក​មក​ឲ្យ​បោះឆ្នោត​។
លើស​ពី​នេះ​ទៅ​ទៀត​ លោក​បាន​មាន​ប្រសាសន៍​ថា សន្លឹក​ឆ្នោត​ប្រើ​ការ​បាន​​ ដែល​បាន​មក​ពី​ការិយាល័យ​បោះឆ្នោត​ចំនួន​២០០​ ​នៅ​ក្នុង​ខេត្ត​សៀម​រាប​ គឺ​ស្ថិត​ក្នុង​ភាព​សង្ស័យ​ ហើយ​គណបក្ស​សង្គ្រោះជាតិ​ចង់​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​​ឡើង​វិញ​នៅ​ក្នុង​ការិយា​ល័យ​បោះឆ្នោត​ចំនួន​​៧៥​នៅក្នុង​ខេត្ត​នេះ​។

នៅ​ពេល​ឯកសារ​ត្រូវ​បាន​យក​ចេញ​ពី​កញ្ចប់​សុវត្ថិភាព​ លទ្ធផល​ ដែល​បាន​មក​ពី​ការិ​យាល័យ​ចំនួន​១២​​ក្នុង​ក្រុង​​សៀម​រាប​និង​ស្រុក​​ពួក បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សន្លឹក​ឆ្នោត​​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​មាន​ការិយាល័យ​​ជា​ច្រើន​ក្នុង​ចំណោម​ការិយាល័យ​ទាំង​នោះ​ក៏​បាន​បង្ហាញ​ថា មាន​សន្លឹក​ឆ្នោត​​មិន​បាន​ការ​ពី​​៨០ ទៅ​១៣៧​សន្លឹក​ដែរ ដែល​​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ចង់​​ឲ្យ​មាន​​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នោះ​។

នៅ​ការិយាល័យ​បោះឆ្នោត​មួយ​​ក្នុងឃុំ​​ល្វា​ស្រុក​ពួក​ ទម្រង់​១១០២ ជា​ឯកសារ​ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​កត់​ត្រា​​ចំនួន​សន្លឹក​ឆ្នោត​បាន​កត់​ត្រា​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​២៧២​សំឡេង​ទល់​នឹង​២៩៧​សំឡេ​ង ដែល​ត្រូវ​បាន​កត់​ត្រា​នៅ​ក្នុង​ទម្រង់​១១០៨ ជា​ឯកសារ ដែល​ត្រូវ​បាន​បំពេញ​នៅ​ការិយាល័យ​បោះឆ្នោ​ត។ តំណាង​មួយ​រូប​​មក​​ពី​គណបក្ស​​ប្រជា​ជន​កម្ពុជា​​មិន​សូវ​ជា​ចាត់​ទុក​កញ្ចប់​សុវត្ថិភាព​ ដែល​មិន​បាន​​បិទ​នេះ​សំខាន់​នោះ​ទេ​ ពី​ព្រោះ​​ឯកសារ​បោះឆ្នោត​​នៅ​ក្នុង​នោះ​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​ឆ្នោត​​យ៉ាង​ច្រើន​។

លោក​  សៀក  ប៊ុន​ហុក  បេក្ខជន​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​លើក​ឡើង​ថា “មាន​បីខេត្ត​ ដែល​ [ក្រុម​ប្រឹក្សា​ធម្មនុញ្ញ] បាន​បង្គាប់​ឲ្យ​គ.ជ.ប.​​​បើក​កញ្ចប់​សុវត្ថិភាព​ ដែល​បាន​បិទ​ជិត​ ហើយ​គណបក្ស​ប្រឆាំង​ក៏​ទទួល​​បាន​សំឡេង​គាំទ្រ​​យ៉ាង​ច្រើន​នៅ​មណ្ឌល​ខេត្ត​បាត់​ដំបង​ដែរ”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ ការ​រក​ឃើញ​​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព​ ដែល​មិន​បាន​បិទ​មិន​មាន​ផល​ប៉ះពាល់​ដល់​ចំនួន​នៃ​សំឡេង​ឆ្នោត​​នោះ​ឡើយ​ ពីព្រោះ​កញ្ចប់​សុវត្ថិភាព​ ក គឺ​ត្រូវ​បាន​គេ​​ដាក់​ក្នុង​កញ្ចប់​សុវត្ថិ​ភាព ​ខ ហើយ​កញ្ចប់​សុវត្ថិភាព ​ខ ត្រូវ​បាន​គេ​​ដាក់​ក្នុង​កញ្ចប់​សុវត្ថិភាព ​គ រីឯ​កញ្ចប់​សុវត្ថិភាព​ គ ត្រូវ​បាន​គេ​ដាក់​ក្នុង​កញ្ចប់​សុវត្ថិ​ភាព ​ឃ។ ការ​ដាក់​កញ្ចប់​សុវត្ថិភាព​​នៅ​ក្នុង​​កញ្ចប់​សុវត្ថិ​ភាព​ផ្សេង​ទៀត​ជា​ច្រើន​ជាន់​នេះ​ គឺ​​ដើម្បី​សុវត្ថិភាព និង​ដើម្បី ជៀស​វៀង​​ការ​លួច​បន្លំ”។

លោក​ ប៊ុនរឿន​ បាន​មាន​ប្រសាសន៍​ថា សន្លឹក​ឆ្នោត​ជា​ច្រើន​ ដែល​ត្រូវ​បាន​រាប់​ដោយ​គ.ជ.ប. ការ​ពិត​ទៅ​គឺ​ជា​សន្លឹកឆ្នោត​មិន​បាន​​ការ​។ លោក​បានថ្លែង​ថា “ យើង​នឹង​​រង់​ចាំ​មើល​​ថា តើ​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​នឹង​ធ្វើ​អ្វី​ បន្ទាប់​ពី​​បាន​ឃើញ​ភាព​មិន​ប្រក្រតី​យ៉ាង​ច្រើន​បែប​នេះ​”។

ជា​សរុប​មក​​ ​មាន​សន្លឹក​ឆ្នោត​​មិន​បាន​ការ​ប្រហែល​៧០០​សន្លឹក​​ត្រូវ​បាន​គេ​យក​ចេញ​ពី​កញ្ចប់​សុវត្ថិភាព​ដែល​បាន​បើក​កាល​ពីថ្ងៃ​សុក្រ​។ នៅ​ក្នុង​ខេត្ត​សៀម​រាប​គណបក្ស​ប្រជាជន​កម្ពុជា​​ទទួល​បាន​អាសនៈ​ចំនួន​បួន​ រីឯ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​ពីរ​អាសនៈ​។ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​​ឆ្នោត​​៤.០៨៣​បន្ថែម​ ឬ​ក៏​ត្រឹម​តែ​មួយ​ភាគ​រយ​ទៀត​​ គឺ​មាន​ន័យ​ថា គណបក្ស​នេះ​​អាច​នឹង​កើន​អាសនៈ​មួយ​​បន្ថែម​ទៀត​។

លោក​ ហឿ រ៉ុង​ នាយក​ប្រតិបត្តិ​​នៃ​នាយក​​​ដ្ឋាន​ប្រតិបត្តិ​របស់​​គ.ជ.ប.​បាន​មាន​ប្រសាសន៍​ថា សន្លឹកឆ្នោត​​មិន​បាន​ការ​ ដែល​មាន​ចំនួន​ច្រើន​នេះ​មិន​មែន​បង្ហាញ​ថា មាន​ការ​លួច​​បន្លំសន្លឹក​ឆ្នោ​តនោះ​ទេ​ ពីព្រោះ​អ្នក​បោះ​ឆ្នោ​តជាច្រើន​​បាន​ធ្វើ​ឲ្យ​មាន​កំហុស​​នៅ​ពេល​​គូស​សន្លឹក​ឆ្នោត​​របស់​ខ្លួន​។​ លោក​បាន​ថ្លែង​ថា “ នៅ​ក្នុង​ការ​បោះ​ឆ្នោត​មួយ​លើក​ៗ យើង​មិន​អាច​កំណត់​ចំនួន​នៃ​សន្លឹក​ឆ្នោត​បាន​​ការ​ និ​ងមិន​បាន​ការ​នោះ​ឡើយ​ ពីព្រោះ​​វា​ពាក់​ព័ន្ធ​នឹង​ចំណេះ​ដឹង​របស់​ប្រជាពលរដ្ឋ​”។

កាល​ពី​សប្ដាហ៍​មុន​ មន្ត្រី​គ.ជ.ប. បាន​លើក​​ឡើង​ថា កញ្ចប់​សុវត្ថិភាព​ ដែល​បិទ​មិ​ន​បាន​ត្រឹម​​ត្រូវ​នៅ​ខេត្ត​ក្រចេះ​ គឺ​ដោយ​សារ​តែ​​បុគ្គ​លិក​គ.ជ.ប.​ ទទួល​ការ​បណ្ដុះបណ្ដាល​មិន​បាន​គ្រប់​​គ្រាន់​ វា​មិន​មែន​ជា​ការ​លួច​បន្លំ​នោះ​ទេ​។

សមាជិក​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចំនួន​បី​រូប​មាន​ដូចជា​ ព្រះអង្គម្ចាស់ ​​នរោត្តម ​ចក្រ​ពង្ស​ ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ លោក​ ចែម វីយ៉ារិទ្ធ និង​លោក​ ពិត តាំង​សាន​ ដែល​សុទ្ធ​តែ​មាន​វត្ត​មាន​នៅ​ពេល​នោះ​បាន​បដិ​សេធ​​មិន​​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ឡើយ​។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ កាល​ពី​ថ្ងៃ​សុក្រ​ ក៏​បាន​បង្គាប់​ឲ្យ​គ.ជ.ប. បើក​កញ្ចប់​សុវត្ថិភាព​ចំនួន​ប្រាំបី​ផ្សេង​ទៀត​​នៅ​ការិយាល័យ​បោះ​ឆ្នោត​​​នៅ​ក្រុង​តាខ្មៅ​ផង​ដែរ​។
ស្ថាប័ន​នេះ​​គ្រោង​នឹង​បើក​សវនាការ​ជា​សាធារណៈ​នៅ​​ថ្ងៃ​សៅរ៍នេះ​ពាក់​ព័ន្ធ​នឹង​បណ្ដឹង​​​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​ចោទ​ថា គ.ជ.ប. បាន​ប្រើកញ្ចប់​សុវត្ថិភាព​ដែល​បិទ​មិន​បាន​ត្រឹម​ត្រូវ​ ឬក៏​អាច​នឹង​ប៉ះពាល់​កញ្ចប់​សុវត្ថិភាព​នេះ​ អំឡុង​ការ​ស៊ើប​អង្កេត​​របស់​ខ្លួន​​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោ​ត​។

ការ​បើក​សវនាការ​ជា​សាធារណៈ​នេះ​ នឹង​ផ្ដល់​ឱកាស​ឲ្យ​គជ.ប.​ផ្ដល់​ភ័ស្ដុតាង​ ដើម្បី ការពារ​ខ្លួន​​ បន្ទាប់​ពី​កញ្ចប់​សុវត្ថិភាពចំនួន​ប្រាំបី​ក្នុង​ចំណោម​កញ្ចប់​សុវត្ថិភាព​ចំនួន​១៣ ​នៅ​​មណ្ឌល​ខេត្ត​ក្រចេះ​ត្រូវ​បាន​រក​ឃើញ​ថា បិទ​មិន​បាន​ត្រឹម​ត្រូវ​នោះ​។ លោក​ កែវ ភីរម្យ​​ បេក្ខ​ជន​​ជាប់​ឆ្នោត​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​​​នៅមណ្ឌល​​ខេត្ត​ក្រចេះ​​បាន​ថ្លែង​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា នឹង​មាន​មេធាវី​ចំនួន​ពីរ​រូប​អម​ដំណើរ​លោក​ទៅ​ចូល​រួម​ការ​បើក​សវនា​ការ​​នោះ។

លោក​​បាន​មាន​ប្រសាសន៍​បន្ថែម​​ថា “ យើង​​ទាំង​អស់​គ្នា​​សុទ្ធ​តែ​ដឹង​ថា មាន​ភាព​មិន​ប្រក្រតី​​​ពាក់​ព័ន្ធ​នឹង​សន្លឹកឆ្នោត​ ពីព្រោះ​​កញ្ចប់​សុវត្ថិ​ភាព​បិទ​មិន​បានត្រឹម​ត្រូវ​ឡើយ​ ហេតុ​ដូច្នេះ​ការ​បើក​សវនាការ​នេះ​​ នឹង​​ជា​ឱកាស​ផ្ដល់​ភ័ស្ដុ​តាង​បន្ថែម​ ដើម្បី​ទទួល​​បាន​​ការ​យល់​ព្រម​ពី​តុលា​ការ​​ ដែលអាច​​នឹង​អនុ​ញ្ញាត​ឲ្យ​មាន​​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស