38.8 C
Phnom Penh

ព្រះ​មហា​ក្សត្រ​ នរោត្តម សីហមុនី ​​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​​គោរព​រដ្ឋ​ធម្មនុញ្ញ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​មហា​ក្សត្រ​នរោត្ដម សីហមុនី បាន​ប្រ​កាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ ​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា នោះ គួ​រត្រូវ​​​ដោះ​ស្រាយ​ដោយ​ “ ​ស្ថាប័ន​មាន​​​​សមត្ថកិច្ច​​ដែល​មាន​ចែង​​​ក្នុង​​​រដ្ឋ​ធម្មនុញ្ញ” ​​នៃ​ព្រះ​រាជាណាចក្រ​​កម្ពុ​ជា​។
ទាំង​គណបក្ស​​ប្រ​ជា​ជន​កម្ពុជា កំពុង​កាន់​អំណាច និងគណបក្ស​សង្គ្រោះ​ជាតិ ជា​គណ​​​បក្ស​ប្រ​ឆាំង​ បាន​អះអាង​​ថា ព្រះ​រាជ​សារ​របស់​ព្រះ​មហា​ក្សត្រ​នរោត្ដម សីហមុនី​ ​ផ្ញើ​ជូន​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នោះ​ បាន​គាំ​ទ្រ​​ជំហ​របស់​ខ្លួន​​ក្នុង​ការ​ដោះ​ស្រាយ​ភាព​​ជាប់​គាំង​ផ្នែក​នយោបាយ​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នេះ​។

ប៉ុន្តែ អ្នក​វិភាគ​ន​យោ​បាយ​ម្នាក់​បាន​លើក​ឡើង​ថា​​លិខិត​របស់​ព្រះ​មហា​ក្សត្រ​បាន​គាំ​ទ្រ​​ជំហ​របស់​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​យ៉ាង​​ច្បាស់​ក្រឡែត​ ដែល​ថា​​ការ​ស៊ើប​អង្កេត​ណា​មួយ​​ពី​ភាព​មិន​​ប្រក្រតី​​ក្នុង​ការ​បោះ​ឆ្នោត​​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​​ ឬ​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ ដែល​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​​​ស្រប​ច្បាប់​លើ​​ដំណើរ​ការ​ការ​បោះ​ឆ្នោត​​។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា ត្រូវ​តែ​មាន​គណៈកម្មការ​ឯករាជ្យ​មួយ​​ដើម្បី​ធ្វើ​ការ​​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​នេះ ដោយ​​​​បាន​អះ​អាង​ថា ទាំង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​គឺ​​បាន​បង្កើត​ឡើង​ដោយ​​សមាជិក​ដែល​ស្មោះ​ត្រង់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​។

យោង​តាម​គណបក្ស​ប្រឆាំង​ឲ្យ​ដឹង​ថា ស្ថាប័ន​ទាំង​ពីរ​ ទោះ​ជា​យ៉ាង​ណា​គឺ​មិន​មាន​លទ្ធភាព​​ក្នុង​​ការ​សម្រេច​ដោយ​​មិន​លម្អៀង​​ជុំវិញ​ការ​អះអាង​របស់​គណបក្ស​ប្រឆាំង ដែល​​​ថា គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណៈ​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​រៀប​​​​ចំ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ក្នុង​ពេល​បោះ​ឆ្នោត​នោះ​បាន​ឡើយ​​។

លោក ជាម យៀប តំណាង​រាស្ត្រ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​​​​​កំពុង​កាន់​អំណាច​ បាន​មាន​ប្រសាសន៍​​កាល​ពី​ម្សិល​មិញ​ថា​ លោក​​​​​យល់​​ឃើញ​ថា​ លិខិត​របស់​ព្រះ​មហាក្សត្រ​ បាន​គាំទ្រ​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​​​ដែល​ថា ការ​ស៊ើប​អង្កេត​ដោយ​​​​ឡែក​ណា​មួយ​នៅ​ក្រៅ​ដែន​សមត្ថកិច្ច​​នៃ​​គណៈ​​​កម្មា​​​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា នោះ​នឹង​មិន​ស្រប​ច្បាប់​​ឡើយ​។

លោក​ ជាម យៀប​ មាន​ប្រសាសន៍​បន្ត​ថា “ ព្រះ​រាជសារ​របស់​ព្រះ​មហាក្សត្រ​មាន​ន័យ​ថា រដ្ឋធម្មនុញ្ញ​គឺ​ជា​ច្បាប់​មូលដ្ឋាន។ អាជ្ញាធរ​ត្រូវ​តែ​ធ្វើ​តាម​រដ្ឋធម្មនុញ្ញ​ ហើយ​រដ្ឋ​ធម្មនុញ្ញ​ចែង​ថា ប្រជាពលរដ្ឋ​ត្រូវ​តែ​ធ្វើ​តាម​អាជ្ញាធរ​”។

លោក​ថ្លែង​បន្ត​ថា “[ព្រះ​មហាក្សត្រ​]​​បាន​ទ្រង់​យល់​ពី​ស្ថាន​ភាព​នេះ​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​។ ក្នុង​នាម​ជា​​ឪពុក​ម្ដាយ​​នៃ​គ្រួសារ​មួយ​ព្រះ​អង្គ​បាន​ទូល​ប្រាប់​កូន​ចៅ​របស់​ព្រះ​អង្គ​ឲ្យ​ធ្វើ​តាម​ច្បាប់​របស់​គ្រួសារ”។

ទោះ​ជា​យ៉ាង​ណា​ លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍​ថា លិខិត​របស់​ព្រះ​មហាក្សត្រ​បាន​គាំទ្រ​​​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ឲ្យ​មាន​ការ​គោរព​រដ្ឋ​​ធម្មនុញ្ញ​​ឲ្យ​បាន​ត្រឹម​ត្រូវ​ ការ​​ធ្វើ​កំណែ​ទម្រង់​គណៈ​​​កម្មាធិ​​​ការ​​​​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​​ ព្រម​ទាំង​ក្រុម​​​ប្រឹក្សា​​​​ធម្មនុញ្ញ​ផង​ដែរ​​។

លោក​ថ្លែង​ថា​​​ “ គណបក្ស​សង្គ្រោះ​ជាតិ​និង​អ្នក​គាំទ្រ​របស់​យើង​តែង​តែ​ធ្វើ​អ្វី​ៗទៅ​តាម​ច្បាប់​​ជា​និច្ច​ ពី​ព្រោះ​​យើង​គោរព​រដ្ឋ​ធម្ម​​​នុញ្ញ​។ អ្វី​ដែល​យើង​កំពុង​ស្នើ​គឺ​ការ​ធ្វើ​កំណែ​ទម្រង់​នៃ​ស្ថាប័ន​ប្រជា​ធិប​តេយ្យ​ដែល​ធានា​នូវ​​ការ​អនុវត្ត​នៃ​រដ្ឋ​ធម្មនុញ្ញ​”។

ប៉ុន្តែ យោង​តាម​លោក ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ឲ្យ​ដឹង​ថា លិខិត​របស់​ព្រះ​មហាក្សត្រ​គឺ​បាន​បញ្ជាក់​ច្បាស់​ថា បាន​គាំទ្រ​​ជំហរ​របស់​គណបក្ស​ប្រជាជន​ ស្រប​​​​ពេល​ខ្លួន​បាន​​អំពាវ​នាវ​ឲ្យ​រក​ដំណោះ​ស្រាយ​មួយ​តាម​រយៈ​ស្ថាប័ន​ដែល​មាន​ស្រាប់​។

លោក​ថ្លែង​បន្ត​ថា “ [លិខិត​របស់​ព្រះ​មហា​​​ក្សត្រ​] គឺ​បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ពេញ​ទំហឹង​ ហើយ​សម​ស្រប​តាម​គោល​​​នយោបាយ​ និង​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​​ពន្លឿន​ការ​ដោះ​​​ស្រាយ​​​ពាក្យ​បណ្ដឹង​នានា​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​និង​ក្រុម​ប្រឹក្សា​ធម្ម​​​នុញ្ញ​ឲ្យ​បាន​ឆាប់​​ ដើម្បី​ទទួល​បាន​លទ្ធផល​ផ្លូវ​ការ​ចុង​ក្រោយ​ ដូច្នេះ​​ខ្លួន​អាច​​បង្កើត​សភា​ថ្មី​មួយ​បាន​” ។

លោក ឡៅ ម៉ុងហៃ ​ថ្លែង​បន្ថែម​ថា “ខ្ញុំ​មិន​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​បក​ស្រាយ​​​​លិខិត​នោះ​យ៉ាង​ដូច​ម្តេច​ទេ​ ប៉ុន្តែ ខ្លឹម​សារ​នៃ​លិខិត​នោះ​បាន​បង្ហាញ​ច្បាស់​ពី​ជំហរ​របស់​ព្រះ​មហាក្សត្រ​គឺ​បាន​គាំទ្រ​គោល​​​នយោ​​​បាយ​​​​និង​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ពេញ​ទំហឹង”។

កាលពី​ថ្ងៃសៅរ៍ ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​ខ្លួន​ដោយ​លើក​ឡើង​ពី​លិខិត​របស់​ព្រះ​មហា​​​ក្សត្រ​​ដើម្បី​ធ្វើ​ការ​​អំពាវ​នាវ​ដោយ​ខ្លួន​​ឯង​ឲ្យ​មាន​ការ​​​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ដោយ​សន្តិ​​​​​​វិធី​ និង​យោង​តាម​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​ដែល​មាន​ស្រាប់​។

សេចក្ដី​ថ្លែង​ការណ៍​នោះ​ឲ្យ​ដឹង​បន្ត​ថា“​​​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ ជាតិ​…ត្រូវ​តែ​អត់​ធ្មត់​ និង​គោរព​នូវ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ ហើយ​បន្ត​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ឲ្យ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​​​​​ និង ​​​ច្បាប់​​​​ដែល​មាន​ស្រាប់​ដើម្បី​លើក​តម្កើង​ផល​ប្រ​យោគ​​ជាតិ​របស់​យើង​”៕

ប្រែសម្រួលដោយ ឃិន ណៃ​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស