កងកម្លាំងសន្តិសុខចាប់ផ្តើមឆែកឆេររថយន្តចូលទីក្រុងភ្នំពេញនៅតាមផ្លូវធំៗទាំងអស់កាលពីព្រឹកម្សិលមិញ នៅមុនពេលមហាបាតុកម្មអហិង្សាដែលគណបក្សសង្គ្រោះជាតិគ្រោងធ្វើនៅថ្ងៃសៅរ៍។

គណបក្សសង្គ្រោះជាតិបានចាត់ទុកការត្រួតពិនិត្យនេះថា ជាការខុសច្បាប់ ប៉ុន្តែនេះជាការប៉ុនប៉ងមិនបានសម្រេចក្នុងការរារាំងអ្នកគាំទ្ររបស់ខ្លួនមិនឲ្យចូលរួមមហាបាតុកម្មនេះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា មន្ត្រីសាលារាជធានីបានចេញបទបញ្ជាឲ្យអភិបាលខណ្ឌទាំងអស់ចាប់ផ្តើមឆែកឆេររថយន្តរកអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះ ប៉ុន្តែមិនឲ្យរារាំងអ្នកតវ៉ាមិនឲ្យចូលរាជធានីភ្នំពេញនោះទេ។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “យើងធ្វើដូច្នេះមិនមែនតែដើម្បីបាតុកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីការពារប្រជាពលរដ្ឋទាំងអស់ផងដែរ។ យើងបារម្ភថា មនុស្សដែលមានបំណងមិនល្អ ឬជនឆ្លៀតឱកាសដែលធ្វើជាចូលរួមនៅក្នុងបាតុកម្មនេះអាចបង្កបញ្ហា”។
ហើយទោះបីជាកន្លែងត្រួតពិនិត្យនេះទើបតែបង្កើតឡើងកាលពីម្សិលមិញក៏ដោយ ក៏លោក ឡុង ឌីម៉ង់ បានព្យាយាមនិយាយសម្រាលដល់បទបញ្ជាឲ្យឆែកឆេរនេះដែរ ហើយបានបដិសេធមិនប្រាប់ថា តើការឆែកឆេរនេះមានរយៈពេលយូរប៉ុណ្ណានោះទេ។
លោកបានមានប្រសាសន៍ថា “កន្លែងត្រួតពិនិត្យទាំងនេះមានជាធម្មតា មិនមែនមានតែថ្ងៃនេះទេ។ យើងគ្រាន់តែឆែកឆេរដើម្បីការពារប្រជាពលរដ្ឋប៉ុណ្ណោះ”។
មន្ត្រីរដ្ឋាភិបាលបានព្រមានប៉ុន្មានសប្តាហ៍មកហើយថា ការធ្វើបាតុកម្មរបស់គណបក្សប្រឆាំងអាចមានអំពើហិង្សា ហើយបានចោទថា គណបក្សសង្គ្រោះជាតិកំពុងការពារភេរវជន ជាការអះអាងមួយដែលគណបក្សប្រឆាំងបានបដិសេធយ៉ាងដាច់អហង្ការ។
រដ្ឋាភិបាលក៏បានបញ្ជូនទាហានរាប់រយនាក់ និងរថពាសដែកជាច្រើនគ្រឿងចូលមករាជធានីភ្នំពេញផងដែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបានដាក់កងរាជអាវុធហត្ថជាច្រើននៅតាមផ្លូវសំខាន់ៗ និងបានធ្វើការហាត់សមបីលើកអំពីបច្ចេកទេសគ្រប់គ្រងក្រុមមនុស្សដោយមានការប្រើប្រាស់ម៉ាស់ការពារឧស្ម័ន ដំបងឆក់ និងខែល ព្រមទាំងរថយន្តពន្លត់អគ្គិភ័យដែលមានទុយោបាញ់ទឹកខ្លាំងផងដែរ។
ចំណែកខាងគណបក្សសង្គ្រោះជាតិបានអំពាវនាវជាប់ជានិច្ចឲ្យមានការធ្វើបាតុកម្មអហិង្សាប្រឆាំងការជំទាស់របស់រដ្ឋាភិបាលមិនព្រមឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើលទ្ធផលនៃការបោះឆ្នោតជាតិកាលពីថ្ងៃទី ២៨ ខែកក្កដា ដែលរងផលប៉ះពាល់ដោយសារសេចក្តីរាយការណ៍ជាច្រើនអំពីភាពមិនប្រក្រតី។ ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិបានធ្វើការហាត់សមពីរលើកនៅក្នុងបច្ចេកទេសធ្វើបាតុកម្មអហិង្សាសម្រាប់អ្នកគាំទ្ររបស់ខ្លួន។
នៅភាគខាងជើងជាយក្រុងភ្នំពេញកាលពីម្សិលមិញ នៅក្រោមស្ពានព្រែកក្តាមតាមបណ្តោយផ្លូវជាតិលេខ៥ មន្ត្រីនគរបាល និងកងរាជអាវុធហត្ថជាង២០នាក់បានឆែកឆេររថយន្តដែលធ្វើដំណើរមកទិសខាងត្បូងមកកាន់រាជធានី។ នគរបាល កងរាជអាវុធហត្ថ និងមន្ត្រីស្លៀកពាក់ស៊ីវិលបានសួរអ្នកបើកបរ ឡើងឆែករថយន្តក្រុងធំៗ បើកមើលកន្លែងដាក់អីវ៉ាន់ ថែមទាំងឆែកឆេរអីវ៉ាន់មួយចំនួន ត្រួតពិនិត្យរថយន្តធំៗ និងពិនិត្យមើលកន្លែងដាក់របស់របរអ្នកធ្វើដំណើរ។ អ្នកដំណើរម្នាក់ដែលធ្វើដំណើរតាមរថយន្តវ៉ែនមកកាន់រាជធានីភ្នំពេញត្រូវបានបញ្ជាឲ្យចុះចេញពីរថយន្តនោះ ហើយត្រូវបាននគរបាលបណ្តើរទៅកាន់តុមួយ ដែលនៅទីនោះគេបានដោះអាវធំពាក់ពីក្រៅរបស់គាត់ ហើយដកហូតយកអាវនោះដោយសារហេតុផលតែមួយថា អាវនោះជាអាវប៉ារ៉ា។
បុរសដែលបានបដិសេធមិនប្រាប់ឈ្មោះរូបនេះបាននិយាយថា “ពួកគេគ្រាន់តែប្រាប់ឲ្យខ្ញុំដោះអាវខ្ញុំចេញតែប៉ុណ្ណោះ ពីព្រោះពួកគេមិនចង់ឲ្យខ្ញុំពាក់អាវនេះទេ”។ បន្ទាប់ពីបានដកហូតអាវធំរបស់គាត់ អាជ្ញាធរបានអនុញ្ញាតឲ្យបុរសនេះឡើងជិះរថយន្តនោះបន្តដំណើរទៅទៀត។
លោកបាននិយាយថា “ខ្ញុំមិនដឹងថា ការឆែកឆេរនេះពាក់ព័ន្ធនឹងបាតុកម្ម ឬអត់ទេ ប៉ុន្តែ វាចម្លែកដែលពួកគេដកយកអាវរបស់ខ្ញុំ”។ គេមិនឃើញអាជ្ញាធរឃាត់ខ្លួន ឬឲ្យនរណាម្នាក់ធ្វើដំណើរត្រឡប់ក្រោយវិញទេអាជ្ញាធរបាននិយាយថា ខ្លួនបានរកឃើញកូនកាំបិតពីរបី ប៉ុន្តែ រកមិនឃើញអាវុធផ្សេងទៀតទេ។
មន្ត្រីស្លៀកពាក់ស៊ីវិលម្នាក់ដែលកំពុងជួយដឹកនាំការឆែកឆេររថយន្ត ប៉ុន្តែ បានបដិសេធមិនប្រាប់ឈ្មោះ ឬតួនាទីរបស់គាត់ពីព្រោះគេមិនអនុញ្ញាតឲ្យគាត់និយាយជាមួយអ្នកកាសែតនោះបាននិយាយថា មានហេតុផលតែមួយប៉ុណ្ណោះ គឺស្វែងរកអាវុធ។
លោកបាននិយាយថា “វាមិនពាក់ព័ន្ធនឹងការធ្វើបាតុកម្មទេពីព្រោះយើងផ្តោតលើការឆែកឆេររកអាវុធ និងគ្រាប់រំសេវ។ ប្រសិនបើយើងរកមិនឃើញអាវុធ ឬគ្រាប់រំសេវណាមួយទេ យើងអនុញ្ញាតឲ្យពួកគេទៅ”។
ប្រតិបត្តិការស្រដៀងគ្នានេះត្រូវបានធ្វើកាលពីម្សិលមិញ នៅក្នុងខេត្តកណ្តាល ដែលនៅទីនោះ លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា លោកកំពុងឆែកឆេររថយន្តដែលធ្វើដំណើរចូលក្រុងភ្នំពេញតាមផ្លូវជាតិលេខ២មួយសប្តាហ៍មកហើយ។ លោកបានបដិសេធថា ការឆែកឆេរនេះមិនពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់គណបក្សប្រឆាំងនាពេលខាងមុខនេះទេ។ លោកបានមានប្រសាសន៍ថា “យើងចាប់អារម្មណ៍ទៅលើសន្តិសុខរបស់សាធារណជន យើងមិនរារាំងអ្វីទេ”។
ប៉ុន្តែ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ការត្រួតពិនិត្យនេះ គឺជាការប៉ុនប៉ងយ៉ាងច្បាស់ដើម្បីធ្វើឲ្យបាតុកម្មនៅថ្ងៃសៅរ៍ មានទំហំតូច។ លោកបានមានប្រសាសន៍ថា “ពួកគេព្យាយាមរារាំងប្រជាពលរដ្ឋមិនឲ្យចូលក្រុង ដើម្បីមកចូលរួមក្នុងការធ្វើបាតុកម្មនេះ។ វាគឺជាការរំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ”។
លោក យឹម សុវណ្ណបានមានប្រសាសន៍ថា ទោះជាយ៉ាងណា គោលបំណងនេះមិនបានសម្រេចទេពីព្រោះមនុស្សភាគច្រើនដែលមានគម្រោងចូលរួមបាតុកម្មនេះបានមកដល់ក្រុងភ្នំពេញរួមហើយ ហើយមនុស្សមួយចំនួនតូចដែលមិនទាន់មកដល់នឹងរកមធ្យោបាយដើម្បីចូលក្រុង ទោះបីមានការបិទផ្លូវក៏ដោយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ប្រជាពលរដ្ឋទាំងអស់នោះស្ថិតនៅក្នុងក្រុងរួចហើយ មិនចាំបាច់បិទផ្លូវទេ”។
គណបក្សសង្គ្រោះជាតិរំពឹងថា យ៉ាងហោចណាស់មានអ្នកគាំទ្រ២០.០០០នាក់មកចូលរួមបាតុកម្មនេះនៅសួនសេរីភាពក្នុងក្រុងភ្នំពេញ គឺមានចំនួនស្មើនឹងចំនួនប្រជាពលរដ្ឋដែលបានចូលរួមការជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិនៅសួននេះកាលពីចុងខែមុន៕
ប្រែសម្រួលដោយ មូល គឹមហឿន