28.5 C
Phnom Penh

ធនាគារ​ជាតិ​ដាក់ចេញ​នូវប្រព័ន្ធ​ការ​ពារ​សន្តិ​សុខ​ថ្មី​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​របស់​ប្រទេស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តី​ប្រកាស​ចេញ​ផ្សាយ​កាល​ពី​​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​ នឹង​ប្រកាស​អនុវត្ត​ប្រព័ន្ធ​សន្តិ​សុខ​ហិរញ្ញ​វត្ថុ​ថ្មី​នៅ​ថ្ងៃ​នេះ​ ក្នុង​គោល​បំណង​ពង្រឹង​ប្រព័ន្ធ​ធនាគារ​ពាណិជ្ជនៅ​ក្នុង​ប្រទេស​កម្ពុជា​​ និង​ជួយ​រក្សា​សាច់​ប្រាក់​ងាយ​ស្រួល​ អំឡុង​ពេល​ដែល​សេដ្ឋ​កិច្ច​កំពុង​ធ្លាក់​ចុះ។

មូលប័ត្រ​ដែលគេ​ស្គាល់​ថា វិញ្ញាបន​បត្រ​ប្រាក់​បញ្ញើ​អាច​ជួយ​ដូរ​បាន នឹង​អនុញ្ញាត​ឲ្យធនាគារ នា នា​ផ្លាស់​ប្តូរ​ប្រាក់​បញ្ញើ​លើស ​ដែល​ពួក​គេ​ដាក់​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដើម្បី​ទទួល​បាន​អត្រា​ការ​ប្រាក់​​បន្តិច​បន្តួច​ ឲ្យ​ទៅ​ជា​​មូល​ប័ត្រ​ដែល​ពួក​គេ​អាច​លក់​ ឬក៏​ប្រើ​ប្រាស់​ជា​ទ្រព្យ​ធានា​សម្រាប់​ធ្វើ​ប្រតិបត្តិ​ការ​ប្រាក់​កម្ចី​​អន្តរ​ធនាគារ​។

សេចក្តី​ប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​សេចក្តី​ពន្យល់​ថា វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ​អាច​ជួញ​ដូរ​បាន​ ក៏​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើត​ទីផ្សារ​អន្តរ​ធនាគារ ​ដែល​បំពេញ​​មុខងារ​របស់​ខ្លួន​បាន​យ៉ាង​ពេញ​លេញ​ ដោយ​​​បង្ក​លក្ខណៈ​កាន់​តែ​ស្រួល​សម្រាប់​ធនាគារ​នានា​ ដែល​មាន​កង្វះ​ខាត​ប្រាក់​បញ្ញើ​បណ្តោះ​​អាសន្ន​ ក្នុង​ការ​ខ្ចី​មូល​និធិ​ពី​ធនាគារ ​ដែល​មាន​ប្រាក់​បញ្ញើ​លើស​រយៈ​ពេល​ខ្លី​ផង​ដែរ។

សេចក្តី​ប្រកាស​នោះ​​មាន​ខ្លឹម​សារ​ថា “វិញ្ញា​​បនបត្រ​ប្រាក់​បញ្ញើ​អាច​ជួញ​ដូរ​បាន​​អាច​បំពេញ​​តួនាទី​ជា​សញ្ញា​ប័ណ្ណ​​រយៈ​ពេល​ខ្លី​ ដែល​ម្ចាស់​របស់​វា​អាច​ប្រើ​ប្រាស់​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កង្វះ​ខាត​ប្រាក់​បញ្ញើ​នៅ​​​ក្នុង​​​រយៈ​​​​​​​ពេល​ខ្លី​​ តាម​រយៈ​ការ​លក់​ និង​ការ​ដាក់​បញ្ចាំ”។

លោក ហីុរ៉ូឆិ ស៊ូហ្សូគិ (Hiroshi Suzuki)​សេដ្ឋ​វិទូ​នៅ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ពាណិជ្ជ​កម្ម​កម្ពុជា ​​បាន​លើកឡើង​កាល​ពី​ម្សិល​មិញ​ថា ការ​ដាក់​ចេញ​នូវ​វិញ្ញា​បនបត្រ​អាច​ជួញ​ដូរ​បាន​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​ចំណាត់​ការ​សម​ស្រប​តាម​ស្ថាន​ភាព​របស់​ប្រទេស​កម្ពុជា ​ដោយ​សារ​តែ​តម្រូវ​ការ​សេវា​កម្ម​ធនាគារ​ពាណិជ្ជ​កំពុង​កើន​ឡើង​យ៉ាង​លឿន​។

លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​ធនាគារ​កំពុង​តែ​ផ្តល់​ហិរញ្ញ​ប្បទាន​ឲ្យ​អ្នក​ខ្ចី​ជាច្រើន​ ក្នុង​ករណី​ជា​ច្រើន​ដែល​ធនាគារ​ទាំង​នោះ​មិន​អាច​ទុក​លុយ​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ប្រតិបត្តិការ​ទាំង​នោះ​ និង​ប្រសិន​បើ​​មាន​ទីផ្សារ​អន្តរ​ធនាគារ​ នោះ​ធនាគារ​ទាំង​នោះ​​អាច​ខ្ចី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​”។

លោក​​បានមាន​ប្រសាសន៍​បន្ថែមទៀត​ថា “ប្រសិន​​បើ​ធនាគារ​អេស៊ីលីដា មាន​អតិរេក​រូបិយវត្ថុ​ ហើយ​​ធនាគារ​កាណាឌីយ៉ាខ្វះ​រូបិយ​វត្ថុ​ ឥឡូវ​ពួក​គេ​អាច​សម្រប​សម្រួល​គ្នា​បាន​ ហើយ​វា​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ធនាគារ​ទាំង​ពីរ​”។​ លោក​​លើក​ឡើង​បន្ត​ទៀត​ថា បច្ចុប្បន្ន​​ធនាគារ​ប្រហែល​ជា​ត្រឹម​តែ​អាច​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ខាត​រូបិយ​វត្ថុ​រយៈ​ពេល​ខ្លី​​ និង​បញ្ហា​លើសប្រាក់​បញ្ញើ​។

លោក​ ហីុរ៉ូឆិ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ឥឡូវ​នេះ​ ប្រសិន​បើ​ពួក​គេ​មាន​លុយ​ច្រើន​ជាង​មុន​ ពួក​គេ​មាន​តែ​ផ្លូវ​តែ​មួយ​គត់​ [សម្រាប់​ទទួល​បាន​ផល​ចំណេញ​ពី​ប្រាក់​ទាំង​នោះ​ គឺ​ផ្ញើ​ប្រាក់​ទាំង​នោះ​នៅ​ក្នុង​ធនាគារ​ជាតិ​នៃ​កម្ពុជា] ហើយ​អត្រា​ការ​ប្រាក់​មាន​កម្រិត​ទាប​ណាស់​”។

លោក​ស្រី ងួន សុខា អគ្គនាយិកា​​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា ធនាគារ​ពាណិជ្ជ​អាច​ចាប់​ផ្តើម​ដាក់​ពាក្យ​សុំវិញ្ញាបន​បត្រ​ប្រាក់​បញ្ញើ​អាច​ជួញ​ដូរ​បាន​ ដែល​មាន​ចំនួន​ទឹក​ប្រាក់​ ៥០០​.០០០​ដុល្លារ​ ចាប់​ពី​ថ្ងៃ​នេះ​តទៅ​។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​និង​កំពុង​រៀប​ចំ​ប្រព័ន្ធ​នេះ​អស់​រយៈ​ពេល​ជាង​មួយ​​ឆ្នាំ​មក​ហើយ​ ដើម្បី​គ្រឹះ​ស្ថាន​ធនាគារ​យក​ទៅ​ប្រើ​ប្រាស់​”។

លោក​ស្រី​បាន​បន្ត​ថា មូល​បត្រ​នេះ​ក៏​អាច​ជួយ​សម្រួល​ស្ថាន​ការណ៍​វិបត្តិ​សេដ្ឋ​កិច្ច​ផង​ដែរ។នៅ ក្នុង​ស្ថាន​ភាព​មិន​ល្អ​បែប​នេះ​ ធនាគារ​នានា​អាច​បង្កក​ឥណទាន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធ​ភាព​បាត់​បង់​បំណុល​ដែល​គេ​ជំពាក់​។

លោក​ស្រី​ ងួន សុខា បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ប្រសិន​បើ​ពួក​គេ​មាន​ទ្រព្យ​ធានា​បែប​នេះ​ នឹង​មាន​សេចក្តី​ទុ​ក​ចិត្ត​នៅ​ក្នុង​វិស័យ​ធនាគារ​។ វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក​បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​វិស័យធនាគារ​ ដោយ​សារ​តែ​ប្រព័ន្ធ​អន្តរ​ធនាគារ​មិន​មាន​ទ្រព្យ​បញ្ចាំបែប​នេះ​”។

លោក ហ្គ្រេន ណាក់ឃី (Grant Knuckey) ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេអិន​ហ្សិត រ៉ូយ៉ាល់ (ANZ Royal Bank) បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា វិញ្ញា​បន​បត្រ​ប្រាក់​បញ្ញើ​អាច​ជួញ​ដូរ​បាន​ នឹង​បំពេញ​មុខ​ងារ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ប័ណ្ណ​រតនាគារ​ចេញ​ផ្សាយ​នៅ​សហ​រដ្ឋ​អាមេរិក​។ ប័ណ្ណ​នេះ​គឺ​ជា​សញ្ញា​ប័ណ្ណ​​មាន​អត្រា​ការ​ប្រាក់​ទាប​ ដែល​ត្រូវ​បាន​ចាត់​ទុក​យ៉ាង​ទូលំ​ទូលាយ​ថា ជា​មូល​ប័ត្រ​ដែល​មាន​លទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​​ប្តូរ​ជា​សាច់​ប្រាក់​ និង​​មាន​សុវត្ថិ​ភាព​ខ្ពស់​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួក​វា​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា យន្តការ​​សម្រាប់​​ធនាគារ​​” ជា​ជាង​ការ​ដាក់​ប្រាក់​​លើស​ [ក្នុង​ចំណោម​​ប្រាក់​​សន្សំ​នៅ​ធនាគារ​] ផ្ញើ​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ក្នុង​រូប​ភាព​ជា​ប្រាក់​បញ្ញើ។ លោក​បាន​បន្ត​ថា “ ជា​ជម្រើស​ផ្សេង​​ ពួក​គេ​អាច​ទិញ​​​វិញ្ញា​បន​បត្រ​​ប្រាក់​បញ្ញើ​អាច​ជួញ​ដូរ​បាន​ និង​អាច​ប្រើ​ប្រាស់​វា​ជា​ទ្រព្យ​ធានា​ ប្រសិន​បើ​ចាំ​បាច់​ក្នុង​ពេល​​ចុះ​កិច្ច​ព្រម​ព្រៀង​ជា មួយ​ធនាគារ​ផ្សេង​ៗ​ទៀត​”។ លោក​បាន​បន្ថែម​ថា “គ្មាន​អ្វី​ត្រូវ​សង្ស័យ​ទេ វា​គឺ​ជា​ដំណាក់​កាល​មួយ​នៃ​ដំណើរ​វិវឌ្ឍន៍​ទៅ​កាន់​ប្រព័ន្ធ​អន្តរ​ធនាគារ​ដែល​បំពេញ​មុខងារ​ពេញ​លេញ”៕

ប្រែ​សម្រួល​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស