28.5 C
Phnom Penh

មន្ត្រី​ជាន់​ខ្ពស់​​របស់​គណបក្ស​ប្រជា​ជន​​​បានបោះបង់​តំណែងនៅ​ក្នុង​​រដ្ឋ​សភា​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​ការ​បោះឆ្នោត​​ (គ.ជ.ប.) បាន​លើក​ឡើង​ថា មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ធំ​​របស់​គណ​បក្ស​កាន់​អំណាច​​បាន​លាលែង​ពីតំណែង​នៅ​ក្នុង​រដ្ឋ​សភា​របស់​ខ្លួន​ ដើម្បី​អនុញ្ញាត​ឲ្យ​​បេក្ខ​ជន​តំណាង​រាស្ត្រ​ ដែល​មាន​លេខ​រៀង​ក្រោម​​គេ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​​នៅ​ក្នុង​រដ្ឋ​សភា​។

លោក​ ទេព​ នីថា អគ្គលេខាធិការ​គ.ជ.ប.​​មាន​ប្រសាសន៍​ថា “គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​បញ្ជូន​លិខិត​ស្ដី​ពី​ការ​លាលែងពី​​​តំណែង​​​​របស់​សមាជិក​ខ្លួន​មក​​ឲ្យ​យើង​​ បន្ទាប់​ពី​​គណ​បក្ស​ទទួល​បាន​លិខិត​លាលែង​តំណែង​”។

ក្នុង​ចំណោម​​ក្រុម​មន្ត្រី​​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​បាន​លាលែង​តំណែង​​នៅ​ក្នុង​រដ្ឋ​សភា​របស់​ខ្លួន​ ដើម្បី​បើក​ផ្លូវ​ឲ្យ​សមាជិក​​សភា​វ័យ​ក្មេង​ទទួល​បាន​តំណែង​​នៅ​ក្នុង​រដ្ឋ​សភា​ គឺ​មាន​ រដ្ឋ​មន្ត្រីចំនួន​១៤​រូប​ ក៏​ដូច​ជា​ លោក​ ជា ស៊ីម​ ប្រធាន​គណបក្ស​​ប្រជា​ជន​កម្ពុជា​ និង​លោក​ សាយ ឈុំ​ អគ្គ​លេខា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​​ផង​ដែរ​។ បុគ្គល​ទាំង​ពី​រ​រូប​នេះ​ គឺ​ជា​​បុគ្គល​ដែល​​មាន​តំណែង​ខ្ពស់​បំផុត​​នៅ​ក្នុង​​ឋានានុក្រម​គណ​បក្ស​កាន់​អំណាច​។

ជាង​ពាក់​កណ្ដាល​​នៃ​​រដ្ឋ​មន្ត្រី​ចំនួន​២៦​រូប​​​នៅ​​​ខុទ្ទ​កាល័យ​របស់​​លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន​​ ដែល​ភាគ​ច្រើន​​សុទ្ធ​តែ​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ផ្អែក​លើ​​​តំណែង​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​បេក្ខ​ជន​តំណាង​​រាស្ត្រ​​​ជា​ផ្លូវ​ការ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ក៏​បាន​លាលែង​ពី​តំណែង​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​សភា​ផង​ដែរ​ នៅ​មុន​លទ្ធផល​ជា​ផ្លូវ​ការ​​នៃ​ការ​បោះឆ្នោត​​ត្រូវ​បាន​ប្រកាស​ដោយ​ គ.ជ.ប. ​​​កាល​ពី​ថ្ងៃ​អាទិត្យ​។

ក្រុម​មន្ត្រី​ដែល​លាលែង​ពី​តំណែង​​​​ទាំ​​ង​​​នេះ​រួម​មាន​ លោក​ អង្គ វង្សវឌ្ឍានា​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក​ ចម ប្រសិទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ លោក​ ខៀវ កាញា​​​រីទ្ធ​ ​​​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ និង​លោក​ ជា​ សុផា​រ៉ា រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ជា​ដើម​។

ហើយ​នៅ​ក្នុង​ចំណោម​បេក្ខ​ជន​តំណាង​រាស្ត្រ​​គួរ​ឲ្យ​កត់​សម្គាល់​លើក​ដំបូង​ ដែល​នឹង​ទទួល​បាន​តំណែង​​នៅ​ក្នុង​រដ្ឋ​សភា ទោះ​បី​ជា​ខ្លួន​មិននៅ​​​​លេខ​រៀង​លើ​គេ​នៅ​ក្នុង​បញ្ជី​​បេក្ខ​ជន​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​ត្រូវ​ទទួល​បាន​តំណែង​ដោយ​ស្វ័យ​ប្រវត្តិ​ក្ដី​នោះ​​​ គឺ​ លោក​ ហ៊ុន​ ម៉ានី កូន​ប្រុស​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែ​ន​និង​លោក​ ស សុខា​ ​កូន​ប្រុស​របស់​លោក​ ស ខេង​ រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ​។

លោក​ កែប ជុតិមា អតីត​​អភិបាល​រាជ​ធានី​​ភ្នំពេញ​​ក៏​នឹង​ចាប់​ផ្ដើម​​អាណត្តិ​ដំបូង​របស់​លោក​​ជា​សមាជិក​សភា​​ផង​ដែរ​​ នៅ​ពេល​រដ្ឋ​សភា​​បើ​ក​សម័យ​ប្រជុំ​លើក​ទី​១​របស់​ខ្លួន​ ដែល​គ្រោង​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​។​

លោក​ គាត ឈន់​​​​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ និង​លោក​ ហោ​ ណាំ​ហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ ដែល​សុទ្ធ​តែ​មាន​​អាយុ​ជិត​៨០​ឆ្នាំ​ទៅ​ហើយ​នោះ​ ក៏​នឹង​​ត្រៀម​ខ្លួន​ទទួល​តំណែង​នៅ​ក្នុង​រដ្ឋ​សភា​ដែរ។​

បេក្ខជនឈរ​ឈ្មោះ​ជា​​​តំណាង​រាស្ត្រ​លើក​ដំបូង​មួយ​ចំនួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មិន​ទទួល​បាន​តំណែង​នៅ​ក្នុង​រដ្ឋ​សភា​ រួម​មាន​​កូន​ប្រុស​របស់​លោក​ឧបនា​យក​រដ្ឋ​មន្ត្រី សុខ អាន កូន​ប្រុស​របស់​លោក​ ជាម យៀប សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ កូន​ប្រុស​របស់​លោក​ ឌិត​ មុន្ទី ប្រធាន​តុលាការ​កំពូល​ និង​កូន​ប្រុស​របស់​លោក​ សាយ ឈុំ អគ្គលេខាធិការ​គណ​បក្ស​ប្រជាជន​កម្ពុជា​។

លោក​ ជាម​ យៀប បាន​មាន​ប្រសាសន៍​ថា រដ្ឋ​មន្ត្រី​ និង​មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ​ ដែល​​បាន​លាលែង​ពីតំណែង​នៅ​ក្នុង​រដ្ឋ​សភា​​ នឹង​នៅ​តែ​មាន​តំណែង​នៅ​ក្នុង​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។ លោក​បានថ្លែង​ថា “ពួក​គាត់​មិន​មែន​ជា​​សមាជិក​សភា​មែន​ ប៉ុន្តែ​ពួក​គាត់​​នៅ​តែ​ជា​សមាជិក​រដ្ឋាភិបាល​”។​ លោក​​មាន​​ប្រសាស​​​ន៍​​​​បន្ថែម​ថា រដ្ឋ​មន្ត្រី​ ដែល​បំពេញ​ភារកិច្ច​បាន​ល្អ​ នឹង​​អាច​រក្សា​តំណែង​​របស់​ខ្លួន​បាន។ ​រដ្ឋ​មន្ត្រី​ផ្សេង​ៗ​ទៀត​​ប្រហែល​ជា​អាច​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​តំណែង​ផ្សេង​។

លោក​ ជាម យៀម បាន​លើក​ឡើង​បន្ថែម​ថា “វា​អាស្រ័យ​លើ​អ្នក​ខ្លះ​​អាច​ជា​មន្ត្រី​ទូត​ ឬ​ក៏​ឯកអគ្គ​រដ្ឋ​ទូត​ រីឯ​មន្ត្រី​ខ្លះ​ទៀត​ដែល​បាន​បំពេញ​ការងារ​របស់​ខ្លួន​បាន​ល្អ​ នឹង​នៅ​តែ​មាន​តំណែង​ជា​រដ្ឋ​មន្ត្រី​ដដែល​។

លោក ទៀ បាញ់​ រដ្ឋ​មន្ត្រីក្រសួង​ការពារ​ជាតិ​ ដែល​​ទទួល​បាន​តំណែង​​នៅ​ក្នុង​រដ្ឋ​សភា​​​​នៅ​ក្នុង​មណ្ឌល​ខេត្ត​សៀម​រាប​ ​​​ហើយ​​​នឹង​​​​នៅ​តែ​​មាន​តំណែង​​ជា​សមាជិក​សភា​ដដែល​ នោះ​បាន​លើក​ឡើង​ថា ការ​សម្រេច​របស់​គណបក្ស​​ ដែលនឹង​​​​​ដក​តំណែង​សមា​​​ជិក​សភា​ជាន់​ខ្ពស់​មួយ​ចំនួន​មិន​មែន​​​ជាការ​​​​​ឆ្លុះ​បញ្ចាំង​ពី​តួនាទី​​​របស់​​​ពួកគាត់​​​​​​ទេ​​​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួក​គាត់​​សុទ្ធ​តែ​ត្រូវ​បាន​ជ្រើស​រើ​ស​ជា​សមាជិក​សភា​ក៏​ពិត​មែន​ ប៉ុន្តែ​​ពួក​គាត់​នឹង​​ទទួល​បាន​តំណែង​​ផ្សេង​ជំនួស​ ដែល​គណបក្ស​បាន​រៀប​ចំ​ឲ្យ​ពួក​គាត់​រួច​ហើយ​​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា លោក​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ ថា តើនរណា​គួរ​តែ​នៅ​បម្រើ​ការ​នៅ​ក្នុង​ខុទ្ទ​កាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ រហូត​ដល់​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ដោយ​រដ្ឋ​សភា​សិន​​​។

លោក ទៀ បាញ់​ បាន​ថ្លែង​ថា “មាន​តែ​បន្ទាប់​ពី​រដ្ឋ​សភា​ត្រូវ​បាន​បង្កើត​ឡើង​ទេ​ [ទើប​យើង​នឹង​ដឹង​ថា នរណា​​នឹង​នៅ​តែ​​មាន​តំណែង​ជា​រដ្ឋ​មន្ត្រី​នោះ​]។ ហើយ​មាន​តែ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ចូល​កាន់​តំណែង​របស់​លោក​ទេ​ ទើប​លោក​នឹង​ជ្រើស​រើស​ថា​នរណា​ជា​រដ្ឋ​មន្ត្រី​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស