38.8 C
Phnom Penh

អាជ្ញាធរ​ចាប់​ខ្លួន​បុរស​បួន​នាក់់​​​ពី​បទ​ចាប់​រំលោភ​អនីតិជនបី​ករណីដាច់​ដោយ​ឡែក​ពី​​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​ឲ្យ​ដឹង​ថា បុរស​បួន​នាក់​រួម​ទាំង​​ឪ​ពុក​​មា​​របស់​​ជន​រង​គ្រោះ​ផង​ដែរ​ ដែល​ស​ង្ស័​យ​​ថា បាន​ចាប់​​រំលោភ​ក្មួយ​ស្រី​របស់​ខ្លួននោះ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ស្ថានភាព​ជា​ជន​ស​ង្ស័​យ​​ ក្នុង​ករណីចាប់​​រំលោភ​បី​ដាច់​ដោយ​ឡែក​​ពី​គ្នា​ កាលពី​ម្សិល​មិញ និង​កាល​ពី​ថ្ងៃ​អាទិត្យ​។

យោង​តាម​លោក ឌួង ឌី​ អធិការរង​នគរ​​បាល​ស្រុក​សាមគ្គី​មាន​ជ័យបានឲ្យ​ដឹង​ថា​ ជន​សង្ស័​យ​​ឈ្មោះ ណាន់ វី អាយុ​៣៨​ឆ្នាំ​ រស់​នៅ​ខេត្ត​កំព​ង់​ឆ្នាំង ត្រូវ​បាន​ចោទ​ប្រកាន់​​ថា​ បាន​ចាប់​រំ​លោភ​ក្មួយ​ស្រី​​អាយុ​១០​ឆ្នាំ​របស់​ខ្លួន​ជា​ច្រើន​លើក​​។ លោក ឌួង ឌី បាន​មាន​ប្រសាសន៍បន្តថា “ជនស​ង្ស័​យ​​បាន​រំលោភ​ជនរងគ្រោះ​ចំនួន​ប្រាំ​ដង​ ហើយ​នៅ​លើក​​ចុង​ក្រោយ​គឺ​នៅ​ថ្ងៃ​អង្គារ ក្នុង​ព្រៃ​ស្ថិត​​នៅ​ច​ម្ងា​យ​​​ប្រហែល​៥០០​ម៉ែត្រ​ពី​ភូមិ”។

យោង​តាម​លោក ឌួង ​ឌី បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ជន​សង្ស័យ​ឈ្មោះ ណាន់ វី​ ​បាន​ឲ្យ​ក្មួយ​ស្រី​របស់​ខ្លួន​​រក្សា​ការ​សម្ងាត់ ដោយ​សន្យា​​ផ្ដ​ល់​ប្រាក់​ឲ្យ​​ ប៉ុន្តែ​ជន​សង្ស័យ​នេះ​ត្រូវ​បាន​រាយ​ការណ៍​ប្រាប់​នគរបាល​ បន្ទាប់ពី​គ្រួសារ​ជន​​រង​គ្រោះ​ដឹង​ពី​រឿង​នេះ ដោយ​សារ​កុមារី​​​រង​គ្រោះ​មាន​ការ​ឈឺចុក​ចាប់​យ៉ាង​ខ្លាំង។

យោង​តាម​នគរបាល​ឲ្យ​ដឹង​ថា ជន​សង្ស័​យ​​ឈ្មោះ ណាន់ វី ​សារភាព​ថា ខ្លួន​បាន​ប្រព្រឹត្ត​សកម្មភាព​​រំលោភ​នេះ​មែន​ ហើយ​ជន​នេះ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ស្នងការ​​ដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​រង់​ចាំ​ការ​ជំនុំ​ជម្រះ​។ នគរបាល​​បាន​បន្ថែម​ទៀត​ ​កាលពី​ម្សិ​ល​មិញ​ថា កាល​ពី​ថ្ងៃអាទិត្យ ជន​សង្ស័យ​ ឈ្មោះ ផាន់ ស៊ុយ អាយុ​៣៨ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​៨ឆ្នាំ​ម្នាក់​​ក្នុង​ក្រុង​សេរីសោភ័ណ ក្នុង​​ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក ឡៃ ភូរី នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​កោះ​ពង​សត្វ​ ​ឲ្យ​ដឹង​ថា ជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​នគរបាល​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ជីដូន​របស់​ជន​រង​គ្រោះ ​ដែល​ជា​អ្នក​មើល​ថែ​ទាំ​កុមារីរង​គ្រោះ​ដោយ​​​សារ​តែ​ឪ​ពុក​ម្ដា​យ​​របស់​កុមារី​រងគ្រោះ​រូប​នេះ ​​បាន​ធ្វើ​ចំ​ណាក​ស្រុក​ទៅ​ធ្វើ​ការ​​នៅ​ប្រទេស​ថៃ​។
​លោក​បន្ត​ថា ​ជីដូន​របស់​កុមារី​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ថា កុមារីរង​គ្រោះ​​រូប​នេះ​​ត្រូវ​បាន​ចាប់​រំលោភ​ទាំង​កណ្ដាល​ថ្ងៃ​តែ​ម្ដង​​ នៅ​ពេល​កុមារ​រង​គ្រោះ​បាន​ដើរ​កាត់​​ផ្ទះ​របស់​ជន​សង្ស័យ​កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា។

លោកថ្លែងថា “ជន​រង​គ្រោះ​មិន​អាច​ប្រាប់​​​រឿង​នេះ​ឲ្យ​ជីដូន​របស់​ខ្លួន​ដឹង​​​បាន​ទេ ដោយ​សារ​ជន​សង្ស័យ​បាន​គំរាម​​ស​ម្លា​ប់​នាង​ ប្រសិន​​បើ​នាង​​​ប្រាប់​រឿង​នេះ​​ឲ្យអ្ន​ក​ណា​ម្នាក់​ដឹង​”។ ជន​សង្ស័យ​​ឈ្មោះ​ ផាន់​ ស៊ុយ​​​ ក៏​បាន​សា​រ​ភាព​ថា​ខ្លួន​បាន​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​របស់​ខ្លួន ហើ​យ​បច្ចុប្បន្ន​ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ស្នងការ​ដ្ឋាន​​នគរ​បា​ល​ខេត្ត​ ដើម្បី​រង់​ចាំ​ការ​ជំនុំ​ជម្រះ​។

កាលពី​ម្សិលមិញ​ នគរបាល​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ ពី​បទ​រំលោភ​ស្ត្រី​ម្នាក់​អាយុ​២៦ឆ្នាំ​​ ​និង​​​បាន​ប៉ុន​ប៉ង​រំលោភ​ក្មួយ​ស្រី​​អាយុ​១១ឆ្នាំ​​ម្នាក់របស់​ស្ត្រី​រង​គ្រោះ​ នៅ​ក្នុង​ក្រុង​កំព​ង់​ឆ្នាំង​។ យោង​តាម​លោក ហ៊ុល វាសនា ស្នង​ការ​រង​នគរបាល​ក្រុង​កំពង់​ឆ្នាំង​បាន​​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​រូប​​នេះ​បាន​បាត់​ក្មួយ​ស្រី​របស់​ខ្លួនខ​ណៈ​​ដែល​កំពុង​ដើរ​នៅ​ក្នុង​ក្រុ​ង​​​កំពង់​ឆ្នាំង​ ហើយ​ទី​បំផុត​បាន​រក​ឃើញ​​ក្មួយ​ស្រី​របស់​គាត់​ ​ក្នុង​អគារ​​​គេ​បោះ​បង់​ចោល​​មួយ​​​ ដែលក្មេង​ស្រី​រង​គ្រោះ​ត្រូវ​​គេ​ចាប់​​រំលោភ​។

លោក​ វាសនា បានបន្ថែម​ថា ជន​ស​ង្ស័យ​ឈ្មោះ សុខ ប្រាក់​ អាយុ​១៩ឆ្នាំ និង​ឈ្មោះ ម៉ឺ ចាន់ដារ៉ារស្មី អាយុ​១៥ឆ្នាំ​ ត្រូវ​បាន​ប​ញ្ជូ​ន​ទៅ​ស្នង​ការ​នគរបាល​ខេត្ត​​ដើម្បី​សាក​សួរ​។

លោក ឈួន ​ចំរ៉ុង ប្រធាន​កម្ម​វិ​ធី​សិទ្ធិ​ស្ត្រី និង​កុមារ​ អង្គការ​អាដ​ហុក​ បាន​ឲ្យ​​ដឹង​ថា  មាន​ករណី​រំលោភ​កុមារ​ចំនួន​១២០ករ​ណី​​ត្រូវ​បាន​រាយការណ៍​ ក្នុង​​រយៈ​ពេល​ប្រាំពីរ​​ខែ​ដើម​​ឆ្នាំ​នេះ​។ ក្នុង​រយៈ​ពេល​​​ដូចគ្នាកាលពី​ឆ្នាំ​២០១២ មាន​ករណី​រំលោភ​កុមារ​១២៩​ករណី​​​ត្រូវ​បាន​រាយការណ៍​៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស