32.5 C
Phnom Penh

តម្លៃភាគ​ហ៊ុន​រដ្ឋាករ​ទឹក​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​​ជាង​ពេល​ណា​ៗ​ទាំ​ង​អស់​តាំង​ពី​ចាប់​ផ្តើម​ជួញដូរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាធម្មតា​ ​តម្លៃ​ភាគ​ហ៊ុន​របស់​រដ្ឋា​ករ​ទឹ​ក​ស្វយ័ត​ក្រុង​ភ្នំ​ពេញ​ ដែល​នៅតែ​ជា​ក្រុម​ហ៊ុន​តែ​មួយ​គត់ ​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា​ មា​ន​ការ​ប្រែ​ប្រួល​ប​ន្តិច​បន្តួច​ប៉ុណ្ណោះ​ ក៏​ប៉ុ​ន្តែ​ កាលពី​ម្សិល​មិញ​ បាន​ធ្លាក់ចុះ​ដល់​កម្រិ​ត​ទាប​បំផុត​ បើ​គិត​តាំងពី​ផ្សារ​មូលបត្រ​នេះ​បាន​ចាប់​ផ្តើម​ប្រតិបត្តិការជួញ​ដូរ​ ​កាលពី​ជាង​ពី​រឆ្នាំ​មុន​។

នៅ​ពេល​បិទ​វគ្គ​ជួញ​ដូរ​កាល​ពី​ម្សិល​មិញ​តម្លៃ​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​នេះ បាន​ធ្លាក់​ចុះ​ដល់​៥.៩៦០​រៀល ឬក៏​ប្រហែល​១,៤៦​ដុល្លារក្នុង​មួយ​ហ៊ុន ពោល​គឺ​បាន​ធ្លាក់​ចុះ​៧​ភាគ​រយ បើ​ធៀប​នឹង​តម្លៃ​ជួញ​ដូរ​កាលពី​ដំបូង​នៅ​ថ្ងៃ​ទី១៨​ ខែ​មេសា ឆ្នាំ​២០១១។ នៅ​ពេល​ផ្សារ​មូល​បត្រ​កម្ពុជា​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ តម្លៃ​ភាគ​ហ៊ុន​របស់​រដ្ឋាករ​ទឹក​ក្រុង​ភ្នំ​ពេញ​បាន​កើន​ឡើង​ជិត​៥០​ភាគ​រយ​នៅ​ថ្ងៃ​ដំបូង​នៃ​វគ្គ​ជួញ​ដូរ ហើយ​បាន​បន្ត​កើន​ឡើង​ខ្ពស់ដល់​១០.០០០​រៀល​ ឬ​ក៏​ប្រហែល​២,៥៧ដុល្លារ​ក្នុង​មួយ​ហ៊ុន​ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​។ ក៏​ប៉ុន្តែ ក្រោយ​មក​តម្លៃ​ភាគ​ហ៊ុន​នេះ​បាន​ធ្លាក់​ចុះបន្តិចម្តងៗមក​នៅ​៦.៣០០​រៀល ឬក៏​ប្រហែល​១,៥៧​ដុល្លារ​ក្នុង​មួយ​ហ៊ុន​ ដែល​ជា​តម្លៃ​ប្រកាស​លក់​ភាគ​ហ៊ុន​ជា​សាធារណៈ​លើក​ដំបូង ហើយ​បន្ទាប់​មក​ក៏​បន្ត​ធ្លាក់​មក​៦.២០០​រៀល ឬក៏​១,៥៥​ដុល្លារ​ ក្នុង​មួយ​ហ៊ុន ដែល​ជា​តម្លៃ​កម្រ​នឹង​កើត​ឡើង​ តាំង​ពី​ខែ​មករា​ ឆ្នាំ​នេះ​មក។

លោក គុយ វ៉ាត ប្រធាន​ក្រុម​ហ៊ុន​មូល​បត្រ​ភ្នំ​ពេញ​ ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​ទិញ​លក់​មូល​បត្រ​​មាន​អាជ្ញា​ប័ណ្ណ​ទាំង​ប្រាំ​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា តម្លៃ​ភាគ​ហ៊ុន​របស់​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​ធ្លាក់​ចុះ​ ប្រហែល​ជា​ដោយ​សារ​តែ​សកម្ម​ភាព​ជួញ​ដូរ​មិន​សូវ​មាន​ ដែល​បណ្តាល​មក​ពី​ការ​ដែល​មាន​ក្រុម​ហ៊ុន​តែ​មួយ​គត់​ចុះ​បញ្ជី​នៅ​លើ​ផ្សារ​មូល​បត្រ​។

លោក​បាន​មាន​ប្រសាសន៍ថា តាម​ការ​អង្កេត​របស់​ខ្ញុំ​ នៅ​ពេល​ដែល​មាន​ក្រុម​ហ៊ុន​តែ​មួយ​ចុះ​បញ្ជី​នៅ​លើ​ផ្សារ​ភាគ​ហ៊ុន ​ការ​ជួញ​ដូរ​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្ងប់​ស្ងាត់។ នៅ​ពេល​មាន​ក្រុម​ហ៊ុន​ច្រើន​ចុះ​បញ្ជី​នៅ​លើ​ផ្សារ​ភាគ​ហ៊ុន​ ស្ថាន​ភាព​មើល​ទៅ​គ្រាន់​បើ​ជាង​ ហើយ​មាន​ឱកាស​សម្រាប់​តម្លៃ​ភាគ​ហ៊ុន​របស់​រដ្ឋា​ករ​ទឹកស្វយ័តក្រុង​​​ភ្នំពេញ ​កើន​ឡើង​ជា​ថ្មី​ម្តង​ទៀត”។

បរិយាកាស​នយោ​បាយ​តាន​តឹង​ បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ក៏​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ឲ្យ​តម្លៃ​ភាគ​ហ៊ុន​នេះ​ធ្លាក់​ចុះ​ផង​ដែរ​ ដោយ​សារ​តែ​វិនិយោគិន​មាន​អារម្មណ៍​មិន​ច្បាស់​លាស់​អំពី​ស្ថិរភាព​នយោ​បាយ​ និង​កំណើន​ហិរញ្ញ​វត្ថុ ប្រសិន​បើ​ភាព​ជាប់​គាំង​ផ្នែក​នយោ​បាយ​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​បង្កើត​រដ្ឋា​ភិបាល​ថ្មី​។

លោក គុយ វ៉ាត បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ស្ថាន​ភាព​នយោ​បាយ​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យតម្លៃ​ភាគ​ហ៊ុន​ធ្លាក់​ចុះ​ ពីព្រោះ​វិនិ​យោគិន​ចង់​ឃើញ​រដ្ឋា​ភិបាល​ថ្មី​ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​មិន​យូរ​ទេ​ ក្រុម​ហ៊ុន​ថ្មីៗ​ជា​ច្រើននឹង​ត្រូវ​​​បាន​​​ចុះ​បញ្ជី​” នៅផ្សារ​​​មូលបត្រ​​​កម្ពុជា។​​​ អំឡុង​ពេល​កំពុង​ធ្វើ​ប្រតិបត្តិការ​ជួញ​ដូរ​កាល​ពី​ម្សិល​មិញ​ ភាគ​ហ៊ុន​តែ​៥៥០ហ៊ុន​ប៉ុណ្ណោះ​ត្រូវ​បាន​ជួញ​ដូរ​ ពោ​លគឺ​ចំនួន​នេះ​មាន​តិច​ជាង​ថ្ងៃ​បើក​ឆាក​នៃ​ការ​ជួញ​ដូរ​ ដែល​​នៅ​ពេល​នោះ​មាន​ភាគ​ហ៊ុន​ជិត​៩០​០.០០០​ហ៊ុនត្រូវ​បាន​ជួញ​ដូរ​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ទោះបី​ជា​មាន​សកម្ម​ភាព​តិច​តួចគួរ​ឲ្យ​កត់​សម្គាល់​តាំង​ពី​ផ្សារ​មូល​បត្រ​កម្ពុជា​បាន​បើក​ដំណើរ​ការ​ក៏​ដោយ ផ្សារ​មូល​បត្រ​នេះ​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​ទី​តាំង​ថ្មី​ ដោយ​រើ​ចេញ​ពី​វិមាន​កាណា​ឌីយ៉ា​ ដែល​ជាន់​សម្រាប់​ជួញ​ដូរ​ត្រូវ​បាន​បិទ​អស់​រយៈ​ពេល​ជា​ច្រើនខែ​មក​ហើយ។ ទី​តាំង​ថ្មី​នោះ​ស្ថិត​នៅ​អគារ​សម័យ​អាណា​និគម​បារាំង​ នៅ​ផ្លូវ​លេខ​១១៦ ហើយ​អគារ​ថ្មី​នេះ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ជួស​ជុល​ ដោយ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​៦លាន​ដុល្លារ​៕

ប្រែ​សម្រួល​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស