32.5 C
Phnom Penh

របាយការណ៍​អង្គការ​​​សហ​​​​​​ប្រជា​​​​​​ជាតិ​​​​ថា ម្នាក់​​ក្នុង​​​ចំណោម​​​​​​​បុរស​​​​​​​​​​កម្ពុជា​​​​​​​​​​ប្រាំ​នាក់​ធ្លាប់​​​​រំលោភ​​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយ​ការណ៍​មួយ​របស់​​​អង្គ​ការ​សហប្រជាជាតិ​​បាន​ចេញ​កាល​ពី​ម្សិល​មិញ​​​​ ដែល​លាត​ត្រដាង​​ពី​វប្បធម៌​​​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​​នៅ​ទូទាំង​តំបន់​អាស៊ីបាស៊ីហ្វិក​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​បុរស​កម្ពុជា​ប្រាំ​នាក់​​​មាន​លើស​ពី​ម្នាក់​​ ដែល​មាន​អាយុ​ចាប់​ពី​​​ចន្លោះ​​១៨ឆ្នាំ​ ដល់​៤៩​ឆ្នាំ​​ បាន​សារភាព​​បាន​រំលោភ​ស្ត្រី​ម្នាក់​​ គឺ​​ច្រើន​ជាង​​ពាក់​កណ្ដាល​​នៃ​ការ​ចាប់​រំលោភ​លើក​ដំបូង​របស់​ពួក​គេ​​នៅ​មុន​អាយុ​២០​ឆ្នាំ​។

នៅ​ក្នុង​​ការ​សិក្សា​ស្រាវជ្រាវ​​បែប​នេះ​​ជា​លើក​ដំបូង​ អ្នក​សម្ភាសន៍​ជា​បុរស​​បាន​​សាក​សួរ​បុរស​ជាង​១០.០០០​នាក់​ និង​​ស្ត្រី​មួយ​ចំនួន​តូច​ជាង​នេះ​​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែស​ ចិន​ ឥណ្ឌូណេស៊ី ស្រីលង្កា និង​​ប្រទេស​ប៉ាពូអាស៊ីនូវែល​ហ្គីណេ បាន​រក​​ឃើញ​ការ​​រំលោភ​​បំពាន​ផ្លូវ​ភេទ​ និង​រាងកាយ​លើ​ស្ត្រី និង​មូលហេតុ​នៅ​​ពី​ក្រោយ​រឿង​នេះ​។

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​ក្រៅ​ពី​ប្រទេស​​ស្រី​លង្ការ​ទី​ដែល​ស្ថិតិ​បង្ហាញ​​ទូទាំង​ប្រទេស​ថា២០,៨ភាគរយ​នៃ​បុរស​​ចំនួន​​១.៨៦៣​នាក់​ ដែល​​ត្រូវ​បាន​សម្ភាស សារភាព​ថាធ្លាប់​បានរំលោភ​ស្ត្រី​ រីឯ១៥,៨ភាគ​រយ​នៃ​អ្នក​ដែល​សារភាព​ថាធ្លាប់​ចាប់​រំលោភ  បាន​ធ្វើ​បែ​ប​នេះ​​នៅ​អាយុ​ក្រោម​​​១៥​ឆ្នាំ​។

របាយការណ៍​​នេះ​បាន​លើក​ឡើង​ថា “អាយុក្មេង​នៅពេល​​​​ប្រព្រឹត្ត​បទ​ល្មើស​លើក​ដំបូង​បង្ហាញ​ថា ការ​ធ្វើ​ការ​ជាមួយ​ក្មេង​ប្រុស​​ៗនៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​ចាប់​រំលោភ ​​គឺ​​មាន​សារៈ​សំខាន់​ណាស់​​”។ របាយការណ៍​នេះ​បន្ត​ថា “ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា កត្តា​សំខាន់​ៗ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​ដៃ​គូដែល​​​ស្គាល់​​​គ្នា​​​ជិត​ស្និទ្ធ ​​រួម​មាន​​ភាព​ក្រីក្រ​ កម្រិតទាប​​នៃ​ការ​អប់​រំ​ ការ​មើល​ឃើញ​ទិដ្ឋិភាពរំលោភ​បំពាន​នៅ​ផ្ទះ​ និង​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​​កាល​នៅ​កុមារ​ ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ និង​អត្តចរិត​មិន​ល្អ ដែល​ចូល​ចិត្ត​ទទួល​យក​អំពើ​ហិង្សា​ និង​ការ​រកាំ​រកូស​​​ក្នុង​ទំនាក់​ទំនង​​ និងការ​​មាន​ដៃ​គូច្រើន​​”។

លទ្ធផល​សម្រាប់​ប្រទេស​នីមួយ​ៗ​ខុសគ្នា​ គួរ​ឲ្យ​កត់​សម្គាល់​នៅ​ទូទាំង​តំបន់​ ដែល​មាន​ចាប់​ពី​៩,៥​ភាគ​រយ​នៃ​បុរស​​នៅ​តំបន់​ក្រុង​​​ក្នុង​ប្រទេស​បង់​ក្លាដែស ​បាន​សារភាព​ថា ធ្លាប់​​ចាប់​រំលោភ​ រហូត​ដល់​៦០​ភាគរយ​នៅ​លើ​​កោះប៊ូហ្គេន​វីល​ ក្នុងប្រទេស​ប៉ាពូអាស៊ី​នូវែល​​ហ្គីណេ រីឯប្រភេទ​​​នៃ​​​ការ​​​ចាប់រំលោភ​​​និង​អំពើ​ហិង្សាផ្សេងៗគ្នា​​​ ដែល​​​មាន​​​ចាប់ពី​​​ការ​​​រំលោភអ្នក​​​ស្គាល់គ្នា​​​ជិត​​​ស្និទ្ធ​​​ រហូត​​​ដល់​​​ការ​​​រំលោភ​​​អ្នក​​​មិន​​​ស្គាល់​​​គ្នា​​​ជិត​​​ស្និទ្ធ​​​និង​​​ការ​​​រំលោភ​​​​បូក​​​នោះ ក៏​ខុសគ្នា​​​​ដែរអាស្រ័យ​​លើ​ប្រទេស​។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ​ថា ប្រទេស​កម្ពុជា ​ខុសប្លែក​​​ពី​​​គេ​​ខ្លាំ​​ង​​នៅ​ក្នុង​តំបន់​ ដោយ​បុរស​​រាយ​ការណ៍​​​ថា​​​ការ​​​ចាប់រំលោភអ្នក​​​ស្គាល់​​​គ្នា​​​ជិត​​​ស្និទ្ធ​​​មានច្រើន​​​ជាង​​​អំពើ​​​ហិង្សា​​​លើ​​​រាង​​​កាយ​ ចំណែក​​​ឯ​​​ការ​​​រំលោភ​​​បូក​​​វិញ​​​​គឺ​ជា​បញ្ហា​​ដ៏​ធំ​មួយនៅ​ក្នុង​ប្រទេស​កម្ពុជា​។ យោង​តាម​របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ ជា​ប្រទេស​តែ​មួយ​គត់​ដែលមាន​​​ករណី​​​​​រំលោភ​​បូក​​​ដោយ​ជន​ល្មើស​​ច្រើននាក់​​​​​កើត​ឡើង​​​ញឹក​ញាប់​បំផុត​។

របាយការណ៍​នេះ​បន្ត​ថា “ករណី​​​​រំលោភ​បូក​កើតមាន​​តិច​ជាង​គេ​បំផុត លើក​លែង​តែ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ដែលវា​កើត​ឡើង​​​ញឹក​ញាប់​ជាង​ការ​រំលោភ​អ្នក​មិនស្គាល់​​​គ្នា​​​ជិតស្និទ្ធ​​​ពីសំណាក់​​​​ជន​ល្មើសដែល​​​ធ្វើ​​​សកម្ម​​​ភាព​​​តែ​​​ម្នាក់ឯង”។របាយ​ការណ៍​នេះ​បន្ត​ថា ​៤៩ភាគ​រយ​នៃ​បុរស​​ដែល​ត្រូវ​បាន​សម្ភាស​នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្លាប់​​បាន​រួម​ភេទ​ជា​មួយ​​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ឬ​ចំណាយ​ប្រាក់​ដើម្បី​ការ​រួម​ភេទ​។

ការ​រំលោភ​ត្រូវ​បាន​ការពារ​ដោយ​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេសកម្ពុជា​​​ និង​ច្បាប់​ស្ដីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០០៥ អមជាមួយ​នឹង​ច្បាប់​ស្ដី​ពី​ការ​ទប់​ស្កាត់​​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ការ​ការពារ​ជន​រងគ្រោះ​។ តែ​ទោះ​ជា​យ៉ាង​ណា​ការ​រំលោភ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​មិន​ខុសច្បាប់​ទេ។

ទោះ​បី​ជា​​ការខំប្រឹង​​​​ព្យាយាម​របស់​ប្រទេស​កម្ពុជា ​ក្នុង​ការ​ផ្ដន្ទាទោស​ជន​ល្មើស​អាច​ប្រៀប​ធៀប​បាន​ទៅ​នឹង​ប្រទេស​ផ្សេងៗ​​ទៀត​ក្តី ក៏​ជិត​៥០ភាគ​រយ​​នៃ​អ្នក​ដែល​សារ​ភាព​​ថាបាន​ចាប់​រំលោភ ត្រូវ​បាន​ចាប់​ខ្លួន​​ ហើយ​​២៨,៣ភាគរយ​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ ៤៤ភាគរយ​​នៅ​តែ​មិន​​ប្រឈម​នឹង​ផ្លូវ​ច្បាប់​។​ អ្វី​ដែល​សំខាន់​គឺ​ថា ទោសជាប់​​​ពន្ធនាគារ​ហាក់​ដូច​ជាគ្មាន​​​​ឥទ្ធិពល​​លើ​អំពើ​ហិង្សា​ផ្នែក​​​រាងកាយ​ ឬ​ផ្លូវ​ភេទ​ប្រឆាំង​ស្ត្រី​នៅ​ក្នុង​ប្រទេស​​​​​ទាំង​​នេះជាពិសេស​ប្រទេស​ប៉ាពូ អាស៊ី​នូ​វែល​​​​ហ្គីណេ ដែល​​​មាន​​​ករណី​​​រំលោភ​​​រាល​​​ដាល​​​ច្រើន​​​លើស​​​លប់។

ដូច្នេះ​អ្នក​សរសេរ​​របាយការណ៍​​នេះ​​ ដែល​​បាន​ប្រើ​​​​ពេល​ព្រាងរហូត​​​​ដល់​ទៅ​បួន​​ឆ្នាំ​បាន​សម្រេច​ព្យាយាម​ស្វែង​​យល់​ពី​​មូល​​​ហេតុ​​​​​ជំរុញ​​ឲ្យ​​​បុរស​​​មាន​​​​ឥរិយាបថ​ចូល​ចិត្ត​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​។ របាយ​ការណ៍​នេះ​លើក​ឡើង​ថា “បុរសៗ​ បាន​រាយការណ៍​ថា ពួក​គេ​រំលោភ​ដោយ​សារ​តែ​ពួកគេយល់​​​ថា​​​វា​​​ជា​​​​សិទ្ធិ​​របស់​​​ខ្លួន​​​និង​យល់​ថាវា​ជា​ការ​សប្បាយឬ​ចាត់​ទុក​វា​​​ជា​ទណ្ឌកម្ម​​ ដែល​​ស្ត្រី​​សម​នឹង​ទទួល”​។

មូល​​​ហេតុ​​ភាគ​ច្រើន​បំផុត​ដែល​បុរស​លើក​ឡើង​ថាជំរុញ​​​ឲ្យ​​​មាន​​​ការ​​​​ចាប់​រំលោភ​គឺដោយ​សារ​តែ​ពួក​គេ​គិត​ថាខ្លួន​​​មាន​សិទ្ធិ​​រួម​ភេទជាមួយ​ស្ត្រី​ មិន​ថា មាន​ការ​យល់​ព្រម​ពី​ភាគីស្ត្រី​ ឬ​អត់ឡើយ ដោយ​​​បុរស​កម្ពុជា​៤៥ភាគរយ​គិត​ថា ខ្លួន​មាន​សិទ្ធិ​​រួម​ភេទ​ដោយ​មិន​ខ្វល់​ថាស្ត្រី​​​ម្នាក់​​​នោះ​​​ជា​​​អ្នក​​​ស្គាល់​​​គ្នា​​​ជិត​​​ស្និទ្ធ​​​ឬអត់​​​នោះទេ។

ការ​ស្ទាប​ស្ទង់​នេះ​ក៏​បាន​រក​ឃើញ​លទ្ធ​ផលគួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​​មួយ​ចំនួន​ទៀត​ដែរ​។ បុរសៗ​​​លើក​​​ឡើង​​​ថា គ្រឿង​ស្រវឹង​ដែល​​ជា​ញឹក​ញាប់​គេ​យល់ថា ជា​កត្តា​មួយ​​​​បង្កឲ្យ​បុរស​​រំលោភយ៉ាង​​​ព្រៃ​​​ផ្សៃ​​​​​នោះ​ គឺមិនត្រូវ​​​ទេ។ នៅ​ក្នុង​ប្រទេសកម្ពុជា​ មាន​បុរស​តែ​១៤​ភាគរយ​ប៉ុណ្ណោះ​ដែល​គិត​ថា នេះ​ជា​ហេតុ​ផល​នាំ​​​ឲ្យមាន​​​ការ​​​ចាប់​​​រំលោភ បើ​ប្រៀប​ធៀប​ទៅ​នឹង​៤២​ភាគរយ​ដែល​លើក​ឡើង​ពី​កំហឹង​ ឬ​ទណ្ឌកម្ម​ និង​២៧​ភាគរយដែល​​​លើក​ឡើង​ថា ជា​ការ​លេង​សើច​ ឬ​ជា​ការ​សម្រួល​អារម្មណ៍​តប់​ប្រមល់​នោះ​ គឺ​ជាកត្តា​​​​​ជំរុញ​ឲ្យ​មាន​ការ​ចាប់​រំលោភ។

របាយការណ៍​នេះ​ក៏​អះអាង​ដែរ​ថា វា​ឆ្លុះ​បញ្ចាំង​ពី​បរិបទ​សង្គម​ និង​វិសមភាព​យេនឌ័រ​​​និង​ឥរិយាបថ​របស់​មនុស្ស​ទាំង​ពីរ​ភេទ​ចំពោះ​យែនឌ័រ ដែល​លើក​​​កម្ពស់​​​វប្បធម៌​បុរស​មាន​ប្រៀប​លើ​​​ស្ត្រី។យោងតាមរបាយ​​​ការណ៍​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​នៅ​ប្រទេស​កម្ពុជា​ ទាំង​បុរស​​ទាំង​ស្ត្រី​​បាន​ផ្ដល់​យោបល់​​​​ឲ្យ​​​ពង្រឹងតួនាទីយេនឌ័រ។

ទោះ​បី​ជា​ប្រហែល​៩៥​ភាគរយ​នៃ​បុរស​និង​​​ស្ត្រី​​​កម្ពុជា​បាន​ឆ្លើយ​ថា បុរស​ និង​ស្ត្រី​គួរ​តែ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្តី ក៏ស្ត្រី​ច្រើន​​លើស​លប់​​​​និយាយ​ថា ពួកគេ​​​គិត​​​ថា ពួកគេ​គួរតែ​ទ្រាំ​នឹង​អំពើ​ហិង្សា​មក​លើ​ខ្លួន​។ ពេល​សាកសួរ​ថា តើ​មាន​ពេល​​ខ្លះ​ស្ត្រី​សម​​នឹង​ទទួល​រង​ការ​វាយដំឬ​យ៉ាង​ណា​នោះ​ ៣២,៨​ភាគ​រយ​នៃ​ស្ត្រី​កម្ពុជា ​ចំនួន​៦២០​នាក់​ ដែល​ត្រូវ​បាន​សម្ភាសគិតថាសម  បើ​ប្រៀប​ធៀប​ទៅ​នឹង​បុរស​២៧,៨​ភាគ​រយនិង​​​ស្ត្រី​ជាអ្នក​ឆ្លើយ​៦៧ភាគ​​​រយ​​​គិត​​​ថា ស្ត្រី​គួរ​តែ​ទ្រាំ​​នឹង​អំពើ​ហិង្សា​ដើម្បី​រក្សា​ឲ្យ​គ្រួសារអាច​​​រស់​​​នៅ​​​​ជួប​ជុំ​គ្នា​ បើ​ប្រៀប​ធៀប​ទៅ​នឹង​បុរស​ចំនួន​៥៩,៨​ភាគរយ​។

លើស​ពី​នេះ​ទៅ​ទៀត​ ឥរិយាបថ​របស់​បុរស​ចំពោះ​ការ​រំលោភ​​បាន​បង្ហាញ​​នូវ​​ការ​​មិន​អើពើ​គួរ​ឲ្យ​ព្រួយ​បារម្ភចំពោះ​​​ការ​​​យល់​​​ព្រម  ស្ត្រី​​​កម្ពុជា ៨១​,៧​ភាគរយ​បាន​ឆ្លើយ​ថា ប្រសិន​បើ​ស្ត្រី​​មិន​ប្រើ​កម្លាំង​តប​ត​ទៅ​វិញ​ទេ​នោះ​ វា​មិន​មែន​ជា​​ការ​ចាប់​រំលោភ​ឡើយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​​បុរស​៦៥,១​ភាគរយ​ដែល​គិត​ដូច​គ្នា​នេះ​។

របាយការណ៍​នេះ​ក៏​រៀប​រាប់​លម្អិត​​ពី​កត្តា​ផ្សេងៗ​ទៀត​ដែរ​​ មាន​ដូច​ជា​ទម្រង់​នៃ​ការ​គំរាម​កំហែង​ និង​ការ​រំលោភ​បំពាន​ផ្លូវ​ចិត្ត​ស្ត្រី​ រួម​ទាំ​ងការ​ប្រមាថ​ ការ​អាម៉ាស់ ការ​រុកកួននិង​ការ​គំរាម​​ប្រើ​អំពើ​ហិង្សា​ និង​ការ​​បំពាន​​ផ្នែក​សេដ្ឋកិច្ច​ ដែល​មាន​ដូចជា​ការ​​មិន​​​ឲ្យ​​​ប្រាក់ទៅ​​​ស្ត្រី​​​ទុក​​​ដាក់ជា​​​ដើម។

លោក​ស្រី​ អេម៉ា ហ្វូ៊លូ ជា​អ្នក​និពន្ធ​ម្នាក់​ក្នុង​ចំណោម​​អ្នក​សរសេរ​របាយការណ៍​នេះ​បាន​មាន​ប្រសាសន៍​ថា “សរុប​៨៧​ភាគ​រយ​នៃ​បុរស​ដែល​ត្រូវ​បាន​សម្ភាសគិត​ថា ការ​ធ្វើ​ជា​បុរស​ត្រូវ​តែ​រឹង​មាំ។ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ យើង​បាន​រក​ឃើញ​ថា បុរស​​ដែល​ប្រើ​អំពើ​ហិង្សា​លើស្ត្រី​​​ដែល​​​ស្គាល់គ្នា​​​ជិតស្និទ្ធ មាន​ដៃ​គូ​រួម​ភេទ​ច្រើន​ និង​ពាក់​ព័ន្ធ​​នឹង​ក្រុម​ឧក្រិដ្ឋ​ជន​ និង​ការ​វាយ​តប់ដោយ​អាវុធ​”។

លោក​ ជួន​ ចំរុង​ ប្រធា​ន​កម្មវិធី​សិទ្ធិ​​​ស្ត្រី​ និងកុមារ​នៅ​អង្គការ​អាដ​ហុក​ បាន​មាន​ប្រសា​សន៍​ថា មួយ​ផ្នែក​នៃ​ហេតុ​ផល​ធ្វើ​ឲ្យ​ការ​ចាប់​រំលោភ​មាន​​ចំនួន​ច្រើ​នខ្លាំង​​​​បែប​នេះ​ គឺ​ដោយ​សារ​តែ​ការ​ខ្វះ​​ការ​អនុវត្ត​ច្បាប់​និង​​និទណ្ឌភាព​ដែល​មាន​កម្រិត​ខ្ពស់​។ លោក​ស្រី​បាន​មានប្រសាសន៍​ថា “យើង​កំពុង​ដោះស្រាយ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ពាក់​ព័ន្ធ​នឹង​មូលហេតុ​ដែល​នាំឲ្យ​​​រឿង​ទាំង​នេះ​កើត​ឡើង​។ ចំណុច​មួយ​គឺ​ការ​អនុវត្ត​ច្បាប់​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ បង្កើត​ឲ្យ​​​មាន​​​វប្បធម៌​និទណ្ឌភាព​​ដែល​ធ្វើ​ឲ្យ​ជន​ប្រព្រឹត្ត​​​បទ​ល្មើស​ទាំង​នេះ​រួច​ខ្លួន។

ចំណុច​មួយ​ទៀត​គឺ​ពាក់​ព័ន្ធ​នឹង​កង្វះ​​​ការ​អប់​រំ​ និង​ការ​បង្ហាត់​បង្រៀន​ផ្នែក​សីលធម៌​ពាក់​ព័ន្ធ​នឹង​ភេទ​។ ហើយ​ជាក់​ស្ដែង​ភាព​ក្រី​ក្រ​ ដែល​​បណ្ដាល​ឲ្យ​​ប្រជាពលរដ្ឋ​ចាក​ចេញ​ពី​គ្រួសារ​ និង​ផ្ទះ​សំបែង​​​របស់​ខ្លួន​ទៅ​កន្លែង​ផ្សេងៗ​ ដែល​ពួក​គេ​មិន​សំា​នឹង​​​ស្ថាន​​​ភាព​​​នៅ​​​ទី​​​នោះ”។ លោក​ស្រី​បាន​បន្ថែម​ថា “យើង​ត្រូវ​ចោទ​សួរ​ថា តើវប្បធម៌នៃការ​​​ចាក់​​​បញ្ចាំង​​​​ភាព​យន្ត​អាសអាភាស​ ជា​ពិសេស​នៅ​តំបន់​​​ជនបទ​ កន្លែង​​ដែល​យុវជន​គ្មាន​ការ​អប់រំ​មើល​វីដេអូ​ទាំង​នេះ​ ត្រូវ​បាន​អនុញ្ញាតឲ្យ​​​ចាក់​​​បញ្ចាំង​​​​ឬ​យ៉ាង​ណា​”។

ឧត្តមសេនីយ៍​ឯក​ គៀត ច័ន្ទ​ថារិទ្ធ​ អ្នក​នាំ​ពាក្យ​នគ​របាល​ជា​តិ​បាន​មានប្រសាសន៍​ថា “លោក​បាន​ត្រឹម​តែ​លើក​ឡើង​ពី​​ករណី​រំលោភ​​ជាក់​លាក់​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​លោក​មិន​អាច​មាន​​ប្រសាសន៍​អំពី​មូល​​​ហេតុ​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​ចាប់​រំលោភ​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​​កម្ពុជាបាន​ទេ​។លោក​ថ្ងែង​​​ថា “ខ្ញុំ​មិន​អាច​និយាយ​​ជា​ទូទៅ​បាន​ទេ  ខ្ញុំ​អាច​​ត្រឹម​តែ​និយាយ​ពី​បុគ្គល​មួយ​ចំនួន​ប៉ុណ្ណោះ​ ហើយ​​យើង​អាច​​និយាយបាន​​​តែ​​​ពី​មូល​​​ហេតុ​ទូ​ទៅ​ប៉ុណ្ណោះ​”៕

ប្រែសម្រួលដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស