42.2 C
Phnom Penh

សាលា​ក្រុង៖ ស្ថានីយប្រេង​ឥន្ធនៈដែល​កំពុង​ប្រតិបត្តិ​ការ​ចាំ​បាច់​​​ត្រូវ​តែ​មាន​​អាជ្ញាប័ណ្ណ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​កាល​ពីម្សិលមិញ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​​​រាជ​​​ធានី​ភ្នំពេញ​​កំពុង​តែ​​រៀប​ចំ​វិធាន​​ការ​​ ដើម្បី​ចេញ​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ស្ថានីយ​ប្រេង​ឥន្ធនៈ​រាប់​រយ​ ដែល​កំពុង​តែ​ប្រតិបត្តិ​ការ​ដោយ​ខុស​ច្បាប់​ក្នុង​រាជធានី​​ ដោយ​សារ​​ស្ថានីយ​ប្រេង​ឥន្ធនៈ​ទាំង​នេះ​បង្ក​ការ​គំរាម​កំហែង​ដល់​​សុវត្ថិភាព​សាធារណៈ​។

លោក​ ប៉ា សុជាតិវង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បាន​បើក​​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ជាមួយ​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​នានា​ស្ដីអំពី​បញ្ហា​នៃ​ការ​លក់​ប្រេង​​ឥន្ធនៈ​ខុស​ច្បាប់​ និង​ភាពចាំបាច់​នៃ​ការ​អនុវត្តច្បាប់​ ដើម្បី​​ហាម​​ប្រាម​​​​​​​​​​​​​​​​​​​​មិន​ឲ្យ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ណា​ ដែល​គ្មាន​អាជ្ញា​​​​​​​​​ប័ណ្ណ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​។
លោក​ ប៉ា សុជាតិវង្ស​ បាន​មាន​ប្រសា​សន៍​​​​ថា “យើង​ត្រូវ​តែ​បង្កើ​ត​ផែនការ​​​​​ថ្មី​ ដើម្បី​គ្រប់គ្រង​ស្ថានីយ​ប្រេង​ឥន្ធនៈ​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ដើម្បី​ធានា​ឲ្យ​បាន​ថា​ ស្ថានីយ​ប្រេង​ឥន្ធនៈ​ទាំង​នោះ​​​​អនុវត្ត និង​​​ធ្វើ​តាមគោល​ការ​​ណ៍​អនុ​វត្តន៍​​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​”។ លោក​បន្ថែម​ថា ស្ថានីយ​​​ប្រេង​ឥន្ធនៈ​​ទាំ​ង​​​​នោះដែល​សព្វ​​ថ្ងៃ​កំពុងតែ​​​​​ប្រតិ​​​បត្តិ​ការ​ ដោយ​​​​​គ្មាន​អាជ្ញាប័ណ្ណ ​​អាច​ប្រឈម​នឹង​ការ​បិទ​។

យោង​តាម​របាយការណ៍​​ ដែល​ធ្វើ​​ឡើង​​ដោយ​មន្ទីរ​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​រាជ​ធានី​ និង​​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​​​​កិច្ច​ប្រជុំ​​បាន​ឲ្យ​ដឹង​ថា មានតែ​​ស្ថានីយ​ប្រេង​ឥន្ធនៈ​ចំនួន​១២០​ប៉ុណ្ណោះ​ក្នុង​ចំណោម​ស្ថានីយ​ប្រេង​ឥន្ធនៈ​ចំនួ​ន​៣៧០​ ដែល​មាន​អាជ្ញា​ប័ណ្ណ​លក់​​ប្រេង​​​​ក្នុង​រាជធានី​ភ្នំពេញ​សព្វ​​ថ្ងៃ​​។

លោក​ ប៉ា សុជាតិវង្ស​ ​ថ្លែង​​​ថា “ស្ថានីយ​ប្រេង​​​​​​​​​​ឥន្ធនៈ​កន្លែង​​​លក់​​​ប្រេង​​​នានា​ ដែល​​កំពុង​តែ​​លក់​ប្រេង ចំា​បាច់​​ត្រូវ​​​តែបំពេញ​​​​​​​​ទម្រង់​​​បែប​​​​​​​​​បទ​​​ ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​សាលា​រាជធានី​ភ្នំពេញ​ ក្នុង​​​គោល​​​បំណង​​​ទប់​ស្កាត់​​ស្ថានីយ​​​​ប្រេង​ឥន្ធនៈ​ទាំង​នោះ​​​​កុំ​ឲ្យ​លក់ប្រេង​​ដោយ​គ្មាន​​ការ​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​មុខ​​​​អាជ្ញា​​​ធរ​​​​​​​មូល​ដ្ឋាន​​​នៅ​​​ពេល​​​កើត​​​មាន​​​បញ្ហា​​​​​ណាមួយ​​​​”។

លោក​ ឡុង​ ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​​បាន​លើក​ឡើ​ងថា ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​អង្គារ​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​​ដើម្បី​លើក​​កម្ពស់​​​ការ​​​ការពារ​​​សុវត្ថិភាព​ពីអគ្គិភ័យ​ និង​​ទប់​ស្កាត់​ការ​ខូច​ខាត​​ដល់​អគារ​ដែល​​​នៅ​​​ក្បែរ​ៗ​​​ស្ថានី​​​យប្រេង​​​ឥន្ធនៈ​​។ តែ​ទោះ​ជាយ៉ាង​ណា​ គំនិត​ផ្ដួច​ផ្ដើម​​ ដើម្បី​​​​គ្រប់​គ្រង​ការ​លក់​ប្រេង​ឥន្ធនៈ​ទាំង​នេះ​ គឺ​វា​កើត​ឡើង​ចំ​ពេល​​ភាព​​តាន​តឹង​កំពុង​តែ​​​បន្ត​​នៅ​ក្នុង​រាជធានីភ្នំពេញ​ ពាក់​ព័ន្ធ​នឹងលទ្ធផល​នៃ​​​ការ​​បោះ​ឆ្នោត​​ជា​តិ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ដែល​មា​ន​ជម្លោះ​ និង​ការ​អំពាវនាវ​ឲ្យ​មាន​មហា​បាតុកម្ម​បន្ត​​ទៀត​​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​បង្ខំ​ឲ្យ​គណបក្ស​ប្រជា​ជន​​កម្ពុជា​កំពុង​កាន់​អំណាច​​ព្រម​ទទួល​យក​​​​​ការ​​​​អំពាវ​​​នាវ​​​ឲ្យ​​​មានការ​ស៊ើប​អង្កេត​​ដោយ​ឯក​​​រាជ្យ​​លើ​​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​។

មុន​ពេល​សាលា​រាជធានី​ភ្នំពេញ​ចាប់​ផ្ដើម​​អនុវត្តច្បាប់ដែល​​​​​តម្រូវ​ឲ្យ​មាន​អាជ្ញាប័ណ្ណ​ លោក​ ឡុង ឌីម៉ង់​ បាន​មានប្រសាសន៍​ថា ក្រុម​​ការ​ងារ​​នឹង​ប្រមូល​តួ​លេខ​សរុប​​នៃ​​​ស្ថានីយ​ប្រេង​ឥន្ធនៈទាំង​អស់​​ ហើយ​បន្ទាប់​មកនឹង​​​​បញ្ជូន​លិខិត​អញ្ជើញ​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​​ទាំង​នោះ​​ឲ្យ​មក​ទទួល​យក​អាជ្ញា​ប័ណ្ណ​។

លោក​ ស្លូត សំប៊ុន​ ម្ចាស់​​​​ហាង​​​លក់​​​ហ្គាស​​​ឈ្មោះ​​​ ​​ម៉ូឌឺន ហ្គាស​​​ ដែល​មាន​​ទីតាំង​នៅ​ក្នុង​សង្កាត់​​បឹង​រាំង​​ ខណ្ឌ​ដូនពេញ​ បាន​​និយាយ​ថា គាត់​​គ្មាន​​អាជ្ញាប័ណ្ណ​នោះ​ទេ ប៉ុន្តែ​គាត់​មិន​អាច​​​និយាយ​ពី​ច្បាប់​ថ្មី​របស់​សាលា​រាជធានី​​ភ្នំពេញ​​​​បាន​​​ឡើយ​ ពីព្រោះ​គាត់​​មិន​ទាន់​ទទួល​បាន​ដំណឹង​​ពី​ច្បាប់​ថ្មី​នេះ​នៅ​ឡើយ​ទេ​។លោក​ ស្លូត សំប៊ុន បាន​និយាយ​បន្ថែម​ទៀត​ថា “ក្រុមហ៊ុន​របស់​ខ្ញុំ​មិន​មាន​អាជ្ញា​ប័ណ្ណ​ណា​មួយ​ពី​សាលា​រាជធានី​ភ្នំពេញ​ទេ​ ប៉ុន្តែ​យើង​បាន​ចុះ​បញ្ជី​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ក្រសួង​ពាណិជ្ជកម្ម​រួច​ហើយ​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស