32.5 C
Phnom Penh

ក្រសួង​ការ​បរទេស​កម្ពុជា​ប្រតិកម្ម​ទៅ​នឹង​បទ​វិចារណកថា​របស់​កាសែតថៃ​​ ឌឹ ណេហ្សិន 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​សប្តាហ៍​នេះ ក្រសួង​ការ​បរទេស​បាន​ផ្ញើលិខិត​មួយ​ច្បាប់​ដោយ​ប្រើពាក្យ​សម្តីខ្លាំង​ៗ​​ទៅ​កាសែត​ ឌឹ ណេហ្សិន ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​បាង​កក​  ជា​​​ការ​​​ឆ្លើយ​​​តប​ទៅ​នឹង​បទ​វិចារណកថាមួយ​​​ដែល​បាន​សន្និ​ដ្ឋាន​​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​ឱកាស​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​ក្តោបក្តាប់អំណាច​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចុះ​ខ្សោយ​។

នៅ​ក្នុង​អត្ថបទចេញ​ផ្សាយ​កាល​ពីថ្ងៃ​អង្គារ​ ​កាសែត​ ឌឹ ណេហ្សិន បាន​សរសេរ​បទ​វិចារ​ណ​កថាមួយ​ដែល​ថា អាច​មាន​អំពើ​ហិង្សា​កើត​ឡើង​​​​​ដោយ​​​សារ​​​លទ្ធផល​បោះ​ឆ្នោតដ៏​ចម្រូង​​​ចម្រាស​កាល​ពីថ្ងៃទី​២៨​ ខែ​កក្កដា​ ហើយ​ថា ប្រតិកម្ម​ដ៏​ហិង្សា​ពី​សំណាក់​លោក​ ហ៊ុន សែន​ “អាច​បញ្ចប់​អាជីព​នយោបាយ​របស់លោក​”។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​និពន្ធ​នាយក​​កាសែត​នេះ​ លោក​  កុយ   គួង  អ្នក​នាំ​ពាក្យ​ក្រសួង​​​​​​ការបរទេស​បាន​សរសេរ​ថា ការ​សន្និ​ដ្ឋាន​អំពី​ការ​ប្រើ​ប្រាស់​កង​កម្លាំង​របស់​រដ្ឋា​ភិបាល​ គឺ​មិន​មាន​ភ័ស្តុតាង​ទាល់​​តែសោះ។

លិខិត​ចុះថ្ងៃទី​១០​ ខែ​កញ្ញា ហើយ​ចុះ​​ផ្សាយ​​តាម​ប្រព័ន្ធ​អ៊ីនធើ​ណិត​​​​នេះ​​​មាន​ខ្លឹម​សារ​ថា “ជាថ្មី​ម្តង​ទៀត​ កាសែត ឌឹ ណេ​ហ្សិន​ បានបង្ក​​​បញ្ហា​​​ដល់​​​ខ្លួន​​​ឯង​​​​​​ចំពោះ​​​ការ​ចុះ​ផ្សាយ​អត្ថបទ​លម្អៀង​ខាង​នយោបាយ​…​ដែល​ពោរ​ពេញ​ដោយការ​ភូត​កុហក និង​ល្បិច​កល។ កាសែត ឌឹ​ ណេហ្សិន​បាន​សរ​សេរ​អត្ថបទ​នេះ​​ដោយ​គ្មាន​ការ​អៀន​ខ្មាស គ្មាន​តម្លៃ​សីល​​ធម៌​ និងគ្មានវិជ្ជាជីវៈ​សារព័ត៌មាន”។

លិខិត​នេះ​បាន​លើក​ឡើង​ទៀត​ថា“វា​ជា​ការ​​មួល​បង្កាច់​ទាំ​ងស្រុង​​ និង​គ្មាន​សេចក្តី​ថ្លៃ​ថ្នូរ​ដែលកាសែត​​ ឌឹ ណេ​ហ្សិន​ ព្យា​យាម​ធ្វើឲ្យ​ប្រជា​ពល​រដ្ឋ​អស់ជំនឿ​លើ​សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ប្រទេស​កម្ពុជា​ដោយ​​ការ​ភូតកុហក​ដល់សាធារណជន”។

លោក​ កុយ គួ​ង បាន​សរសេរ​ថា “ការ​និយាយ​ថា សម្តេច​តេជោ​ ហ៊ុន សែន មាន​គំនិត​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​បង្ក្រាប​ទៅ​លើ​សំឡេង​អ្នក​​ប្រឆាំងនោះ កាសែត ឌឹ ណេ​ហ្សិន​ គ្រាន់​តែ​លើក​ឡើង​ពី​សេចក្តី​​​រាយការណ៍​ទូទៅ​​គ្មាន​ការ​ពិត​និង​​គ្មាន​អំណះ​​អំណាង យកមកគាំទ្រ​ការ​លើក​ឡើង​មិន​ត្រឹមត្រូវ​​របស់​ខ្លួនតែ​ប៉ុណ្ណោះ​”។

លោក​ កុយ គួង​ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា វា​មិន​អាស្រ័យ​លើ​កាសែត ឌឹ ណេ​ហ្សិន​ ទេ​​​ក្នុង​ការ​សម្រេច​ថា តើការ​បង្ក្រាប​ការ​តវ៉ា​មាន​ន័យ​ថា ជា​​​ការ​​​​បញ្ចប់​អាជីព​របស់​លោក​ ហ៊ុន សែន ដែល​ “ ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ប្រជា​ពល​​រដ្ឋ​កម្ពុជា ដែល​​​បាន​​​ជ្រើស​​​រើស​​​មេដឹក​​​នាំ​​​តាម​​​ឆន្ទៈ​​​របស់​​​ខ្លួន​​​តាមបែប​​​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​​”។

រដ្ឋាភិបាល​បានដាក់​ពង្រាយ​កម្លាំង​នគរ​បាល​ កង​រាជអាវុធ​ហត្ថ​ និង​ទាហាន​បន្ថែម​រាប់​​ពាន់​នាក់​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និងបាន​ចល័ត​​​រថពាស​ដែក​ជាច្រើន​គ្រឿង​​ និង​ធ្វើ​ការ​ហាត់​សម​​ប្រឆាំង​កុប​កម្ម​រយៈ​ពេល​ជាច្រើន​ថ្ងៃ​ដល់​កង​កម្លាំង​សន្តិ​សុខ​នៅ​មុន​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​កាល​ពីសប្តាហ៍​មុន ដើម្បីទាម​ទារ​ឲ្យ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត​​ដោយ​​ឯករាជ្យ​​​។

មុន​ពេល​បោះឆ្នោត​ លោក ហ៊ុន សែន បាន​​ព្រមាន​ដដែល​ៗ​ពីការ​កើ​ត​មាន​​សង្គ្រាម​ស៊ី​វិល​ ប្រសិន​បើ​គណបក្ស​​លោក​ចាញ់​ឆ្នោត​។ កាល​ពីឆ្នាំ​១៩៩៧​ កង​កម្លាំង​ដែល​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន បាន​ប្រយុទ្ធគ្នា​ជាមួយ​​​កង​​កម្លាំង​ដែល​ស្មោះ​ត្រង់​នឹង​​ព្រះអង្គ​ម្ចាស់​​ នរោត្តម​ រណប្ញទ្ធិ ដែល​ពេល​នោះជានាយក​រដ្ឋ​មន្ត្រី​ទី​១​ ដោយ​ប្រើ​រថក្រោះ​ជាច្រើន​គ្រឿង​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​ កុយ​ គួង​ គឺជាអ្នក​បញ្ចេញ​យោ​បល់ជាប្រចាំ​ក្នុង​​ទំព័រ​បញ្ចេញ​មតិ​របស់​កាសែត ឌឹ ណេ​ហ្សិន​ ដែល​លោក​បាន​​ឆ្លើយ​តប​ទៅ​នឹង​បទ​វិចារណកថា​ និង​អត្ថ​បទ​មួយ​ចំនួន​ទៀត​ទាក់ទ​ង​នឹង​ប្រទេស​កម្ពុជា​ ហើយ​បាន​ចុះ​ផ្សាយ​​នៅ​ក្នុង​កា​សែត​ជា​ភាសា​អង់គ្លេស ដែល​​បាន​ហៅ​អត្ថ​បទ​ទាំង​នោះថាជា “ការ​បរិហារ​កេរ្តិ៍​”និង ​“ពោរពេញ​ទៅ​ដោយ​ការ​ភូត​កុហក​ និង​មិន​ពិត​”។

នៅ​ក្នុង​លិខិត​របស់​លោក​ កាល​ពី​ពេល  ​ថ្មី​ៗ​នេះ​ផ្ញើ​ជូន​លោក ទេពឆ័យ យ៉ុង​​ ​និពន្ធ​នាយក​កាសែត ឌឹ ណេ​ហ្សិន នោះ​លោក​ កុយ​ គួង​  ក៏​បាន​ចោទ​​​​ដែរ​ថា កាសែត​នេះ​ទទួល​បាន​ប្រាក់ជា​ថ្នូ​រនឹង​ការ​​សរសេរ​រិះ​គន់​លោក​ ហ៊ុន សែន។

លោក​  កុយ ​ គួង​  បាន​សរសេរ​ទៀត​ថា ហេតុ​​ដូច្នេះ​ហើយ​ ខ្ញុំ​សូម​ជំរុញ​ឲ្យ​កាសែត ឌឹ ណេ​ហ្សិន​ បញ្ឈប់​ជាបន្ទាន់​​​​នូវ​​​ការ​​​ជាប់​​​ពាក់​ព័ន្ធ​នឹង​នយោបាយ​ដ៏​ស្មោកគ្រោក​​ក្នុង​ការ​មូល​​បង្កាច់​សម្តេច​តេជោ ហ៊ុន សែន ​និង​ប្រទេស​កម្ពុជា​ ដើម្បី​ផល​​​ប្រយោជន៍​​​លោភលន់​ផ្ទាល់​ខ្លួន​។​ ខ្ញុំ​មាន​ចម្ងល់​ថា តើលោក​ត្រូវ​បាន​គេ​​​​ជួល​​​​ឲ្យ​ធ្វើ​ជាអ្នក​រិះគន់​ឥត​សំចៃ​ដល់​​សម្តេច​ ហ៊ុន សែន និង​ប្រទេស​កម្ពុជា​មែនឬ​”។ គេ​មិន​អាច​ទាក់​ទង​លោក​ កុយ​ គួង​ ដើម្បី​សុំការ​អត្ថាធិប្បាយ​បាន​ទេ​។

លោក​ ប៉ា ងួន​ទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់ការសិក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​​បាន​មាន​ប្រសា​សន៍​កាល​ពីម្សិល​មិញថា លោក​ កុយ​ គួង​ ហាក់​ដូច​ជាមានការ​យល់ច្រឡំ​អំពី​គោល​បំណង​នៃ​បទ​វិចារណ​កថានេះ​ហើយ​​។ លោក  ប៉ា ងួន​ទៀង ​បាន​មាន​​ប្រសាសន៍​ថា “អ្វី​ដែល​កាសែត ឌឹ ណេ​ហ្សិន​ បាន​លើក​ឡើង​នោះ​គឺជាការ​បញ្ចេញ​មតិ​របស់​គេ​​តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​អត្ថបទ​ទេ វា​ជា​ការ​បញ្ចេញ​មតិ​របស់​បុគ្គល​ម្នាក់​តាម​ការ​សង្កេត​ឃើញ​”។ លោក​​មាន​ប្រសាសន៍​ថា “លោក​​ [កុយ គួង​] ក៏​មាន​សិទ្ធិ​បញ្ចេញ​មតិ​របស់​ខ្លួន​ដែរ​ ប៉ុន្តែ លោក​ត្រូវ​ស្វែង​យល់​ថា មិន​មាន​បញ្ហា​ទេ​ការដែល​អ្នក​ដទៃ​បញ្ចេញ​មតិ​របស់​ខ្លួន​នោះ​”។

ដោយ​កត់​សម្គាល់​ថា ទាំងប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិដូចគ្នា​នោះ លោក​ ប៉ា​ ងួន​ទៀង បាន​មាន​ប្រសាសន៍ថា លោក​មិន​ដែល​ឃើញ​លិខិត​ដែល​ប្រើ​ពាក្យ​សម្តី​ខ្លាំង​ៗ​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែតជាភាសា​ខ្មែ​រ​បែប​នេះទេ។​ លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​មិន​ដែល​​ឃើញ​បទ​វិចារណកថារិះគន់​សរសេរ​ជា​ភាសា​​ខ្មែរទេ​ ពីព្រោះ​ជាធម្ម​តា​កាសែត​ភាគ​ច្រើន​​គាំទ្រ​រដ្ឋាភិបាល​ ហើយ​បទ​វិចារណ​កថា​របស់​កាសែតទាំង​នោះ​តែង​តែ​វា​យ​ប្រហារ​គណបក្ស​ប្រឆាំង​ ដូច្នេះ​មិន​ចាំបាច់​សរសេរ​លិខិត​ទេ​”៕​​​​​

ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស