កាលពីម្សិលមិញ អង្គការតម្លាភាពកម្ពុជាបានសន្និដ្ឋានថា លទ្ធផលជាផ្លូវការនៃការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា ដែលចេញដោយគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋនោះទេ ដោយសារភាពមិនប្រក្រតីកើតមានច្រើន នៅមុននិងអំឡុងថ្ងៃ បោះឆ្នោត។
របាយការណ៍ដែលផ្អែកលើការស៊ើបអង្កេតបានមកពីអ្នកសង្កេតការណ៍បោះឆ្នោតចំនួន៩០៦នាក់ ដែលត្រូវបានបញ្ជូនឲ្យទៅឃ្លាំមើលការបោះឆ្នោតតាមការិយាល័យបោះឆ្នោតចំនួន៤០៩ការិយាល័យនៅទូទាំង២៤ខេត្ត-រាជធានីបានលើកឡើងថា អ្នកបោះឆ្នោតដែលមានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវមិនអាចរកឈ្មោះរបស់ខ្លួននៅបញ្ជីបោះឆ្នោតឃើញទេ ហើយមិនត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតឡើយនៅតាមការិយាល័យបោះឆ្នោតប្រហែល៦០ភាគរយ ។
របាយការណ៍នេះបានលើកឡើងថា “ដោយសារតែស្ថានភាពនៅមុនថ្ងៃបោះឆ្នោតមានបញ្ហា និងដំណើរការបោះឆ្នោតមានភាពមិនប្រក្រតីច្រើននោះ អង្គការតម្លាភាពកម្ពុជាមិនមានជំនឿចិត្តឡើយថា លទ្ធផលនៃការបោះឆ្នោតនេះបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋនោះ”។ អង្គការតម្លាភាពកម្ពុជាបានបង្ហាញពីបញ្ហាមួយចំនួនដែលអ្នកឃ្លាំមើលការបោះឆ្នោតបានលើកឡើងម្តងហើយម្តងទៀតថា បានធ្វើឲ្យខូចភាពស្របច្បាប់នៃលទ្ធផលបោះឆ្នោត ប៉ុន្តែ បញ្ហាទាំងនេះត្រូវបានច្រានចោលបន្ទាប់ពី គ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញបើកការស៊ើបអង្កេត។
បញ្ហាមួយក្នុងចំណោមបញ្ហាទាំងនោះ គឺការប្រើប្រាស់ប័ណ្ណបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោត ដែលបានចេញទៅឲ្យប្រជាពលរដ្ឋដែលបាត់ ឬក៏គ្មានអត្តសញ្ញាណប័ណ្ណ ដោយអនុញ្ញាតឲ្យពួកគាត់អាចបោះឆ្នោតបាន។ ទោះបីជាមានការស្នើម្តងហើយម្តងទៀតពីអ្នកឃ្លាំមើលការបោះឆ្នោតដែលពោរពេញដោយក្តីព្រួយបារម្ភក៏ដោយ ក៏ គ.ជ.ប. នៅតែបដិសេធមិនបង្ហាញតួលេខនៃការចេញប័ណ្ណបញ្ជាក់អត្តសញ្ញាណនេះដែលចេញដោយឃុំ-សង្កាត់ដដែល ហើយនេះគឺជាអ្វីដែលអ្នកសង្កេតការណ៍បោះឆ្នោតព្រួយបារម្ភខ្លាចក្រែងគេប្រើប័ណ្ណនេះ ដើម្បីលួចបន្លំសន្លឹកឆ្នោត។ ហើយបើយោងតាមអ្នកសង្កេតការណ៍បោះឆ្នោតបានឲ្យដឹងថា មានប័ណ្ណបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោតប្រហែល១លានប័ណ្ណត្រូវបានចេញនៅថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោត និងថ្ងៃបោះឆ្នោត។
របាយការណ៍នេះបានលើកឡើងថា “សំឡេងឆ្នោតរបស់គណបក្សកាន់អំណាចមានការកើនឡើងនៅក្នុងចំណោមការិយាល័យបោះឆ្នោតនានា ដែលត្រូវបានសង្កេតការណ៍ដោយអង្គការតម្លាភាពកម្ពុជា ព្រោះប័ណ្ណបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោតនេះត្រូវបានគេប្រើជាច្រើននៅតាមការិយាល័យបោះឆ្នោតទាំងនោះ។
របាយការណ៍នេះបានលើកឡើងបន្ថែមថា “ទោះបីជាយ៉ាងណាក៏ដោយ អង្គការតម្លាភាពកម្ពុជាមិនអាចកំណត់បានទេថា តើនិន្នាការនេះមានពិតប្រាកដនៅទូទាំងប្រទេសឬក៏អត់នោះទេ ព្រោះ.គ្មានទិន្នន័យស្តីពីចំនួនប័ណ្ណបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោតដែលចេញដោយឃុំ-សង្កាត់ និងចេញនៅតាមការិយាល័យនានានៅទូទាំងប្រទេស ”។
យោងតាមអង្គការតម្លាភាពកម្ពុជាបានឲ្យដឹងថា ប័ណ្ណបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោតនេះ ត្រូវបានប្រើដើម្បីបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតចំនួនប្រហែល៩៣ភាគរយ។ ក្នុងការិយាល័យបោះឆ្នោត១១ភាគរយ មានប្រជាពលរដ្ឋ៥១នាក់ ឬក៏លើស ពីនេះបានប្រើប័ណ្ណនេះដើម្បីបោះឆ្នោត។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានមានប្រសាសន៍ថា លោកមិនបានអានរបាយការណ៍នេះទេ ប៉ុន្តែ លោកបានគូសបញ្ជាក់ថា ប័ណ្ណបញ្ជាក់អត្តសញ្ញាណដែលចេញដោយឃុំ-សង្កាត់ត្រូវបានបិទបង្ហាញតាមឃុំ-សង្កាត់នានានៅមុនថ្ងៃបោះឆ្នោត។ លោកបានថ្លែងថា “អំឡុងពេលចេញប័ណ្ណបញ្ជាក់អត្តសញ្ញាណនេះ គ.ជ.ប. មិនបានដឹងថា នរណាជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ឬក៏គណបក្សសង្គ្រោះជាតិឡើយ។
តែទោះបីជា គណបក្សសង្គ្រោះជាតិ និង គណបក្សប្រជាជនកម្ពុជា កាលពីដើមសប្តាហ៍នេះបានព្រមព្រៀងគ្នាបង្កើតគណៈកម្មការរួមមួយ ដើម្បីពិភាក្សាពីកំណែទម្រង់នៃការបោះឆ្នោតក៏ដោយ ក៏លោក ព្រាប កុល នាយក ប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានលើកឡើងថា គណៈកម្មានេះលេចរូបរាងឡើងត្រឹមតែជាគោលការណ៍ប៉ុណ្ណោះ ហើយបានទទូចឲ្យប្រទេសដែលជាម្ចាស់ជំនួយផ្សេងៗពិចារណាពីភាពចាំបាច់នៃការធ្វើកំណែទម្រង់នេះ មុនពេលផ្តល់ជំនួយនាពេលអនាគត។
លោកបានមានប្រសាសន៍ថា “យើងចង់ឲ្យម្ចាស់ជំនួយរួមបញ្ចូលសូចនាករគោលពាក់ព័ន្ធនឹងកំណែទម្រង់នៃការបោះឆ្នោតនេះ”។ លោកបានបន្ថែមថា “ ហើយលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងនោះគួរតែជាជំនួយហិរញ្ញវត្ថុ ពីសហរដ្ឋអាមេរិក ឬក៏សហភាពអឺរ៉ុប។នេះគឺជាអំណាចតែមួយគត់ដែលម្ចាស់ជំនួយមាន”។
អនុសាសន៍របស់របាយការណ៍នេះ ក៏មានរួមបញ្ចូលការអំពាវនាវឲ្យមានការរុះរើសមាជិក គ.ជ.ប.ព្រមទាំងកំណែទម្រង់ច្បាប់បោះឆ្នោតផងដែរ។នៅពេលចេញលទ្ធផលជាផ្លូវការនៃការបោះឆ្នោត គ.ជ.ប. បានប្រកាសថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈរីឯគណបក្សសង្គ្រោះជាតិទទួល បាន៥៥ អាសនៈ៕
(រាយការណ៍បន្ថែមដោយ អ៊ាង ម៉េងឡេង)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង