ព្រះមហាក្សត្រ នរោត្តម សីហមុនី បានធ្វើជាព្រះអធិបតីនៅក្នុងការបើកសម័យប្រជុំសភា ដែលអវត្តមានសមាជិកជិតពាក់កណ្ដាលកាលពីម្សិលមិញ ព្រោះសមាជិកសភាជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិ បានធ្វើតាមការគំរាមរបស់ខ្លួនធ្វើពហិការរដ្ឋសភា ដើម្បីតវ៉ានឹងលទ្ធផលបោះឆ្នោតជាតិ កាលពីខែកក្កដា។

ដូចដែលខ្លួនបានសន្យានោះ សមាជិកសភាគណបក្សសង្គ្រោះជាតិ បានធ្វើដំណើរទៅក្រុងសៀមរាប ដែលនៅទីនោះពួកគាត់បានចាត់ទុកសម័យប្រជុំសភាលើកដំបូងនេះថា មិនស្របតាមរដ្ឋធម្មនុញ្ញ ហើយបានចាត់ទុកប្រទេសកម្ពុជាថា ជាប្រទេសឯកបក្ស។
អ្នកវិភាគ និងអ្នកសង្កេតការបោះឆ្នោតក៏បានចោទសួរពីភាពស្របច្បាប់របស់រដ្ឋសភាថ្មីនេះផងដែរ ហើយបារម្ភខ្លាចមានភាពច្របូកច្របល់ជាសាធារណៈកាន់តែខ្លាំងប្រសិនបើសមាជិកសភាគណបក្សប្រជាជនកម្ពុជាបន្តអនុម័តច្បាប់នានានោះ។
ទោះជាយ៉ាងណា ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសមាជិកជាប់ឆ្នោតទាំង៦៨រូប នៃគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តសម័យប្រជុំសភាដែលមានការចូលរួមពីអ្នកការទូតបរទេសប្រចាំកម្ពុជាជាច្រើនរូប រួមទាំងគណៈប្រតិភូអឺរ៉ុបមួយចំនួនដែលបានរិះគន់ដំណើរការបោះឆ្នោតនេះ និងមិនបានទទួលស្គាល់លទ្ធផលផ្លូវការនៃការបោះឆ្នោតនេះទេ។
ពេលយាងចូលព្រះសុវណ្ណកោច្ឆៈ (កៅអីពណ៌មាស) របស់ព្រះអង្គនៅមុខសាលរដ្ឋសភា ព្រះមហាក្សត្រ សីហមុនី មិនបានមានបន្ទូលអំពីសមាជិកសភាគណបក្សប្រឆាំងដែលអវត្តមានទាំង៥៥រូបនោះទេ ហើយបានស្វាគមន៍សមាជិកសភាគណបក្សប្រជាជនកម្ពុជាទាំង៦៨រូប។ ព្រះមហាក្សត្របានមានបន្ទូលថា “ការបើកសម័យប្រជុំសភានីតិកាលទី៥នេះ គឺជាទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រនៃអង្គនីតិបញ្ញត្តិរបស់យើង ដោយសម្ដេច ឯកឧត្តម និងលោកជំទាវចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្តដើម្បីបម្រើប្រទេសជាតិ ដោយការយកផលប្រយោជន៍ជាតិជាធំជាងអ្វីៗទាំងអស់។ ខ្ញុំសង្ឃឹមថា រដ្ឋសភានីតិកាលទី៥នេះនឹងដំណើរការដោយរលូន និងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយផ្លែផ្កា ដើម្បីផលប្រយោជន៍មាតុភូមិ និងប្រជាជនកម្ពុជា”។
បន្ទាប់ពីការចាប់ដៃ និងថតរូបជាមួយព្រះមហាក្សត្រ សីហមុនី នៅខាងក្រៅរដ្ឋសភា សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានត្រឡប់ចូលទៅក្នុងរដ្ឋសភាវិញ ហើយលោក ហេង សំរិន ប្រធានចុងក្រោយនៃរដ្ឋសភានេះនិងទំនងជាអាចធ្វើនៅអាណត្តិក្រោយទៀតនោះ បានអានឈ្មោះសមាជិកសភាជាប់ឆ្នោតទាំង១២៣រូប រួមទាំងសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលអវត្តមានទាំងនោះផងដែរ។
លោកបានថ្លែងថា “ខ្ញុំសូមប្រកាសជាឱឡារិកថា ឈ្មោះសមាជិកសភាជាប់ឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជូនមកឲ្យរដ្ឋសភាត្រូវបានអនុម័តនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ ខ្ញុំសូមអបអរសាទរដល់ឯកឧត្តម និងលោកជំទាវទាំងអស់”។
បន្ទាប់មក សមាជិកសភាគណបក្សប្រជាជនកម្ពុជាទាំង៦៨រូប បានអនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់រដ្ឋសភា ដោយការលើកដៃយ៉ាងលឿន ហើយនៅថ្ងៃនេះនឹងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់រដ្ឋសភា បន្ទាប់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីរបស់លោក។
នៅពេលព្រឹកនោះ ព្រះមហាក្សត្រ សីហមុនី បានចេញព្រះរាជក្រឹត្យចាត់តាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបន្តតួនាទីរបស់លោក និងអញ្ជើញឲ្យលោកបង្កើតរដ្ឋាភិបាលថ្មី។ នៅក្នុងលិខិតផ្ញើថ្វាយព្រះមហាក្សត្រ កាលពីម្សិលមិញ លោក ហ៊ុន សែន បានទទួលយកដោយការគួរសម។
ផ្ទុយទាំងស្រុងពីពិធីដែលធ្វើឡើងនៅរាជធានីនេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ខ្លាំងៗពីក្រុងសៀមរាប ដោយចាត់ទុកការបើកសម័យប្រជុំសភានេះថា ជាការខុសច្បាប់។ គណបក្សនេះបានលើកឡើងថា “ការបើកសម័យប្រជុំសភាលើកដំបូងដោយគ្មានវត្តមានរបស់សមាជិកសភាជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ គឺជាទង្វើមួយដែលបំពានរដ្ឋធម្មនុញ្ញ។
រដ្ឋសភា ដែលបង្កើតឡើងនៅថ្ងៃនេះ គឹជារដ្ឋសភាឯកបក្សដែលមិនតំណាងឲ្យជាតិខ្មែរទាំងមូល មានន័យថា រដ្ឋសភានេះបំពានគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយធ្វើឲ្យកម្ពុជាត្រឡប់ទៅរកភាពផ្ដាច់ការម្ដងទៀត”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ពីសៀមរាបថា សមាជិកសភាជាប់ឆ្នោតរបស់គណបក្សប្រឆាំងនឹងចាប់ផ្ដើមធ្វើដំណើរបណ្ដើរៗត្រឡប់ទៅភ្នំពេញវិញនៅថ្ងៃនេះ ប៉ុន្តែនៅតែមិនមានផែនការទទួលយកអាសនៈរបស់ខ្លួនដដែលរហូតដល់ពួកគេដោះស្រាយការខ្វែងគំនិតគ្នាលើលទ្ធផលបោះឆ្នោតនៅតុចរចារួចហើយសិន។
ការចរចារយៈពេលពីរថ្ងៃរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានជាប់គាំង កាលពីសប្ដាហ៍មុន បន្ទាប់ពីមានការវិវឌ្ឍតិចតួចណាស់ និងមិនបានបន្តទៀតទេ។
លោក យឹម សុវណ្ណ មានប្រសាសន៍អំពីការបើកប្រជុំសភា កាលពីម្សិលមិញថា “គ្មានឯកភាព គ្មានសាមគ្គីភាព គ្មានយុត្តិធម៌ ដូច្នេះគណបក្សប្រជាជនកម្ពុជាត្រូវតែពិចារណាឡើងវិញនូវអ្វីដែលខ្លួនបានធ្វើរហូតមកទល់ពេលនេះ។ ជម្រើសល្អបំផុតសម្រាប់គណបក្សប្រជាជនកម្ពុជា គឺត្រឡប់មករកតុចរចាវិញ”។
លោក ប្រាក់ សុខុន រដ្ឋលេខាធិការនៅទីស្ដីការគណៈរដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងការចរចាកាលពីសប្ដាហ៍មុនបានមានប្រសាសន៍ថា លោកមិនបានដឹងពីផែនការណាមួយក្នុងការបន្តការចរចាជាមួយគណបក្សប្រឆាំងទេ។ លោកក៏បានច្រានចោលការជំទាស់របស់គណបក្សប្រឆាំងចំពោះការបើកសម័យប្រជុំសភានេះដែរ។
លោក ប្រាក់ សុខុន បានសួរថា “ប្រសិនបើវាមិនស្របតាមច្បាប់ ឬស្របតាមរដ្ឋធម្មនុញ្ញទេ ហេតុអ្វីបានជាព្រះករុណាយាងធ្វើជាអធិបតីបើកកិច្ចប្រជុំនេះ និងហេតុអ្វីបានជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាទាំងអស់អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស?”។
ស្ថានទូតអាមេរិកបានរិះគន់យ៉ាងខ្លាំងចំពោះការបោះឆ្នោតនេះ និងបានចេញសេចក្ដីថ្លែងការណ៍មួយភ្លាមៗ បន្ទាប់ពីការបើកប្រជុំសភាកាលពីម្សិលមិញនេះ ដើម្បីបញ្ជាក់ថា ការចូលរួមរបស់លោក វីលៀម ថត ឯកអគ្គរដ្ឋទូតអាមេរិកនៅក្នុងពិធីនេះមិនមែនជាការទទួលស្គាល់លទ្ធផលណាមួយឬគណបក្សណាមួយទេ។
ស្ថានទូតអាមេរិកបាននិយាយថា “យើងជឿថា ការបើករដ្ឋសភាតម្រូវឲ្យមានការចូលរួមពីគណបក្សនយោបាយធំៗទាំងពីរ”។ ហើយលោកក៏បានអំពាវនាវឲ្យគណបក្សទាំងពីរត្រឡប់មកចរចាផងដែរ និងបានលើកឡើងជាថ្មីម្តងទៀតអំពីការអំពាវនាវរបស់ខ្លួនឲ្យមានការស៊ើបអង្កេតដោយតម្លាភាពលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ។
លោក គល់ បញ្ញា នាយកគណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានមានប្រសាសន៍ថា លិខិតរបស់ស្ថានទូតនេះនឹងមិនអាចរារាំងរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល មិនធ្វើឲ្យវត្តមានរបស់គណៈប្រតិភូបរទេសនៅក្នុងពិធីនេះដូចជាការទទួលស្គាល់នោះបានទេ។
លោកបានមានប្រសាសន៍ថា “ប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សកាន់អំណាចនឹងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋគិតថា ពួកគេមកចូលរួមធ្វើឲ្យរដ្ឋសភា និងលទ្ធផលបោះឆ្នោតនេះស្របច្បាប់”។ លោកបានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរដែលឃើញឯកអគ្គរដ្ឋទូតបរទេសចាប់ដៃជាមួយសមាជិកសភាគណបក្សប្រជាជនកម្ពុជានៅតាមទូរទស្សន៍នឹងជឿថា ពួកគេបានទទួលស្គាល់លទ្ធផលដ៏ចម្រូងចម្រាសនេះ។
អ្នកវិភាគនយោបាយ និងមេធាវីមិនយល់ស្របថា រដ្ឋសភានេះជាស្ថាប័នបង្កើតច្បាប់ស្របច្បាប់ទេ បើគ្មានសមាជិកសភាទាំង៥៥រូបរបស់គណបក្សប្រឆាំង។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា “យើងមានគណបក្សពីរ ប៉ុន្តែមានគណបក្សតែមួយប៉ុណ្ណោះចូលប្រជុំសភា។ វាមិនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញទេ។ ចំពោះភាពស្របច្បាប់វិញ វាចម្រូងចម្រាសណាស់”។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យច្បាប់បានចាត់ទុកថ្ងៃនេះថា ជាថ្ងៃមួយដ៏ក្រៀមក្រំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់យើង”។ លោកមានប្រសាសន៍អំពីរដ្ឋសភាថ្មីនេះថា “វាមិនស្របច្បាប់ទេ គ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះ”។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍អំពីអាសនៈរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងចំណោមអាសនៈទាំង១២៣នេះថា “រដ្ឋសភា គឺជាឃ្លាំងអំណាចរបស់ប្រជាពលរដ្ឋ ប៉ុន្តែនៅពេលនេះអំណាចដែលមាននៅក្នុងរដ្ឋសភាមានតែ៥៥ភាគរយប៉ុណ្ណោះ” ។
លោកបានបន្ថែមថា “ច្បាប់ណាមួយដែលរដ្ឋសភានេះអនុម័តអាចធ្វើទៅបាន ប៉ុន្តែមិនស្របតាមផ្លូវច្បាប់ទេ”។ លោកបានមានប្រសាសន៍ថា លោកក៏ព្រួយបារម្ភដែរថា រដ្ឋាភិបាលថ្មីប្រហែលជាមានការលំបាកក្នុងការអនុវត្តច្បាប់បែបនេះ ហើយអាចនាំឲ្យមានចលាចលកាន់តែខ្លាំង ប្រហែលជាមិនមែនពេលនេះទេ ប៉ុន្តែអាចនៅពេលក្រោយ។
លោកបានព្រមានថា “ប្រជាពលរដ្ឋនឹងមិនគោរពច្បាប់ទាំងនោះទេ ហើយប្រហែលជាត្រូវប្រើកម្លាំងដើម្បីអនុវត្តច្បាប់ទាំងនោះ។ គណបក្សប្រឆាំង និងប្រជាពលរដ្ឋនឹងបន្តតវ៉ាតាមវិធីផ្សេងៗ” ។
លោក កែម ឡី អ្នកវិភាគឯករាជ្យបានចាត់ទុករដ្ឋសភាថ្មីនេះថា “ខុសច្បាប់ទាំងស្រុង” ហើយក៏បានព្យាករដែរថា អាចមានចលាចលច្រើនទៀត លុះត្រាតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដោះស្រាយជម្លោះរបស់ខ្លួនឲ្យបានមុនរដ្ឋសភាចាប់ផ្ដើមអនុម័តច្បាប់សិន។ លោកមានប្រសាសន៍ថា “ប្រជាពលរដ្ឋនឹងតវ៉ា ហើយនឹងមានការធ្វើបាតុកម្មទូទាំងប្រទេសប្រសិនបើរដ្ឋាភិបាលមិនឲ្យគណបក្សប្រឆាំងចូលរួមទេនោះ”។
គណបក្សសង្គ្រោះជាតិ បានទាក់ទាញអ្នកគាំទ្ររាប់ម៉ឺននាក់ឲ្យមកធ្វើការតវ៉ានៅក្រុងភ្នំពេញ កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដើម្បីទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យលើការបោះឆ្នោតនេះ។ គណបក្សនេះលើកឡើងថា ខ្លួនប្រហែលជាអំពាវនាវឲ្យមានការធ្វើបាតុកម្មទៀតនៅពេលឆាប់ៗនេះ៕
ប្រែសម្រួលដោយ មូល គឹមហឿន