33.2 C
Phnom Penh

ជន​រងគ្រោះ​ដោយ​ការ​រំលោភ​ផ្លូវ​ភេទ​​​​​ក្នុង​របប​ខ្មែរ​ក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល​ដែល​អ្នកស្រី យ៉ាម ឡះ ត្រូវ​​បាន​​​​​​​ទាហាន​ខ្មែរ​ក្រហម​រំលោភ​យ៉ាង​ព្រៃ​ផ្សៃ​នៅ​​​ក្រោម​ដើម​ដូង​កាល​ពី​ឆ្នាំ​១៩​៧៧​នោះអ្នក​ស្រី​​​​គិត​​ថា អ្នក​ស្រី​​សង្ឃឹម​រស់​តិច​តួច​ណាស់​។ ដោយនៅពេល​នោះ​​មាន​អាយុ​ប្រហែល​៤០​​​​​​​​​​​​ឆ្នាំ​ អ្នកស្រី​ត្រូវ​ប្តី​និង​កូន​បី​នាក់​ស្លាប់​ចោល​ ហើយ​ការ​ស្លាប់​របស់​ពួក​គេ​រហូត​​មក​ដល់​សព្វថ្ងៃ​នេះនៅ​តែ​ជា​អាថ៌​កំបាំង​នៅ​ឡើយ​ចំពោះ​អ្នក​ស្រី។

អ្នកស្រី ឡះ ដែល​មាន​មាឌ​តូច​ស្ដើង​ត្រូវ​បាន​គេ​ចង​​នៅពេលដែល​អ្នកស្រី​ត្រូវ​បាន​បុរស​ជា​ច្រើន​នាក់​រំលោភ​ រួច “គ្រវែង​” អ្នក​ស្រី​​​​​​​ចោល​ដូច​សំរាមអ៊ីចឹង​។ ប៉ុន្តែ​អ្នក​ស្រី​អាច​នៅ​​​រស់​​រាន​មាន​ជីវិត​ ដោយ​ឆ្លង​កាត់​បទ​ពិសោធ​​​ដ៏​​​គួរ​ឲ្យ​រន្ធត់​នេះ ហើយ​នេះជា​លើក​ទី​១​ហើយ​ដែល​អ្នកស្រី​បាន​រៀប​រាប់​រឿង​រា៉វ​ពីការ​រំលោភ​នេះ​ជា​សាធា​រណៈ​​ទៅកាន់​មនុស្ស​ប្រហែល​៤០០​​នាក់​នៅ​ឯវេទិកា​​ស្តីពីស្ត្រី​លើក​ទី៣ ដែល​បាន​ធ្វើ​ឡើង​កាលពី​ម្សិល​​​មិញ​ នៅ​ក្នុង​រាជធានីភ្នំពេញ។
វេទិកាដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​​នេះ​បាន​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ដែល​នៅ​រស់​រានបន្ទាប់​ពី​ទទួល​រង​អំពើ​ហិង្សាដោយ​ការ​រំលោភ​ផ្លូវ​ភេទ​​ក្នុង​​​​​​​​​​របប​ ប៉ុល ពត និយាយ​អំពី​បទ​ពិសោធ​របស់​ខ្លួន​។

វេទិកានេះ​គឺ​សំខាន់​ណាស់​ពី​ព្រោះ​បទ​ឧក្រិដ្ឋដោយ​ការ​បង្ខំ​ឲ្យ​រៀប​ការ​​ត្រូវ​បាន​លើកយក​មក​ជំនុំ​ជម្រះ​នៅ​ចំពោះ​មុខ​សាលា​ក្ដី​ខ្មែរ​ក្រហម​។ វេទិកាកាលពី​ម្សិលមិញ​មិន​ដូច​វេទិកា​ពីរ​លើក​មុន​ឡើយ ដែលវេទិកា​នេះរៀប​ចំ​ឡើង​​​​​​​ដោយ​និស្សិត​សាកល​វិទ្យា​ល័យ​​ប្រាំមួយ​នាក់។ ការ​កសាង​ទំនាក់​ទំនង​រវាង​យុវជន​​វ័យ​ក្មេង​ និង​មនុស្ស​ចាស់​​ជាការ​សំខាន់​ណាស់​ នេះ​បើ​យោង​តាម​លោក​ សុក សំអឿន នាយក​​​​​​​ប្រតិ​​​បត្តិ​​​​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា ដែល​មានប្រសា សន៍​ថា វា​ដល់​ពេល​ដែល​ត្រូវ​ផ្ដោត​ទៅ​​​លើ​ការ​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​អំពី​បទ​ឧក្រិដ្ឋ​បិទ​បាំង​ជា​ច្រើន​ ដែល​បាន​កើត​ឡើង​អំឡុង​របប​នោះ​ប្រាប់​ដល់​យុវជន​ជំនាន់​ក្រោយ​។

អ្នកស្រី​ ឡះ ដែល​ពាក់​វ៉ែន​តា​ខ្មៅ​ដើម្បី​ការ​ពារ​ភ្នែក​របស់​គាត់​នោះបាន​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​អៀន​ជា​ខ្លាំង​។ រឿង​នេះ​ខ្ញុំបាន​​បិទ​បាំង​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៧​មក​ម៉្លេ។ ខ្ញុំ​ស្ទើរតែ​ភ្លេច​បាត់​ទៅ​ហើយ​”។

ប៉ុន្តែ​និស្សិត​ម្នាក់​ក្នុង​ចំណោម​និស្សិត​ដែល​ជា​អ្នក​រៀប​ចំនោះ​ បាន​បញ្ជាក់​ប្រាប់​អ្នកស្រី​ ឡះ បន្ទាប់​ពី​អ្នកស្រី​បាន​និយាយ​ប្រាប់​​​​ចប់​សព្វគ្រប់​។ និសិ្សត​រូប​នេះ​បាន​និយាយ​ថា “វាជា​ការ​ប្រសើរ​ណាស់​ដែល​អ្នក​ស្រី​​មក​ចូល​រួម​ ព្រោះ​​​​វា​បាន​បង្ហាញ​ពី​អ្វី​ដែល​ជាការ​លាក់​បាំង​។ វា​ជា​បទ​ពិសោធដ៏ធំធេង​ដែល​យើង​ទទួល​បាន​ពី​វេទិកានេះ​។ យើង​មិនដែល​បាន​ដឹង​ពី​រឿង​​​​​​​នេះ​ទេ​ពីមុន​មក​។ យើង​បាន​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សាផ្លូវ​ភេទ​ ហើយ​​​​អំពើ​ហិង្សា​​​​​នេះ​កើត​ឡើង​ទាំង​លើ​បុរស​និង​ស្ត្រី។​​​​​​ខ្ញុំចង់​ឲ្យ​អ្នក​ទាំង​អស់គ្នា​រឹង​មាំ​ឡើង”។

កម្លាំង​ចិត្ត​ពិត​ជា​សំខាន់​ណាស់​សម្រាប់​អ្នក​ស្រី​ មុំ​ វុន អាយុ​៦៥ឆ្នាំ​ ដែល​បាន​ប្រាប់​អ្នក​ចូល​រួមពី​ការ​បង្ខំ​ឲ្យ​រៀប​ការ​ ហើយ​បន្ទាប់​មក​ត្រូវ​គេ​យក​កាំ​ភ្លើង​ភ្ជង់​ឲ្យ​រួមភេទ​ជាមួយ​ប្តី​ថ្មី​រហូត​ដល់​អ្នក​ស្រី មាន​ផ្ទៃ​ពោះ​។ អ្នករៀបចំ​ម្នាក់​ទៀត​​និយាយថា  “យើង​មាន​មោទនភាព​ណាស់​ដែល​អ្នកស្រី​អាច​ក្រោក​ឈរ​បង្ហាញ​ការ​ពិត​ យើង​នឹង​គាំទ្រ​អ្នក​ស្រី​ជានិច្ច”។

អ្នកស្រី ជា ណុំ អាយុ​៧៦ឆ្នាំ​ បាន​និយាយ​​​ថា ​ការ​ទម្លាយ​​អាថ៌កំបាំង​ដែល​អ្នក​ស្រី​បាន​បិទ​បាំង​អំពី​ការ​រំលោភ​លើ​រូប​គាត់​​ដែល​អំពើ​​​​នោះ​​បាន​កើត​ឡើង​បន្ទាប់​ពី​អ្នក​ស្រី​សម្រាល​​កូន​​បាន​ប្រាំ​ពីរ​ខែ​នោះ បាន​ជួយ​ឲ្យ​ ​អ្នកស្រី “មាន​អារម្មណ៍​ធូរ​ស្រាយ​​​ពី​​គុក​ឥត​​ជញ្ជាំង​នេះ”។អ្នកស្រី​បាន​​​​និយាយថា “អ្នក​ដែល​ត្រូវ​បាន​រំលោភ​ទាំង​អស់​​ត្រូវ​រៀបរាប់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ដឹង​ផង”។

អ្នកស្រី ឡោះ វណ្ណា អាយុ​៦៦ឆ្នាំ​​​​​​​​ជា​​​ខ្មែរ​​​អ៊ីស្លាម​​​ ត្រូវ​ជា​បងប្អូន​ជីដូន​មួយ​នឹង​អ្នក​ស្រី​ ឡះ ត្រូវ​បាន​បង្ខំ​ឲ្យ​ហូប​សាច់​ជ្រូក​ ហើយ​អ្នកស្រី​មាន​ការ​ភ័យ​ខ្លាច​ណាស់​ដែល​កម្មា​​​ភិបាល​ខ្មែរ​ក្រហម​បាន​ចិញ្ចឹម​ជ្រូក​នៅក្នុង​វិហារ​អុីស្លាម​​​ក្នុង​មូល​ដ្ឋាន។ មួយ​សប្តាហ៍បន្ទាប់ពី​ប្តី​អ្នកស្រី​បាន​បាត់​​ខ្លួន​ក្នុង​ឆ្នាំ​១៩៧៧ អ្នក​ស្រីបាន​ដឹង​រឿង​​នេះ​តាម​ទាហានម្នាក់។ពេល​ដឹងថា អ្នកស្រី​ក៏​​​ត្រូវ​​​​​​​គេ​យក​ទៅ​សម្លាប់​ដែរ​នោះ អ្នក​ស្រី​បាន​និយាយ​​​​​​​​​​ប្រាប់​អ្នកចូលរួម​ថា​ “ខ្ញុំមានការ​​តក់ស្លុត​ អស់​សង្ឃឹម រន្ធត់ និង​ញាប់​ញ័រ​ជាខ្លាំង​ ហើយ​ខ្ញុំ​គិត​ថា គេ​នឹង​យក​ខ្ញុំ​ទៅ​សម្លាប់​ចោលមិនខាន”។

ផ្ទុយ​ទៅ​វិញ អ្នកស្រី ត្រូវ​គេ​យក​ទៅ​កាន់​កន្លែង​ស្ងាត់​ចម្ងាយ​ប្រហែល​១គីឡូ​ម៉ែត្រ​ ហើយ​ចងផ្អោប​នឹង​ដើម​ឈើ​មួយ​ដើម​ ដែល​​​​​​​មាន​បុរសមួយ​ក្រុម​​ដឹក​នាំ​ដោយ​ប្រធានកង​​បាន​​​​យក​​​ដៃ​​​រុក​​​ប្រដាប់​​​ភេទ​​​អ្នកស្រី។ ដូច​ស្ត្រី​ដទៃទៀត​ដែល​​​​​​​ត្រូវ​បាន​រំលោភ​អំឡុង​របប​នោះ​ដែរ​ អ្នកស្រី​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​លាក់​បាំង​ពីការ​រំលោភ​នេះ​ បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​គេ​សម្លាប់​ចោល​​​​​​​​​មិនខាន។

និស្សិតឈ្មោះ ឃុត អ៊ីច អាយុ​២៣ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី៤ផ្នែក​ច្បាប់​បា​ន​សួរ​ថា “តើ​អ្នក​​​​​​ស្រី​ធ្វើ​ដូចម្តេច​ បើ​អ្នក​ស្រីបាន​ជួប​អ្នក​ដែល​បាន​​រំលោភ​អ្នក​ស្រីនោះ?”។
អ្នកស្រី វណ្ណា ​និយាយថា “ ខ្ញុំ​នៅ​មាន​កំហឹង​នៅ​ឡើយ។ ខ្ញុំ​ប្រហែល​ជា​សម្លាប់​ជន​នោះ”។

និស្សិត​រូបនេះ​បាន​និយាយថា គាត់​សរ​​​សើរ​ពី​សេចក្តីក្លាហាន​របស់​ស្ត្រី​ទាំង​អស់​​ដែល​ហ៊ាន​និយាយ​អំពី​អំពើ​ឃោរ​ឃៅដែល​ពួក​គាត់បាន​ជួប​ប្រទះ​ ហើយ​សង្ឃឹម​ថា គាត់​ និង​និស្សិត​ដទៃទៀត​អាច​ជួយ​បន្ធូរ​​កំហឹង​របស់​​​​​ពួក​គាត់​បាន​មួយ​ផ្នែក​ដែរ។ និស្សិត​រូបនេះ​និយាយ​នៅក្នុង​បទ​សម្ភាស​ថា “យុវជន​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​ដទៃទៀត​បាន​យល់​ដឹង​អំពី​គម្រោង​នេះ។ បញ្ហារបស់​ខ្ញុំ ប្រទេស​របស់​ខ្ញុំ ប្រជាជន​របស់​ខ្ញុំ​…ខ្ញុំ​ចង់​ឲ្យ​រដ្ឋា​ភិបាល​ និង​ក្រសួង​អប់រំ​ផ្សព្វផ្សាយ​រឿង​នេះ​ឲ្យ​ប្រជា​ជន​បាន​ដឹង​”។

លោក​ សុក សំអឿន បាន​មាន​​ប្រសាសន៍​ថា ឥរិយាបថបែប​នេះ​នឹង​ជួយ​ឲ្យ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​សម្រេច​​គោលដៅ​ស្តីពី​ការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​នេះ។ លោក​បាន​មាន​ប្រសាសន៍ថា “រឿង​រ៉ាវ​ដែល​ពួកគេ​បាន​ឮ អាច​ត្រូវ​បាន​ប្រើ​ជា​ករណី​​​​សិក្សា​ ដូច្នេះ​នៅពេល​ដែល​ពួកគេ​ក្លាយ​ជា​អ្នក​ច្បាប់ ឬ​អ្នក​ព្រាង​ច្បាប់ ពួកគេ​អាច​លើក​យក​បទ​ពិសោធ​ទាំង​នេះ​មក​សំអាង​”៕

ប្រែសម្រួលដោយ សោម សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស