28.5 C
Phnom Penh

រដ្ឋសភា​អះអាង​​​​​​ថា គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សកម្មភាព​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភា​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ ដោយ​បាន​​​អះអាង​​​​ថា គណបក្ស​សង្គ្រោះជាតិ​​​​​កំពុង​​​​តែ​​​ប្រមាថ​​​ទាំង​រដ្ឋ​ធម្មនុញ្ញ និង​ព្រះ​មហាក្សត្រ​ តាមរយៈ​​​ការ​​​អះអាង​​​​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ថា រដ្ឋាភិបាល​​ថ្មី​មិន​ស្រប​​​​ច្បាប់​។

គណបក្ស​សង្គ្រោះជាតិ​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​​​កាន់​​​​អំណាច​ថា បាន​ប្រព្រឹត្តផ្ទុយ​​​ពី​​​​រដ្ឋធម្មនុញ្ញ​តាមរយៈ​​​ការ​​​​បើ​ក​សម័យ​ប្រជុំ​សភា កាល​ពី​សប្ដាហ៍​មុន បើ​​​ទោះ​​​​ជា​​​គ្មាន​​​ការ​​​ចូលរួម​​​ពី​​​គណ​​​បក្ស​ប្រឆាំង​​​​ ដែល​​​មាន​​​​៥៥​អាសនៈ​​​​ និង​​​ដែល​​​បាន​​​ធ្វើ​ពហិ​​​ការ​​​​មិន​​​ចូលរួម​​​បើក​​​សម័យ​​​ប្រជុំ​​​ ដោយសារ​​​​មិន​ទាន់​​​​មាន​​​ការ​​​​ដោះ​ស្រាយ​​​​​ភាព​មិន​ប្រក្រតី​អំឡុង​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​។

សេចក្ដី​ថ្លែងការណ៍​​​​​​នេះ​​​​មាន​ខ្លឹម​សារ​ថា “រដ្ឋសភា​គឺ​​​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​​ឆ្នោត​៦៨ ច្រើន​​​ជាង​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​សមាជិក ​[ទាំង​​១២៣រូប​​​​]។ ដូច្នេះ​​​​ការ​​​បោះ​ឆ្នោត​​សភា… គឺ​បាន​​​អនុលោម​​ទៅ​​​តាម​រដ្ឋធម្មនុញ្ញ និងបទ​​​បញ្ជា​​​​ផ្ទៃ​ក្នុង​​​របស់​​​សភា​​​នីតិកាល​​​​ទី​៥នេះ​​​​”។ សេចក្ដី​​​​ថ្លែងការណ៍​​​នេះ​​​មាន​​​ខ្លឹមសារ​​​​បន្ត​ថា “តាមរយៈ​​​ការ​​​មិ​ន​​​​ទទួល​ស្គាល់​រដ្ឋា​ភិបាល​អាណត្តិ​ទី​៥​​​​ថា​​​ ជា​​​រដ្ឋាភិបាល​​​ស្រប​ច្បាប់​​​​គណ​​​​​​បក្ស​សង្គ្រោះជាតិ​​កំពុង​ធ្វើ​​​​សកម្ម​ភាព ផ្ទុយ​ពី​​​​រដ្ឋធម្មនុញ្ញ ផ្ទុយ​នឹង​របប​ប្រជាធិប តេយ្យ និង​ប្រឆាំង​​​ព្រះ​មហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា”។

គួរ​​​រំឭក​​​ថា​​​  ទោះបី​ជា​មាន​ការ​ធ្វើ​ពហិ​​​ការ​​​​ពី​​​​​​​​​​​គណបក្ស​សង្រោះ​ជាតិ​ក៏ដោយ​ ក៏​សមា​​​ជិក​សភា​​​​​ទាំង​​​៦៨​រូប​​របស់​​​គណបក្ស​ប្រជា​ជន​នៅ​​​​​​តែ​​​បាន​​​​​​​​​បើ​ក​សម័យ​ប្រជុំ​សភា​​​លើក​​​ដំបូង​​​ ​​​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា ​ក្រោមព្រះរាជ​​​​អធិប​​​តី​ភាព​របស់​ព្រះ​មហាក្សត្រ​នរោត្តម​ សីហមុនី និង​មាន​ការ​ចូល​រួម​​ពី​សំណាក់​អ្នក​ការទូត​មក​ពី​​ប្រទេស​​​ផ្ដល់​ជំនួយ​សំខាន់​ៗ​​​មួយ​​​​ចំនួន​​​ទៀត​​​​។

លោក ផៃ ស៊ីផាន​ ជាអ្នក​នាំពាក្យ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី​  បាន​​​ថ្លែង​​​​​​​កាល​ពី​ម្សិលមិញ​​​​ថា រដ្ឋាភិបាល​​អាច​បង្ហាញ​ថា គណ​បក្ស​សង្គ្រោះ​​​​ជាតិ​​​​បាន​​​​រំលោភ​ច្បាប់​ផ្សេងៗគ្នា​​​​​​​​ក្នុង​ការ​ប្រឹង​ប្រែង​​​​​​​បំផ្លាញ​ភាព​ស្រប​ច្បាប់​​​របស់​​​​រដ្ឋាភិបាល​​ដឹកនាំ​​​ដោយ​​​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​បាន​ថ្លែង​ថា “ ខ្ញុំ​មិន​ចង់​ប្រើ​ [សេចក្ដី​ថ្លែង​ការណ៍រ​បស់​រដ្ឋសភា] ទេ​ ក៏​ប៉ុន្តែ​មាន​ច្បាប់​​ពាក់ព័ន្ធ​​​មួយ​ចំនួន​​ដែល​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​បំពាន​​រដ្ឋាភិបាល​​​​”។

លោក​ ស៊ីផាន បាន​ថ្លែងបន្ត​​​​ថា “មេធាវី​​​ជា​ច្រើន​អាច​បង្ហាញ​ថា [គណបក្ស​សង្គ្រោះ​ជាតិ] ប្រឆាំង​នឹង​ព្រះ​មហាក្សត្រ​ ដែល​​ផ្ញើ​​ព្រះ​រាជសារ​បី​ច្បាប់ [កោះ​​​អញ្ជើញ​​​​​​​គណបក្ស​សង្គ្រោះ​ជាតិ​​​​ឲ្យ​​​ចូលប្រជុំ​​​​​​សភា​]។ មេធាវី​របស់​រដ្ឋាភិបាល​អាច​បញ្ជាក់​បាន​​​ថា សកម្ម​​​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​​​​ប្រឆាំង​នឹង​ព្រះ​មហាក្សត្រ និង​រដ្ឋធម្មនុញ្ញ​]។

លោក​ស្រី​ កឹម មុនីវិទ្យា អនុប្រធាន​​​​ផ្នែក​​​​កិច្ច​ការ​សាធារណៈ​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​​មិន​ខ្លាច​​​​​​​ការ​គំរាម​​​​ច្បាស់ៗ​​​ក្នុង​សេចក្ដី​​​​ថ្លែងការណ៍​​​​របស់​រដ្ឋសភា​ទេ​​​ ​​​ព្រោះ​​​​ស្ថាប័ន​នេះ​​​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ខុសច្បាប់​​​តាំង​​​ពី​​​​ដំបូង​។​ លោក​ស្រី​បាន​បន្ថែម​ថា “យើង​ឈរ​​​លើ​​​មូលដ្ឋាន​ច្បាប់​ ហើយ​យើង​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​​​​​ចំពោះ​​​ការ​​​គំរាម​​​នេះ​​​សោះឡើយ​​​”។

ប្រធាន​គណបក្ស​សង្គ្រោះ​​​​ជាតិ​  គឺ​​​លោក​ សម រង្ស៊ី បាន​​​​​លើកឡើង​​​​ថា ការ​បក​ស្រាយ​​រដ្ឋធម្មនុញ្ញ​​​​​​​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​​​​​​នៅ​​​ក្នុង​​​ពេល​​​កន្លង​មក​​​​ បង្ហាញ​​​​ថា ​​​ការ​​​បើក​​​សម័យ​​​ប្រជុំ​​​​​​សភា​​​លើក​​​ដំបូង​​​ត្រូវ​​​មាន​​​ការ​​​ចូលរួម​​​ពី​​​សមាជិក​​​សភា​​​​​​​យ៉ាង​​​តិច​​​១២០​រូប​​​​​ ដូច្នេះ​​​​រដ្ឋា​ភិ​បាល​បច្ចុប្បន្ន​​​​គឺ​​​មិនស្រប​​​ច្បាប់​​​ទេ​​​​។​​ លោក​បាន​ថ្លែង​​​​ថា “ខ្ញុំ​គិត​ថា រដ្ឋ​​​ធម្មនុញ្ញ​ចែង​ច្បាស់​ហើយ​​​ ដូច្នេះ​​​រដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​​​តាម​រដ្ឋធម្មនុញ្ញ ប្រសិន​បើ​​ខ្លួ​ន​ចង់​​​​បាន​​​​ភាព​​​ស្រប​ច្បាប់​។​ ដូច្នេះ​ខ្ញុំ​គិត​ថា ឥឡូវ​​​​​​ ​​​បាល់​​​​​​​ស្ថិត​​​នៅ​​​ខាង​​​​​​​​​គណ​​​បក្សប្រជាជន​​​វិញ​​​ហើយ​​​​។​​​យើង​សូម​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បញ្ជាក់​ ឬ​បដិសេធ​ការ​បក​ស្រាយ​​​​រដ្ឋធម្មនុញ្ញ​កន្លង​មក​ដោយ​​​បញ្ជាក់​​​ថា សភា​មិន​អាច​​ធ្វើ​ការ​​ដោយ​​​​គ្មាន​​សមាជិក​​​យ៉ាង​​​តិច​​​​​​​១២០​នាក់​​​​​​​​ធ្វើ​សច្ចា​ប្រណិធាន​​​​មុនបាន​​​​​​ទេ​​​​”។

សេចក្ដី​ថ្លែង​ការ​ណ៍​ពី​រដ្ឋសភា​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​​​សេចក្ដី​ប្រកាស​មួយ​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​ ដែល​ថា ខ្លួន​នឹង​បញ្ចុះ​បញ្ចូល​​សហគមន៍​អន្តរជាតិ​​​​​មិន​​​ឲ្យ​​​​​ទទួល​​​ស្គាល់​​​​​រដ្ឋា​​​ភិបា​ល​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​ប្រជាជន​កម្ពុជា​ និង​​​បន្ទាប់​​​ពី​​​មាន​​​​ការ​ព្រមាន​​ពី​រដ្ឋាភិបាល​មិន​ឲ្យ​​​ប្រមាថ​​ព្រះ​មហា​ក្សត្រ​​​​ដែល​មិន​អាច​​​​​រិះ​គន់​បាន​​​​ក្រោម​ច្បាប់​​​កម្ពុជា​​​​។

កាល​ពី​ថ្ងៃ​ទី​១៩​​​​កញ្ញា​ ​​​គឺ​​​ពេល​​​​គណ​​​បក្ស​សង្គ្រោះ​ជាតិ​​​​​​ប្រមូល​ផ្ដុំ​អ្នក​គាំទ្រ​​​​ឲ្យ​​​​​​​អំពាវ​​​នាវ​ឲ្យ​ព្រះ​មហាក្សត្រ​ពន្យារ​ពេល​បើក​​សម័យ​ប្រជុំ​សភា​ ទីស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ចេញ​សេចក្ដី​ប្រកាស​​​​រំឭក​​​​ពល​រដ្ឋ​​​​ថា​ ការ​​​ប្រមាថ​ព្រះ​មហាក្សត្រ​ គឺ​​​​ខុស​ច្បាប់​ ​​​​។

សេចក្ដី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​ថា “រាជ​រដ្ឋាភិបាល​សូម​អំពាវនាវ​ដល់​ប្រជាពល​រដ្ឋ​​​​​ឲ្យ​​​​​​​រក្សា​​តម្លៃ​ ភាព​ថ្លៃ​ថ្នូរ​ និង​គោរព​ព្រះ​មហា​​​ក្សត្រ​​​​ជា​ទី​សក្ការៈ​នៃ​ជាតិ​​​​យើង​ និង​គោរព​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​​​​​ដែល​ជា​ច្បាប់​កំពូល​​​​​ឲ្យ​បាន​​​​ហ្មត់​​​​ចត់​”។

លោក​ គល់​ បញ្ញា​ ​​​នាយក​​​អង្គការ​​​ខុមហ្វ្រែល​​​​បាន​លើក​ឡើង​ថា លុះ​ត្រា​តែ​​​​ស្បថ​​​​ចូល​​​​​​​កាន់​​​តំណែង​​​ជា​សមាជិ​ក​​​​សភាសិន​​​ ទើប​​​សមាជិក​ជាប់​ឆ្នោត​​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​​​​​មាន​អភ័យ​​​​ឯកសិទ្ធិ​សភា​​​​​ ហើយ​​បើ​គ្មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​​​ទេ​​​ រដ្ឋាភិ​បាល​​​ដឹក​នាំ​ដោយ​​​​​​បក្ស​​ប្រជាជន​​​​​​នឹង​​​​ពិបាក​​​ស្វែង​​​រក​​​ភាព​ស្រប​ច្បាប់​។ លោក​​​បាន​ថ្លែង​ថា “[សមាជិក​សភា​​​​​​​បក្ស​សង្គ្រោះជាតិ​] ងាយ​រង​​​​គ្រោះ​​​ណាស់​​​ ហើយ​បក្ស​ប្រជាជន​​​​​កំពុង​ប្រឈម​នឹង​អស្ថិរភាព​ក្នុង​​​​​ក្នុង​​​​ដំណើរ​​​ការ​​​​​​​​​រដ្ឋាភិបាល​​​​​​​និង​​​​​​សភា​​​។​ ​ពួក​គេ​ដឹង​​​ថា​​​ ខ្លួន​​​មិន​អាច​​កាត់​ផ្ដាច់​​​​ពី​​​គ្នា​បាន​ទេ​ ពួក​គេ​ត្រូវ​តែ​​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​”។

ប្រែសម្រួលដោយ​ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស