29.6 C
Phnom Penh

ទំនប់ និង​​​អាង​​​ស្តុក​​​ទឹក​​​ដ៏ធំ​​​នៅក្នុង​​​ខេត្ត​បន្ទាយ​មាន​ជ័យ​ប្រឈម​នឹង​ការ​ធ្លាយ​ជន់ពន្លិច​​ភូមិនានា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា ប៉ូលិស​និង​​ទាហាន​រាប់​រយ​នាក់​បាន​ប្រចាំ​ការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ចាប់តាំង​ពី​ថ្ងៃ​ពុធ​មក​ ដើម្បី​ការ​ពារ​ទំនប់​មួយ​សង់អំឡុង​សម័យ​ខ្មែរ​ក្រហម​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ​កុំ​ឲ្យធ្លាយ​និង​ជន់​ពន្លិច​ភូមិ​ចំនួន​ប្រាំ​បី​ដែល​នៅ​ជុំ​វិញ​នោះ។

លោក អ៊ុក កែវរតនៈ មន្ត្រី​រដ្ឋ​បាល​ខេត្ត​បាន​​មាន​​ប្រ​សាសន៍​ថា ​ភ្លៀង​ធ្លាក់​ខ្លាំង​បូក​រួម​ជា​មួយ​នឹង​ទឹក​ជំនន់​មក​ពី​ប្រទេស​ថៃ និង​ខេត្ត​​​​​​​​​​ឧត្តរ​មាន​ជ័យ​ក្បែរ​ខាង​ បាន​​ធ្វើ​ឲ្យ​ទំនប់​​ត្រពាំង​ថ្ម​ប្រវែង​ពីរ​គីឡូម៉ែត្រ​នៅ​ក្នុង​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំ​ស្រុក រង​ការ​ខូច​ខាត​ប្រវែង​​​​​​​​​​១៥០​ម៉ែត្រ ជា​​ហេតុ​អាច​នឹង​បង្ក​ជំនប់​នេះ​បាក់​ធ្លាយ។

លោក​បាន​មាន​ប្រ​សាសន៍​​បន្ថែម​​​ទៀត​​​ថា “ នគរ​បាល ទាហាន​និង​ប្រ​ជា​ពល​រដ្ឋ​​​បាន​ព្យាយាម​​យក​​បាវ​ខ្សាច់​ទប់ទំនប់​នេះ។យើង​កំពុង​តែ​ខំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ទប់​ទំនប់​នេះ​កុំ​ឲ្យ​ធ្លាយ”។

លោក ចាន់ កុសល ស្នង​ការ​រង​ខេត្ត​​​បាន​​មាន​ប្រ​សាសន៍​ថា នគរ​បាល​ប្រមាណ​៤០០​នាក់​និង​ទាហាន​ជាង​២០០​នាក់​កំពុង​ជួយ​នៅ​ក្នុង​ការ​​ខំ​ប្រឹង​ប្រែង​ទប់​ទឹក​នេះ។

លោក ប៉េង ពុនថារ៉ា មេឃុំ​ប៉ោយចារ ​​បាន​​​​​​​​​​មាន​ប្រ​សាសន៍​ថា ប្រសិន​បើ​ទំនប់​ត្រពាំង​ថ្ម​បាក់​ធ្លាយ​ ភូមិ​ចំនួន​ប្រាំ​បី​នឹង​រង​គ្រោះ។

លោក​បានមាន​ប្រ​សាសន៍​ថា “ ប្រសិន​បើ​ទំនប់​នេះ​បាក់​ធ្លាយ​ ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​ចំនួន​ប្រាំ​បី​នឹង​ត្រូវ​ជម្លៀស​ចេញ​ ហើយ​ផល​ដំណាំ​របស់​ពួកគាត់​នឹង​រង​ការ​បំផ្លិច​បំផ្លាញ”។​លោក​បាន​មាន​ប្រ​សាសន៍​ទៀត​ថា ទឹក​នៅ​ក្នុង​អាង​ស្តុក​​ដ៏សំខាន់​នៃទំនប់​​នេះ​បាន​​ឡើង​ដល់​កម្រិត​ប្រ​កាស​អាសន្ន​ប្រហែល​​​​​​​មួយ​សប្តាហ៍​មុន​។

លោក ហេង ប៊ុនហោ ប្រធាន​មន្ទីរ​កសិកម្ម​​​​​​​​​​ខេត្ត​មាន​ប្រ​សាសន៍​ថា ដើម្បី​សម្រាល​សម្ពាធ​​​​​​​​លើទំនប់​នេះ អាជ្ញា​ធរ​​បានបើក​ទ្វារ​​បង្ហូរ​ទឹក​ចំនួន​បួន​​នៃ​ទំនប់​នេះ ទោះ​បី​ជា​មាន​​ការ​តវ៉ា​ជំទាស់​ពី​ប្រ​ជា​ពល​រដ្ឋក្នុង​មូល​​​ដ្ឋាន​ក្តី។

លោក​បាន​មាន​​ប្រសាសន៍​ថា “ ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​តំបន់​នេះ​បាន​​ព្យាយាម​​រារាំង​អាជ្ញាធរ​មិន​ឲ្យ​​បើក​ទ្វារ​បង្ហូរ​ទឹក​ ប៉ុន្តែ​យើង​ចាំ​បាច់​ត្រូវ​តែ​បើក​វា បើ​មិន​ដូច្នោះ​ទេ ​យើង​មិន​អាច​គ្រប់​គ្រង​កម្រិត​ទឹក​នៅ​លើ​ទំនប់​នេះ​បាន​ឡើយ”។លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ប្រសិន​បើ​ទំនប់​នេះ​បាក់​ធ្លាយ ​ដំណាំ​ស្រូវ​លើ​ផ្ទៃ​ដី​៧.០០០​ហិកតា​នឹង​ត្រូវ​ជន់​លិច។

លោក ហេង​ ប៊ុនហោ ​បាន​មាន​ប្រសាសន៍​​​​​​​​​​​​​ថា ការ​ជន់​លិច​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​ក្នុង​រយៈពេល​បីសប្តាហ៍​កន្លង​មក​នេះ​បាន​បំផ្លាញ​ដំណាំស្រូវ​លើ​ផ្ទៃ​ដី​ទំហំប្រហែល​៣០​ហិកតា​រួច​ទៅ​ហើយ​ ហើយ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដំណាំ​ស្រូវ​លើ​ផ្ទៃដីទំហំ​១៧.០០០​ហិកតា​បន្ថែម​ទៀត។

ទំនប់​​និងអាង​ស្តុក​ទឹក​ត្រពាំង​ថ្មដែល​​ស្រោច​ស្រប់​​ផល​ដំណាំនៅក្នុង​ភូមិ​នៅ​ក្បែរៗ​នោះ​សម្រាប់​​ប្រ​ជា​កសិករ​​បង្ក​បង្កើន​ផល​ស្រូវ​ពីរ​រដូវ​ក្នុង​មួយ​ឆ្នាំ​នេះ ត្រូវ​បាន​សង់​ឡើង​​ដោយ​​​​​​​​​​​​​ប្រើ​ប្រាស់​កម្លាំង​ទាសករ​ចន្លោះ​ពី​ឆ្នាំ១៩៧៧​​​​​​​​​​ដល់​ឆ្នាំ​១៩៧៨ និង​ជា​​គម្រោង​ធារាសាស្ត្រ​​ធំ​ជាង​គេ​បំផុត​នៃ​​របប​ខ្មែរ​ក្រហម។ តាម​ការ​ប៉ាន់​ប្រមាណ​ថា ​ប្រ​ជា​ពល​រដ្ឋ​ចន្លោះ​ពី​៥.០០០​នាក់​ទៅ​១០.០០០​នាក់​បាន​ស្លាប់​អំឡុង​ពេល​សង់​ទំនប់​នេះ៕

ប្រែ​សម្រួល​ដោយ តែម សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស