មន្ត្រីមួយរូបបានឲ្យដឹងកាលពីម្សិលមិញថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជានឹងនៅតែបើកដំណើរការរហូតដល់ពេលវេលាកំណត់ណាមួយ ខណៈមុខងារមិនចាំបាច់ដូចជា គណនីហ្វេសប៊ុក និងទ្វីតធឺ របស់ខ្លួននឹងត្រូវបិទដំណើរការដោយសារភាពជាប់គាំងផ្នែកសារពើពន្ធនៅសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន។

កាលពីថ្ងៃទី១ ខែតុលា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបិទការិយាល័យរដ្ឋាភិបាលមួយចំនួន បន្ទាប់ពីសភារបស់ខ្លួនបានជាប់គាំងលើសេចក្តីព្រាងច្បាប់ស្តីពីការបន្តការប្រើប្រាស់មូលនិធិ។
លោក ស៊ាន ម៉ាកគិនតុស ( Sean McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិកបានមានប្រសាសន៍ថា “ស្ថានទូតអាមេរិកនឹងនៅតែបន្តប្រតិបត្តិការរហូតដល់ពេលកំណត់ណាមួយ។ ក្រសួងការបរទេស និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ គឺជាទីភ្នាក់ងារសន្តិសុខជាតិ ហើយបានចាត់វិធានការដើម្បីបន្តកិច្ចការសម្រាប់បម្រើផលប្រយោជន៍ជាតិ”។
លោកបន្ថែមថា “ដោយមិនគិតពីបញ្ហាប្រឈមដែលកើតឡើងដោយការបិទការិយាល័យមួយចំនួន យើងនឹងបន្តប្រតិបត្តិការ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងការពារសុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋអាមេរិក ដែលនៅក្រៅប្រទេស”។ លោក ម៉ាកគិនតុស មិនបានបញ្ជាក់ពីពេលវេលាដែលអាចមានការបិទស្ថានទូតរបស់ខ្លួនទេ ក៏ប៉ុន្តែ លោកបានលើកឡើងថា ភាពមិនប្រាកដប្រជាដែលបង្កឡើងដោយការបិទការិយាល័យមួយចំនួននេះ បានធ្វើឲ្យភាពបត់បែនរបស់យើងជួបបញ្ហា នៅក្នុងការឆ្លើយតបពីសារៈសំខាន់នៃសន្តិសុខជាតិ។
លោកបានបន្ថែមទៀតថា “ការិយាល័យនានារបស់ក្រសួងការបរទេសអាមេរិក ដែលមានមូលនិធិសម្រាប់ប្រើប្រាស់ជាច្រើនឆ្នាំ និងជាអចិន្ត្រៃយ៍ នឹងបន្តប្រតិបត្តិ ការរហូតដល់ពេលកំណត់ណាមួយ ដោយប្រើមូលនិធិនៅសល់សម្រាប់ប្រតិបត្តិការទាំងនេះ រហូតទាល់តែមូលនិធិទាំងនេះលែងគ្រប់គ្រាន់សម្រាប់បន្តទៅមុខទៀត។ ការិយាល័យ និងកម្មវិធីផ្សេងៗនឹងបញ្ឈប់ប្រតិបត្តិការនៅពេលដែលមូលនិធិមានមិនគ្រប់គ្រាន់”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង