29.6 C
Phnom Penh

ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ត​លេខា​លើ​ព្រះ​រាជក្រឹត្យ​​បញ្ចប់តំណែង​ទីប្រឹក្សា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី បាន​ឡាយ​ព្រះ​ហស្តលេខា​លើ​ព្រះរាជក្រឹត្យ​​មួយ​ដើម្បី បញ្ចប់មុខតំណែងរបស់​ទីប្រឹក្សាថ្នាក់​ក្រសួង​​ទាំងអស់​នៅ​ក្នុ​ងរដ្ឋាភិបាល​ លើក​​លែង​តែ​​ទី​ប្រឹក្សា​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​អាច​ឲ្យ​មន្ត្រី​ដែល​ត្រូវ​បាន​តែង​តាំង​ថ្មី​ៗ ធ្វើជា​ទីប្រឹក្សាថ្មី​។

ព្រះរាជក្រឹត្យ​ដែល​ត្រូវបានឡាយ​ព្រ​ះ​​ហស្ត​លេខា​ កាល​ពីថ្ងៃទី​១ ខែតុលា និង​ទទួល​​​​បាន​កាល​ពីម្សិលមិញ មាន​ខ្លឹមសារ​ដក​ទីប្រឹក្សា​​​​​របស់​​ឧបនា​យក​​រដ្ឋ​មន្ត្រី​ និងទេស​រដ្ឋ​មន្ត្រី​ដែល​ត្រូវ​បាន​​តែង​តាំង​​មុន​ពេល​​ស្បថចូល​ក្នុង​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ទី​៥​កាល​ពី​​​ខែមុន​ ​ចេញ​ពីតំណែង។ ព្រះរាជក្រឹត្យ​នេះមានខ្លឹមសារ​ថា “ ដក​​​តំណែង​ទីប្រឹក្សា​រដ្ឋាភិបាល​ ដូចជា​ទីប្រឹក្សា​-ជំនួយ​ការ​ទាំង​អស់​របស់​ឧបនាយក​រដ្ឋមន្ត្រី​ ទីប្រឹក្សា​-ជំនួយ​ការ​ទាំង​អស់​របស់​ខុទ្ទកាល័យ​ឧប​នាយក​រដ្ឋមន្ត្រី​ ទេសរដ្ឋ​មន្ត្រី​ និង​រដ្ឋ​មន្ត្រី​អម​នាយក​រដ្ឋ​មន្ត្រី​ ទីប្រឹក្សា​-ជំនួយការ​ទាំង​អស់​របស់​ស្ថាប័ន​ក្រសួង​ និង​ទីប្រឹក្សា​-ជំនួយ​ការ​ស្ថាប័ន​ក្រសួង​ទាំង​អស់ ដែល​ត្រូវ​បាន​តែង​តាំង​ដោយព្រះ​រាជក្រឹត្យ​ មុន​ថ្ងៃ​ទី ២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៣”។

លោក​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​ មាន​ប្រសាសន៍​កាល​ពីម្សិល​មិញថា ការ​បញ្ចប់តំណែងទីប្រឹក្សា និង​ជំនួយ​ការ​ទាំង​អស់​នៅ​ដើមអាណត្តិ​បោះឆ្នោត​ថ្មី​មួយ គឺជា​ “រឿង​​​​​​​​​​ធម្មតា​” ទេ សម្រាប់​រដ្ឋាភិបាល​ ដោយ​​​​លោក​​ពន្យល់​ថា វា​នឹង​អនុញ្ញាត​ឲ្យ​​រដ្ឋ​មន្ត្រី​ថ្មីអាច​តែង​តាំង​ទីប្រឹក្សា​ថ្មី​។ លោក​ឧត្តម​សេនីយ៍​ ទៀ បាញ់​ បាន​ថ្លែង​ថា បើ​ទោះជាលោក​មិន​បាន​ដឹង​អំពី​ចំនួន​ពិត​​ប្រាកដ​នៃទី​ប្រឹក្សា​​ ដែល​នឹង​ត្រូវ​តែង​តាំង​ក៏​ដោយ​ ក៏​វា​ទំនង​ថា​ចំនួន​នេះ​តិច​ជាង​មុន​។ លោក​បាន​បន្តថា “ ចំនួន​នៃការ​តែង​តាំង​ក្នុ​ងអាណត្តិ​ថ្មី​នេះ​នឹង​មិន​កើន​ឡើង​ដូច​មុន​ទេ​ ពីព្រោះ​ត្រូវ​ឲ្យ​ចំនួន​នេះតិចជាង​មុន​ដើម្បី​​​ស្រប​ទៅ​តាម​សភាពការណ៍ និង​ធ្វើ​កិច្ច​ការ​ឲ្យបា​ន​ច្បាស់​លាស់​”។

រដ្ឋ​មន្ត្រី​ថ្មីមួយ​ចំនួន​ត្រូវ​បាន​ស្បថ​ចូល​ក្នុង​​ការិយាល័យ​កាល​ពីខែ​មុន ​រាប់​ទាំង​លោក​ អូន​​​ ព័ន្ធមុនីរ័ត្ន​ រដ្ឋ​មន្ត្រី​ថ្មីក្រសួងសេដ្ឋកិច្ច និង​ ហិរញ្ញ​​​វត្ថុ​ត្រូវ​ជំនួស​លោក​រដ្ឋ​មន្ត្រី គាត ឈន់ និង​លោក ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​​​ពាណិជ្ជកម្ម​​​​ថ្មី​ ត្រូ​វជំនួស​​​​លោករដ្ឋ​មន្ត្រី​ ចម​ ប្រសិទ្ធ​ ដែល​បម្រើ​ការ​យ៉ាង​យូរ​ក្នុង​តំណែង​របស់​ខ្លួន​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ២៩ ខែ​កញ្ញា បាន​​តែង​តាំង​ទីប្រឹក្សា​ថ្មី​ចំនួន​២១​រូប​ ក្នុង​នោះ​មា​ន​​លោក ទេព​ ឃុន​ណាល់​ អតីត​លេខា​ធិការ​របស់​​ ប៉ុល​ ពត ​មេ​ដឹក​​​​នាំ​ខ្មែរ​ក្រហម​ ​ និង​ជំនួយការ​ផ្ទាល់​ចំនួន​៣៤​រូប​របស់​ខុទ្ទកាល័យ​លោក ក្នុង​រាជក្រឹត្យ​មួយ​ឡាយ​ព្រះហស្ត​លេខា​ដោយ​ព្រះ​មហា​ក្សត្រ នរោត្តម សីហមុនី ។

ការ​តែង​តាំង​នេះ​តំណាង​ឲ្យ​ការ​ថយ​​​ចុះ​​​នៃ​ចំនួន​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន  បើ​ធៀប​នឹង​អាណត្តិ​បោះឆ្នោត​មុន​  ពោល​​​គឺ​​​នៅ​​​ពេល​​​នោះ ​​ខុទ្ទ​កាល័យ​របស់​លោក​បាន​ជ្រើស​​​​រើស​ទីប្រឹក្សា និ​ងជំនួយការ​ប្រមាណ​១០០​​​នាក់​៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស