42.2 C
Phnom Penh

ព្រះសង្ឃ​ និង​ក្មេង​វត្ត​​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ប្រើ​ប្រាស់​​ និង​ជួញដូរគ្រឿង​ញៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រុម​មន្ត្រី​បាន​និយាយ​ថា នគរបាល​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​សង្ឃពីរអង្គ​ និង​ក្មេង​វត្ត​ពីរនាក់​នៅក្នុង​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​កាល​ពីម្សិល​មិញ​ ពីបទ​ប្រើ​ប្រាស់​ និងជួញ​ដូរគ្រឿង​ញៀន​មេតំ​ហ្វេតាមីន។

នគរបាល​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​អាយុ​៣៣​ឆ្នាំ​ ឈ្មោះ ហ៊ាង វីត នៅ​ថ្ងៃ​មុន​នោះ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ ហើយ​ជន​នេះ​បាន​ចែកចាយគ្រឿង​ញៀននេះទៅ​ឲ្យព្រះសង្ឃ​នៅ​វត្ត​សំបួរ​មាស​ ដែល​ជន​នេះ​បាន​និយាយ​ថា ជា​អតិថិជន​របស់​ខ្លួន​។

លោក​ យឹម សារ៉ន អធិការ​នគរបាល​ខណ្ឌ​​ដង្កោ​បាន​មាន​ប្រសាសន៍ថា “យើង​បានរក​​ឃើញ​​គ្រឿង​ញៀន​ម៉ា​​​ទឹកកកចំនួន​១៣កញ្ចប់​តូច​ៗ​ នៅ​នឹង​ខ្លួន​របស់​គាត់​ ហើយ​គាត់​បាន​និយាយថា គាត់​លក់​ទៅ​ឲ្យ​ព្រសង្ឃ​នៅ​វត្ត​នោះ​”។ លោក​ សារ៉ន ​​​មាន​ប្រសាសន៍ថា នៅ​ពេល​​​​នគរបាល​ទៅដល់​វត្ត​នេះ​កាល​ពី​ម្សិល​មិញ​ ពួក​គេ​បាន​រក​ឃើញ​គ្រឿង​ញៀន​​មេ​តំ​ហ្វេតា​​​មីន​​ ដប​ និង​បំពង់​បឺតនៅក្នុងកុដិ​របស់​សង្ឃ​ទាំង​ពីរ​អង្គនេះ ព្រះនាម​ ព្រឿង​ សាវឿន​ ព្រះ​​​ជន្ម​២៨​​វស្សា និង​ប្អូន​ប្រុស​របស់​ព្រះអង្គ​ព្រះនាម ព្រឿង​ ដូណា ព្រះ​ជន្ម​​២៤​វស្សា។ ក្មេង​វត្ត​ពីរនាក់​ឈ្មោះ​ ថន ចាន់​សង្គ្រាម​ អាយុ​១៧​ឆ្នាំ និង​ឈ្មោះ​ ចាន់ សុធា អាយុ​១៦​ឆ្នាំ ដែល​ស្នាក់​នៅ​ក្នុង​កុដិ​តែមួយ​នោះ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ​។

លោក​បានមា​ន​ប្រ​សាសន៍​​ថា “សង្ឃ​ទាំង​ពីរ​អង្គ​នេះ​បាន​សារភាព​ថា ពិត​ជា​បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ពិតប្រាកដ​មែន”។ លោក​​បា​ន​ថ្លែង​បន្ត​ទៀតថា សង្ឃ​ទាំង​នេះ​ត្រូវ​បាន​ផ្សឹក​ភ្លាម​។ សាវឿន ដូណា និង​ ចាន់​សង្គ្រាម​ នឹង​ត្រូវ​​​​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ​ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ឃើញថា មា​ន​សារធាតុ​គ្រឿង​ញៀន​ណា​កូទិក​ ចំណែក​ សុធា ត្រូវ​បាន​ដោះលែង​ វិញ ដោយសារតែលទ្ធផល​ធ្វើ​តេស្ត​មិន​ឃើញ​​មានសារធាតុញៀនទេ៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស