30.4 C
Phnom Penh

សាលា​រាជធានីភ្នំពេញ​បដិសេធសំណើ​ជួប​ជុំ​ និង​ដើរ​ក្បួន​ក្នុង​ទិវា​គ្រូបង្រៀន​ និង​លំនៅដ្ឋាន​អន្តរ​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលារាជធានី​ភ្នំពេញ​បាន​ច្រាន​ចោល​សំណើ​ពីរ​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ដាក់​ជូន​​ខ្លួន​ ដើម្បី​ប្រារព្ធ​ពិធី​ជួបជុំ​ និង​ពិធី​ដើរ​ក្បួន​ ក្នុង​គោល​បំណង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​អន្តរជាតិ​ និង​ទិវា​លំនៅដ្ឋាន​អន្តរជាតិ​។

អង្គការ​ក្រុមការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ (Housing Rights Task Force) ដែល​ជា​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​រៀបចំ​ពិធីជួប​ជុំ​នៅ​វត្ត​ភ្នំ​ និង​ដើរ​ក្បួន​ទៅ​កាន់​សាលារាជធានីភ្នំពេញ ដើម្បី​ប្រារព្ធ​​ទិវា​លំនៅដ្ឋាន​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ទេ​។ សមាគមគ្រូបង្រៀនកម្ពុជា​ឯក​រាជ្យ​​ (Independent Teachers Association)​  ក៏​ត្រូវ​បាន​បដិសេធមិន​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជា ធិបតេយ្យ​ និង​ដើរ​ក្បួន​​ទៅ​កាន់​ការិយា​ល័យ​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ចំការ​មន​ នៅ​ថ្ងៃអាទិត្យ​នេះ។

លោក ឡុង​ ឌីម៉ង់ អ្នក​នាំពាក្យ​សាលារាជ​ធានីភ្នំពេញ​ បាន​លើកឡើង​ថា  ការ​គំរាម​កំហែង​ ដែល​ព្រឹត្តិការណ៍​ទាំង​នេះ​មាន​ទៅ​លើ​ភ្ញៀវ​ទេស​ចរ និងចរា ចរណ៍​​អាចកើ​ត​ឡើង​ចេញពី​​សិទ្ធិ​ធម្មនុញ្ញ​របស់​ប្រជាជន​ ក្នុង​ការ​ទទួល​បាន​សេរីភាព​ប្រមូល​ផ្តុំ និ​ង​បញ្ចេញ​​មតិ​។ លោក​បាន​មាន​ប្រសាសន៍ថា “សមា​គមគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ និង​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន អាច​រៀប​ចំព្រឹត្តិការណ៍​ទាំង​នេះ​នៅ​ការិយាល័យ​របស់​ខ្លួន​ ឬក៏​ជួល​កន្លែង​ឯកជន​ណាមួយ​ដើម្បី​​ធ្វើ​បែប​នេះ​បាន​”។

លោក​លើកឡើង​បន្ថែម​ទៀត​ថា វត្ត​ភ្នំ​ គឺ​ជា​កន្លែង​ហាម​ឃាត់​ដោយ​សារ​តែ ​“បញ្ហា​​គ្មាន​សណ្តាប់​ធ្នាប់​ផ្នែកចរាចរណ៍​អាច​នឹង​កើ​ត​ឡើង​។ ដូច្នេះ​យើង​មិន​ចង់​ឲ្យ​ពួក​គេ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពួកគេ​ដោយ​ប្រើ​ផ្លូវ​សាធារណៈ​ទេ”។

វត្ត​ភ្នំ​ និង​ផ្លូវ​ព័ទ្ធ​ជុំវិញ​ គឺជាកន្លែង​ប្រមូល​ផ្តុំ​គ្នា​ដ៏មាន​ប្រជាប្រិយ​ភាព​ សម្រាប់​ស្ត្រី​រក​ស៊ី​​ផ្លូវ​ភេទ​ ដែល​ជារឿយ​ៗ​តែង​តែ​ចាប់​ផ្តើ​ម​សកម្មភាព​របស់​ខ្លួន​នៅ​ពេល​ព្រឹក​ព្រលឹម​​រហូត​ដល់​រំលង​អធ្រាត្រ​ ដោយ​មិ​ន​មាន​​ការ​​អន្តរាគមន៍​ពីអាជ្ញាធរក្រុង​ឡើយ។ នៅ​ពេល​ទទួល​បាន​សំណួរ​សួរ​ថា តើ​ហេតុ​​អ្វី​បាន​ជាសិទ្ធិ​ក្នុងការប្រមូលផ្តុំ​របស់​ពួក​គេ​​​ មិន​ត្រូវ​បាន​កាត់​បន្ថយ​ស្រដៀង​ៗ​គ្នា​ លោក​ ឌីម៉ង់ បាន​លើ​កឡើ​ងថា មិន​មាន​វិធី​ប្រាប់​ថា តើ​ស្ត្រីនៅ​វត្ត​ភ្នំ​ គឺ​ជា​ស្ត្រី​រក​ស៊ីផ្លូវ​ភេទ​​មែន​ ឬ​យ៉ាង​ណា​នោះ​ទេ​។ លោក​មាន​ប្រសាសន៍ថា “ពួកគេ​មិន​បាន​ពាក់​អ្វី ជា​គ្រឿង​​សម្គាល់​ច្បាស់​ទេ​”។ លោក​​បន្ត​ថា មិន​​មាន​​អ្វី បញ្ជាក់​ថា ពួក​គេជាស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​​។

សាលារាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា  ខ្លួន​កំពុង​តែ​ហាម​សមាគមគ្រូ​បង្រៀន​​កម្ពុជា​ឯករាជ្យ​មិន​ឲ្យ​រៀប​ចំ​ពិធី​ជួប​ជុំ​គ្នា​របស់​ខ្លួន​ ពីព្រោះ​ជិត​ដល់​ថ្ងៃ​ប្រារព្ធពិធី​បើក​ស្តូប​រូប​សំណាក​សម្តេច​ឪ​ នរោត្តម​ សីហនុ ពេក​ និង​ជិត​ដល់​ថ្ងៃ​រំឭក​ខួប​សោយ​ទីវង្គត​របស់​ព្រះ​អង្គ​ ដែល​នឹង​ត្រូវ​ប្រារព្ធនៅ​ថ្ងៃ​អង្គារ​។​
ទោះបីជា​មាន​ការ​ហាម​ប្រាម​ពីសំណាក់​សាលារាជធានីភ្នំពេញ​ក៏​ដោយ​ ក៏អង្គការ​​ក្រៅ​​រដ្ឋាភិបាល​ទាំង​ពី​របាន​លើកឡើង​ថា ពួក​គេ​នឹង​អនុវត្ត​ផែនការ​ដើម​របស់ពួក​គេ​ដែរ។

លោក​ សៀ ភារម្យ​ អគ្គលេខាធិការ​អង្គ​ការ​ក្រុម​ការ​ងារពិសេស​សិទ្ធិលំនៅដ្ឋាន​បាន​ថ្លែង​ថា “យើង​នៅ​តែ​ប្រកាន់​ខ្ជាប់​ផែនការ​របស់​យើង​ដោយ​ប្រមូល​ផ្តុំ​សហ​គមន៍​ដែល​រង​ផល​ប៉ះពាល់​ ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​មក​ពីបណ្តា​ខេត្ត​នានា នៅ​វត្ត​ភ្នំ​ មុន​ពេល​ដើរ​ក្បួន​​ទៅកាន់​សាលារាជធានី​ភ្នំ​ពេញ​”។ លោក​​រំពឹង​ថា ប្រជាជន​ប្រហែល​​១.០០០នាក់​​ ដែល​​រង​ប៉ះពាល់​ ដោយ​សារ​ការ​បណ្តេញ​ចេញ​​ពីលំនៅដ្ឋាន​ ឬ​ក៏​ប្រឈម ​នឹង​ការ​គំរាម​កំហែង​​បណ្តេញ​ចេញ​បែប​នេះ​នឹង​ចូល​រួម​ក្នុង​សកម្ម​ភាព​នេះ​​។​ លោក​​ រ៉ុង​ ឈុន ប្រធាន​សមា​គមគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​លើកឡើង​ថា សមាគមរបស់​លោក​ក៏មាន​ផែនការ​ដើរ​ក្បួន​ផង​ដែរ​៕​

ប្រែ​​​សម្រួល​​​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស