មន្ត្រីគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា គណបក្សនេះត្រូវបានហាមឃាត់មិនឲ្យធ្វើពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋសម្ដេចឪនរោត្តម សីហនុ នៅឯព្រះបរមរូបរបស់ព្រះអង្គ ហើយក៏មិនទទួលបានការអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍ផ្លូវការនៅថ្ងៃនេះ ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការយាងចូលទិវង្គតរបស់ព្រះអង្គ។
- ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ព្រះករុណាសម្ដេចព្រះនរោត្តម សីហនុ សង់ពីស្ពាន់តម្លៃ១,២លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការ ក្បែរវិមានឯករាជ្យ កាលពីថ្ងៃសុក្រ ។ (ស៊ីវ ចាន់ណា)
កាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះមហាក្សត្រ នរោត្តម សីហមុនី សម្ដេចម៉ែ នរោត្តម មុនីនាថ និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូប បានយាង និងអញ្ជើញចូលរួមក្នុងពិធីសម្ពោធព្រះបរមរូបសម្ដេចឪសង់ពីស្ពាន់តម្លៃ១,២លានដុល្លារ ប៉ុន្តែតំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិមិនបានចូលរួមក្នុងព្រឹត្តិការណ៍នោះទេ ដោយអះអាងថា ពួកលោកទើបតែទទួលបានការជួនដំណឹងនៅនាទីចុងក្រោយប៉ុណ្ណោះ ហើយលិខិតអញ្ជើញនោះបានតម្រូវឲ្យអ្នកចូលរួមស្លៀកពាក់ឯកសណ្ឋានកម្រិតទី២របស់រដ្ឋាភិបាល។
កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានធ្វើពិធីតាមប្រពៃណីព្រះពុទ្ធសាសនាមួយនៅទីស្នាក់ការខណ្ឌទួលគោករបស់គណបក្សនេះ ដើម្បីគោរពចំពោះសម្ដេចឪនរោត្តម សីហនុ ដែលបានយាងចូលទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំមុន ក្នុងជន្មាយុ៩០ព្រះវស្សា ប៉ុន្តែបានលុបចោលគម្រោងទៅគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនៅឯវិមានព្រះបរមរូបដែលស្ថិតនៅលើសួនជិតវិមានឯករាជ្យ ក្រោយពីសាលារាជធានីបានចេញបទបញ្ជាឲ្យនៅឆ្ងាយពីទីនោះ។
តែទោះជាយ៉ាងណា សកម្មភាពតែមួយគត់នៅជិតព្រះបរមរូបសម្ដេចឪ កាលពីម្សិលមិញ គឺវត្តមានរបស់មន្ត្រីនរគបាលបង្ក្រាបកុបកម្មប្រមាណ២០០នាក់ ដែលបានទៅដល់ទីនោះមុនពេលគណបក្សសង្គ្រោះជាតិធ្វើដំណើរឆ្ពោះទៅព្រះបរមរូបតាមការគ្រោងទុកនៅវេលាម៉ោង២រសៀល។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា “មិនមែនមានតែតំណាងគណបក្សសង្គ្រោះជាតិទេ។ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យទៅគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចឪឡើយនៅថ្ងៃនេះ ពីព្រោះ គេត្រូវបោសសំអាតនិងត្រៀមរៀបចំកន្លែងនោះសម្រាប់ពិធីខួបនៅថ្ងៃស្អែក”។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលធ្លាប់បម្រើការងារនៅក្នុងខុទ្ទកាល័យព្រះមហាក្សត្រ នរោត្តម សីហនុ មុនពេលក្លាយជាសមាជិកគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិកាលពីដើមឆ្នាំនេះ បានមានបន្ទូលថា បម្រាមមិនឲ្យគណបក្សប្រឆាំងធ្វើពិធីដោយសារតែគេត្រូវលាងសម្អាតព្រះបរមរូបមុនខួបមួយឆ្នាំនោះ គឺជារឿងនយោបាយ។
ព្រះអង្គម្ចាស់បានមានបន្ទូលថា “វាគ្រាន់តែជាលេសប៉ុណ្ណោះ ពីព្រោះពួកគេមិនចង់ឲ្យគណបក្សសង្គ្រោះជាតិធ្វើពិធីបានមុនពួកគេ។ គណបក្សប្រជាជនកម្ពុជា គ្រប់គ្រងរាជានិយម និងនិមិត្តរូបទាំងអស់របស់រាជានិយម ហើយពួកគេចង់ក្លាយជាអ្នកទី១[ដែលគោរពសម្ដេចឪ នរោត្តម សីហនុ មុនគេ]”។
ពេលសាកសួរថា តើហេតុអ្វីបានជាកិច្ចការលាងសម្អាតបន្តិចបន្តួចនេះ ត្រូវរារាំងគណបក្សសង្គ្រោះជាតិមិនឲ្យជួបជុំគ្នានៅឯព្រះបរមរូបនោះ លោក ហៀង ថារ៉េត អធិការរងខណ្ឌចំការមនបានមានប្រសាសន៍យ៉ាងខ្លីថា “អស់លោកបានដឹងពីមូលហេតុហើយ” មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។
ក្រោយពីធ្វើពិធីតាមព្រះពុទ្ធសាសនានៅឯទីស្នាក់ការរបស់ខ្លួន ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចឪរួច លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា គណបក្សរបស់លោកក៏ត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងពិធីខួបមួយឆ្នាំនៅថ្ងៃនេះដែរ។
លោក កឹម សុខា បានមានប្រសាសន៍ថា “យើងបានស្នើសុំគោរពព្រះវិញ្ញាណក្ខន្ធ [នៅឯវិមានព្រះបរមរូបសម្តេចឪ នរោត្តម សីហនុ] ពីគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ និងអន្តរជាតិ ហើយពួកគេបានប្រាប់យើងឲ្យរង់ចាំរហូតដល់ក្រោយថ្ងៃទី១៥ ខែតុលា។ យើងនឹងមិនទៅគោរពព្រះវិញ្ញាណក្ខន្ធនៅឯព្រះបរមរូបដោយមានរដ្ឋាភិបាលចូលរួមឡើយ ប៉ុន្តែយើងនឹងទៅដាច់ដោយឡែកនៅពេលមួយទៀត”។
លោក ឈិន កេតនា អគ្គលេខាធិការគណៈកម្មាធិការរៀបចំពិធីបុណ្យ បានអះអាងថា តំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សប្រឆាំងមិនត្រូវបានកំណត់កាលវិភាគឲ្យចូលរួមក្នុងខួបមួយឆ្នាំនេះឡើយ។ លោកបានមានប្រសាសន៍ថា “ពិធីនេះនឹងប្រារព្ធនៅម៉ោង៧ព្រឹកនៅឯព្រះបរមរូបសម្ដេចឪ…។ តំណាងមកពីស្ថាប័នទាំងអស់របស់រដ្ឋាភិបាលនឹងមានវត្តមាននៅទីនោះ”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងថា គណបក្សលោកក៏បានស្នើទៅទាំងគណៈកម្មាធិការរៀបចំពិធីបុណ្យនិងខុទ្ទកាល័យព្រះមហាក្សត្រដើម្បីសុំការអនុញ្ញាតធ្វើពិធីដាច់ដោយឡែកតូចមួយនៅព្រះបរមរាជវាំងនៅព្រឹកថ្ងៃស្អែក។ លោកបានមានប្រសាសន៍ទៀតថា “មនុស្សប្រាំមួយនាក់ ដែលគណបក្សបានចាត់តាំង នឹងទៅព្រះបរមរាជវាំង ដើម្បីសម្ដែងការគោរព ប្រសិនបើយើងទទួលបានការអនុញ្ញាត ប៉ុន្តែរហូតមកទល់ពេលនេះយើងមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេ”៕
ប្រែសម្រួលដោយ តែម សុខុម