42.2 C
Phnom Penh

ស្ថានភាព​​អ្នក​ទោសកាន់តែ​យ៉ាប់យ៉ឺន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​សៀមរាប​និង​ខេត្ត​បាត់​ដំបង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​លើ​ក​ឡើង​កាលពី​ម្សិល​មិញថា​ ស្ថាន​ភាព​កំពុ​ង​តែ​យ៉ាប់​យ៉ឺន​សម្រាប់​អ្នក​ទោស​រាប់​រយ​នាក់​ ដែល​ត្រូវ​បា​ន​ជម្លៀស​ដោយ​សារ​ទឹក​ជំនន់​ចេញពី​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​​ទៅ​កាន់​​​ពន្ធនា​គារ​​ខេត្ត​សៀម​​​រាប​និង​ខេត្ត​បាត់​ដំបង​ដែល​មាន​អ្នក​ទោស​ច្រើន​រួច​ទៅ​ហើយ ហើយ​អង្គការ​សិទ្ធិមនុស្ស​ នៅ​មិន​ទាន់​ច្បាស់នៅ​ឡើយ​ទេ ​ថា​តើ​ស្ថាន​ភាព​នេះនឹង​បន្ត​រហូត​ដល់​ពេល​ណា​ មុនពេល​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​វិល​មក​រក​សភាព​ធម្មតាឡើង​វិញ​។

អ្នក​ទោស​ចំនួន​៨៣៦​នាក់​នៅក្នុង​ពន្ធ​នាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​​​ត្រូវបាន​ជម្លៀស​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ បន្ទាប់​ទឹកជំនន់​បាន​បុក​បំបាក់​ជញ្ជាំង​ថ្ម​ រួច​ហូរ​យ៉ាង​ខ្លាំង​ចូល​ទៅក្នុង​បរិវេណ​​ពន្ធនា​គារ។ អង្គការ​សិទ្ធិមនុស្ស​បាន​លើក​ឡើងថា​​ ការ​ជម្លៀស​អ្នក​ទោសនេះ​បាន​ធ្វើ​ឲ្យ​ពន្ធនា​គារ​ខេត្ត​សៀមរាប​លើ​ស​សមត្ថ​ភាពផ្ទុក​​ចំនួន​១៧២ភាគ​រយ​ រី​ឯ​ពន្ធនាគារ​ខេត្ត​បាត់​ដំបង​វិញ​ក៏លើស​សមត្ថភាព​ផ្ទុកចំនួន​២១៦​ភាគ​រយ​ផងដែរ​ ហើយ​អ្នក​ទោស​​ឥឡូវ​នេះងាយ​នឹង​ឆ្លង​ជំងឺខ្លាំងណាស់​​ រីឯប្រព័ន្ធ​ពន្ធនាគារ​ក៏អាច​មាន​​បញ្ហាដែរ។​

លោក សារុន គ្រីតូហ្វ​ (Sharon Critoph) អ្នក​ផ្តល់​ប្រឹក្សា​គម្រោង​ពន្ធនាគារ​នៅអង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​លើក​ឡើង​​ថា ​​”​វា​គ្រាន់​តែ​ជា​ការ​ជម្លៀស​រយៈពេលខ្លី​​​​​​ប៉ុណ្ណោះ​ ប៉ុន្តែ​យើង​កំពុង​ព្រួយ​បារម្ភ​អំពី​ដំណើរ​ការ​នៅក្នុង​ពន្ធនាគារ​ ច្បាប់​និង​ប្រព័ន្ធ​តុលាការ​អំឡុង​ពេល​នេះ​”​។​ លោកបាន​ព្យាករ​ថា វាអាច​មាន​រយៈ​ពេល​បួន​ស​ប្តាហ៍​​រឺក៏លើស​ពីនេះ​ មុន​ពេល​ទឹកជំនន់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​បាន​ស្រក​អស់​ទៅ​​វិញ។​

លោក បាន​បន្ថែមថា ”អ្នក​ទោស​គួរតែ​មាន​សិទ្ធិទទួលបាន​ការ​បើក​​សវនាការ ជំនុំ​ជម្រះ​​ រឺក៏​ដោះ​លែង​នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយ ប៉ុន្តែ​ដោយសារ​ឥឡូវ​ត្រូវបាន​ជម្លៀស ហេតុដូច្នេះ​ពួក​គេ​កំពុង​ប្រឈម​នឹងការ​ត្រូវ​គេ​បំភ្លេចចោល​​ ជា​ពិសេស​ប្រសិន​បើ​ឯក​សារ​របស់​ពួក​គេ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​ទុក​ចោល​ ឬក៏​រង​ការ​ខូច​ខាត​ដោយ​សារ​ទឹក​ជំនន់នោះ​​”។​

លោក ហ៊ិន សុផល ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​បាន​មាន​ប្រសាសន៍​ថា ឯក​សារ​នៅ​ពន្ធនាគារ​របស់​លោក​ គឺ​មាន​សុវត្ថិ​ភាពជាធម្មតា​​។
លោក​បាន​លើក​ឡើងថា”ឯកសារ​ពាក់​ព័ន្ធ​នឹង​អ្នក​ទោស​មិន​បាន​បាត់​បង់​ឬ​ក៏​ខូច​ខា​ត​នោះ​ឡើយ”​​។ លោកបាន​បដិសេធ​​មិន​រៀប​រាប់​ថា តើ​ដំណើរ​ការរបស់​​តុលាការ​​នឹង​បន្ត​ដោយ​របៀប​ណានោះទេ​​ ខណៈ​ពន្ធនាគារ​របស់​​​លោកកំពុង​នៅមាន​ទឹក​ជំនន់​នៅ​ឡើយ​។

វាគឺ​រឿង​សាមញ្ញ​ទៅ​ហើយ​នៅ​​​កម្ពុជា​ដែលពន្ធនាគារ​មាន​អ្នក​ទោស​ច្រើននោះ​។ របាយការណ៍​ដែល​ចេញ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​នៅ​ក្នុង​ឆ្នាំ​នេះ បាន​បង្ហាញ​   ថា មាន​តែ​ពន្ធនាគារ​ចំនួន​ពីរ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពន្ធនាគារ​ចំនួន​១៨​ ដែល​ខ្លួន​បាន​ឃ្លាំ​មើល​ មាន​អ្នក​ទោស​ក្រោម​កម្រិត​១០០​ភាគ​រយ​ ប៉ុន្តែក្រៅ​ពី​នេះ​មាន​អ្នក​ទោស​លើស​​ពី​សមត្ថ​ភាព​ផ្ទុក​ទ្វេដង​។

លោក រ៉ាន វណ្ណឆន អ្នក​ស្រាវ​ជ្រាវ​ពី​ពន្ធ​នាគារ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា អ្នក​ទោស​ជា​ស្ត្រី​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់​ដំបង​ ត្រូវ​បាន​ជម្លៀស​ទៅ​​កន្លែង​ពិនិត្យ​សុខភាព​​ដែល​ស្ថិត​នៅក្នុង​​ពន្ធនាគារ​នេះ ដើម្បី​ទុក​កន្លែង​ទំនេរ​សម្រាប់​ឲ្យ​អ្នក​ទោស​ថ្មី​មកពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ចំនួន​៣៤៤​នាក់​ដេក​។ លោក​បាន​មានប្រសាសន៍​ថា ពន្ធនាគារ​កំពុង​តែជួប​បញ្ហា​ក្នុង​ការ​ស្វែង​រក​ទី​កន្លែង​ឲ្យ​អ្នក​ទោស​ដេក​។ ពី​មុន​មាន​អ្នក​ទោស​ប្រហែល​​១៣​នាក់​ក្នុង​មួយ​បន្ទប់ ប៉ុន្តែ​ឥឡូវ​មាន​ទោស​១៨នាក់​ ឬក៏​១៩​នាក់”។

លោក ស វណ្ណារ៉ា អ្នក​ស្រាវ​ជ្រាវ​ពី​ពន្ធ​នាគារ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​សៀម​រាប បាន​លើក​ឡើង​ថា ពន្ធនាគារ​មិន​មាន​កន្លែង​ទំនេរ​គ្រប់​គ្រាន់​សម្រាប់​អ្នក​ទោស​ទាំង​អស់​ដេក​ឡើយ។ លោក​បាន​លើក​ឡើង​ថា វា​លំបាក​ណាស់​សម្រាប់​​​អ្នក​ទោស​ក្នុងការ​ដេក​នៅ​ទីនេះ​។ គ្រប់​ពេល​ដែល​អ្នក​ទោស​ភ្ញាក់ ហើយ​ចាក​ចេញ​ពី​កន្លែង​របស់​ខ្លួន អ្នក​ផ្សេង​នឹង​យក​កន្លែង​ ដេក​វិញ​ម្តង”។ លោក​បាន​លើក​ឡើង​បន្ត​ថា ”បញ្ហា​អនា​ម័យ​គឺ​មិន​មាន​បញ្ហា​អ្វី​ទេ​នៅ​ទី​នេះ ប៉ុន្តែ ប្រសិន​បើ​អ្នក​ទោស​នៅ​ទីនេះលើ់ស​ពីជាង​មួយ​សប្តាហ៍​នោះ​ នឹង​មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើង”។

លោក អ៊ែនឌ្រា អាសឺប៊ីស (Andrea Acerbis) ប្រធាន​ការិយាល័យនៃ​គណៈ​កម្មការ​កាក​បាទ​ក្រហម​អន្តរ​ជាតិប្រចាំ​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា អង្គការ​របស់​លោក​បាន​ចែក​មុង​ ស្បៀងអាហារ អង្រឹង​ សម្ភារ​សម្រាប់​ការពារ​អនាម័យ​ និងថ្មាំពេទ្យ​ទៅ​កាន់​ពន្ធនា​គារ​ដែល​មាន​អ្នក​ទោស​យ៉ាង​ច្រើន​​ចំនួន​ពីរ។
លោក​បាន​មាន​ប្រសាសន៍​ថា “ជាក់ស្តែង​​ វា​​មិន​មែន​ជាស្ថាន​ភាព​ល្អ​​នោះ​ទេ​ ហើយ​វា​អាច​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​សុខ​ភាព ប៉ុន្តែ វា​គឺ​ជា​ស្ថាន​ភាព​បន្ទាន់​ ហើយ​កំពុង​តែ​ខិត​ខំប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថ​ភាព”។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ”អ្នក​ទោស​ [ដែល​ត្រូវ​បាន​ជម្លៀស] បាន​ដឹង​ខ្លួន​ឯង​ថា ប្រសិន​បើ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​ ពួក​គេ​នឹង​ត្រូវ​លិច​លង់​ក្នុង​ទឹក​ជំនន់​កម្ពស់​ប្រហែល​១,៧​ម៉ែត្រ​ ហេតុ​ដូច្នេះ​បានស្នាក់​នៅ​ពន្ធនាគារ​ដែល​ខ្លួន​ត្រូវ​បាន​ជម្លៀស​ទៅ​ វាគឺ​រឿង​ដ៏​ប្រសើរ​បំផុត​”។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​​កាល​ពី​ម្សិល​មិញ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​​ព្រមាន​ថា ព្យុះ​ត្រូពិច​ណារី នឹង​បោក​បក់​​មក​លើ​ប្រទេស​វៀត​ណាម​នៅ​ថ្ងៃ​ពុធ​ ដោយ​បង្ក​​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទូទាំង​ប្រទេស​កម្ពុជា និង​ធ្វើ​ឲ្យ​កម្រិត​ទឹក​កើន​​ឡើង៕
ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស