38.8 C
Phnom Penh

និរទេស​ជន​ខ្មែរពី​អាមេរិកត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឃាតកម្ម​​នៅ​​ខេត្ត​បាត់​ដំបង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យដឹង​កាល​ពីម្សិលមិញ​ថា និរទេស​ជន​ខ្មែរ​ម្នាក់ អាយុ​៣៦​ឆ្នាំ​​ ដែល​មក​ពី​សហ​រដ្ឋ​អាមេរិក​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​​​ថ្ងៃ​​​​សុក្រ​ និង​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​ធ្វើ​ឃាត​បុរ​ស​អាយុ​១៩​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ស្រុក​​​កំរៀង​ ខេត្ត​បាត់​ដំបង​។

លោក ឆែម គឹម​ហុង​ អធិការ​នគរបាល​ស្រុក​បាន​ឲ្យដឹងថា សាក​សពជនរងគ្រោះ​ឈ្មោះ​ ទេព ទិត្យ​សំអុល​ ត្រូវបាន​គេ​ប្រទះ​ឃើញ​នៅក្នុងបរិវេណ​អនុវិទ្យា​ល័យ​​មួយ​​​កាល​ពីថ្ងៃ​ទី១៦​ ខែ​តុលា​ និងមាន​របួសនៅ​​​ក្បាលដោយសារត្រូវបាន​កាប់​នឹង​ពូថៅ​។

លោក​ គឹម​ហុង​ បាន​មានប្រសាសន៍ថា “ជន​រង​គ្រោះ​ត្រូវ​បាន​កាប់​នឹងពូថៅ​ចំក្បាល​​ចំនួនបី​ពូថៅ​​ ហើយ​គាត់​បាន​ស្លាប់​​ក្នុង​បរិ​វេណ​អនុវិទ្យាល័យ​ កាល​ពីយប់​ថ្ងៃអង្គារ​”។​លោក​បន្ត​​ថា ជន​សង្ស័យ​ឈ្មោះ​ ញឹម សំអាត បាន​លួង​លោម​ជន​រង​គ្រោះ​ដោយ​យក​​​​​​​​លេស​​ថា គ្រួសារ​ខ្លួនចង់​ជួប​ជន​​​រង​​​គ្រោះ​។

លោក​ គឹម​ហុង​ បាន​មាន​ប្រសាសន៍បន្ត​​​ថា “ជន​សង្ស័យ​បាន​បញ្ចុះ​បញ្ចូល​ជន​រង​គ្រោះ​ឲ្យ​ទៅ​លេងគ្រួសារ​របស់​ខ្លួន​នៅ​ឯ​ស្រុក ​កំរៀង​ ទាំងយប់។ ជន​សង្ស័យ​បាន​សារ​ភាព​ថា ខ្លួន​បាន​បញ្ចាំម៉ូតូ​របស់​ជន​រងគ្រោះ​បាន​ប្រាក់​៣០០.០០០រៀល​ [​ប្រហែល​៧៥​ដុល្លារ​]​ ដើម្បីទិញ​គ្រឿង​ញៀន​”។ ម្ចាស់​ហាង​បញ្ចាំ​រួម​ជាមួយ​សាច់​ញាតិ​ពី​រ​នាក់​របស់​ជន​​​សង្ស័យឈ្មោះ សំអាត​ ដែល​បាន​ជួ​យគាត់​ក្នុង​ការ​​បញ្ចាំម៉ូតូ​នេះ​ ក៏​ត្រូ​វបាន​ចាប់​ខ្លួន​ផងដែរ និងត្រូវ​បាន​​ចោទ​ប្រកាន់​​ពី​បទ​សម​គំនិត​។

លោក អឿន​ ទិត្យ​ អធិការ​នគរបាល​ស្រុក​​​​​បវេល បាន​ឲ្យដឹងថា ជន​​​សង្ស័យ​​​ឈ្មោះ ញឹម សំអាត​ បាន​រស់​នៅ​ក្នុង​ស្រុក​របស់​លោក​ចាប់​​តាំង​ពីជន​​​នេះត្រូវ​បាន​និរទេស​ពី​សហ​រដ្ឋ​អាមេរិក​ កាលពី​ប្រាំ​ឆ្នាំ​មុន​ ហើយ​ កន្លង​មក​ ជន​​​នេះ​បាន​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​​​​​កម្ពុជា​​ តាមការ​ចោទ​ប្រកាន់ថា ​ទាក់​ទង​នឹង​គ្រឿង​​ញៀន​៕​​

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស