រយៈពេលប្រាំមួយឆ្នាំបន្ទាប់ពីបុរសពាក់ម៉ាស់បាញ់ត្រូវចំក និងត្រគាកតាមផ្លូវទៅសាលារៀនភាសាអង់គ្លេសមួយកន្លែង តារាចម្រៀង ពៅ បញ្ញាពេជ្រ បានចេញសម្ដែងជាសាធារណៈលើកដំបូង កាលពីម្សិលមិញចាប់តាំងពីបានរងការបាញ់ប្រហារនោះមក ដែលធ្វើឲ្យរូបនាងពិការត្រឹមចង្កេះចុះក្រោម អំឡុងព្រឹត្តិការណ៍រៃអង្គាសប្រាក់មួយនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក្នុងរាជធានីភ្នំពេញ។

និស្សិតរាប់រយនាក់បាននាំគ្នាអបអរសាទរ ខណៈកញ្ញា ពៅ បញ្ញាពេជ្រ អាយុ៣០ឆ្នាំចាប់ផ្ដើមច្រៀងពីក្រោយអេក្រង់បញ្ចាំងស្លាយ ដែលបានរំលេចរូបរបស់តារាចម្រៀងរូបដែលបានរំលេចរូបរបស់តារាចម្រៀងរូបនេះយឺតៗ។ សំឡេង និងរូបរាងរបស់តារាចម្រៀងរូបនេះស្រដៀងនឹងពេលដែលនាងមិនទាន់រងការបាញ់ប្រហារ ដែលនគរបាលអះអាងថា ជាការសងសឹកដែរ។
កញ្ញា ពៅ បញ្ញាពេជ្រ បានច្រៀងបទទី១ក្នុងចំណោមចម្រៀងចំនួនបីបទពេលអង្គុយលើកៅអីភ្នាក់ដៃក្នុងសម្លៀកបំពាក់រ៉ូបពណ៌សលាយផ្កាពណ៌ខ្មៅ ថា “ បើយើងនៅមានសង្ខា គឺយើងនៅមានវាសនា ជីវា៉កុំអស់សង្ឃឹម” ។
កញ្ញាច្រៀងបន្តថា “ មេឃស្រឡះក្រោយភ្លៀងរលឹម ហេតុអ្វីមិនហា៊នញញឹម សង្ឃឹមថ្ងៃមួយមិនខាន”។
ទោះបីជាសំឡេងរបស់នាងមិនសូវល្អដោយសារត្រូវគ្រាប់កាំភ្លើងចំបំពង់ក ដែលឥឡូវមានស្នាមប្រវែង២,៥២សង់ទីម៉ែត្រនៅត្រង់កក៏ដោយ ក៏ស្នាមញញឹមរបស់កញ្ញា ពៅ បញ្ញាពេជ្រ នៅតែដូចស្នាមញញឹមមុនពេលរងការវាយប្រហារនៅពេលនាងធ្វើជាតារាចម្រៀង និងពិធីការិនីកម្មវិធីខារ៉ាអូខេ នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍អប្សរានោះ។ក្រោយពេលចាប់ផ្តើមបទចម្រៀងនីមួយៗ អ្នកគាំទ្របាននាំគ្នាយកផ្កាជូននាងយ៉ាងច្រើន ខណៈរូបនាងកំពុងច្រៀងបន្ត។
ថ្លែងបន្ទាប់ពីការសម្ដែងដែលជាផ្នែកមួយនៃព្រឹត្តិការណ៍រៃអង្គាសប្រាក់សម្រាប់កម្មវិធីមួយឈ្មោះ “ បោះបង់ចោលអ្វីៗ រួចចាប់យកការអាន” ដែលបង្កើតឡើងដោយនិស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ កញ្ញា ពៅ បញ្ញាពេជ្រ និយាយថា នាងបានបោះបង់ចោលក្ដីសង្ឃឹមដែលថា នគរបាលនឹងវែកមុខជនដៃដល់ដែលបាញ់ប្រហារមកលើរូបនាងពេលនាងមានអាយុ២៣ឆ្នាំនោះហើយ។
នាងបាននិយាយថា “ ខ្ញុំលែងសួរពីរឿងនេះទៀតហើយ ហើយនគរបាលក៏មិនបានប្រាប់អ្វីដល់ខ្ញុំដែរ។ ខ្ញុំផ្ដោតតែលើរឿងមួយគឺថា តើគួរធ្វើដូចម្ដេចទើបសុខភាព និងជីវិតរបស់ខ្ញុំបានប្រសើរឡើងប៉ុណ្ណោះ”។ នាងបន្តថា កត្តាមួយដែលជំរុញឲ្យនាងវិលត្រឡប់ឡើងលើឆាកម្ដងទៀត គឺដោយសារតែនាងត្រូវការប្រាក់សម្រាប់បង់ថ្លៃព្យាបាល។
នាងបាននិយាយមុនពេលឡើងលើឆាកថា “ ខ្ញុំមិនអាចដើរទៅណាទៀតបានឡើយ ហើយសុខភាពខ្ញុំឥឡូវនេះ គឺខ្សោយណាស់ ប៉ុន្តែ ខ្ញុំបានប្រសើរឡើងហើយ ហើយខ្ញុំក៏អាចច្រៀងបានដែរ”។ នាងបាននិយាយបន្តថា “ ទោះបីជាខ្ញុំក្លាយជាជនពិការក៏ដោយ ប៉ុន្តែចិត្តរបស់ខ្ញុំមិនពិការឡើយ” ។
បន្ទាប់ ពីនាងរងការបាញ់ប្រហារ ដែលសាក្សីបានអះអាងថា បុរសពាក់ម៉ាស់ជិះមូ៉តូនៅពីក្រោយជាអ្នកបាញ់នោះ កញ្ញា ពៅ បញ្ញាពេជ្រ ត្រូវបានគេដឹកយ៉ាងប្រញាប់ប្រញាលទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ ក្នុងស្ថានភាពធ្ងន់ មុនពេលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅប្រទេសវៀតណាម កន្លែងដែលនាងបានចំណាយពេលព្យាបាលរាប់ខែដើម្បីឲ្យជាសះស្បើយជាបណ្ដើរៗឡើងវិញ។
នៅពេលព្រឹកបន្ទាប់ពីនាងបានរងការបាញ់ប្រហារ អ្នកគាំទ្រ និងអ្នករួមអាជីពរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅមន្ទីរពេទ្យ ដើម្បីសម្ដែងការគាំទ្រចំពោះកញ្ញា ពៅ បញ្ញាពេជ្រ ។
ក្រោយការបាញ់ប្រហារបានប៉ុន្មានថ្ងៃ នគរបាលបានចាប់ខ្លួនបុរសបួននាក់ពីបទប្រើអាវុធខុសច្បាប់ ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការបាញ់ប្រហារមកលើកញ្ញា ពៅ បញ្ញាពេជ្រ នេះឡើយ។
កញ្ញា ពៅ បញ្ញាពេជ្រ ស្ថិតក្នុងចំណោមតារាវ័យក្មេងជាច្រើនដែលកាលពីជាង១៥ឆ្នាំមុនសុទ្ធតែជាជនរងគ្រោះនៃការវាយប្រហារដ៏ព្រៃផ្សៃ ហើយឧក្រិដ្ឋជនមិនដែលត្រូវបានចាប់ខ្លួនយកមកផ្ដន្ទាទោសឡើយ។
តារាចម្រៀងដ៏ល្បីគឺ កញ្ញា ទូច ស្រីនិច ត្រូវខ្មាន់កំាភ្លើងបាញ់ប្រហារចំនួនពីរគ្រាប់ចំមុខ និងចំក កាលពីឆ្នាំ២០០៣។ ហើយខ្មាន់កំាភ្លើងនោះក៏បានបាញ់សម្លាប់ម្ដាយរបស់នាងនៅចំពោះមុខនាងផងដែរ។ នៅពេលនាងមានអាយុ២៤ឆ្នាំ នាងត្រូវបានផ្ដល់សិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ប៉ុន្តែនាងត្រូវពិការត្រឹមកចុះក្រោមរួចទៅហើយ។
រីឯតារាសម្ដែងកាយវិការខារ៉ាអូខេ និងតារាចម្រៀង តាត ម៉ារីណា វិញ បានរងរបួសលើផ្ទៃមុខ និងផ្នែកខ្លះនៃដងខ្លួនរបស់នាងកាលពីឆ្នាំ១៩៩៩ បន្ទាប់ពីបានរងការវាយប្រហារដោយទឹកអាស៊ីត ដែលប្រពន្ធរបស់លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីជាអ្នកប្រព្រឹត្តនោះ។ កញ្ញា តាត ម៉ារីណា សព្វថ្ងៃក៏ទទួលបានសិទ្ធិជ្រកកោននៅអាមេរិកដែលជាកន្លែងនាងចំណាយពេលរាប់ឆ្នាំដើម្បីព្យាបាលមុខដែលរងការរលាកដោយសារទឹកអាស៊ីតដែរ។
នៅក្នុងឆ្នាំដដែលនោះ អ្នកនាង ពិសិដ្ឋ ពីលីកា តារាសម្ដែង និងជាអ្នករាំរបាំដែលមានអ្នកស្រឡាញ់ចូលចិត្តច្រើនបំផុតនៅកម្ពុជានោះត្រូវបានបាញ់សម្លាប់នៅកាច់ជ្រុងផ្លូវដ៏មមាញឹកមួយនៅផ្សារអូរឫស្សី។ គ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួនឡើយ ប៉ុន្តែសមាជិកប្រហែល២០នាក់នៃក្រុមគ្រួសារដ៏ធំរបស់អ្នកនាង ពិសិដ្ឋ ពីលីកា ត្រូវបានផ្ដល់សិទ្ធិជ្រកកោនផ្នែកនយោបាយ ពីព្រោះពេលនោះមានគេអះអាងថា អ្នកនាងត្រូវគេសម្លាប់ដោយសាររូបនាងជាស្រីកំណាន់របស់មន្ត្រីជាន់ខ្ពស់មួយរូបក្នុងជួររដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា។
ពេលអង្គុយខាងក្រោយគេក្នុងចំណោមទស្សនិកជនដែលបានទៅចូលរួមក្នុងការសម្ដែងរបស់កញ្ញា ពៅ បញ្ញាពេជ្រ កាលពីម្សិលមិញ និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ ម្នាក់ឈ្មោះ ស្វាយ សុដានី អាយុ២៣ឆ្នាំបាននិយាយថា នាងមានមោទនៈភាពណាស់ដោយ
ឃើញតារាចម្រៀងដែលបទចម្រៀងរបស់ ខ្លួននៅតែមានការពេញនិយមក្នុងចំណោមយុវជនខ្មែរ វិលមកសម្ដែងជាសាធារណៈជាថ្មីម្ដងទៀត។
កញ្ញា សុដានី បាននិយាយថា “ គាត់មានចិត្តក្លាហានណាស់ ដែលបានបង្ហាញមុខឡើងវិញម្ដងទៀត បន្ទាប់ពីមានហេតុការណ៍អាក្រក់ កើតឡើងចំពោះរូបគាត់”។ កញ្ញាបន្តថា ការដែលអាជ្ញាធរមិនអាចចាប់ខ្លួនអ្នកបាញ់កញ្ញា ពៅ បញ្ញាពេជ្រ ឬអ្នករួមអាជីពដែលរងរបួស ឬស្លាប់ផ្សេងទៀតជារឿងគួរឲ្យសោកស្ដាយ ប៉ុន្តែ អាចស្មានដឹងមុន។
កញ្ញានិយាយថា “ ហេតុការណ៍ទាំងអស់ដែលបានកើតឡើងចំពោះតារាសម្ដែង និងតារាចម្រៀងសុទ្ធតែមិនត្រូវបានដោះស្រាយឡើយ។ គ្មានយុត្តិធម៌ទេវាជារឿងធម្មតាទៅហើយ ក្នុងប្រទេសកម្ពុជា ។ ហើយខ្ញុំពិតជាមានការសោកស្ដាយខ្លាំងណាស់”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង