32.5 C
Phnom Penh

ក្រុមការពារ​បរិស្ថាន​ និង​អ្នក​ដឹក​នាំសហគមន៍​អំពាវ​នាវ​ឲ្យ​ប្រជាជន​ឈប់​ពិសា​ស្រាបៀរ​អង្គ​រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ការពារ​បរិស្ថាន​ និង​អ្នក​ដឹកនាំ​សហគមន៍​មួយ​រូប​នៅខេត្ត​ស្ទឹង​ត្រែង​បាន​​អំពាវ​នាវ​ឲ្យ​ប្រជាជន​ទូទាំង​ប្រទេស​ឈប់​ គាំ​ទ្រ​​ក្រុម​ហ៊ុន​ស្រា​បៀ​រ​អង្គរ​ ដើម្បី​ប្រឆាំងនិង​​ទំនាក់​ទំនង​របស់​ក្រុមហ៊ុន​ភេសជ្ជៈមួយ​នេះ​​ក្នុង​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិ​សនី​ ​ ដ៏​ចម្រូង​ចម្រាស​នៅ​ប្រទេស​ឡាវ​។

ប្រទេស​ឡាវ​ បាន​ប្រកាសកាល​ពីដើម​ខែ​នេះថា ខ្លួន​នឹង​ចាប់​ផ្តើម​សាង​សង់​ទំនប់​វារី​អគ្គិសនី​ ដន សាហុង ដែលមាន​កម្លាំង​២៦០​មេហ្គាវ៉ាត់​ និង​ស្ថិត​នៅ​ប្រហែល​​មួយ​​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ប្រទេស​កម្ពុជា​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។ អ្នក​ជំនាញផ្នែក​បរិស្ថាន​បាន​លើក​ឡើង​ថា ទំនប់​វារីអគ្គិសនី​នេះ អាច​នឹង​បិទ​ចរន្ត​ផ្លាស់​ទី​របស់​ត្រី​ ដែល​អាច​ជា​ហេតុ​បណ្តាល​ឲ្យ​​មាន​ផល​ប៉ះពាល់​យ៉ាង​អាក្រក់​​ដល់​បណ្តា​សហគមន៍​​ដែល​រស់​នៅ​ក្បែរ​មាត់​ទន្លេ​ក្នុង​ប្រទេស​កម្ពុជា​។

លោក សៀក មេគង្គ ប្រធាន​សហគមន៍​ស្រែ​គរ​ ក្នុង​ស្រុក​​សេសាន ខេត្ត​ស្ទឹង​ត្រែង​បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញថា “ដៃ​មួយ​កំពុង​ផលិត​ស្រាបៀរ​សម្រាប់​បំផ្លិច​បំផ្លាញ​សុខភាព​របស់​ប្រជាជន​កម្ពុជា​យើង​ ចំណែក​ដៃ​ម្ខាង​ទៀត​កំពុង​តែ​សាង​សង់​ទំនប់​វារីអគ្គិសនី​ដែល​នឹង​បំផ្លិច​បំផ្លាញ​វិស័យ​ជល​ផល​របស់​យើង​”។ ស្រុក​សេសាន គឺជា​ដើម​ដៃ​ទន្លេ​ធំៗ​ពី​រ​នៃ​ទន្លេ​មេគង្គ​ គឺ​ទន្លេ​សេសាន​ និង​ទន្លេ​ស្រែ​ពក​។

ក្រុមហ៊ុនដែល​ទទួល​បន្ទុក​ចំពោះ​គម្រោង​សាង​សង់​​ទំនប់​វារីអគ្គិសនី​នេះ​ គឺ​ក្រុមហ៊ុន​វិនិយោគ​ម៉ាឡេស៊ី​ ឈ្មោះ មេហ្គា ហ្វើស ខប​​ភើ​រ៉េសិន​ ប៊ី​អេចឌី​ (Mega First Corporation Bhd) ។ អ្នក​ដែល​​ជា​ប្រធាន​ក្រុម​ហ៊ុន​នេះ គឺ​​ លោក​ ហ្គោ ណាន់​ កយ​ (Goh Nan Kioh) ។​ តំណាង​ក្រុមហ៊ុន​ មេហ្គា ហ្វើស បាន​ឲ្យ​ដឹង​កាល​ពីសប្តាហ៍​មុន​ថា លោក ហ្គោ ក៏​ជា​នាយក​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ដ៏ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ គឺ​ក្រុមហ៊ុន​ ខេម​ប្រ៊ូ​ ដែល​ជាក្រុមហ៊ុន​ផលិត​សាបៀរ​អង្គរ​ដ៏​មាន​ប្រជាប្រិយ​ភាព​។ ក្រុមហ៊ុន​នេះ​កាន់​កាប់​ភាគ​ហ៊ុន​៥០​ភាគរយ​នៅក្នុង​ក្រុម​ហ៊ុន​វិនិយោគ​រួមមួយ​ ជាមួយ​ក្រុមហ៊ុន​​កាសប៊ែរ​ (Carlsberg) ។
ក្រុមហ៊ុន ខេម​ប្រ៊ូ បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ​ធំបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពីវិនិយោគិន​ម៉ាឡេសីុ​បាន​ចូល​កាន់​កាប់​​ក្រុមហ៊ុន​ អង្គរប្រ៊ូ​វើ​រី​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ កាល​ពីឆ្នាំ​១៩៩១​។

លោក មៀច មាន​ អ្នក​សម្រប​សម្រួល​បណ្តាញ​ការ​ពារ​ទន្លេ​ ស៊្រី អេស (3S Rivers Protection Network) ដែល​ជា​អង្គការ​តស៊ូ​មតិ​ក្នុង​ស្រុក​មួយ​ ដែល​ធ្វើ​ការ​សម្រាប់​សហ​គមន៍​​ ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ ក៏​បាន​រិះគន់​​​ការ​ពាក់​ព័ន្ធ​ទាំង​ពីរ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​​នៅ​ក្នុង​អាជីវកម្ម​ស្រាបៀរ​ និង​គម្រោង​ទំនប់​វារី​អគ្គិសនី​ផង​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​ លោក​ក៏​បាន​អំពាវ​នាវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឈប់​ពិសា​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ ខេម​ប្រ៊ូ​ ទៀត​ផង​។

លោក​បាន​អះអាង​ថា “អ្នក​ដែល​​កំពុង​តែ​ទទួល​បាន​ប្រាក់​ចំណូល​ពី​ប្រទេស​របស់​យើង​ ក៏​កំពុង​តែ​បំផ្លាញ​ប្រទេស​របស់​យើង​ផង​ដែរ​”។ លោក​បន្ត​ទៀត​ថា “ចំពោះ​រដ្ឋា​ភិបាល​កម្ពុជា​ ប្រទេស​ជិត​ខាង​ និង​ចំពោះ​​ប្រជាពល​រដ្ឋ​ដែល​ពិសាស្រា​បៀរ​អង្គរ​ សូម​ពិចារ​ណា​​អំពី​បញ្ហា​នេះ​ ប្រសិនអ្នក​ស្រឡាញ់​​ទន្លេ​មេគង្គ​”។ លោក​បាន​បន្ត​ថា “យើងមិន​គួរ​បន្ត​គាំទ្រ​សាបៀរ​នេះ​ទៀត​ទេ​”។

នៅក្នុង​របាយការណ៍​សិក្សា​ស្រាវ​ជ្រាវ​មួយ​កាល​ពី​​ឆ្នាំ​២០០៩​​ទាក់​ទង​ទៅ​នឹង​ហេតុ​ប៉ះពាល់​នៃ​គម្រោង​ទំនប់​វារី​អគ្គិសនី​ ដន សាហុង​ លោក អៀន ប៊ែរ (Ian Baird) សាស្ត្រា​ចារ្យ​​ផ្នែក​ភូមិសាស្ត្រ​នៅ​ឯសាកល​វិទ្យា​ល័យ​ វីសខុន​ស៊ីន ម៉ាឌីសុន (University of Wisconsin-Madison)​ បាន​លើក​ឡើង​ថា ផល​ប៉ះ​ពាល់​ទៅ​លើ​ចល័ត​ភាព​របស់​ត្រី​ពិត​ជាមាន​ និង​មិន​អាច​ត្រឡប់​ក្រោយ​វិញបាន​ទេ​។

កាល​ពីសប្តាហ៍​មុន តំណាង​ក្រុមហ៊ុន មេហ្គា​ ហ្វើស បាន​អះអាង​ថា ទំនប់វារី​អគ្គិ​សនី​នេះ​នឹង​ធ្វើ​ឲ្យ​បរិស្ថាន​ប្រសើ​រឡើង​ និង​ជួយ​សម្រួល​ដល់​ការ​បម្លាស់​ទីរបស់​ត្រី​ ក៏​ប៉ុន្តែ ពួក​គេ​មិន​បាន​​បង្ហាញ​របាយការណ៍​ស្តី​ពី​​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​បង្ក​ឡើង​ដោយ​​គម្រោង​ទំនប់​វារី​អគ្គិសនី​នេះ​ទេ​។ ការ​ហៅ​ទូរស័ព្ទ​ទៅកាន់​ផ្នែក​ផលិត​ និង​ផ្នែក​លក់​ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​ ខេម​ប្រ៊ូ​ មិន​ទទួល​បាន​​ការ​ឆ្លើយ​តប​ទេ​កាល​ពីម្សិល​មិញ​។ តំណាង​មួយ​រូប​នៅ​ការិយាល័យ​ក្រុម​ហ៊ុន​​ ខេមប្រ៊ូ​ នៅ​ប្រទេស​ម៉ាឡេសីុ​ ក៏​បាន​បដិសេធមិន​ធ្វើ​សេចក្តីអត្ថាធិប្បាយ​​ផង​ដែរ​ ដោយ​គ្រាន​់តែ​និយាយ​ថា លោក ហ្គោ ទំនង​ជាមិន​ឆ្លើយ​សំណួរ​ទេ​។

លោក​ យើង ជី ណេង (Yeong Chee Neng) នាយក​គម្រោង​ទំនប់​វារីអគ្គិសនី​ ដន សាហុង​ របស់​ក្រុមហ៊ុន​ មេហ្គា ហ្វើស បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ ខេមប្រ៊ូ គឺជា​ “ អាជីវកម្ម​​ឯកជន​” របស់​លោក ហ្គោ ។ លោក យើង បាន​មាន​ប្រសាសន៍ថា “វាស្រេច​តែ​ពួក​គេ​ [​ឈប់​ប្រើ​ប្រាស់​ផលិត​ផល​របស់​ក្រុមហ៊ុន​នេះ​]​ ។​ក៏ប៉ុន្តែ [​ លោក ហ្គោ] មិន​មែន​ជា​សមាជិក​ភាគ​ហ៊ុន​សំខាន់​​ [ នៅ​ក្នុង​ក្រុមហ៊ុន​ ខេមប្រ៊ូ​] ទេ​ ដូច្នេះ​ពួក​គេកំពុង​តែ​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ផ្សេងទៀត​”។

លោក​បាន​បន្ត​ថា លោក​មិន​អាច​និយាយ​អំពី​ក្រុមហ៊ុន​ ខេម​ប្រ៊ូ បាន​ទេ​ ពីព្រោះក្រុមហ៊ុន​ទាំង​ពីរនេះ​មិន​ពាក់​ព័ន្ធ​គ្នាទេ​​។ លោក​បាន​មាន​ប្រសាសន៍​ថា “វាមិន​មាន​ការ​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​ មេហ្គា​ ហ្វើស​ ទេ​”។

លោក​ ភៀនផន ឌីតេស  (Pianporn Deetes) អ្នក​សម្រប​សម្រួល​ជនជាតិ​ថៃ​នៅ​អង្គការ​ការពារ​ទន្លេ​អន្តរជាតិ​ (International Rivers) ក៏​បាន​លើកឡើង​ផង​ដែរ​ថា ក្រុមហ៊ុន​នានា​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ច្រើន​ជាង​នេះ ក្នុង​ការ​គិត​អំពី​របៀប​នៃការ​​បោះ​ទុន​វិនិយោគ​​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ផ្សេង​​។ លោក​ ភៀន​ផន បាន​លើក​ឡើង​នៅ​ក្នុង​អ៊ីម៉េល​ថា “ទំនប់​វារីអគ្គិសនី​ ដន សាហុង​​ ដែល​ អ្នក​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ជា​ច្រើន​នាក់​​​បាន​លើក​ឡើង​នោះ​ទំនង​ជា​នឹង​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​វិស័យ​ជល​ផល​នៅ​ទន្លេ​មេគង្គ​”។

អ៊ីម៉េល​របស់​លោក ភៀន​ផន​ មាន​ខ្លឹម​សារ​​បន្ត​ទៀត​ថា “ផល​ប៉ះពាល់​នឹង​មាន​ទៅ​លើ​សន្តិសុខ​ស្បៀង​ក្នុង​ស្រុក​ និង​ក្នុង​តំបន់​ជា​ពិសេស​​​​ប្រជាជន​ដែ​ល​រស់​នៅ​ក្នុង​​សហគមន៍​​ក្បែរ​មាត់​ទឹក​ ក្នុង​នោះ​ក៏​បូក​រួម​ទាំង​ប្រជាជន​ជាច្រើន​លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​រស់​នៅពឹង​ផ្អែក​លើ​ធនធាន​នៅ​ក្នុង​ទន្លេ​មេគង្គដែរ​”៕

ប្រែ​​​សម្រួល​​​ដោយ កង​ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស