32.5 C
Phnom Penh

មេធាវីការពារ​ក្តី​របស់​ នួន ជា អះ​អាង​ថា ភ័ស្តុតាង​ដាក់​បន្ទុក​លើ​កូន​ក្តី​ខ្លួន​មិន​ត្រឹម​ត្រូវទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីការពារ​ក្តី​របស់​ជន​សង្ស័យ​ពីបទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ខ្មែរ​ក្រហម​ នួន ជា បាន​ចោទ​ប្រកាន់​អយ្យកា​រ​កាល​ពី​ម្សិល​មិញ​ថា បាន​ពឹង​ផ្អែក​លើ​ភ័ស្តុតាង​មិន​អាច​ទុក​ចិត្ត​បាន ហើយ​បាន​ចោទ​ប្រកាន់​លើតុលាការ​នេះ​ថា បាន​បរាជ័យ​ក្នុង​ការ​ធានា​ថា សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​របស់​កូន​ក្តី​ខ្លួន​មាន​ភាព​យុត្តិ​ធម៌​ និង​ចាក​ផុត​ពីការ​ជ្រៀត​ជ្រែក​ពី​រដ្ឋា​ភិបាល​។

មេធាវី​របស់​លោក នួន​ ជា គឺ​លោក វីកទ័រ កូប៉េ (Victor Koppe) ក៏​បាន​រិះ​គន់​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា ជា ស៊ីម និង​​ប្រធាន​រដ្ឋ​សភា ហេង សំរិន​ ដែល​លោក​អះ​អាង​ថា សុទ្ធ​តែ​បាន​ចូល​រួមក្នុង​ការ​ធ្វើ​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម អំឡុង​របប​ខ្មែរ​ក្រហម​ ហើយ​គួរ​តែ​ត្រូវ​បាន​តម្រូ​វ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​​ចោទ​ប្រកាន់​ទាំង​នេះផង​ដែរ។​

លោក កូប៉េ បាន​លើក​ឡើង​ថា សេចក្តី​សន្និដ្ឋាន​បិទ​របស់​ខ្លួន​នឹង​បង្ហាញ​ថា អយ្យការ​បាន​បរាជ័យ​ក្នុង​ការ​រក​ឃើញ​ការ​ពិត​ពាក់​ព័ន្ធ​នឹងអ្វី​ដែល​បាន​កើត​ឡើង​នៅ​កន្លែង​ប្រហារ​ជីវិត​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​ជា​កន្លែង​មន្ត្រី និង​កងទ័ព​សម័យ​សាធារណ​រដ្ឋ​ខ្មែរ​រាប់ពាន់​នាក់​ ឬ​អាច​ដល់​រាប់​មឺុននាក់​ ត្រូវ​បាន​សម្លាប់​រង្គាលនៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។

លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា មេធាវី​ការ​ពារ​ក្តី​នឹង​បញ្ជាក់​ថា គោ​ល​នយោ​បាយ​ដែល​បក្ស​កុម្មុយនីស្ត​កម្ពុជា​ បាន​ព្រាង​គឺ​គ្មាន​ចេតនា​ឧក្រិដ្ឋ​ឡើយ​ ហើយ​ថា គោល​នយោ​បាយ​ទាំង​នោះ​ “ ពុំ​ត្រូ​វ​បាន​គ្រោង​ទុកមុន​ ឬ​ពិចារណា​ដោយ​កូន​ក្តី​​ខ្លួន​ទេ”។ លោក​បាន​លើក​ឡើង​បន្តថា ចំណុច​ចុង​ក្រោយ​គឺ​ថា សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​សំខាន់​បំផុត​ដែល​ចាំ​បាច់​ត្រូវ​តែ​សួរ​តុលាការ​ គឺ​ពាក់​ព័ន្ធ​នឹង​ “ភាព​យុត្តិ​ធម៌​នៃ​សវនាការនេះ​​ និង​ភាព​ស្រប​ច្បាប់​នៃសាលាក្តីនេះ”។ ចំណុច​នេះ​គឺ​ជា​អ្វី​ដែល​លោក កូប៉េ និង​សហ​សេវិក​របស់​ខ្លួនបាន​លើក​ឡើង​ដោយបាន​ចំណាយ​ពេល​​យ៉ាង​ច្រើន​អំឡុង​សវនាការ​នេះ​។

លោក កូប៉េ បាន​លើក​ឡើង​ថា “ភាព​មិន​ប្រក្រតី​អំឡុង​ការ​ស៊ើប​អង្កេត​ និង​អំឡុង​សវ​នាការ​នេះ​​បាន​បន្ត​ជា​ហូរ​ហែមិន​ចេះចប់ ​គឺ​រហូត​ដល់​ថ្នាក់​យើង​គ្មាន​ពេល​ជំទាស់​នឹង​ការ​ចោទ​ប្រកាន់​ទាំង​អស់​។ ផល​ប៉ះ​ពាល់​នៃ​ការ​ជ្រៀតជ្រែក​​មិន​ចេះចប់​របស់​រដ្ឋា​ភិបាល​ក្នុង​ដំណើរ​ការ​ជំនុំជម្រះ​នេះ ក៏​បាន​ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក​ខ្លាំង​ដូច​គ្នា​ដែរ”។

ចំណុច​ស្នូល​នៃ​បញ្ហា​បែប​នេះ​នៅ​តុលា​ការ​កូន​កាត់​នេះ គឺ​រឿង​ចៅ​ក្រម​ដែល​បាន​សើុប​អង្កេត​សំណំុ​រឿង​០០២ និង​អង្គចៅ​ក្រម​ដែល​ត្រូវ​បាន​ជួល​ឲ្យ​ជំនុំជម្រះ​រឿង​ក្តី​នេះ​។

លោក កូប៉េ បាន​មាន​ប្រសាសន៍​ថា “មាន​ចំណង​មួយ​នៅ​ទី​នេះ​ដែល​ជា​មូល​ហេតុដ៏​ចម្បង​។ ចំណង​ដែល​ជា​ឬស​គល់​នៃ​បញ្ហា​នេះ​ គឺថា គ្មាន​នរណា​ម្នាក់​នៅ​តុលាការ​នេះ​ចាប់​អារម្មណ៍​ក្នុង​ការ​ស្វែង​រក​ការពិត​ទេ”។ លោក​បាន​បន្ត​ថា “តុលាការ​នេះ​​មិន​មែន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​បំណង​ស្វែង​យល់​ការ​ពិត​ពាក់​ព័ន្ធ​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​សម័យ​កម្ពុជា​ប្រជា​ធិប​តេយ្យ​ឡើយ​។ តុលា​ការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ហេតុ​ផល​ផ្ទុយ​ពីនេះ​ ព្រោះអ្នក​ដែល​បាន​បង្កើត​វា​ឡើង​យល់​ថា ខ្លួន​ឯង​បាន​ដឹង​រួច​ទៅ​ហើយ​ពី​អ្វី​ដែល​បាន​កើត​ឡើង​។

ពួក​គេ​គិត​ថា ខ្លួន​ដឹង​ថា នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ដូច្នេះ​ពួក​គេ​បាន​បង្កើត​តុលាការ​នេះឡើង​ក្នុង​បំណង​ដាក់​​ទណ្ឌ​កម្ម​អ្នក​ទាំង​នោះ​។ អ្នក​ទាំង​នោះ​​បាន​ដឹងថា ខ្លួន​នឹងជាប់​​ពិរុទ្ធ​ភាព​​តាំង​ពី​មុន​ពេល​មាន​សាលាក្តីនេះ​ទៅ​ទៀត​”។ លោក កូប៉េ បាន​លើក​ឡើង​ថា សវនាការ​យុត្តិ​ធម៌​គឺ​មិន​អាច​ទទួល​បាន​តាម​រយៈ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ទេ​។ នេះ​ជា​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​បាន​ដឹង​រួច​ទៅ​ហើយ។

លោក កូប៉េ បាន​បន្ថែម​ថា “យើង​កំពុង​ឈរ​នៅទីនេះ​នៅ​ថ្ងៃ​នេះ ដោយ​សារ​ហេតុ​ផល​​តែ​មួយ​គត់​ ​​ នោះគឺ​ការ​អនុវត្ត​តាម​នីតិ​វិធី​​ដើម្បី​ឲ្យ​រដ្ឋា​ភិបាល​​មាន​ឱកាស​អួត​ [ប្រាប់​ពិភព​លោក​] ថា កូន​ក្តី​របស់​យើង​ត្រូវ​បាន​ជំនុំ​ជម្រះ​ទោស​ក្នុង​សវនាការ​ដែល​មាន​ភាព​យុត្តិ​ធម៌ និង​មិន​លម្អៀង” ដោយ​លោក​បាន​បន្ថែម​ថា សវនាការ​ប្រកប​ដោយ​ភាពយុត្តិ​ធម៌​ គឺ​មិន​អាច​ទទួល​បាន​ឡើយ​។

លោក​បាន​បន្ត​ថា “សេចក្តី​សន្និដ្ឋាន​របស់​អយ្យការ​ចំពោះ​កូនក្តី​របស់​លោក​ គឺ​ផ្អែក​លើ​ភ័ស្តុតាង​មិន​អាច​ទុក​ចិត្ត​បាន​ និង​គួរ​ឲ្យ​អស់​សំណើច​” ដែល​រួម​បញ្ចូល​ទាំង​ការ​យោង​​ជា​ច្រើន​លើ​សៀវ​ភៅ​ដែល​សរសេរ​ដោយ​ប្រវត្តិ​វិទូ​ ស្តេហ្វិន ហ៊ែតឌើ (Stephen Heder) និង​អ្នក​កាសែត​ ហ្វីលីព សត (Phillip Short) ដែល​សៀវ​ភៅ​ទាំង​ពីរ​ក្បាលនេះសុទ្ធ​តែ​អាច​រកទិញ​បានតាម​ប្រព័ន្ធ​អ៊ីនធើណិត។

លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​យោង​លើ​សៀវ​ភៅ​ទាំង​នេះ“ យើង​អាច​បើក​ និង​បញ្ចប់​សវនាការ​​ដោយ​ចំណាយ​ប្រាក់​អស់​ត្រឹម​តែ​ប្រហែល​៤១ដុល្លារ​ប៉ុណ្ណោះ​” មិនចាំ​បាច់​ចំណាយ​ដល់​ទៅរាប់​រយ​លាន​ដុល្លារ​ឡើយ។ ជាការ​រំឭកម្តង​ទៀត​ពីអ្វី​ដែល​អយ្យការ​​បាន​លើក​ឡើង​​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ និង​ដែល​​ត្រូវ​​បានសង្ខេប​ អំឡុងការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​បិទរបស់​ខ្លួន​កាលពី​សប្តាហ៍​មុន​ និង​កាលពី​ថ្ងៃ​ច័ន្ទ លោក កូប៉េ បាន​លើក​ឡើង​ថា គ្មាន​ភ័ស្តុតាង​ណា​មួយ​​សម្រាប់​គាំទ្រ​អំណះ​អំណាង​ដែល​ថា នួន ជា គឺមាន​អំណាច​ពិត​ប្រាកដ​ទេ​ ហើយ​ថា អំណះ​អំណាងរបស់​ពួក​គេ​គឺ​លម្អៀង​ និង​មិន​ត្រឹម​ត្រូវ​ឡើយ​។

លោក​បាន​លើក​ឡើង​ថា ទោះ​បី​ជា​មាន​តួនាទី​ជា​លេខាធិការ​រង​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា​ក៏​ពិត​មែន ប៉ុន្តែ​តាម​ពិត​ទៅ នួន ជា ពុំ​មាន​អំណាច​មើល​ការ​ខុស​ត្រូវ​តំបន់​ណា​មួយ​ និងប្រធាន​ផ្នែក​ណា​មួយ​ទេ​ ហើយ​ថា ជម្លោះ រវាង​ថ្នាក់​ដឹក​នាំ​ដែល​រក​កល​នឹង​ច្បាំង​គ្នា​​​នោះ​បាន​កើត​មាន​ពេញ​របប​នេះ។ លោក​បាន​បន្ត​ថា អ្វីដែល​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ថា តុលាការ​មិនបាន​បំពេញ​​ភារកិច្ច​របស់​ខ្លួន​ក្នុងការ​កោះហៅ​អ្នក​ដែល​អាច​ផ្តល់​ភ័ស្តុ​តាង​វិពិរុទ្ធ​ (ឬ​ភ័ស្តុតាង​ដែល​មាន​ប្រយោជន៍​សម្រាប់​មេធាវី​ការ​ពារ​ក្តី​របស់​ នួន ជា​) ឬ​អ្នក​ដែល​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឧក្រិដ្ឋ​កម្ម​អំឡុង​របប​ខ្មែរ​ក្រហម​ខ្លួន​ឯង​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “មាន​គោល​ដៅ​ជា​ច្រើន​ដែលពិរុទ្ធករ​របស់​ខ្លួន​​មិន​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​។ ជុំ​វិញ​ការ​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ដំណើរ​ការ​នេះ​ មាន​ចំណុច​មួយ​ដែល​លេច​ធ្លោ​​ជាង​ចំណុច​ដ៏ទៃ នោះ​គឺ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​មិន​ត្រឹម​តែ​បន្ត​សកម្ម​ភាព​​លួច​បន្លំ​សន្លឹក​ឆ្នោត​ លួច​ប្លន់​ដីធ្លី និង​ធន​ធាន​ធម្មជាតិ​ពី​ប្រជាពល​រដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​បន្ត​​យករួច​ខ្លួន​ពី​ការ​ពាក់​ព័ន្ធ​ក្នុង​សកម្ម​ភាព​ដែល​ នួន​ ជា កំពុង​រង​ការ​ចោទ​ប្រកាន់​​ផងដែរ។

លោក​បានមាន​ប្រសាសន៍​ថា “ប្រសិន​បើ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យនេះ​ជា​របប​ឧក្រិដ្ឋ​កម្ម​រួម​គ្នា​ដ៏​ធំ​មួយ​​ ក្នុង​បំណង​យក​ប្រជា​ពល​រដ្ឋ​ខ្លួនឯង​ធ្វើ​ទាសករ​មែន​នោះ អ៊ីចឹង​ ថ្នាក់​ដឹកនាំ​បីនាក់​របស់​រដ្ឋា​ភិបាល​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ។ ហ៊ុន សែន ជា ស៊ីម និង ហេង សំរិន សុទ្ធ​តែបាន​ដើរ​តួ​នាទី​យ៉ាង​សកម្ម​ក្នុងការ​អនុវត្ត​គោល​នយោ​បាយ​ដែល​សហ​ព្រះ​រាជ​អាជអះ​អាង​ថា មាន​​លក្ខណៈ​ឧក្រិដ្ឋ​”។

ដោយ​សារតែ​បែប​នេះ ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ​ គឺ​អាស្រ័យ​លើកូន​ក្តី​របស់​ខ្ញុំ​។ ប្រសិន​បើ​ នួន ជា មាន​ពិរុទ្ធ​ភាព​ ពួក​គេ​ក៏​មាន​ពិរុទ្ធ​ភាព​ដែរ​។ ប្រសិន​បើ​ នួន ជា បាន​យក​ប្រជាពល​រដ្ឋ​របស់​ខ្លួន​ធ្វើ​ជា​ទាសករ អ៊ីចឹង បុរស​ទាំងបី​នាក់​ដែលរូប​ថត​ផ្ទៃ​មុខ​របស់​ខ្លួន​ឃើញ​មាន​គ្រប់​កន្លែង​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ និង​​ទូទាំង​ប្រទេស​កម្ពុជា​នោះ​ គឺ​ជា​អ្នក​អនុ​វត្ត​គោល​នយោ​បាយ​ដ៏​មាន​ភក្តីភាព​របស់​ នួន ជា ហើយ”។

លោក​បាន​បន្ថែមថា លោក ហេង សំរិន សម​តែ​ត្រូវ​បាន​គេ​លើក​ឡើង​ជា​ពិសេស​ អំពី​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ជម្លៀស​ប្រជា​ពល​រដ្ឋ​ចេញពី​រាជ​ធានី​ភ្នំពេញ។ ប៉ុន្តែ​គាត់​មិន​ដែល​ត្រូវ​បាន​កោះ​ហៅ​មក​ផ្តល់​សក្ខី​កម្ម​​ចំពោះ​មុខ​តុលាការ​ទេ​ ហើយ​នេះគឺជា​ភាព​បរាជ័យ​មួយ​ទៀត​របស់​​ក្រុម​ប្រឹក្សា​ជំនំុ​ជម្រះ​ និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋា​ភិបាល​ក្នុង​ដំណើរ​ការ​ជំនុំជម្រះនេះ។

លោក​បានមាន​ប្រសាសន៍​ថា “បុគ្គ​ល​ដែល​បាន​ទទួល​ផល​ប្រយោជន៍​ច្រើន​បំផុតពី​សាលា​ក្តី នេះ​ គឺ​ថ្នាក់​ដឹក​នាំ​ [គណ​បក្ស​ប្រជា​ជន​កម្ពុជា​] ដែល​ជា​អ្នក​បង្ក​​ការ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​លើ​ភ័ស្តុតាង​”។ លោក​បាន​បន្ថែម​ថា “រដ្ឋា​ភិបាល​មិន​ទាំង​បាន​ទុក​រឿង​នេះ​ជា​ការ​ណ៍​សម្ងាត់​ផង​។ ហ៊ុន សែន តែងប្រឆាំង​​អ្នក​​ដែលចង់សើុប​អង្កេត​បន្ត ហើយ​បាន​ប្តេជ្ញា​មិនឲ្យការ​ស៊ើប​អង្កេត​បែប​នេះ​បន្ត​ទេ​។ តើ​យើង​អាច​រំពឹង​ថា សាលា​ក្តី​នេះ​​អាច​វាយ​តម្លៃ​ដោយ​ត្រឹម​ត្រូវ​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​កូនក្តី យើង​ ក្រោម​​កាលៈ​ទេសៈ​បែប​នេះ​យ៉ាង​ដូច​ម្តេច​?”។

សហ​ភាគី​ជាតិ​​របស់​លោក កូប៉េ គឺ​លោក សម អារុណ បាន​វែក​ញែក​ថា នួន ជា ខូច​ចិត្ត​ខ្លាំង​ណាស់​ដែលបាន​ឃើញ​ប្រជាពល​រដ្ឋ​កម្ពុជា​រ​ង​ការ​ឈឺ​ចាប់​ ក្រោម​ឥទ្ធិ​ពល​អាណា​និគម​បរទេស​ ហើយ​យល់​ឃើញ​ថា ការ​ផ្លាស់​ប្តូរ​ទៅ​រក​របប​កុម្មុយនីស្ត គឺ​ជា​វិធីតែ​មួយ​គត់​ក្នុងការ​រំដោះ​ប្រជាពលរ​ដ្ឋ​កម្ពុជា​ពី​អាណា​និគមនេះ។

លោក​បាន​លើ​ក​ឡើង​ថា ការ​ផ្លាស់​ប្តូរ​បែប​នេះ​ គឺ​ជា​រឿង​នយោបាយ​ មិន​មែន​ជា​រឿង​ឧក្រិដ្ឋ​កម្ម​ទេ​។ លោក អារុណ បាន​មាន​ប្រសាសន៍​ថា
“ [ព្រះ​រាជ​អាជ្ញា​] ហាក់​ដូច​ជា​គិត​ថា មុខ​តំណែង​របស់​គាត់​ [នួន ជា] គឺ​គ្រប់​គ្រាន់​ល្មម​នឹង​ឲ្យ​គាត់​ធ្វើ​ការ​ត្រួត​ត្រាលើ​កម្មា​ភិបាល​ក្នុង​ឋានានុ​ក្រម​បក្ស​កុម្មុយនីស្ត​កម្ពុជា​។ ការ​ពិត​គឺ​ថា អ្វីៗជា​ច្រើន​ដែល​សហ​ព្រះ​រាជ​អាជ្ញា​អះ​អាង​ថា ស្ថិត​នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ នួន ជា នោះតាមពិត​គឺ​ស្ថិត​នៅ​ក្រៅ​វិសាល​ភាព​នៃ​តួនាទី​របស់​គាត់​ក្នុង​នាមជា​លេខា​ធិការ​រងទៅ​វិញ​ទេ​… គាត់​មានលទ្ធ​ភាព​​មានកម្រិត​ប៉ុណ្ណោះ​ក្នុង​​ការ​ត្រួត​ត្រា​លើក​ម្មា​ភិបាល​ថ្នាក់​ក្រោម”។

អំឡុង​សវនាការ​ក្នុង​ខែ​ឧសភា នួន​ ជា បាន​លើក​ឡើង​ថា ខ្លួន​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ផ្នែក​សីលធម៌​ចំពោះ​ឧក្រិដ្ឋ​កម្ម​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​របប​ខ្មែរក្រហម​។ ប៉ុន្តែ​រយៈ​ពេល​មិន​ដល់​មួយ​សប្តាហ៍​​ក្រោយ​ការ​ថ្លែង​បែប​នេះផង​ ចុង​ចោទ​ពីបទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​រូប​នេះ បាន​ងាក​ទៅ​ប្រកាន់​ជំហរ​ចាស់​របស់​ខ្លួន​ដែល​ថា ការ​សម្លាប់​រង្គាល​ជា​ប្រព័ន្ធ​ និងការ​បង្អត់​អាហារ​ប្រជា​ពល​រដ្ឋ​ មិន​មែន​ជា​គោល​នយោ​បាយ​របស់​ខ្មែរ​ក្រហម​ទេ។ សេចក្តី​សន្និដ្ឋាន​បិទ​របស់​មេធាវី​ការ​ពារ​ក្តី​ឲ្យ​ នួន ជា នឹង​បន្ត​នៅ​ស្អែក​នេះ៕

ប្រែ​សម្រួល​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស