29.6 C
Phnom Penh

សាលាឧទ្ធរណ៍នឹង​បើកសវនា​ការ​ជំនុំជម្រះ​សំណុំ​រឿងលោក​ ឈូក​ បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​មួយ​រូប​បាន​លើកឡើ​ងកាល​ពីម្សិលមិញថា សាលាឧទ្ធរណ៍​នឹង​បើក​​សវនាការ​ នៅ​ដំណាច់​ខែ​នេះ​ ដើម្បី​ជំនុំ​ជម្រះ​សំណុំ​រឿង​​លោក ឈូក បណ្ឌិត អតីត​អភិបា​លក្រុង​បាវិត​ ដែល​​តុលាការ​បាន​សម្រេច​ឲ្យ​ជាប់​ទោស​កាល​ពី​ខែ​មិថុនា​ ពីបទ​បាញ់​ប្រហារ​ និង​បង្ក​របួស​ស្នាម​​ដល់​កម្មការិនី​​ចំនួន​បីនាក់​ និ​ងដែល​ពេល​នេះ​កំពុង​មាន​សេរីភាព​នៅ​ឡើយ​។

លោក តាំង​ ស៊ុនឡាយ​ ចៅក្រុម​ជំនុំ​ជម្រះ​ បាន​មាន​ប្រសាសន៍ថា “យើងបាន​​កំណត់​កាល​បរិច្ឆេទ​ថ្ងៃទី​៣១​ ខែ​តុលា​ នាពេល​រសៀល​សម្រាប់​បើ​ក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ [ ឈូក​ បណ្ឌិត​] ។ សាលាឧទ្ធរណ៍​បាន​ចេញ​ដីកា​កោះ​ហៅ​ជន​រងគ្រោះ​ និង​ភាគី​ចុង​ចោ​ទរួច​ហើយ”​។

គួរ​រំឭកថា កាល​ពីខែ​មិថុនា សាលាដំបូង​ខេត្ត​ស្វាយ​រៀង​​បាន​ផ្តន្ទាទោស​អតី​ត​អភិ​បាល​ក្រុង​រូ​ប​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨ខែ​​ ចំពោះតួនាទី​របស់​គាត់​នៅក្នុង​ហេតុការណ៍​បាញ់​ប្រហារ​ និង​បង្ក​របួស​ស្នាម​ដល់​កម្មការិនី​កាត់​ដេរ​ចំនួន​បីនាក់​ អំឡុង​បាតុកម្ម​មួយនៅ​ក្នុង​ក្រុង​បាវិត កាល​ពីខែ​កុម្ភៈ ​ឆ្នាំ​២០១២​ ហើយ​បើ​ទោះបីជា​តុលាការ​​បាន​ចេញ​ដីកា​ចាប់​ខ្លួន​គាត់​ក៏​ដោយ​ ក៏​លោក ឈូក​ បណ្ឌិត​ នៅ​មិន​ទាន់​មាន​ការ​ចាប់​ខ្លួន​នៅ​ឡើយ​ទេ​។ បន្ទាប់​ពី​សាលាដំបូ​ង​ចេញ​សាលក្រម​ផ្តន្ទា​​ទោស​  មេធាវី​របស់លោក​បាន​ប្តឹង​ឧទ្ធរណ៍​​។ ​

លោក នុត យ៉ត បង​ប្រុស​របស់​កម្មការិនី​ ឈ្មោះ នុត​ សាខន ជាជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​បីនាក់​​ ដែល​បាន​រងរបួស​ខ្នង​ និង​ដៃ​អំឡុង​ពេល​បាញ់​ប្រហារ​នេះ​ បាន​​អំពាវ​នាវ​ឲ្យ​សាលា​ឧទ្ធរណ៍​ផ្តន្ទា​ទោស​ធ្ងន់​​ចំពោះលោក​ ឈូក  បណ្ឌិត។ លោក នុត យ៉ត ​បាន​និយាយ​ថា “សូម​សាលា​ឧទ្ធរណ៍​​មេត្តា​ជួយស្វែង​រកយុត្តិធម៌ឲ្យ​ប្អូន​​ស្រី​របស់​ខ្ញុំ ​ផង​។ ការ​បាញ់​ប្រហារ​ [ ពី​សំណាក់​ ឈូក​ បណ្ឌិត​]  មកលើ​ប្អូន​ស្រី របស់ខ្ញុំ និង​កម្មការិនី​ផ្សេង​ទៀត​គឺសាហាវ​ណាស់​”៕

ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស