29.6 C
Phnom Penh

ម្ចាស់​​​ស្ថានីយ​វិទ្យុ​អេប៊ីស៊ី​ អំពាវ​នាវ​ឲ្យ​និស្សិតរាយការណ៍​​​ពី​​​​គ្រូបង្រៀន​​ដែល​ពិភាក្សា​រឿង​នយោបាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ ម្ចាស់​ស្ថានីយ​វិទ្យុ​អេប៊ី​​​ស៊ី​​​​​ដ៏​ពេញ​និយម បាន​ជំរុញ​ឲ្យ​និស្សិត​ទូរ​ស័ព្ទ​មក​ស្ថានីយ​របស់​ខ្លួន​ ហើយ​​ជម្រាប​​​ប្រាប់​ទៅ​ប្រិយ​​​​មិត្ត​អ្នក​ស្តាប់ ប្រសិន​បើ​គ្រូ​បង្រៀន​របស់ខ្លួន​ពិភាក្សា​ពី​ព័ត៌មាន​ដែល​ចាត់​ទុក​ថា​​ ជា​ការ​រិះ​គន់​រដ្ឋា​ភិបាល​នោះ​។

បុគ្គលិក​របស់​ស្ថានីយ​វិទ្យុ​អេប៊ីស៊ី​ម្នាក់​ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ ដោយ​សារ​នាង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បាន​លើក​ឡើង​កាល​​​​​​​​​ពី​ម្សិល​មិញថា លោក សេង ប៊ុនវ៉េង​ ម្ចាស់​ស្ថានីយ​វិទ្យុ​អេប៊ីស៊ី ដែល​មានឈ្មោះ​ហៅ​ក្រៅ​ថា “ អាចារ្យ អេ”  បាន​អំពាវ​នាវ​ឲ្យ​សិស្ស​និស្សិត​ទូរស័ព្ទ​មកកាន់​ស្ថានីយ​វិទ្យុ​របស់​លោក​ ប្រសិន​បើ​មាន​គ្រូ​បង្រៀន​ណា​បញ្ចេញ ​​ទស្សន​​ពាក់​ព័ន្ធ​នឹង​​រឿង​នយោបាយ​នោះ។​ លោក ប៊ុន​វ៉េង មិន​អាច​ទាក់ទង​សុំការ​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ។

បុគ្គលិកស្ថានីយ​វិទ្យុ​ អេប៊ីស៊ី បាន​និយាយ​អំឡុង​ការ​ផ្សាយ​កាលពី​ម្សិល​មិញ​ថា “ប្រសិន​បើ​មាន​នរណា​ដឹង​ថា​ [គ្រូ​បង្រៀន​និយាយ​ពី​រឿង​នបោយ​] ​សូម​ប្រាប់​មក​វិទ្យុ​អេប៊ីស៊ី ហើយ​​​​​​​ស្ថានីយនឹង​បញ្ជូន​សារ​នេះ​ ទៅ​ថ្នាក់លើ​ដើម្បី​​​​​​​ត្រួត​ពិនិត្យ​”។ បុគ្គលិក​រូប​នេះ​​និយាយ​ថា “គ្រូ​បង្រៀន​​​​​​​មិន​អាច​យក​ម៉ោង​បង្រៀន​មក​​និយាយ​ពី​រឿង​​​​​​​នយោបាយ​បាន​​ទេ​។ នៅ​ពេល​បង្រៀន​ គ្រូបង្រៀន​មិន​អាច​និយាយ​រឿង​នយោបាយ​បាន​ឡើយ”​​​។ ​​​ទស្សន​​​របស់​​​លោក ប៊ុន​​​វ៉េង ដែល​​​​​​បង្ក​​​ឲ្យ​​​មាន​​​រឿង​​​ដ៏​​​ចម្រូង​​​ចម្រាស​​​បែប​​​នេះ​​​មិន​​​មែន​​​ជាលើក​​​ទី១​​​នោះទេ​​​​។

កាលពីខែ​​​កក្កដា នៅ​​​មុន​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ លោក ប៊ុនវ៉េង បាន​​​យក​​​ម៉ោង​​​ផ្សាយ​​​ពេល​​​ព្រឹក​​​​​​​​​មក​​​ព្យាករថា កង​​​យោធពល​​​ខេមរភូមិន្ទ​​​​​​នឹង   ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​ ប្រសិន​​​បើ​​​លោក សម រង្ស៊ី និង​​​លោក កឹម សុខា មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ឈ្នះ​​​ឆ្នោត​​​នោះ។ គួ​ររំឭក​ផង​ដែរ​ថា លោក ប៊ុនវ៉េង ដែល​​​បាន​​​បង្កើត​​​ស្ថានីយ​​​វិទ្យុ​​​អេប៊ីស៊ី នេះឡើង​​​កាលពីឆ្នាំ​​​២០០៨​​​ បាន​​​ព្រមាន​​​ថា យោធា​​​នឹង​​​ធ្វើ​​​រដ្ឋប្រហារ ​​​ប្រសិន​​​បើ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឈ្នះ​​​ឆ្នោត​​​នោះ ពីព្រោះ​​​ទាហាន​​​ភាគ​​​ច្រើន​​​ស្មោះ​​​ស្ម័គ្រ​ទៅ​​​នឹង​​​រដ្ឋាភិបាល​​​លោក​​​ ហ៊ុន សែន​​​ ណាស់​​​។

គណបក្ស​សង្គ្រោះ​ជាតិ​​​បាន​​​អះអាង​​​ថា ខ្លួន​​​បាន​​​ឈ្នះ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាលពី​​​ខែ​​​កក្កដា ហើយ​​​បាន​​​បដិសេធ​​​មិនទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​រដ្ឋសភានោះ​​​ទេ លុះ​​​ត្រា​​​តែ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ឯករាជ្យ​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​នៃការ​បោះឆ្នោត​នេះ​ជា​មុន​​​សិន​​​។ ការ​​​ផ្សាយ​​​របស់​​​លោក ប៊ុនវ៉េង នេះ ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ខណៈ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​កំពុង​​​ធ្វើ​​​មហាបាតុកម្ម​​​ចំនួន​​​បីថ្ងៃ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ដោយ​​​មាន​​​ទាំង​​​ការ​​​ហែក្បួន​​​ទៅកាន់​​​ការិយាល័យ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ និង​​​​​​ស្ថាន​​​ទូត​​​បរទេស​​​ផង​​​ដែរ​​​ ដើម្បី​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​ភាព​​​ជាប់​​​គាំង​​​ផ្នែក​​​នយោ​​​បាយ​​​នាពេល​​​សព្វ​​​ថ្ងៃ​​​៕

ប្រែសម្រួល​​​ដោយ ស៊ំា ស៊ុយ​​​ឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស