39.4 C
Phnom Penh

លោក​ ចាន់​ កុសល​ អ្នក​​ចម្រៀង​​គាំទ្រ​គណបក្ស​ប្រឆាំង​គ្រោង​​នឹង​ចេញ​អាល់​ប៊ុម​ចម្រៀង​ដំបូង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ចាន់ កុសល មាន​ការ​រីក​ចម្រើន​ច្រើន​​បើ​ធៀប​នឹង​​វ័យ​កុមាររបស់​លោក​ ដែល​បាន​ចំណាយ​​​ពេល​កកាយ​សំរាម​ និង​ច្រៀង​រាំតាម​​​​ផ្លូវនានា​​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ឲ្យ​អ្នក​ដំណើរ​ស្ដាប់​ ដើម្បី​រក​ប្រាក់​​សម្រាប់​ការ​រៀន​សូត្រ​។

ផ្ដើម​ចេញ​ពី​ឆាក​ជីវិត​​ដ៏​កម្សត់​នេះ​ លោក​  ចាន់  កុសល​ ចាប់​ផ្ដើម​មាន​​ឈ្មោះ​​បោះ​សំឡេង​​​​ក្នុង​ឋានៈ​ជា​អ្នក​ចម្រៀង​គាំទ្រ​គណបក្ស​​ប្រឆាំង​ បន្ទាប់​ពី​បាន​ឡើង​ច្រៀង​នៅ​ចំពោះ​មុខអ្នក​​គំាទ្រ​​រាប់​ពាន់​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ អំឡុង​​មហា​បាតុ​កម្ម​រយៈ​ពេល​បី​ថ្ងៃ​កាល​​ពី​សប្ដាហ៍​មុន​នៅ​ទី​លាន​ប្រជាធិប​តេយ្យ​​​ក្នុង​​រាជធានី​ភ្នំពេញ​។

មហា​បាតុកម្ម​បាន​បញ្ចប់​ទៅ​​ដោយ​សន្ដិ​វិធី​​កាល​ពី​ថ្ងៃ​សុក្រ​​ សប្ដាហ៍​កន្លង​ទៅ​ ប៉ុន្តែ​​ការ​ប្ដេជ្ញាចិត្ត​របស់​លោក​ កុសល ក្នុង​ការ​ផលិត​​បទចម្រៀង​សម្រាប់​សកម្មភាព​នយោ​បាយ​របស់​គណបក្ស​ប្រឆាំង​​ទើប​នឹង​ចាប់​ផ្ដើម​ប៉ុណ្ណោះ​ ហើយ​ឥឡូវ​នេះ​គម្រោង​​​ផលិត​​អាល់​ប៊ុម​​ដែល​​សរសើរ​​គណបក្ស​សង្គ្រោះ​ជាតិ​ និង​វីដេអូ​ចម្រៀង​បាន​លេច​ចេញ​ជា​រូប​រាង​​ហើយ​។

លោក​ ចាន់​ កុសល ដែល​ចាត់​ទុក​អតីត​​កំពូល​​តារា​ចម្រៀង​ប៉ប់​ មៃ៉ឃើល ជែសុន (Michael Jackson) នៅ​ក្នុង​ចំណោម​​កត្តា​ជំរុញ​ទឹក​ចិត្ត​ឲ្យ​​ផលិត​បទ​ចម្រៀង​របស់​លោក​​នោះ​​​​បាន​និយាយ​ថា “យើង​មមា​ញឹក​សរសេរ​បទ​ចម្រៀង​​ ហើយ​ត្រៀម​​ថត​​នៅ​ក្នុង​ស្ទូឌីយោ”។

លោក​ ចាន់​ កុសល អាយុ​២៣​ឆ្នាំ​​ ដែល​ពិការ​ជើង​ដោយ​សារ​ជំងឺ​ស្វិត​ដៃ​ជើង​តាំង​ពី​កុមារ​ភាព​នោះ​​បាន​និយាយ​ថា អាល់ប៊ុម​ចម្រៀង​ ដែល​នឹង​ចេញ​នាពេល​ខាង​មុខ​ នឹង​បញ្ចូល​សកម្មភាព​ខ្លះ​​របស់​​​​អ្នក​គាំទ្រ​ដែល​ចូល​​រួម​នៅ​ក្នុង​​ការ​តវ៉ា ដែល​រៀប​ចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​​បទ​ចម្រៀង​​ ​ដែល​ទើប​សរសេរ​​ថ្មី​​ផង​ដែរ​។​

ដោយ​សហការ​​ជា​មួយ​សមាជិក​​​បួន​នាក់​ផ្សេង​ទៀត​​នៃ​ក្រុម​តន្ត្រី​គាំទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ​​​ ដែល​កំពុង​​ធ្វើ​ការ​ងារ​​​ផលិត​​អាល់​ប៊ុម​នេះ​ ស៊ីឌី​អាល់​ប៊ុមនេះ​​​ ប្រហែល​ជា​បញ្ចូល​​សុន្ទរ​កថា​របស់​មេដឹកនាំ​គណបក្ស​​ប្រឆាំង​ និង​​សំឡេង​ផ្ទាល់​របស់​​បាតុករ​​ផង​ដែរ​។​ លោក​​ ចាន់​ កុសល​ បាន​និយាយ​ថា យើង​​​កំពុង​​​ពិចារ​ណា​ថា​ តើ​ត្រូវ​​បញ្ចូល​សុន្ទរកថា​របស់​​លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ទៅ​ក្នុង​អាល់​ប៊ុម​នេះ​ឬ​យ៉ាង​ណា​”។

ខណៈ​ពេល​​​មិន​ទាន់​កំណត់​​កាល​​បរិច្ឆេទ​​សម្រាប់​​ការ​ចេញ​ផ្សាយ​អាល់​ប៊ុម​ ដែល​លោក​​និយាយ​ថា មាន​ចំណង​ជើង​​បណ្ដោះ​អាសន្ន “ក្រុម​តន្ត្រី​គណបក្ស​​សង្គ្រោះ​ជាតិ​​” នោះ​ លោក​ ចាន់​ កុសល បាន​ទស្សន៍ទាយ​ថា អាល់​ប៊ុល​នេះ​ប្រហែល​ជា​អាច​​ចេញ​លក់​​បាន​​​ក្នុង​រយៈ​ពេល​ប្រហែល​​ពី​រខែ​ទៀត​”។ បន្ទាប់​ពី​បាន​សរសេរ​បទ​ចម្រៀង​លើក​ដំបូង​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​​កាល​ពី​ឆ្នាំ​មុន​ លោក​ ចាន់​ កុសល​ បាន​​និយាយ​ថា សព្វ​ថ្ងៃ​ “ប្រសិន​បើ​ខ្ញុំ​មាន​អារម្មណ៍ល្អ​ ​ខ្ញុំ​​អាច​សរសេរ​បទ​ចម្រៀង​បាន​បី​បទ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​​”។ លោក​​បាន​និយាយ​ថា “ មុន​ពេល​​ខ្ញុំ​សរសេរ​​​​បទ​ចម្រៀង​​ ខ្ញុំត្រូវ​មាន​អារម្មណ៍​ល្អ។ ថ្ងៃ​ខ្លះ​ខ្ញុំ​អាច​ត្រឹម​តែ​កត់​​ត្រា​ត្រួសៗ”។

ក្រៅ​ពី​ ម៉ៃឃើល ជែកសុន​ លោក​ ចាន់​ កុសល​ និយាយ​ថា លោក​បាន​បាន​ដក​ស្រង់​គំនិត​​​ពី​តារា​ចម្រៀង​ក្នុង​ស្រុកផង​ដែរ​​ គឺ​លោក​ ខេមរៈ​ សេរីមន្ត​ ជា​តារា​ចម្រៀង​​គំាទ្រ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា ហើយ​ថែម​ទាំង​​បាន​ប្រើប្រាស់​ទំនុក​​ច្រៀង​នៃ​បទ​ចម្រៀង​​​របស់​​លោក​​ ដែល​មាន​ចំណងជើង​ថា “បង​ខុស​​ហើយ​” នៅ​ក្នុង​បទ​ចម្រៀង​មួយ​ក្នុង​ចំណោម​បទ​ចម្រៀង​របស់​លោក​ដែល​គំាទ្រ​គណបក្ស​ប្រឆាំង​។

លោក​ ចាន់​ កុសល​ បាន​និយាយ​ថា ​ចំណូល​​​ដែល​បាន​មក​ពី​ការ​លក់​អាល់​ប៊ុម​នេះ​​នឹង​ត្រូវ​បែង​ចែក​រវាង​គណបក្ស​សង្គ្រោះ​​​ជាតិ​ និ​ង​ក្រុម​​​សិល្បៈ​ករ​ ដែល​​​នឹង​ប្រើប្រាស់​​ប្រាក់​នេះ​​ ដើម្បី​​ឧបត្ថម្ភ​ដល់​គម្រោង​​នាពេល​អនាគត​ ហើយ​សង្ឃឹម​ថា នឹង​បង្កើត​ស្ទូឌីយោ​ផ្ទាល់​ខ្លួន​មួយ​។ ខណៈ​ពេល​​ដែល​មិន​ទាន់​មាន​ការ​កំណត់​តម្លៃ​អាល់​ប៊ុ​ម​ លោក​ស្រី​ មូរ សុខហួរ​ សមា​ជិក​សភា​ជាប់​ឆ្នោត​​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍​ថា “ចិត្ត​សប្បុរស​” របស់​អ្នក​គំាទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ន័យ​ថា អាល់​ប៊ុម​នេះ​​នឹង​​រក​ចំណូល​បាន​ជាង​២.០០០​ដុល្លារ​​ ដែល​​ត្រូវ​ការ​ដើម្បី​បង្កើត​​ស្ទូឌីយោ​ថត​ចម្រៀង​។

លោក​ស្រី​ មូរ សុខហួរ បាន​​​មាន​ប្រសា​សន៍​​អំពី​លោក​ ចាន់​ កុសល និង​ក្រុម​តន្ត្រី​របស់​លោក​ថា “វា​ជា​ការ​​ចូល​រួម​ចំណែក​​ជា​មួយ​ប្រជាជន​កម្ពុជា​ ដែល​ជឿ​ជាក់​​​លើ​​សេរី​ភាព​ និង​​យុត្តិធម៌”។

ខណៈ​ពេល​ដែល​លោក​ ចាន់​ កុសល​ ក្លាយ​​ជា​​មនុស្ស​ម្នាក់​​​នៅ​ក្នុង​ចំណោម​​មនុស្ស​ ដែល​គេ​កាន់​តែស្គាល់​នៅ​ក្នុង​ក្រុម​​តន្ត្រី​គាំទ្រ​គណ​​បក្ស​សង្គ្រោះ​ជាតិ​នោះ​ លោក​​នៅ​តែ​ជួប​​ការ​​​លំបាក​​​ក្នុង​ការ​សម្រប​​ខ្លួន​ទៅ​នឹង​​ការ​ផ្លាស់​ប្ដូរ​​​ពី​ “និស្សិត​ធម្មតា” ដើម្បី​ក្លាយ​ទៅ​ជា​តារា​ល្បីម្នាក់​។ លោក ចាន់ កុសល ​​បាន​និយាយបន្ថែម​ទៀត​​ថា អ្នក​រត់​ម៉ូតូឌុប​​ស្គាល់​​​​ខ្ញុំ​។ ពួក​គាត់​សុំ​ថត​រូប​ជាមួយ​ខ្ញុំ​ ហើយ​និយាយ​​លេង​ជាមួយ​ខ្ញុំ​។ ខ្ញុំរីករាយ​ខ្លាំង​ណាស់​ ហើយ​​​​សូម្បី​ខ្ញុំ​ពិការ​ក៏​ដោយ​ ក៏​ខ្ញុំ​អាច​ចូលរួម​​​តាម​រយៈ​​ការ​ច្រៀង​ចម្រៀង​​​របស់​ខ្ញុំ​ ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ”៕សូនី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស