30.4 C
Phnom Penh

ប្រជាជនជាង​​​៣០០នាក់​​​​​​គំរាម​ទប់​ទល់​​ចំណាត់ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​ខេត្ត​ព្រះ​វិហារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ ​ ប្រជា​ជន​ជាង​៣០០​នាក់បាន​បញ្ជាក់ថា  ខ្លួន​​​នឹងទប់ទល់​បន្ថែម​ទៀត​ចំពោះ​ទង្វើ​របស់​អាជ្ញា​ធរ​ស្រុក​ ដែល​បណ្តេញ​ពួក​គេ​ចេញ​ពី​ដី​ដែល​ពួក​គេ​បាន​រស់​នៅ​រយៈ​ពេល​ជាង​បី​ឆ្នាំ​មក​ហើយ នៅ​ក្បែរ​ចម្កា​រកៅ​ស៊ូ​ដ៏​ធំ​មួយ​របស់​ក្រុម​ហ៊ុន ទ្រី ភាព​ស្ថិតនៅក្នុង​ខេត្ត​ព្រះវិហារ​។

លោក ឯ សារ៉ូ អភិបាល​ស្រុក​កំរៀង បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​​បញ្ជា​អ្នក​ភូមិ​ដែល​រស់​នៅ​ទល់​មុខ​ដី​សម្ប​ទាន​របស់​ក្រុម​ហ៊ុន ទ្រី ភាព​ នៅ​តាម​បណ្តាយ​​ផ្លូវ​ជាតិ​លេខ​៦២​ ឲ្យ​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ខ្លួន​ក្នុង​រយៈពេល​១៥​ថ្ងៃ បន្ទាប់​ពី​ការ​ប៉ុន​ប៉ង​មិន​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ ដោយសំណា​​​ក់​​​​​អាជ្ញា​ធរ​ ដើម្បី​បោសស​ម្អាត​ដី​របស់​ពួក​គេ​​ដោយ​ប្រើ​គ្រឿង​ចក្រ​មួយ​គ្រឿង។

លិខិត​នេះមាន​ខ្លឹម​សារ​ថា “ អាជ្ញា​ធរ​នឹង​បង្ក្រាប​យ៉ាង​ខ្លាំង​ក្លា​ ដោយ​យោង​ទៅ​តាម​ច្បាប់​ក្នុង​ករណី​ពួក​គេ​ [អ្នក​ភូមិ] មិន​ព្រម​អនុ​វត្ត​តាម​សេចក្តី​ប្រកាស​នេះ​”។

អ្នក​ភូមិ​បាន​ចោទ​ថា  ដី​ទំហំ​១.០០០​ហិកតា​កំពុង​ត្រូវ​បាន​រាន​ ដើម្បី​​​បន្ថែម​លើដី​ចម្កា​រ​កៅ​ស៊ូ​លាត​សន្ធឹង​របស់​ក្រុម​ហ៊ុន ទ្រី ភាព​ ប្រមាណ​ជា​១០.០០០​ហិកតា​ ហើយ​ គ្រឿង​ចក្រ​ឈូស​ឆាយដែល​ពួក​គេ​បាន​ទប់​ស្កាត់​អាជ្ញា​ធរ​មិន​ឲ្យ​ប្រើ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ​ គឺជា​កម្មសិទ្ធិរបស់​អ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ​ម្នាក់។

លោក ឯ​ សារ៉ូ តាម​​​សេចក្តីរាយ​​​ការណ៍ថា បាន​ប្រាប់​អ្នក​ភូមិ​ម្នាក់​កាល​ពី​សប្តាហ៍​មុនថា ដី​ដែល​កំពុង​ត្រូវ​បាន​ឈូសឆាយ​នោះ​ គឺ​ត្រូវ​បាន​ផ្តល់​ឲ្យ​ជា​ដី​សម្បទាន​សង្គម​កិច្ច​មួយ​ទៅ​ឲ្យ​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​គួយ​ចំនួន​២០០​នាក់​។

លោក អឿន ស៊ីថា ជា​ប្រជាពលរដ្ឋ​ម្នាក់​​​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​៣០០​នាក់​នៅ​ក្នុង​ភូមិ​អូរពើ ឃុំ​រមណី​ បាន​ឲ្យដឹងថា អ្នក​​ភូមិ​នៅ​តែ​មិន​យល់​ស្រប​នឹង​ការ​បណ្តេញ​​ចេញ​នេះ​ ហើយ​នឹង​ធ្វើ​​​សកម្មភាព​​​ ដើម្បីទប់​ស្កាត់​ការ​ឈូសឆាយ​ដី​ និង​លំនៅដ្ឋាន​របស់​ខ្លួន​។ លោក ស៊ីថា បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិមិន​ចង់​រើ​ទៅនៅ​ទីតាំង​ថ្មី​ទេ​ ពី​ព្រោះ​អ្នក​ភូមិ​ភាគ​ច្រើន​បំផុត​រក​ប្រាក់​បាន​តាម​រយៈ​មុខ​របរ​តូចតាចនៅ​តាម​ផ្លូវ​ជាតិ​លេខ​៦២។

លោក​បាន​ឲ្យដឹង​​​បន្ថែមទៀត​​​ថា  លោក​មិន​អាច​ឃាត់អ្នកភូមិ​​​មិន​​​ឲ្យ​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​បណ្តេញ​ពួក​គេ​ចេញ​​ទេ។ លោក​បាន​មានប្រសាសន៍ថា “យើង​ទាំង​​​​អស់​គ្នា​នឹង​អង្គុយ​នៅ​មុខ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ ដើម្បី​មិន​អនុញ្ញាតឲ្យ​គ្រឿង​ចក្រ​នេះ​កម្ទេច​ផ្ទះ​ និង​ដី​របស់​យើងបាន​ឡើយ ហើយ​យើង​នឹង​ឆ្លើយ​តប​វិញ​ដោយ​ប្រើ​កាំបិត​ផ្គាក់ និង​ពូថៅ ប្រសិន​បើ​ពួក​គេ​បញ្ជា​​គ្រឿង​ចក្រ​​ ឈូស​ឆាយ​ដី​បើកកិន​អ្នក​ភូមិ”។

លោក ឯ សារ៉ូ បាន​ឲ្យដឹងបន្ត​​​ផង​​​ដែរថា អាជ្ញាធរ​ស្រុក​បាន​ចេញ​លិខិតទី២មួយ​ច្បាប់ កាល​ពី​ម្សិល​មិញ​ដោយ​បញ្ជា​ឲ្យ​អ្នក​ភូមិ​ចាក​ចេញពីដីនោះ។
លោក ឯ សារ៉ូ  មានប្រសាសន៍ថា “យើង ​​​​កំពុង​តែ​បណ្តេញ​ពួក​គាត់ ពី​ព្រោះ​ពួក​គាត់ បាន​សង់​សំណង់​អនាធិប​តេយ្យ ហើយ​ពួក​គាត់គួរ​តែ​ត្រឡប់​ទៅ​កន្លែង​ដើមរបស់​ពួក​គាត់​​​វិញ​​​ទៅ​”។លោក​បាន​បដិសេធ​ថា ដី​នេះ​​មិន​កំពុង​​​ត្រូវ​បាន​ឈូស​​​ឆាយ សម្រាប់​លោក ទ្រី ភាព​ ទេ។ អ្នក​ភូមិ​​ឲ្យដឹងថា ពួក​គាត់​បាន​ទៅ​រស់​នៅ​លើដី​នេះ ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​​មូល​ដ្ឋាន​កាលពីឆ្នាំ​២០១០៕ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស