42.2 C
Phnom Penh

មជ្ឈមណ្ឌល​បុប្ផាណា​​​នឹង​ក្លាយ​ជា​កន្លែង​សម្រាប់​​កិច្ច​ពិភាក្សា​ស្ដី​ពី​ខួប​ឯករាជ្យ​លើ​ក​ទី​៦០​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​បុប្ផាណា​​​ ដែល​មាន​​ទីតាំង​នៅ​ក្នុង​រាជធានីភ្នំពេញ​ នឹ​ង​​ក្លាយ​ជា​កន្លែង​​សម្រាប់​ប្រារព្ធខួប​​ឯករាជ្យ​លើក​ទី​៦០​ ​ក្នុង​សប្ដាហ៍​នេះ​ ដោយនឹង​​មាន​កិច្ច​ពិភាក្សា​មួយ​ចំនួន​​​ពាក់​ព័ន្ធ​នឹង​​ព្រឹត្តិការណ៍​នានា​អំឡុង​ទស​វត្ស​រ៍​ឆ្នាំ​១៩៦០។

កាល​ពី​​៦០​ឆ្នាំ​មុន​​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៥៣ ព្រះ​មហាក្សត្រ​នរោត្តម​ សីហនុ ទាម​ទារ​បាន​ឯករាជ្យ​ពី​ប្រទេស​បារំាង​​ ដោយ​បញ្ចប់​​ការ​គ្រប់គ្រង​​រយៈ​ពេល​​៩ទស​វត្សរ៍​​​របស់​ប្រទេស​បារំាង​​មក​លើ​ប្រទេស​កម្ពុជា​។ រីឯ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​​ហ្សឺណែវ​វិញ​​ក៏​បាន​​ធ្វើ​ឲ្យ​​ការ​​គ្រប់គ្រង​របស់​​ប្រទេស​បារំាង​​​លើ​​តំបន់​ឥណ្ឌូចិន​​ត្រូវ​រលាយ​​​ជា​ផ្លូវ​ការ​​ កាល​ពី​​ខែ​កក្កដា​ ឆ្នាំ​១៩៥៤​ផង​​ដែរ។

នៅ​​​វេលាម៉ោង​១០ព្រឹក​នេះ​នៅ​ឯ​មជ្ឈ​មណ្ឌល​បុប្ផាណា តាម​​បណ្ដោយ​ផ្លូវ​លេខ​២០០  លោក​ ពេជ្រ ទុំ​ក្រវឹល​ អតីត​​​តារា​សម្ដែង​​​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដែល​​បាន​ដើរ​តួយ៉ាង​​សំខាន់​​ក្នុង​​ការ​ស្រោច​ស្រង់​​​នៃ​វិស័យ​សិល្បៈ​ ក្រោយ​​​​សម័យ​ខ្មែរ​ក្រហម​នោះ​​នឹង​និយាយ​អំពី​​ការ​​រីក​ចម្រើន​នៃ​​វិស័យ​សិល្បៈ​ និង​វប្បធម៌​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​​ឆ្នាំ​ដំបូង​​ ក្រោយ​​ទទួល​បាន​ឯករាជ្យ​​។ នៅ​​ ម៉ោង​ប្រាំ​មួយ​ល្ងាចថ្ងៃ ពុធ​ លោក​ ជីនមី​ឆែល​ ហ្វីលី​ពី (Jean-Michel Filippi) ជា​អ្នក​ស្រាវជ្រាវ​​ និង​​ជា​ភាសា​វិទូ​ នឹង​​និយាយ​អំពី​​សម្ដេច​ឪ​នរោ​ត្តម​ សីហនុ និង​នយោបាយ​។ ហើយ​នៅ​ថ្ងៃ​ព្រហ​​ស្បតិ៍​​ វេលា​​ម៉ោង​​៦​ល្ងាច​ដដែល​ លោក​ វណ្ណ ម៉ូលី​វណ្ណ ស្ថាបត្យ​ករ​ដ៏​ល្បី​​ ដែល​បាន​​​គូរ​ប្លង់​​សម្រាប់​​រាជធានីភ្នំពេញ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៦០​នោះ​ នឹង​​ពន្យល់​អំពីចលនា​ស្ថា​បត្យកម្ម​​ខ្មែរ​ថ្មី​​នៅ​សម័យ​ក្រោយ​​ទទួល​បាន​​​​ឯករាជ្យ​។

នៅ​ថ្ងៃ​ព្រហស្បតិ៍​វេលាម៉ោង​ប្រាំមួយ​ល្ងាច​ លោក​ ឌេត​ សុខឧត្តម​​ ដែល​ធ្វើ​​ការ​នៅ​​​ដេប៉ាតឺម៉ង់​​ទំនាក់​ទំនង​​អន្តរ​ជាតិ​នៅ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​​ (Zaman) ក្នុងរាជ​ធានី​ភ្នំពេញ​ នឹង​​​ធ្វើ​បទបង្ហាញ​អំពី​គោល​នយោ​បាយ​ការ​បរទេស​របស់​ប្រទេស​កម្ពុជា​។ លោក​​បា​ន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា “ ខ្ញុំ​​នឹង​និយាយ​អំពី​​ភាព​តាន​តឹង​នៃ​សង្គ្រាម​ត្រជាក់​ក្នុង​តំបន់​​និង​ទូទាំង​ពិភព​លោក​ ជាពិសេស​​សង្គ្រាម​នៅ​ប្រទេស​វៀត​ណាម​ ដែល​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការ​​សម្រេច​​ពាក់​ព័ន្ធ​នឹង​គោល​នយោបាយ​ការ​បរ​ទេស​​របស់​​អតីត​ព្រះ​អង្គម្ចាស់​​ នរោត្តម​ សីហនុ”។

លោក​ សុខ ឧត្តម​​ ក៏​នឹង​និយាយ​ពី​​ជម្លោះ​​រវាង​ប្រទេស​ថៃ និង​កម្ពុជា​ផង​ដែរ​ទាក់​ទិន​នឹង​ប្រាសាទ​ព្រះ​វិហារ​ និង​ការអះអាង​សិទ្ធិ​កាន់​កាប់​ទឹក​ដី ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​​​ដាក់​ពាក្យ​បណ្ដឹង​កាល​ពី​ឆ្នាំ​១៩៥៩​​ទៅ​​តុលាការ​​​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ ដែល​​កាត់​ក្ដី​ឲ្យ​​ប្រទេស​កម្ពុជា​ឈ្នះ​កាល​ពី​ឆ្នាំ​១៩៦២​ផង​ដែរ​។

តុលាការ​នេះ​​បានសើរើ​​សេចក្ដី​សម្រេច​​ទាក់​ទិន​នឹង​ដី​​នៅ​ជាប់​ប្រាសាទ​ព្រះ​​វិហារ​នេះ​ឡើង​វិញ ហើយ​ត្រូវ​បាន​​រំពឹង​ថា នឹង​សេចក្ដី​សម្រេច​​នៅ​​​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​។

លោក​ ជា សុភាព​ អ្នក​សម្រប​សម្រួល​​គម្រោង​​នៅ​​មជ្ឈមណ្ឌល​បុប្ផាណា​​បាន​មាន​ប្រសាសន៍​ថា “បន្ទាប់​ពី​ទទួល​បាន​ឯករាជ្យ​ ប្រទេស​កម្ពុជា​​ត្រូវ​បាន​គេ​​ចាត់​​ទុក​ថា បាន​​ឈាន​​ដល់​​សម័យ​ដ៏​រុង​រឿង​បំផុត​។ យើង​​ចង់​ចែក​រំលែក​អ្វីៗ​ដែល​បាន​កើត​ឡើង​ពិត​ប្រាកដ​​​​​ទាំង​អស់​នេះដល់​​ប្រជាពល​រដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​​កម្ពុជា​ទាំងអស់​ឲ្យ​បាន​ដឹង​”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស