30.4 C
Phnom Penh

តុលាការ​ចោទប្រកាន់ជន​ជាតិ​វៀត​ណាម​​ប្រាំមួយ​នាក់​ បន្ទាប់​ពី​មានការ​ឆ្មក់​ចូល​ផ្ទះ​បន​ក្នុងក្រុងភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ សាលា​ដំបូង​រាជធានី​   ភ្នំ​ពេញ​បាន​ចោទ​ប្រកាន់​ជន​ជាតិ​វៀត​ណាម​​ប្រាំមួយនាក់ពីបទ​ពេស្យាកម្ម​ បន្ទាប់​ពីមាន​ប្រតិបត្តិការ​ឆ្មក់​ចូលចាប់​មួយ កាល​ពីយប់​ថ្ងៃ​ព្រហស្បតិ៍​ នៅក្នុង​ផ្ទះបន​ពីរកន្លែងស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ។​នគរបាល​និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ការពារ​កុមារ​លើក​ឡើង​ថា ផ្ទះ​បន​នោះបាន​និង​កំពុង​តែ​ជួញ​ដូរ អនីតិជន​។

លោក​ ជា ម៉េត ព្រះរាជអាជ្ញារង​អម​សា​លា​ដំបូង​រាជធានីភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចោទ​ប្រកាន់​បុរស​ប្រាំនាក់​ និង​ស្ត្រី​ម្នាក់​ ពីបទ​ប្រព្រឹត្ត​ពេស្យាកម្ម​”។

ឈ្មោះ​ ង្វៀន ឌីយ៉ា (Nguyen Digna) អាយុ​២៦​ឆ្នាំ ឈ្មោះ ឡេ ចាន់ថា (Le Chantha) អាយុ​៣១​ឆ្នាំ​ ឈ្មោះ ង្វៀន យ៉ាន់​ដុង​ (Nguyen Yandong) អាយុ​៣២ឆ្នាំ ឈ្មោះ ហេង ឆាយ (Heng Chhay) អាយុ​២៦​ឆ្នាំ​ ឈ្មោះ យឿន វិខេន អាយុ​៤៨​ឆ្នាំ និង​ឈ្មោះ ង្វៀន ធីយ៉ុង អាយុ​៣៩​ឆ្នាំ​ ជា​ស្ត្រី ត្រូវ​បាន​ចោទ​ថា បើក​បន​ស្រី​ នៅពេល​​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​។

នៅ​ម៉ោង​ប្រហែល​៩យប់​ថ្ងៃព្រហស្បតិ៍​ នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បាន​ឆ្មក់​ចូល​ព្រម​គ្នា​​ទៅ​ក្នុង​ហាង​ម៉ាស្សា​ពីរ​កន្លែង​ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​៦៣​ ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ និង​នៅ​លើ​មហាវិថី​សុធារស ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ ដោយ​សារតែ​មាន​​ការ​សង្ស័យ​ថា ជន​ជាប់​ចោទ​ទាំង​នេះ​​កំពុង​តែ​បើ​ក​បន​ស្រី​ ដោយ​ផ្តល់​សេវា​ផ្លូវ​ភេទ​ជា​មួយ​ស្រី​ពេស្យា​​មិន​ទាន់​​គ្រប់​អាយុ​។ ជន​ជាតិ​វៀត​ណាម​ចំនួន​​ប្រាំ​ពីរ​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​អតិ​ថិជន​មួយ​ចំនួន​ដែល​មាន​វត្ត​មាន​នៅ​ពេល​នោះ​ត្រូវ​បាន​ឃាត់ខ្លួន​ និង​ត្រូវ​បាន​សាកសួរ​ បន្ទាប់​មក​ ក៏ត្រូវ​បាន​ដោះ​លែង​វិញ​។

លោក​ឧត្តម​សេនីយ៍ ប៉ុល​ ពិថី ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ដឹក​នាំប្រតិបត្តិ​ការ​ឆ្មក់ចូល​ចាប់​ទាំង​ពីរ​លើក ​បាន​ឲ្យដឹង​ថា លទ្ធផល​​ស៊ើបអង្កេត​មួយ​ធ្វើ​ឡើងដោយ​ក្រុម​នគរ​បាល​​ចាប់​តាំង​ពី​យប់​ថ្ងៃព្រហស្បតិ៍​មកបាន​បង្ហាញ​ថា ស្ត្រី​យ៉ាង​តិច​ប្រាំ​នាក់​ក្នុង​ចំណោម​ស្ត្រី​ចំនួន​២០​នាក់​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ អំឡុង​ប្រតិបត្តិការ​ឆ្មក់ចូល​ទាំង​នេះ​ គឺ​ជា​អនី​តិជន​។លោកឧត្តម​សេនីយ៍ ប៉ុល​ ពិថី បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញថា “មាន​មនុស្ស​ប្រាំនាក់​ ឬ​ប្រាំមួយនាក់​អាយុ​ក្រោម​១៨​ឆ្នាំ នេះ​បើ​យោង​តាម​អ្វី ដែល​ពួក​គេ​ [ជន​រង​គ្រោះ​] បាន​ប្រាប់​យើង​”។

លោក​បាន​បន្ថែម​ថា “យើង​កំពុង​តែ​សហ​ការ​ជាមួយ​ក្រសួង​សង្គម​កិច្ច​ ដើម្បី​ស៊ើប​​អង្កេត​បន្ថែម​ទៀត​ ពីព្រោះ​[​អ្នក​រក​ស៊ើ​ផ្លូវ​ភេទ​] ជន​ជាតិ​វៀតណាម​ខ្លះ​មិន​បាន​ផ្តល់​អត្ត​សញ្ញាណ​ពិត​ប្រាកដ​របស់​ខ្លួន​ទេ​”។ លោក​ស្រី  លីសា ស្លាវ៉ូហ្វស្គី (Lisa Sla​vov​sky) ប្រធាន​ផ្នែក​គាំពារ​នៅ​អង្គការ​បេស​ក​កម្ម​​យុត្តិ​ធម៌​អន្តរ​ជាតិ​ (International Justice  Mission) ដែល​បាន​ផ្តល់​ជំនួយក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​ និង​ការ​សើុប​អង្កេត​បន្ត​​បាន​ឲ្យដឹង​ថា លោក​ស្រីមាន​ទំនុក​ចិត្ត​ថា អនី​តិជន​បាន​និង​កំពុង​តែធ្វើ​ការ​នៅ​ក្នុង​ផ្ទះ​បន​ ប៉ុន្តែ នៅ​តែមាន​ព័ត៌មាន​តិច​តូច​ពេក​ ទាក់​ទង​នឹង​ចំនួន ឬក៏​អាយុរបស់​អនីតិជន​ទាំង​នោះ​។

លោក​ស្រី ស្លាវ៉ូហ្វ​ស្គី ​មានប្រសាស​ន៍​ថា “ទាក់ទង​នឹង​អនីតិជន​ ការ​ផ្ទៀង​ផ្ទាត់​អាយុ​ [ធ្វើ​ឡើង​ដោយ​​នគរ​បាល​]​ កំពុងតែ​ដំណើរ​ការ​នៅ​ឡើយ​” ។​លោក​ស្រី​បានឲ្យដឹងបន្ថែមទៀត​ថា  ក្នុង​រយៈពេល​ជាច្រើន​ខែ​ដែលឈាន​ដល់​ការ​ឆ្មក់​ចូល​នោះ​ អង្គការ​បេសកកម្ម​យុត្តិ​ធម៌​អន្តរជាតិ​បាន​ប្រើ​ “របៀប​ប៉ាន់​ប្រមាណ​អំពី​អាយុតាម​ការមើល​ឃើញ​ជាក់​ស្តែង​” ក៏ដូច​ជា​សេចក្តី​រាយ​ការណ៍​ពី​បុគ្គល ដែល​​ស្គាល់​ជន​រងគ្រោះ​ ដើម្បី​កំណត់​អាយុ​របស់​ពួក​គេ​។

លោក​ស្រី​ ស្លាវ៉ូហ្វ​ស្គី បានមាន​ប្រសាសន៍​បន្តទៀត​ថា “យើង​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​​តាម​របៀប​ស្រាវជ្រាវ​ស៊ី​ជម្រៅ ដើម្បី​អាច​វាយ​តម្លៃ​ និង​ប៉ាន់ប្រមាណ​​​​អាយុ​ពិត​ តាម​ការ​មើល​ឃើញបាន”៕ ប៊ុន​នី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស