35 C
Phnom Penh

ក្រុម​ហ៊ុន​ស្ករសថៃ​​​​ចំនួន​​​ពីរ​មិន​​​ព្រម​​​​មក​​​ជួប​​​​​អ្នក​ភូមិ​ដែល​ត្រូវ​បាន​បណ្តេញ​​ចេញពី​​​ដី​​​ចម្ការ​​​​​​អំពៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​ស្ករស​ថៃ​ចំនួន​ពីរ​បាន​ច្រាន​ចោល​​​​​​​សំណើ​​​​ស្នើ​​​សុំ​​​ឲ្យ​​​​​​​ពួក​​​គេ​​​មក​​​​​ជួប​​ប្រជុំ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ និង​តំណាង​​​​សហ​គមន៍​ដែល​បាន​ចោទ​ប្រ​កាន់​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​ថា បាន​បណ្តេញ​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​ដោយ​ខុស​ច្បាប់​ និង​ជួន​​​កាល​​​ដោយ​ហិង្សា​ចេញ​​​​ពីដី​ធ្លី​របស់​ពួក​គាត់​នៅ​កម្ពុជា។

ក្រុម​ហ៊ុន​ស្ករស Mitr Phol Sugar និង​ក្រុម​​​ហ៊ុន Khon Kaen Sugar កំពុង​ប្រឈម​នឹង​បណ្តឹង​​​​ដែល​គេ​បាន​ប្តឹង​ទៅ​គណៈ​កម្មាធិ​​​ការ​សិទ្ធិ​មនុស្ស​​​​​​​ជាតិ​របស់​ប្រទេស​ថៃ​ថា ចម្ការ​​​របស់​​​ពួក​​​គេ​​​​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​កោះ​​​​កុង​​​បាន​​​​​​​បង្ខំ​​​ឲ្យ​​​អ្នក​ភូមិ​​រាប់​រយ​គ្រួសារ​ចេញ​ពី​ដី​របស់​ពួក​គាត់។

តំណាង​មក​ពី​សហ​គមន៍​ចំនួន​ពីរ និង​អង្គការ​​​​មិន​មែន​រដ្ឋា​ភិបាល​ដែល​ជួយ​​ពួក​គាត់​​កំពុង​ស្ថិត​​​​ក្នុង​ប្រទេស​ថៃ​នៅ​សប្តាហ៍​នេះ ដើម្បី​ស្នើ​សុំឲ្យ​​​​បញ្ចេញ​​​របាយ​ការណ៍ស្តី​ពីការ​ចោទ​ប្រកាន់​​​​មក​លើ​ក្រុម​ហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​ឡើង​​​វិញ​​​ ហើយ​​​​កាល​ពី​សប្តាហ៍​មុន​​បាន​សុំ​ជួប​ជាមួយ​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទាំង​ពីរ​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​សៅរ៍។ តំណាង​ក្រុម​ហ៊ុន KSL បាន​លើក​ឡើង​នៅ​​​​ក្នុង​អ៊ីម៉េលថា “យើង​សោក​ស្តាយ​ណាស់​​​​ដែល​ប្រាប់​លោក​អ្នក​ថា យើង​​មិន​អាច​ចូល​រួម​ប្រជុំ​បាន ដោយសារ​​​​មាន​​​​​​​​​​​​ការ​ងារ​មមាញឹក​ពេក​”។

តំណាង​រូប​នេះ​បាន​និយាយ​ទៀត​ថា “ទោះ​​​​ជា​យ៉ាង​ណា​ ក្រុម​ហ៊ុន​របស់​យើង​មិន​មែន​មិន​អើ​ពើ​នឹង​បញ្ហា​នេះ​ទេ ដោយ​សារ​ថា យើង​បាន​សហការ​ជាមួយ​ដៃ​គូ​របស់​យើង​​​​ដើម្បី​ប្រមូល​ភ័ស្តុតាង និង​ស៊ើប​​អង្កេត​រក​ការពិតដែល​ពាក់​ព័ន្ធ​ទាំង​អស់​ដើម្បី​ដោះ​ស្រាយ​​​បញ្ហា​​​នេះ”។

ក្រុម​ហ៊ុន​ជា​ដៃ​គូ​តូច​មួយ​របស់​ក្រុម​ហ៊ុន KSL នៅ​ក្នុង​ខេត្ត​កោះ​កុង គឺ​ក្រុម​ហ៊ុន តៃវ៉ាន់​ឈ្មោះ Ve Wong។ ក្រុម​ហ៊ុន​ Mitr Phol បាន​ច្រាន​ចោល​សំណើ​​​​សំុ​ជួប​ប្រជំុ​ដោយ​មូល​ហេតុ​ថា របាយ​ការណ៍​ថ្មី​បំផុត​របស់​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ប្រទេស​​​​កម្ពុជា កាល​ពី​ខែ​កញ្ញានោះ មិន​មាន​ព័ត៌​មាន​ថ្មី​ពាក់ព័ន្ធ​រឿង​នេះ​ទេ​។

លោក​ អ៊ីនទីរ៉ា ប៉ាក (Intira Park) ប្រធាន​ផ្នែក​​​​ទំនាក់​ទំនង​របស់​ក្រុម​ហ៊ុន​នេះបាន​លើក​​​​ឡើង​​​​តាមអ៊ីម៉េល​ថា “ បន្ទាប់​ពី​ពិនិត្យ​មើល​ឯក​សារ​​​​រួចហើយ​​​ យើង​មិន​ឃើញ​មាន​ព័ត៌​មាន​ថ្មី​ណា​​​​​​​​​​មួយ​ឡើយ​ ហេតុ​ដូច្នោះ​​​យើង​​​សូម​​​ឲ្យ​​​​​​អស់​​​លោក​​​​​​​​​ងាក​​​​​​​ទៅ​​​​​រក​​​សេចក្តី​​​ប្រកាស​​​ដែល​​​យើង​​​ប្រកាស​​​ជា​​​​សាធារណៈ​​​​កាល​​​ពី​​​ដំបូង​​​នោះ​​​​វិញ”។

នៅ​ក្នុង​​​សេចក្តី​​​ប្រកាស​​​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១២ ក្រុម​ហ៊ុន Mitr Phol បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​មិន​បាន​គាំទ្រ​​ការ​ចាប់​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯក​ជន ឬ​បាន​បណ្តេញ​អ្នក​ភូមិ​ចេញ​ពី​ដី​ធ្លី​ឡើយ ហើយ​ក្រុម​ហ៊ុន​គោរព​តាម​​​​ច្បាប់​ក្នុង​ស្រុក​ទាំង​អស់​ ក្នុង​ការ​ទទួល​បាន​ចម្ការ​អំពៅ​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ។
​​សេចក្តី​​​ប្រកាស​​​​នេះ​បាន​បន្ថែម​ថា ក្រុម​ហ៊ុន​មិន​បាន​ចូល​រួម​នៅ​ក្នុង​ការ​ពិគ្រោះ​យោ​បល់​​​​ដ៏​​​តឹង​​​តែងរបស់​រដ្ឋា​ភិបាល​ជាមួយ​អ្នក​ភូមិ​ក្នុង​មូល​ដ្ឋាន​ជា​ច្រើន​គ្រួសារ​ទេ ប៉ុន្តែ​បាន​កោត​សរសើរ​​​​​​​ចំពោះ​​​​ការ​ផ្តល់​ការ​ងារ​ និង​ការ​បណ្តុះ​បណ្តាល។

ប៉ុន្តែ កសិករ​ក្នុង​មូល​ដ្ឋាន​ដូច​ជា អ្នក​ស្រី សុង រ៉ាន់ បាន​និយាយ​ថា ការ​ងារ​នៅ​តាម​ចម្ការ​​​​អំពៅ​ដែល​​​ទទួល​បាន​ប្រាក់​កម្រៃ​តាម​រដូវ និង​បន្តិច​​​​បន្តួច​​​នោះគឺតិច​​​ពេក​​​មិន​​​អាច​​​ជំនួស​​​​ដី​ស្រែ​ដែល​ពួក​គាត់​​​​ធ្លាប់​បាន​កាន់​កាប់​​​បាន​​​ទេ។ អ្នក​ស្រី សុង រ៉ាន់ បាន​និយាយថា អ្នក​ស្រី​ព្រម​ទាំង​ប្តី​​​​គាត់​​​បាន​បាត់​បង់​ដី​ស្រែ​ទំហំ​ពីរ​ហិកតា ដែល​ពួក​គាត់​ធ្លាប់​ដាំ​ដើម​ស្វាយ​ចន្ទី និង​ដើម​ខ្នុរ​។ អ្នក​ស្រី​បាន​និយាយ​ថា “បន្ទាប់​ពី​ឮ​ថា​ ក្រុម​​​​ហ៊ុន​ទាំង​ពី​រនេះ​បាន​បដិសេធ​មិន​ព្រម​មក​ចូល​​​​រួម​ប្រជុំនោះ ខ្ញុំ​មាន​ការ​ខក​ចិត្ត​ខ្លាំង​ណាស់។ ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​បាន​យក​ដី​របស់​យើង ហើយ​ទុក​ឲ្យ​យើង​កាន់​តែ​ក្រ​​​ទៅៗ។​​​នេះ​​​គឺ​​​ជា​​​​លើក​ទី​២​ហើយដែល​ក្រុម​ហ៊ុន​ទាំងពីរ​នេះ​បាន​បដិសេធ​មិន​ព្រម​មក​​​ជួប​​​​​​​ប្រជុំ​ជាមួយ​ពួក​យើង​។ វា​បង្ហាញ​ថា ក្រុម​ហ៊ុន​​​​ស្ករ​ស​ទាំង​ពីរ​នេះ​មិន​ចង់​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ដែល​កំពុង​តែ​កើត​មាន​នេះតែម្ត​ង​”។

លោក អ៊ាង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សម​​​ធម៌កម្ពុជា ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ដែល​​​​ជួយ​ដល់​គ្រួសារ​ទាំង​នេះ​បាន​អះ​អាង​ថា នេះ​​​​ជា​លើក​ទី​២​ហើយ​ដែល​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​​​​បាន​បដិសេធ​មិន​មក​​​ជួប​​​ពួក​គាត់។ លោក​បាន​មាន​ប្រសាសន៍​ថា “នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ដ៏​គួរ​ឲ្យ​ខក​ចិត្ត​បំផុត​របស់​ក្រុម​ហ៊ុន​ទាំង​នេះ។ យើង​ និង​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ដោយ​មាន​ជំនឿ​មុត​មាំ​ថា នឹង​លើក​យក​បញ្ហា​ទាំង​នេះ​ទៅ​ពិភាក្សា​ជាមួយ​ក្រុម​ហ៊ុន​ទាំងពីរ ប៉ុន្តែ​ជា​​​អកុសល ​ក្រុម​ហ៊ុន​បាន​ច្រាន​ចោល​សំណើ​របស់​យើង​ទៅ​វិញ”។

អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ចម្ការ​អំពៅ​របស់​ក្រុម​ហ៊ុន KSL នៅ​ក្នុង​ខេត្ត​កោះ​កុង បច្ចុ​ប្បន្ន​នេះកំពុង​ដាក់​ពាក្យ​បណ្តឹង​ ដើម្បី​ប្តឹងក្រុម​ហ៊ុន​ស្ករ​ស​អង់​គ្លេស​​​​ឈ្មោះ Tate & Lyle ជា​សាខា​របស់​ក្រុម​ហ៊ុន​ស្ករ​ស​អាមេរិក​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​។ពួក​គាត់​អះ​អាង​ថា ក្រុម​ហ៊ុន​បាន​ជំពាក់​ប្រាក់​ពួក​គាត់​ ពីព្រោះ​ក្រុម​ហ៊ុន​នេះ បាន​ទិញ​ស្ករស​ពី​ចម្ការ​អំពៅ​ទាំង​នេះ ហើយ​លក់​យក​ចំណេញ​។ ក្រុមហ៊ុន Tate & Lyle បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ឡើយ។ គេ​រំពឹង​ថា ​​​រឿង​​​នេះ​​​នឹង​​​ឡើង​​​តុលាការ​​​​នៅ​ដើម​ឆ្នាំ​ក្រោយ៕ សារុន

(រាយការណ៍​បន្ថែម​ដោយ គុច ណារ៉េន)​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស