33.2 C
Phnom Penh

ទ្រព្យ​សម្បត្តិ​​​របស់​ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូ​រ​ស័ព្ទ​ចល័ត​ អឹមហ្វូន​ ត្រូវ​បាន​ល​ក់ក្នុង​តម្លៃ​ទាប​បំផុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​កាន់​សំណុំ​រឿង​ក្រុម​ហ៊ុន អឹម​ ហ្វូន ​(Mfone) ​បាន​ឲ្យដឹង​កាលពីម្សិល​មិ​ញ​ថា ​ទ្រព្យ សម្បត្តិ​របស់​ក្រុម​ហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ក្ស័យធន​ និង​ជំពាក់​ប្រាក់​ម្ចាស់​បំណុល​នានា​ ជាង​១៦០​លានដុល្លារ​នេះ ​ត្រូវ​បាន​លក់​​ឲ្យ​អតិថិជន​ម្នាក់​មួយក្នុង​តម្លៃ ចរចា​១០​លានដុល្លារ​។

​លោក ខាន់ សិរិវុទ្ធី ​ទីប្រឹក្សា​ច្បាប់​រប​ស់​អភិ​​បាល​តែងតាំងដោយ​រដ្ឋាភិបាល​ ដើម្បី​គ្រ​ប់​គ្រង​​ដំណើរការ​ទិញ​លក់​ទ្រព្យសម្បត្តិ​របស់​ក្រុម​ហ៊ុន អឹមហ្វូន ​បាន​ឲ្យដឹង​ថា ​ទ្រ​ព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​នេះ​ ត្រូវ​បាន​ល​ក់​កាល​​​ពីថ្ងៃទី​៤ខែ​សីហា​ ឲ្យ​ក្រុម​ហ៊ុន​ទើប​ចុះ​បញ្ជី​មួយ​ឈ្មោះ Khmer Unified Network Communication  Ltd. ​ដែល​ជាកម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន ខ្មែរ​ហូលឌីញ គ្រុប  (Khmer Holding Group​) របស់​អ្នកជំនួញ​ជន​ជា​តិចិន​មួ​យ​រូបឈ្មោះ​ ខៅ យុន​ឌី ​(Khao Yun Dy)​។​

គិត​រហូតមក​ទល់ពេលនេះ ​ក្រុម​ហ៊ុន​ដែល​​ជាអ្ន​កទិញ​ទ្រព្យ​ទាំងនេះ ​បាន​បង់​ប្រាក់​២,៥​លានដុល្លារ​ ដោយបាន​បង់ជា​ពីរ​ដំ​ណាក់​កាល​។ ក្នុងនោះមួយ​​​លានដុល្លារ​​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ទូទាត់​ប្រាក់ឈ្នួ​ល​៣០​​​ភាគរយ​ នៃ​​​ចំនួន​​​ប្រាក់​​​ឈ្នួល​​​របស់​​​អតីត​បុគ្គ​លិក​១.០៩​២​នាក់​ ។ ​គិត​ត្រឹម​ម្សិលមិញ ​ពួក​​​គេ​​​ទើប​តែ​ទ​ទួល​បាន​១០ភាគ​រយ​នៃចំនួន​ទឹក​​​ប្រាក់​ដែ​ល​ក្រុម​ហ៊ុន​ អឹមហ្វូន ជំពាក់​​​ពួក​​​គេ​​​ប៉ុណ្ណោះ។

​លោក សិរិវុទ្ធី ​បាន​មានប្រសាសន៍​ប​ន្ថែម​ទៀតថា “យើងត្រូវ​ទូទាត់​ឲ្យបុគ្គ​លិក​មុនគេ​ ដោយ​យោងតាមច្បាប់​ការងារ​។ ដូ​ច្នេះ​ការ​ទូទាត់​នេះត្រូវ​ធ្វើ​ឡើងជាមួយ​ [​អ​តិត​បុគ្គ​លិក] ​ឲ្យ​បាន៤០ភាគរយ​”។​ លោក​បាន​ឲ្យដឹង​បន្ថែម​ទៀតថា ​ប្រា​ក់​មួយ​​​លាន​​ដុល្លារ​នឹងត្រូវ​បាន​ចំណាយ​ស​ម្រាប់​ ថ្លៃជួល​ទីតាំង​ដាក់អង់តែន​ចំនួន​១.០​៤០​កន្លែង​។ ​លោកបាន​មានប្រសាសន៍​ថា​ “នៅ​ពេ​ល​បុគ្គ​លិក​ទទួល​បាន​ប្រាក់​គ្រប់ចំនួ​ន​ហើយ​ប្រាក់​នៅសល់​ពី​ប្រាក់​ [១០​លាន​ដុល្លារ​] ​នឹងត្រូវ​ប្រើ​ប្រាស់​សម្រាប់​ទូទាត់​ឲ្យ​ម្ចាស់​បំណុល​របស់​យើង​”។

​តាំងពី​ពេល​ដែល​ក្រុម​ហ៊ុន ​អឹម​ហ្វូន​ បាន​ប្រកាស​ក្ស័យធន កាលពីឆ្នាំ​មុន​ ម្ចាស់​បំណុល​នានា​ រួមទាំង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ចិន​ឈ្មោះ ហួរ​វៃ (Huawei)​ និង​ក្រុម​ហ៊ុន ថាមពល​ន័រវែសឈ្មោះ ​អេលធេក (Eltek ​) ​បាន​ដាក់​ពាក្យបណ្តឹង​ទៅសាលា​ដំបូង​រា​ជ​ធានីភ្នំពេញ​ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុម​ហ៊ុន អឹម​ហ្វូន និង​ដើម្បី​​​ទទួល​បាន​ប្រាក់​ ដែ​ល​ក្រុម​ហ៊ុននេះ​ជំពាក់ថ្លៃ​សេវា​តំឡើង​ប​ច្ចេកវិទ្យា​គមនាគមន៍​។

​ក្រុម​ហ៊ុន អឹម​ហ្វូន ​ក៏​មាន​កូនបំណុល​ចំនួន​ប្រាំ​ ដែល​ជាក្រុមហ៊ុនទូរគមនាគមន៍​​ផង​ដែរ​ ពោលគឺ​ក្រុម​ហ៊ុនទាំងនោះ​បានជំ​ពាក់​ប្រាក់​ខ្លួន​ចំនួន​៧៨៧.០០០​ដុល្លារ​ ថ្លៃ​សេវា​កម្ម​ដែលខ្លួន​បានផ្តល់​ឲ្យ​ក្រុម​ហ៊ុនទាំ​ង​នោះ​។ ​លោក សិរិវុទ្ធី ​បាន​ឲ្យដឹង​ថា ​ចំ​ណាត់​ការ​ផ្លូវ​ច្បាប់​ ដើម្បីទារ​ប្រាក់​ដែល​ក្រុ​មហ៊ុន​ទាំង​នោះ​​ជំពាក់​ខ្លួន​ កំពុង​ដំណើរ​កា​រ​ហើយ។ ​លោក​​បាន​មានប្រសាសន៍ថា “យើង​បាន​ដាក់​ពាក្យ​បណ្តឹង​ ​ទៅ​សា​លាដំបូ​ង​រា​ជ​ធា​នី​ភ្នំ​ពេញ ដើម្បី​​ ប្តឹង​ក្រុម​ហ៊ុន មិត្តហ្វូន ​(Metfone) និងក្រុម​ហ៊ុន ​រ៉ូយ៉ាល់ អ៊ី​ន​ធ័រ​ណេ​សិនណល ថេឡេខម (Royal ​Inter​n​ational ​Telecom​) កាលពីខែ​មុន​ ហើយ​យើ​ង​នឹង​ដាក់​ពាក្យ​ប្តឹង​ក្រុម​ហ៊ុនពីរ​ផ្សេង​ទៀត [ក្រុម​ហ៊ុន ឃូថេល (Cootel) និង​ក្រុម​ហ៊ុន វ៉ីង​ ខេមបូឌា (Wing-Cambodia​)]​ ក្នុងសប្តាហ៍​នេះ​”។

​ក្រុម​ហ៊ុន អេលធេក ​ដែល​ត្រូវ​បា​ន​​ក្រុម​ហ៊ុន អឹមហ្វូន ​ជំពាក់​ប្រាក់​ប្រាំ​លាន​ដុ​ល្លារ​ រួម​ទាំង​ថ្លៃសេវា​កម្ម​ផ្នែកច្បាប់​ផង​ ​និ​ង​ដែល​ជា​ម្ចាស់​បំណុល​ធំបំផុត​លំដាប់​ទី២​របស់​ក្រុម​ហ៊ុន អឹមហ្វូន​ នោះ ​កាលពី​ម្សិ​ល​មិញ​បាន​អំពាវ​នាវ​ឲ្យ​ម្ចាស់​បំណុល​ទាំ​ង​អស់​​ ធ្វើ​សវន​កម្ម​លើ​ដំណើរ​ការ​លក់​ទ្រព្យ​សម្បត្តិ​​ទាំងនេះ ​ដោយសារតែ​មាន​ភាព​ខុ​សគ្នា​យ៉ាង​ខ្លាំង​រវាង​​លទ្ធផល​វាយតម្លៃ​រប​ស់ខ្លួន ​និង​តម្លៃ​លក់​តាមចរចា​នេះ​។

​លោក គួយ ​ធុនណា​ មេធាវី​ក្រុម​ហ៊ុន​ អេល​ធេក ​ប្រចាំប្រទេស​កម្ពុជា ​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​គាំទ្រ​ឲ្យ​លក់​ទ្រព្យ​សម្បត្តិ​ទាំងនេះ​ ក៏ប៉ុន្តែ ​ពួកគេ​ត្រូវ​ធ្វើសវនកម្ម  ​ពី​ព្រោះ ​​ថ្លៃ​លក់​នេះ​មាន​គម្លាត​យ៉ាងឆ្ងាយ​ ពី​តម្លៃ​ក្នុង បញ្ជី​”។ ​លោក​ក៏​បាន​លើកសំណួរ​ផង​ដែរ​ថា ​តើ​ហេតុ​អ្វីបាន​ជា​លោក​អភិបា​ល​មិន​បាន ជូនដំណឹង​ ដល់តំណាង​ក្រុម​ហ៊ុ​ន អេល​ធេក ​អំពី​ការ​លក់​កាលពីថ្ងៃទី៤​ខែ​សីហា​ អំឡុង​កិច្ច​ ប្រជុំ​ជាមួយកាលពី​ថ្ងៃទី​១៩​ខែ​កញ្ញា​។

​លោក ផាន់ ឌឿន ​អតីត​អ្នកគ្រប់គ្រង​ទ្រព្យ​​សម្បត្តិ​របស់​ក្រុម​ហ៊ុ​ន អឹមហ្វូន ​បាន​បញ្ជាក់​កាលពីម្សិល​មិញ​ថា ​លោក​ទទួល​បា​ន​ប្រាក់​ទូទាត់​ថ្មី​បំផុត​ចំនួន​៣០ភាគរយ​ស​ម្រាប់​បំណាច់សរុប​របស់​លោក​។ ​លោក​បា​ន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ទទួល​បាន​ប្រាក់​ទូទាត់​ក្នុង​ថ្ងៃនេះ​ ហើយឥឡូវ​នេះ​ខ្ញុំ​សង្ឃឹ​ម​ថា លោក​អភិបាល​នឹង​បង់​ប្រាក់​នៅ​សល់​ឲ្យបុគ្គ​លិក​​​​នា​ពេល​ឆាប់ៗ​នេះ​”៕​ សុធា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស