39.4 C
Phnom Penh

ប្រជា​ពលរដ្ឋ​ខ្មែរ​​សង្ឃឹម​ថា នឹង​មាន​សន្តិភាព​​​បន្ទាប់​ពីសេចក្តីសម្រេច​ក្នុង​​រឿង​ក្តី​​ប្រាសាទ​ព្រះ​វិហារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើ​ទោះជា​តុលាកា​រ​យុត្តិ​ធម៌​អន្តរ​ជាតិ មិន​បាន​សម្រេច​អំពី​ខ្សែ​បន្ទាត់​ព្រំដែន​ផ្លូវ​ការ​រវាង​ប្រទេស​កម្ពុជា​ និង​​ប្រទេស​ថៃ​ក៏ដោយ  ក៏​​កាលពី​ម្សិលមិញ​ប្រជា​ពល​រដ្ឋ​ខ្មែរ​​មាន​ការ​សប្បាយ​ចិត្ត​ចំពោះ​​សេចក្ដី​សម្រេច​របស់​តុលា​ការ​នេះ​កាលពី​ថ្ងៃ​ច័ន្ទ ដែល​បាន​បញ្ជាក់​​អំពី​អធិប​​តេយ្យ​ភាព​​របស់​កម្ពុជា​លើប្រាសាទ​   ព្រះ​វិហារ និង​តំបន់​ជុំវិញ​​​ប្រាសាទ​នេះ។

ពេល​ប្រកាស​សេចក្តីសម្រេច​នេះ​​ក្នុង​ទីក្រុង​​ឡាអេ តុលា​ការ​អង្គការ​សហ​ប្រជា​ជាតិ​នេះ​បាន​សម្រេច​តម្កល់​​សាល​ដីកា​​ឆ្នាំ​១៩៦២​របស់​ខ្លួន​​ជា​ឯក​ច្ឆន្ទ​​ដោយប្រគល់​ប្រាសាទ​សត​វត្សរ៍​ទី​១១ ដែល​មាន​ជម្លោះ​នេះ​មក​ឲ្យ​ប្រទេស​កម្ពុជា ​ហើយ​​ទោះ​បី​ជា​​លទ្ធ​ផល​នេះ​មិន​ដូច​ការ​ចង់បាន​របស់​កម្ពុជា​​​ទាំង​ស្រុង​ ដោយ​សារ​​តុលាការ​​​​នេះ​មិន​បាន​កំណត់​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​នេះ​​​ក៏​ដោយ ក៏សេចក្តី​សម្រេចនេះត្រូវ​បាន​​ចាត់​ទុក​ថា ជា​ជោគ​ជ័យ​ដែរ​។

គឹម វឌ្ឍនា អាយុ​២១​ឆ្នាំ ជា​និស្សិត​ផ្នែក​​គ្រប់​គ្រង​ពាណិជ្ជកម្ម នៅ​សាកល​វិទ្យា​ល័យ​បញ្ញាសាស្ត្របាន​និយាយ​ថា “ខ្ញុំ​គិត​ថា វាជា​ជោគ​ជ័យ​សម្រាប់​ប្រទេស​កម្ពុជា ពីព្រោះ​បញ្ហា​ទឹក​ដី​និង​​ព្រំដែន​គឺ​សំខាន់​ណាស់​សម្រាប់​​​ប្រទេស​ដ៏តូច​របស់​យើង​នេះ”។ និស្សិត​រូប​នេះ​បាន​បន្ថែម​ថា ខ្លួន​និង​មិត្ត​ភក្ដិ​របស់​ខ្លួន​​រីករាយ​ណាស់​ដែល​​សាល​​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិនេះ​ធ្វើ​ឲ្យ​មាន​សន្តិភាព​។

ដោយ​គាំទ្រ​​ការ​សន្យា​របស់​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់​ពាក់​ព័ន្ធ​ទឹក​ដី​ដែល​មាន​ជម្លោះ​ដោយ​ស​ន្តិ​វិធី​នោះ វឌ្ឍនា ​និយាយ​​​ថា យុវជន​ដូចជា​រូប​​គាត់ ​ឥឡូវ​នេះ​ មាន​ការ​បារម្ភ​​ជា​ខ្លាំង​​ខ្លាច​​ជៀស​មិន​ផុត​ពី​​អំពើ​ហិង្សា​​ដូច​ពេល​កន្លង​មក​។ និស្សិត​រូប​នេះ​បាន​និយាយ​ថា “​ប្រសិន​បើ​​តុលាការ​បាន​សម្រេច​ឲ្យ​ប្រទេស​ថៃ​ឈ្នះ​ក្នុង​ជម្លោះ​នេះ​ ​​ខ្ញុំ​​ពិត​ជា​​​បារម្ភ​​ខ្លាំង​ណាស់​​ ប៉ុន្តែ​ ខ្ញុំ​​បារម្ភ​​​ចំពោះ​​សន្តិ​ភាព​របស់​ប្រទេស​ជាតិ​ខ្ញុ​ំ​ខ្លាំង​ជាង​”។
លឹម គឹមអង អាយុ​២៣​ឆ្នាំ ជា​​គរុនិស្សិត​​បាន​និយាយ​ថា នាង​និង​មិត្ត​ភក្ដិ​របស់​នាង​បាន​មើល​នីតិវិធី​របស់​តុលាការ​​នេះ​តាម​ប្រព័ន្ធ​អ៊ិនធើណិត​នៅ​លើ​កុំព្យូទ័រ​យួរ​ដៃ​របស់​ខ្លួន​ ពេល​ម៉ោង​សម្រាក​។

​ទោះ​បីជា​​នាង​បាននិយាយ​ថា ពួកគេ​ពេញ​ចិត្ត​នឹង​សាល​ដីកានេះក៏​ដោយ ក៏​ពួកគេ​ដឹង​ថា តំបន់​ទាំង​មូល​ដែល​មាន​ជម្លោះ​នេះ​​មិនត្រូវ​បាន​ដោះ​ស្រាយទេ ហើយ​ការ​ចរចា​ប្រកប​ដោយ​ជោគជ័យគឺជាការ​សំខាន់​ណាស់​​​ដើម្បី​ធានា​ថា ការ​ប៉ះទង្គិច​​ផ្នែក​យោធា​​កាលពី​ឆ្នាំ​២០១១ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​​ជិត​២០​នាក់ស្លាប់​នោះ នឹង​មិន​កើត​ឡើង​ទៀត​ឡើយ​។

នាង​បាន​និយាយ​ថា ខ្ញុំ​ពិត​ជាពេញ​ចិត្ត​ខ្លាំង​ណាស់ ខ្ញុំ​មាន​មោទនភាព​ដែល​បានកើត​​ជា​កូន​ខ្មែរ ហើយ​ប្រាសាទ​ព្រះវិហារ​គឺ​ជា​សម្បត្តិ​​បេតិកភណ្ឌ​របស់​យើង ហើយ​ខ្ញុំគិត​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​​គ្រប់​រូប​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​​តុលា​ការ​ក្រុង​ឡាអេ។​វា​ជា ​ប្រាសាទ​​របស់​ប្រទេស​កម្ពុជា មិន​មែន​ជា​របស់​ថៃ​ឡើយ”។

​នាង​បាន​និយាយ​ទៀត​ថា “ ប៉ុន្តែ​យើង​ក៏​ដឹង​ផង​ដែរ​ថា ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា​​នៅ​តែ​ត្រូវ​​ដោះស្រាយ​បញ្ហា​ទឹក​ដី​ដដែល​ ហើយ​​ខ្ញុំ​ជឿថា វា​អាច​បង្ក​ឲ្យ​មាន​ជម្លោះ​នៅ ពេល​អនាគត​ ប៉ុន្តែ​​ខ្ញុំ​គិត​ថា នេះ​មិន​មែន​ជា​បញ្ហា​ដែល​ប្រជាពល​រដ្ឋ​ចង់​បាន​នោះ​ទេ”។ ក្នុង​ពេល​កន្លង​មក​ ប្រទេស​ថៃ​និង​ប្រទេស​​កម្ពុជា​បាន​ប្រើ​ប្រាស​់​ជម្លោះ​នៅ​ប្រាសាទ​ព្រះ​វិហារ​នេះ​​ដើម្បី​បណ្តុះ​ស្មារតី​អ្នក​ជាតិ​និយម​ពេល​មាន​​​ជម្លោះ​​នយោ​បាយ​នៅ​ក្នុង​ប្រទេស​​​​ជាតិ ប៉ុន្តែ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​​​​ពីរ​នៅ​​​ពេល​នេះ​ត្រូវ​ធានា​​រក្សា​សន្តិភាព​នៅ​តាម​​​ព្រំដែន​ ទាំង​មុន​និង​ក្រោយ​សេចក្ដី​សម្រេច​​​របស់​តុលា​ការ​យុត្តិ​ធម៌អន្តរជាតិ​។

នៅ​វត្ត​បទុម​ឯណោះ​វិញ ព្រះ​តេជ​គុណ​ ផាន់ សុភក្ត្រ ព្រះជន្ម​២១​វស្សា ដែល​សិក្សា​មុខ​​​​​​​​វិជ្ជាច្បាប់​នៅ​​ពុទ្ធិ​កសាកល​វិទ្យាល័យ​​ព្រះ​សីហមុនី​រាជា បាន​​មាន​សង្ឃ​ដីកា​ថា អាត្មា និង​​​​​​​​ព្រះ​សង្ឃ​ដទៃ​ទៀត​ផ្ដោត​លើ​រឿង​ក្ដី​នេះ​ទាំង​​មុន​ និង​អំឡុង​ការ​សម្រេច​របស់​តុលា​កា​​រ​នេះ​។ ព្រះ​តេជគុណ​មាន​សង្ឃដីកា​ថា “ទឹកដី​នេះ​ជា​របស់​យើង​ ហើយ​​ត្រូវ​បាន​គេ​រំលោភ​យក​បន្តិច​ម្ដង​ៗ​ពីយើង​ ដោយ​សារ​យើង​មាន​សង្គ្រាម​ស៊ីវិល។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា យើង​នឹង​ឈ្នះ​នៅ​ពេល​ដែល​យើង​ប្ដឹង​ទៅ​​តុលា​ការ​អន្តរជាតិ​នេះ ដោយ​សារ​យើង​មាន​ភ័ស្តុ​តាង​ជា​ប្រវត្តិ​សាស្ត្រ​”។

ទាក់​ទង​នឹង​ដី​នៅ​តាម​ព្រំដែន​ដែល​មិន​ទាន់​ដោះ​ស្រាយ​នៅ​ឡើយនោះ ព្រះ​តេជ​គុណ​ សុភក្ត្រ មាន​សង្ឃដីកា​ថា វា​ជា​ការ​ទទួល​​​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចរ​ចា​ជាមួយ​​ប្រទេស​ថៃ​។

ព្រះតេជគុណបាន​​មាន​សង្ឃដីកា​ទៀត​ថា  ក្មេង​ៗ​​​ជំនាន់​ក្រោយ​ស្ងប់ស្ងាត់​និង​មាន​ចំណេះ​ ដឹ​ង​ខ្ពស់​ ហើយ​យើង​ជឿ​ថា សង្គ្រាម​គឺ​ជា   ការ​ខាត​បង់​ដ៏ធំធេង​​សម្រាប់​ប្រទេស​ទាំង​ពីរ ​នេះ​ជា​សតវត្សរ៍ថ្មី​ ហើយ​វា​ជា​សតវត្សរ៍​​សន្តិ​ភាព មិន​​​​​​​មែនជា​សតវត្សរ៍​​សង្គ្រាម​ទេ”។

លោក យ៉ាត ចាន់ណា អាយុ​៣៥​ឆ្នាំ​មកពី​ខេត្ត​ព្រៃ​វែង ដែល​លក់​ដូង​នៅ​តាម​ផ្លូវ​លេខ​២១​បាន​និយាយ​ថា គាត់​បាន​តាម​ដាន​សាល​ដីកា​នេះតាម​វិទ្យុ​ដែរ  ហើយ​គាត់​ពេញ​ចិត្ត​នឹង​​​ ជោគ​ជ័យ​​ពិត​ប្រាកដ​​របស់​​ប្រទេស​កម្ពុជា​។​​ប៉ុន្តែ​ គាត់​បារម្ភ​អំពី​ទឹក​ដី​នៅ​តាម​ព្រំដែន។ គាត់​បាន​និយាយ​ថា “ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ការ​ចរចា​ដោយ​សន្តិវិធី។ប៉ុន្តែ​ ប្រសិន​បើ​ការ​​ចរចា​បរាជ័យ​ ខ្ញុំ​នឹ​ង​គាំទ្រ​​ជម្លោះ​ប្រដាប់​អាវុធ​ ដើម្បី​យក​ទឹក​ដី​របស់​យើង​ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​​វិញ​”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស