30.4 C
Phnom Penh

កម្មករ​​​រោងចក្រ​​​​​​ អាលីម ខេមបូឌា ខូល អិល ធីឌី បិទ​​​ផ្លូវ​​​ដើម្បីធ្វើ​​​ការ​​​តវ៉ា​​​សុំ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចរាចរណ៍​​​តាម​​​បណ្ដោយ​​​មហាវិថី​​​វ៉េង​​​ស្រេង​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែនជ័យ​​​បាន​​​កកស្ទះ​​​យ៉ាង​​​ខ្លាំង​​​កាលពី​​​ម្សិលមិញ​​​ បន្ទាប់ពិ​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ប្រមាណ​​​២០០​​​នាក់​​​​មក​​​ពី​​​រោងចក្រ​​​អាលីម ខេមបូឌា  ខូអិល​​​ធីឌី (Alim Cambodia Co. Ltd) បាន​​​បិទ​​​ផ្លូវ​​​ដើម្បីធ្វើ​​​ការ​​​តវ៉ា​​​សុំ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​។​​​​

រថយន្ត​​​កុង​​​តឺន័រ​​​មួយ​​​ខ្សែ​​​បាន​​​កក​​​ស្ទះ​​​ទៅ​​​មុខ​​​មិន​​​រួច​​​បន្ត​​​កន្ទុយ​​​គ្នា​​​ចម្ងាយ​រាប់​រយ​ម៉ែត្រ​​​ពី​​​ចំណុច​​​កម្ម​​​ករ​ធ្វើ​ការ​តវ៉ា​ ពី​​​ម៉ោង​​​៨​ព្រឹក​រហូត​​​ដល់​​​ម៉ោង​​​​​​២ និង​​​៣០​​​នាទី​​​រសៀល​​​ ដោយ​​​សារ​​​ការ​​​បិទ​​​ផ្លូវ​​​។ កម្មការិនី​​​ម្នាក់​​​ឈ្មោះ ចាន់​​​ សុជាតិ​​​​​​ អាយុ​​​៣៧​​​ឆ្នាំ​​​​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ចូលរួម​​​ការ​​​តវ៉ា​​​នេះ​​​ ពីព្រោះ​​​ខ្ញុំ​​​ចង់​​​ឲ្យ​​​រោងចក្រ​​​ដំឡើង​​​ប្រាក់​​​ខែ​​​របស់​​​ខ្ញុំ​​​ និង​​​បើក​​​ប្រាក់​​​៤.០០០​​​រៀល​​​ឲ្យ​​​ខ្ញុំ​​​សម្រាប់​​​អាហារ​​​ថ្ងៃ​​​ត្រ​​​ង់​​​”។

កម្មការិនី​​​រូប​​​នេះ​​​បាន​​​បន្ត​​​ថា “ពួក​​​គេ​​​​​​​​​ត្រូវ​​​តែ​​​ដំឡើង​​​ប្រាក់​​​ខែ​​​របស់​​​យើង​​​ ពីព្រោះ​​​ប្រាក់​​​ខែ​​​បច្ចុប្បន្ន​​​នេះ​​​មិន​​​គ្រប់​​​គ្រាន់​​​នឹង​​​ការ​​​ចំណាយ​​​របស់​​​ខ្ញុំ​​​ទេ ហើយ​​​ខ្ញុំ​​​ត្រូវ​​​ខ្ចី​​​​​​លុយ​​​ពី​​​មិត្ត​​​ភក្ដិ ឬ​​​អ្នក​​​ផ្សេង​​​​​​នៅ​​​ពេល​​​ខ្ញុំ​​​ឈឺ​​​”។ កម្មការិនី​​​ម្នាក់​​​ទៀត​​​ ឈ្មោះ​​​ គឹម​​​ រដ្ឋា អាយុ​​​២១​​​ឆ្នាំ​​​​​​បាន​​​និយាយ​​​ថា នាង​​​បាន​​​ធ្វើ​​​ការ​​​​​​នៅ​​​រោងចក្រ​​​របស់​​​កូរ៉េ​​​ខាង​​​ត្បូង​​​មួយ​​​នេះ​​​អស់​​​រយៈ​​​ពេល​​​​​​ពីរ​​​ឆ្នាំ​​​មក​​​ហើយ​​​ ប៉ុន្តែ​​​ខ្ញុំ​បាន​ចូ​​ល​​​រួម​បិទ​​​ផ្លូវ​​​នេះ  ដើម្បី​​​បង្ខំ​​​ឲ្យ​​​គណៈ​​​គ្រប់​​​គ្រង​​​​​​ “ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​​​​ សម្រាប់​​​ពួក​​​យើង”។

គឹម រដ្ឋា ​​​បាន​​​និយាយ​បន្ថែម​​​ទៀត​​​​​​​​ថា “យើង​​​ចង់​​​ឲ្យ​​​រោងចក្រ​​​​​​ដំឡើង​​​ប្រាក់​​​ខែ​​​របស់​​​ពួក​​​យើង​​​ ពីព្រោះ​​​ គេ​​​ឲ្យ​​​ប្រាក់​​​ខែ​​​យើង​​​ តែ​ចំនួន​​​​​៨៩​​​ដុល្លារ​​​ប៉ុណ្ណោះ​​​ក្នុង​​​មួយ​​​ខែ​​​ ប៉ុន្តែ​​​គេ​​​ឲ្យ​​​ប្រាក់​​​ខែ​​​កម្មករ​​​ថ្មី​​​ ៩៣​​​ដុល្លារ​​​ វា​​​មិន​​​យុត្តិធម៌​​​ទេ​​​សម្រាប់​​​ពួកយើង​​​” ។ នាង​​​បាន​​​បន្ត​​​ថា “ខ្ញុំ​​​នៅ​​​សល់​​​តែ​​​៣០​​​ដុល្លារ​​​ប៉ុណ្ណោះ​​​​​​បន្ទាប់​​​ពី​​​បើក​​​ប្រាក់​​​ខែ​​​ ពីព្រោះ​​​ខ្ញុំ​​​ត្រូវ​​​ចេញ​​​​​​ថ្លៃ​​​អាហារ​​​ ថ្លៃ​​​ផ្ទះ​​​ ទឹក​​​ភ្លើង​​​ ហើយ​​​ខ្ញុំ​​​ត្រូវ​​​ផ្ញើ​​​លុយ​​​មួយ​​​ចំនួន​​​ទៅ​​​គ្រួសារ​​​របស់​​​ខ្ញុំ​​​នៅ​​​ស្រុក​​​”។

កម្មករ​​​ កម្មការិនី​​​ ដែល​​​ស្លៀក​​​ពាក់​​​ស្អាត​​​បាត​​​ទាំង​​​នេះ​​បាន​​​ចាក់​​​ធុង​​​​​​បាស​​​រាំ។ ពួក​​​គេ​​​​​​បាន​​​រាំ​​​ជុំវិញ​​​ក្រោម​​​​​​ម្លប់ឆ័ត្រ​​​ធំ​​​មួយ​​​ ខណៈ​​​ពេ​​​ល​​​​​​សហកម្មករ​​​របស់​​​ពួក​​​គេ​​​ស្រែក​​​​​​ហោ៊អបអរ​សាទរ​​​ធ្វើ​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​​​​ត្រូវ​​​រង់ចាំ​​​​​​​​​ទាំង​​​អារម្មណ៍​​​មួម៉ៅ​​​​​​ដោយ​​​សារ​​​ការ​​​កក​​​ស្ទះ​​​ចរា​​​ចរណ៍​​​ទៅ​​​មុខ​​​មិន​​​រួច​​​។ អ្នកបើក​ម្នាក់​ក្នុងចំណោម​អ្នកបើក​បរ​ជា​ច្រើន​ ឈ្មោះ ហេង វិចិត្រ អាយុ​៣០​ឆ្នាំ បាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​ដឹកជញ្ជូន​សម្លៀក​បំពាក់​។

​គាត់​បាន​និយាយ​ថា “ខ្ញុំ​ខឹង​ពួកគេខ្លាំង​ណាស់​ ប៉ុន្តែ ខ្ញុំ​មិន​អាច​ធ្វើ​​​​អ្វី​​​កើត​​​ឡើយ​​​ដើម្បី​ឲ្យពួកគេ​ឈប់​​បិទ​ផ្លូវ​នោះ​​​។ យើង​បាន​ត្រឹម​តែ​​ឈរ​មើល​ពួក​គេ​រាំប៉ុណ្ណោះ។ ពួក​គេ​គួរ​តែ​ធ្វើ​បាតុកម្ម​នៅ​មុខ​រោង​ចក្រ​​​របស់ខ្លួន​។ ពួក​​គេ​មិន​ដឹង​អំពី​បញ្ហា​រប​ស់​យើង​ឡើយ​”។ ទោះ​ជាយ៉ាង​ណា​ការ​តវ៉ា​របស់​ក្រុម​បាតុ​​​ករ​ត្រូវ​បាន​ប​ញ្ឈប់​នៅពេល​ភ្លៀង​ចាប់​ផ្តើម​ធ្លាក់​​​​​​​​​ នេះ​បើ​យោង​តាមការ​ឲ្យ​ដឹង​​របស់​លោក​ ស្រ៊ុត ចិត្រ​ អាយុ​៣៤ឆ្នាំ​តំណាង​​សហ​ជីព​សមូ​​​ហ​ភាព​នៃចលនាកម្មករ​ ដែល​បាន​និយាយ​ថា កម្មករ-កម្មការិនី​បាន​នាំគ្នា​តវ៉ា​​អស់​រយៈពេល​បីថ្ងៃ​មកហើយ​នៅក្នុ​ងរោង​ចក្រ​ ប៉ុន្តែ គ្មាន​បាន​លទ្ធផល​អ្វីសោះ​នោះ​។

គាត់​​​​និយាយ​ថា “ យើង​ឈប់បិទ​ផ្លូវ​ និង​រាំនៅម៉ោង​២​និង​៣០​នាទីរសៀល​ដោយ​សារ​​​​​​ភ្លៀង​​ធ្លាក់​​ និ​ងខ្លាច​កម្មករ-កម្មារិនី​មានជំងឺ​”។ គាត់​​​បន្ថែម​ថា ក្រៅពីទាម​ទារ​ឲ្យ​ដំឡើង​ប្រាក់​​​ខែ កម្ម​ករ-កម្មការិនីក៏បាន​ទាម​ទារ​ឲ្យ​ដក​រដ្ឋ​​​បាល​ម្នាក់​ក្នុង​រោង​ចក្រ​​ដែរ​។ គាត់​​​បាន​និយាយ​ថា “យើង​នឹងជួល​​​រថ​យន្ត​ដឹកកម្ម​ករ-កម្មការិនី​របស់យើង​​ទៅ​ធ្វើ​បាតុ​​​កម្ម​នៅមុខ​ក្រសួងការងារ​ដើម្បីស្វែង​រក​ដំណោះ​​​ស្រាយ​នៅ​ថ្ងៃ​ស្អែក”។ តំណាង​របស់​រោង​ចក្រ​នេះ មិន​អាច​​ទាក់​ទង​សុំ​ការធ្វើ​អត្ថាធិប្យាយបានឡើយ​​៕ សុខុម

(រាយការណ៍​បន្ថែម​ដោយ​ Lauren Crothers)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស