32.5 C
Phnom Penh

មនុស្ស​រាប់​ម៉ឺន​នាក់​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធីបុណ្យ​អុំទូក​នៅ​ខេត្ត​ស្វាយ​រៀង​ និងខេត្ត​សៀម​រាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​រាជធានីភ្នំពេញមាន​សភាព​​ស្ងប់​​ស្ងាត់កាល​​ពី​ចុ​ង​​​សប្តាហ៍​នេះ ដោយសារ​តែ​រដ្ឋាភិបា​ល​លុប​ចោល​ពិធី​បុណ្យ​អុំ​ទូក​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​ទី​៣នោះ​ ខេត្ត​ស្វាយរៀង​ និង​ខេត្ត​​សៀម​រាបបាន​ទាក់​ទាញ​អ្នក​ទស្សនាជាង​១០០.០០០នាក់​ទៅ​ទស្សនា​ការ​ប្រណាំង​ទូក​ង​ជា​ប្រពៃណី​​ដែល​ធ្វើ​ឡើង​នៅ​ទីនោ​ះ។

លោក រស់ ថារិទ្ធ​ ប្រធាន​រដ្ឋបាល​សាលា​ខេត្ត​ស្វាយ​រៀង​ ថ្លែង​​ថា មនុស្ស​ជាង​១០០​ពាន់នាក់​បាន​នាំគ្នា​ទៅ​ខេត្ត​នេះ​ដើម្បីចូល​រួម​​ពិធី​បុណ្យ​អុំ​ទូក​ ដែល​មាន​ទូក​​ង​ចំនួន​​៤៧​គ្រឿងផ្សេង​ៗ​គ្នា​​ប្រណាំង​ក្នុង​ទន្លេ​វៃ៉កូ។ ​លោក​ស្រី ម៉ែន សំអន​ ឧប​នា​យ​ក​រដ្ឋ​មន្ត្រី និង​ជា​តំណាង​រាស្ត្រ​​ប្រចាំ​ខេត្ត​នេះ​បាន​អញ្ជើញ​​ជា​អធិបតីក្នុង​ពិធី​ប្រណាំង​ទូក​នេះ​​ផង​ដែរ​។

លោក​ រស់ ថារិទ្ធ បា​ន​មាន​ប្រសាសន៍ថា “ យើង​មាន​ទូក​វែង​ចំនួន​៤០​គ្រឿង​ ដែល​មានចំណុះ​​អ្នកអុំ​​ចំនួន២២​នាក់​ក្នុងទូក​នីមួយៗ​ និង​​ទូក​តូចៗ​ចំនួន​ប្រាំពីរ​មានចំ​ណុះ​​អ្នក​អុំ​​ពី​ប្រាំពីរ​នាក់​ទៅ​ប្រាំបី​នាក់”។

លោក ថារិទ្ធ បាន​ឲ្យ​ដឹងទៀត​ថា “ យើង​ក៏​​មាន​ការ​ប្រគំុ​តន្ត្រី​សម្រាប់​ប្រជា​ជន​ទាំង​ឡាយទស្សនា  ហើយ​ពួក​គេ​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ឡើង​ច្រៀង​លើ​ឆាក​។ យើង​ពិត​ជា​មាន​មោទន​ភាព​ដែល​អាច​បន្ត​ប្រពៃ​ណី​ខ្មែរ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​អំុទូក​នេះ”។

លោក អែម ម៉ន មេ​ឃំុចុងឃ្នៀស បាន​មាន​ប្រសាសន៍​ថា ឃុំ​ចុង​ឃ្នៀសក្នុង​ខេត្ត​សៀម​រាប មាន​អ្នក​ទស្សនាពិធីបុណ្យអុំទូក​ប្រហែល​១០.០០០នាក់​​មកពី​ជុំ​វិ​ញខេត្ត​​។

លោក​ អែម ម៉ន បាន​ឲ្យ​ដឹង​ថា “ យើង​បាន​រៀបចំ​ពិធី​បុណ្យ​អំុ​ទូក​មួយ​សម្រាប់​តំបន់​របស់​យើង​ដែល​មាន​ការ​ចូល​រួម​ពីសំណាក់​​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​១០.០០០​នាក់​ដែល​ចូល​រួម​ក្នុង​ពិធី​នេះ​”។​លោក​បន្ថែម​ថា ការ​ប្រណាំង​ទូក​ត្រូវ​បាន​ធ្វើ​ឡើង​កាលពីថ្ងៃ​សៅរ៍ និង​ម្សិលមិញ​។​លោក​បាន​ថ្លែង​ថា “ មាន​ទូកងខ្នាត​តូច​៣០​គ្រឿង​ និង​អ្នក​អុំ​​ជាង​១៦០​នាក់​ចូល​រួម​ក្នុង​ពិធី​នេះ​”។

ពិធីបុណ្យ​អុំ​ទូក​ប្រចាំ​ឆ្នាំ​ក្នុង​រាជធានី​ភ្នំពេញ​ធ្លាប់​តែ​ទាក់​ទា​ញ​ប្រជាជន​កម្ពុជា​ជាង​១លាន​នាក់​មកពីតាម​ខេត្ត​។ ទោះ​ជាយ៉ាង​ណា​​ សាលារាជធានីភ្នំពេញ​បាន​លុប​ចោល​ព្រឹត្តិការណ៍​នេះ​រាល់ឆ្នាំ​ចាប់​តាំង​ពី​ពិធី​បុណ្យ​អុំ​ទូកឆ្នាំ​២០១០​មក​ ​ដែលពេល​នោះ​​មនុស្ស​ចំនួន​៣៥៣​នាក់​បាន​ស្លាប់​ដោយ​សារ​តែ​​ការ​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើស្ពាន​មួយ​ឆ្ពោះ​ទៅ​កោះ​ពេជ្រ​។

ក្នុង​ឆ្នាំ​២០១១ ពិធីបុណ្យ​នេះ​ត្រូវ​បាន​លុប​ចោល​ដោយសារ​តែ​ទឹក​ជំនន់​ដ៏ស្រួច​ស្រាវ​នៅ​តាម​ខេត្ត​ ហើយ​កាល​ពីឆ្នាំ​ទៅ​ សាលារាជធានី​បាន​សម្រេច​លុប​ចោល​ពិធី​បុណ្យ​នេះ ដោយ​​សារការគោរពដល់​ព្រះ​បរមរតន​កោដ្ឋ​​សម្តេច​ឪ​ នរោត្តម សីហនុ ដែល​ចូលទិ​វង្គត​នៅថ្ងៃទី​១៥​ ខែ​តុលា។

ឆ្នាំនេះ​ សាលារាជធានី​បានលុប​ចោល​ពិធី​នេះ​ទៀត ដោយផ្តោត​លើ​ការ​ខិតខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះប្រជាជន​រងគ្រោះ​ដោយ​សារ​​ទឹក​ជំនន់​ថ្មីៗ​នេះ។ទោះ​ជា​យ៉ាង​ណា អ្នក​​រិះគន់ខ្លះ បាន​​រំឭក​ថា រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​នឹង​ប្រារព្ធ​មហា​ព្រឹត្តិការណ៍​មួយ​នៅ​ក្នុង​រាជធានី​នេះទេ​ បន្ទាប់​ពីការ​បោះឆ្នោត​ដ៏មាន​វិវាទ​ ដែល​​មាន​ការ​តវ៉ា​​ទ្រង់​ទ្រាយ​ធំ​”៕ ប៊ុននី​

(រាយការណ៍បន្ថែម​ដោយ​ មិុច​ ដារ៉ា​)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស