32.5 C
Phnom Penh

ជនជាតិ​កូរ៉េ​ប្រាំបួននាក់​ និ​ងជន​ជាតិ​ខ្មែរ​បួន​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពីបទលេងល្បែង​ខុស​ច្បាប់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​បាន​ឲ្យដឹង​ថា ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ចំនួន​ប្រាំបួននាក់​ និង​ជន​ជាតិ​ខ្មែរ​បួន​នាក់​ ដែល​គេ​ចោទ​ថាពាក់​​ព័ន្ធ​​ក្នុង​ការ​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​ក្នុង​ក្រុង​សៀមរាប​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​​ខេត្ត ដើម្បី​​សាក​សួរ​កាល​ពី​ម្សិល​មិញ​។

​យោងតាម​លោក​វរសេនីយ៍ទោ​ ភឿង​ចិន្តា​រិទ្ធ​ ​នាយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​សៀម​រាប​បាន​ឲ្យដឹង​ថា ជន​សង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពីយប់​ថ្ងៃសៅរ៍​រួម​ជាមួយស្ត្រី​ខ្មែរ​២៦​រូបផង​ នៅ​ពេល​នគរ​បាល​ឆ្មក់​ចូល​ក្នុងកាស៊ីណូ​ខុស​ច្បាប់​មួយ​កន្លែង​​​ដែល​បង្កើត​ឡើង​នៅ​ជាន់​ទី​៣​នៃ​សណ្ឋាគារ​អង្គរ​វ៉ាឡី (Angkor Valley Hotel) ​ នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គុំ​។

លោក​បាន​បន្ថែម​ថា ស្ត្រី​ទាំង​នេះ​ត្រូវ​បាន​ដោះលែង​វិញ បន្ទាប់​ពី​ឃាត់​ខ្លួន​បាន​បន្តិច​ ពីព្រោះ​ពួក​គេ​គ្រាន់​តែ​ធ្វើ​ការ​នៅ​ឯ​កាស៊ីណូនេះមួ​យ​​រយៈខ្លី​ប៉ុណ្ណោះ​។ លោកវរសេនីយ៍​ទោ​ ភឿង​ចិន្តា​រិទ្ធ បាន​មាន​ប្រសាសន៍ថា “ស្ត្រី​ខ្មែរ​២១រូប​នេះ​ធ្វើ​ការ​ជា​អ្នក​ចែក​បៀ​ឲ្យកាស៊ីណូខុសច្បាប់​នេះ​ ក្នុង​សណ្ឋាគារ អង្គរ ​វ៉ាឡី” លោក​បន្ថែម​ថា ជន​ជាតិ​ខ្មែរ​បួន​រូប​ធ្វើ​ជា​សន្តិសុខកា​រ​​​ពារ​កាស៊ីណូ​នេះ​ ចំណែក​ជន​ជាតិ​​កូរ៉េ​ខាង​ត្បូង​ប្រាំបួន​នាក់នេះ​សុទ្ធ​តែជា​បុគ្គលិក​។

លោក ទិត្យ ណារ៉ុង អធិការ​នគរបាល​ក្រុង​សៀម​រាប​ បាន​ឲ្យ​ដឹងថា តុល្បែង​ពណ៌​បៃតង​ចំនួន​២១​របស់​កាស៊ីណូនេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ជាន់​ទី​៣ ខណៈដែលស្ត្រី​ទាំង​​នេះ​ចែក​បៀ​​អ្នក​លេង​ល្បែង​​នៅ​ក្រៅ​ប្រទេសប្រើវីដេអូតាម​រយៈ​ប្រព័ន្ធ​អ៊ីន​ធើ​ណិត​ អាច​មើល​ឃើញ​បៀ​ និង​​ភ្ជាប់​ជាមួយ​អ្នក​លេង​ល្បែង​ផ្សេង​ទៀតនៅ​ក្នុងប្រទេស​ផ្សេង​ទៀត។

លោក ណារ៉ុង​ បាន​បន្តថា “ពួកគេ​នឹង​លេង​តាម​រយៈប្រព័ន្ធ​អ៊ីនធើណិត​​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ម៉ាឡេស៊ី ហើយ​ប្រសិន​បើ​អ្នកលេង​បើក​គណនី​មួយ​​ជាមួយ​ម្ចាស់​កាស៊ីណូនៅ​ទីនេះ ពួក​គេ​អាច​លេង​ល្បែង​នៅ​គ្រប់​ទី​កន្លែង​ទូទាំង​ពិភព​លោក​។ លោក​វរសេនីយ៍ទោ​ ភឿង​ចិន្តា​រិទ្ធ បាន​មាន​ប្រសាសន៍ថា ទោះជាយ៉ាងណា នគរ​បាល​​មិន​អាច​ចូល​ដល់​ការ​ភ្នាល់​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធើ​ណិត​បាន​ទេ​ ព្រោះ​ត្រូវការ​លេខកូដ​សម្ងាត់​។ លោក​បា​ន​ថ្លែ​ង​បន្ត​ថា “នគរ​បាល​របស់​យើង​មិន​ពូកែ​ខាង​ផ្នែក​ព័ត៌មាន​វិទ្យា​ ហើយ​ពួក​គេ​មិន​ប្រាប់​យើង​អំពី​លេខ​កូដ​សម្ងាត់​របស់​ពួក​គេ​ឡើយ​ ដូច្នេះ​នគរបាល​មិន​អាច​ស្វែង​រក​ប្រភពកាស៊ីណូ​របស់​​​ក្រុមហ៊ុន​​នេះ​បាន​ឡើយ​៕​ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស