39.4 C
Phnom Penh

​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ប្រកាស​ថា ​​វិ​ញ្ញា​បនបត្រ​បញ្ជាក់​ប្រភព​ដើម​នឹង​ត្រូវ​បាន​ចេ​ញ​តាម​ប្រព័ន្ធថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួ​ង​ពាណិជ្ជ​កម្ម​ បាន​ប្រកាស​កាលពីម្សិល​មិញ​​ថា ​រដ្ឋាភិបាល​នឹង​លែង​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​នានា ​ដាក់​ពាក្យសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រ​ភ​ពដើម​ហើយ ប្រសិនបើ​ក្រុមហ៊ុន​ទាំង​នោះនាំ​ចេញ​​ទំនិញ​របស់​ខ្លួនទៅ​កាន់​ប្រ​ទេស​ដែល​មិន​ត្រូវការ​ឯកសា​រ​នេះ​។

​លោក​បាន​លើកឡើង​បន្ថែម​ទៀតថា ​រដ្ឋាភិបាល​ក៏​មានគម្រោង​ដាក់ចេញ​នូវ​ប្រ​ព័ន្ធ​ចេញ​វិញ្ញា​បនបត្របញ្ជាក់​ប្រភព​ដើម​ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ខាង​មុខ សម្រាប់​ក្រុម​ហ៊ុន​ដែល​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ដែល​ត្រូវ​ការ​ឯក​សារ​នេះ​។ លោក ស៊ុន ចាន់​ថុល បាន​ថ្លែង​ទៅ​កាន់​អ្នក​​ចូល​រួម​ក្នុង​អង្គ​សន្និសីទ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋា​គារ​អាំងទែ​កង់ទីណង់​តាល់​ ស្តីពី​ភាព​ងាយ​ស្រួល​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​អនុ​ម័ត​សំណើ​របស់​លោក​ក្នុង​ការ​ដាក់​ចេញ​នូវ​ប្រព័ន្ធ​ថ្មី​នេះ។

ប្រទេស​នានា​ដូចជា​ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ជប៉ុន​ជាដើម លែង​ត្រូវ​ការ​វិញ្ញា​បនបត្រ​បញ្ជាក់​ប្រភព​ដើម​នៃ​ទំនិញ​នាំ​ចូល​ទៀត​ហើយ ក៏​ប៉ុន្តែ​ ប្រទេស​ដែល​នៅ​តែ​ត្រូវ​ការ​ឯក​សារ​នេះ​ បច្ចុប្បន្ន​អាច​ទទួល​ឯកសារ​នេះ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​បាន​ នេះ​បើ​យោង​តាម​លោក ស៊ុន ចាន់ថុល។ លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ក្រុម​ហ៊ុន​មួយ​ ដើម្បី​ផ្លាស់​ប្តូរ​ប្រព័ន្ធ​នេះ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​វិញ្ញា​បន​បត្រ​បញ្ជាក់​ប្រភព​ដើម ឲ្យ​ក្លាយ​ជា​វិញ្ញា​បន​បត្រ​បញ្ជាក់​ប្រភព​ដើម​ស្វ័យ​ប្រវត្តិ​។ ដូច្នេះ​ អ្នក​នាំ​ចេញ​មិន​ចាំ​បាច់​មក​ក្រសួង​ពាណិជ្ជ​កម្ម​ទេ​ក្នុង​ពេល​អនាគត”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ពួក​គេ​អាច​ផ្តល់​ព័ត៌​មាន​នៅ​ការិយាល័យ​របស់​ពួក​គេ​ ឬ​ក៏​រោង​ចក្រ​របស់​ពួក​គេ​តាម​រយៈ​ម៉ាស៊ីន​កុំព្យូទ័របាន ហើយ​បន្ទាប់​មក​យើង​​នឹង​ពិនិត្យ​ព័ត៌​មាន​ទាំង​នោះ​នៅ​ទី​ស្តី​ការ​​ក្រសួង​ ហើយ​យើង​អាច​ចុច​ប៊ូតុង​ដើម្បី​ចេញ​ឯកសារ​នោះ​”។ លោក លឹម ប៊ុនហេង ប្រធាន​សមា​គម​អ្នក​នាំ​អង្ករ​ចេញ​កម្ពុជា​បាន​លើក​ឡើង​ថា សេចក្តី​សម្រេច​នេះ​ស្រប​តាម​សំណើ​ដែល​ក្រុម​អ្នក​នាំ​ចេញ​បាន​ផ្ញើ​ជូន​លោក​ ស៊ុន ចាន់​ថុល កាល​ពី​ខែ​មុន​។

លោក​ថ្លែង​ថា “យើង​គាំទ្រ​ចំណាត់​ការ​នេះ ពីព្រោះ​វា​ជា​ចំណាត់​ការ​ដ៏​ល្អ​មួយ​ ពោល​​គឺ​ [យើង] នឹង​មិន​ចាំបាច់​​ចំណាយ​ប្រាក់​​លើ​វិញ្ញា​បន​បត្រ​បញ្ជាក់​ប្រភព​ដើម​ទៀត​ទេ​”។ លោក​បាន​ពន្យល់​ថា បច្ចុ​ប្បន្ន​អ្នក​នាំ​ចេញ​ចំណាយ​ប្រាក់​៥០​ដុល្លារ​ក្នុង​មួយ​ដង​ ដើម្បី​ដាក់​​ពាក្យ​សុំ​វិញ្ញា​បន​បត្រ​បញ្ជាក់​ប្រភព​ដើម​។

លោក ប៊ុនហេង បាន​លើក​ឡើង​បន្ត​ថា ខណៈ​ដែល​ទី​ផ្សារ​សហ​រដ្ឋ​អាមេរិក​​មិន​ត្រូវ​ការ​វិញ្ញា​បន​បត្រ​បញ្ជាក់​ប្រភព​ដើម​ សហ​ភាព​​អឺរ៉ុប​ (EU) នៅ​តែ​ផ្តល់​ការ​លើក​លែង​ពន្ធ​ សម្រាប់​ទំនិញ​ ដែល​ត្រូវ​បាន​នាំ​ចូល​ដោយ​មាន​វិញ្ញា​បន​បត្រ​បញ្ជាក់​ប្រភព​ដើម​ ហើយ​ប្រទេស​ចិន​នៅ​តែ​ត្រូវ​ការ​ឯកសារ​នេះ​។

លោក កេន លូ អគ្គ​លេខា​ធិការ​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC បាន​លើក​ឡើង​ថា លោក​ដឹង​ថា ជា​គោល​ការណ៍​ ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​ នឹង​ធ្វើ​ឲ្យ​អាជីវ​កម្ម​មាន​ភាព​កាន់​តែ​ងាយ​ស្រួល​សម្រាប់​សហ​គ្រាស​នាំ​ចេញ​សម្លៀក​បំពាក់​ ​មាន​សហ​ភាព​អឺរ៉ុប​ជា​ទី​ផ្សារ​សំខាន់​។ លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​ត្រូវ​រង់​ចាំ​មើល​សេចក្តី​សម្រេច​ចុង​ក្រោយ​។ យើ​ង​​មិន​បាន​ឃើញ​គំរូ​នេះ​ ឬក៏​ដឹង​ថា តើ​វា​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូច​ម្តេច ក៏​ប៉ុន្តែ ផ្អែក​លើ​អ្វី​ដែល​យើង​បាន​ឃើញ​ រឿងនេះ​នឹង​មាន​ប្រយោជន៍​យ៉ាង​ច្រើន​”៕ សុធា

(រាយការណ៍​បន្ថែម​ដោយ Alex Willemyns)​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស