38.8 C
Phnom Penh

សាលា​ឧទ្ធរណ៍​តម្កល់​សាល​ក្រម​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត ​ចាប់​ជំរិត​ និង​​មនុស្ស​ឃាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ សាលា​ឧទ្ធរណ៍​បាន​តម្កល់​​ទោស​ព្រហ្មទណ្ឌ​​ជាង​១០​ករណី​ ដែល​សា​លា​​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ រួម​មាន​ករណី​ចាប់​ជំរិត​ ​ការ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត និង​ការ​បើក​ផ្ទះបន​។

លោក ប៉ុល សំអឿន ចៅ​ក្រម​ប្រធាន​ក្រុម​​​ប្រឹក្សា​ជំនំុ​ជម្រះ​បាន​ចាប់​ផ្តើមបើក​សវនាការ​ដោយ​​តម្កល់​សាល​​ក្រម​ដែល​ចេញ​ដោយ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​មុន ផ្ត​ន្ទា​ទោស​បុរស​បី​នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធ​ភាព​ពី​បទ​ចាប់​ជំរិត​ បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​ប៉ុន​ប៉ង​មនុស្ស​ឃាត​។

ដោយ​សំដៅ​ដល់ឈ្មោះ​ លី សំណាង និង​ ជួន ប៊ុនហ៊ីម ដែល​កំពុង​អនុ​វត្ត​ទោស​ជាប់​​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ អ៊ឹង តិច​ស្រេង ដែល​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​៣០​ឆ្នាំ​ ចំពោះ​ការ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​នោះ លោក​ចៅ​ក្រម សំអឿន បាន​មាន​ប្រសា​​​សន៍​ថា “សាលា​ឧទ្ធរណ៍​បាន​​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១២ ហើយ​បង្គាប់​ឲ្យ​ឃំុ​ខ្លួន​ចុង​ចោទ​​បន្ត​ទៀត​” ។

បុរស​ទាំង​​​នេះ ក៏​ត្រូវ​បាន​បង្គាប់​ឲ្យ​បង់​ប្រាក់​សំណង​ចំនួន​២០០.០០០​ដុល្លារ​ដល់​ជន​រង​គ្រោះ ឈ្មោះ អួន ហេងប៊ុន ដែល​​ត្រូវ​បាន​ចាក់​១០​កាំបិត​ អំឡុង​ជម្លោះ ហើយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទាម​ទារ​សំណង​​ចំនួន​៥០០.០០០​ដុល្លារ។ លោក អួន សុខហេង ឪពុក​របស់​ជន​គ្រោះ​​បាន​និយាយ​បន្ទាប់​ពី​តុលាការ​អាន​សាល​ក្រម​ថា “ខ្ញុំ​ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍”។

ការ​ផ្តន្ទា​ទោស​ក៏​ត្រូវ​បាន​តម្កល់​ផង​ដែរ​ លើ​​ជន​ដៃ​ដល់​បី​នាក់​ដែល​ពីរ​នាក់​កំពុង​រត់​គេច​ខ្លួន បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​យ៉ាង​សាហាវ កាល​ពី​ខែ​មករា ឆ្នាំ​២០០៨ ដែលក្នុង​ការ​វាយ​ប្រហារ​នោះ​​ជន​រង​គ្រោះ​អាយុ​៤៨​ឆ្នាំ និង​ចៅ​ស្រី​របស់​គាត់​អាយុ​៣​ឆ្នាំ បាន​ស្លាប់​ដោយ​សារ​រង​របួស​។ មាន​តែ​ជន​ដៃ​ដល់​ម្នាក់​ប៉ុណ្ណោះដែល​កំពុង​ជាប់​ពន្ធនាគារ ​ឈ្មោះ មុំតុន មិន​ត្រូវ​បាន​​នាំខ្លួន​ទៅ​ចូល​រួម​សវនា​ការ​បណ្តឹង​ឧទ្ធរណ៍​របស់ខ្លួន​កាល​ពី​ឆ្នាំ​២០១១ទេ ហើយ​​ការ​​ផ្ត​ន្ទា​ទោស​ជននេះឲ្យ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​១៦​ឆ្នាំនោះ​ត្រូវ​បាន​តម្កល់​ដោយ​កំបាំង​មុខ។

ទោះ​ជា​យ៉ាង​ណា គេ​ផ្ត​ល់ឱកាសឲ្យ​ មុំ​ តុន​ចូលរួម​សវនាការ​បណ្តឹង​​ឧទ្ធរណ៍​ម្តង​ទៀត​នៅ​ខែ​នេះ ដែល​ក្នុង​សវនាការ​នោះ​​ជន​​នេះ​​បាន​ចូលរួម។
លោក សំរឹទ្ធ សុផល ចៅ​ក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​មាន​ប្រសាសន៍​ថា “សាលា​​ឧទ្ធរណ៍​បាន​តម្កល់​សាល​ក្រម​នេះ​ ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១១ ដែល​បាន​ផ្តន្ទា​ទោស​ជន​សង្ស័យ​រូប​នេះ​កំបាំង​មុខ​”។

អ្នក​ស្រី ម៉ៅ យ៉ុន ដែល​ត្រូវជា​ម្តាយ​របស់ មុំតុន កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ​ដោយ​​គេច​ពី​ការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​​ពេល​១៨​ឆ្នាំ ពី​បទ​ជា​មេ​គំនិតនៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ។

ចក់ ហេង ត្រូវ​ជា​ក្មួយ​ប្រុស​របស់​គាត់​ ក៏​កំពុង​​រត់​គេច​ខ្លួ​ន​ពី​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៦​ឆ្នាំ​ផង​ដែរ។ លោក​ ចាន់ ម៉ាឌីណា ចៅ​ក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បានអាន​សាល​ក្រម​នៃ​សំណុំ​រឿង​​ទី​៣​ ហើយ​បាន​តម្កល់​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា​ ដែលផ្តន្ទាទោស​​ ចាន់ ស្រីណុច ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បួន​ឆ្នាំ​កន្លះ ដោយ​ព្យួរ​ទោស​រយៈ​ពេល​មួយ​ឆ្នាំ​ពី​បទ​បើក​ផ្ទះ​បន៕ សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស