នគរបាលបានឲ្យដឹងថា ព្រះសង្ឃមួយអង្គមានព្រះជន្ម៦១ព្រះវស្សា ត្រូវបានគេធ្វើគុតយ៉ាងសាហាវ នៅកុដិរបស់ព្រះអង្គ ក្នុងវត្តមួយនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃអង្គារ ដោយមានស្នាមរបួសជាច្រើនកន្លែងនៅលើព្រះកេស និងព្រះកាយដោយសារតែការចាក់នឹងកាំបិត ហើយបំពង់កព្រះអង្គត្រូវបានឃាតករអារ។
លោក គន់ គឿង នាយប៉ុស្តិ៍នគរបាលឃុំដំបូករុង ក្នុងស្រុកភ្នំស្រួច បានឲ្យដឹងថា ព្រះសង្ឃមួយអង្គព្រះនាម ទឹម តេង ព្រះជន្ម៦១ព្រះវស្សា ត្រូវបានគេកាប់នឹងកាំបិតរហូតដល់សុគត នៅវេលាម៉ោងប្រហែល៩យប់ ខណៈដែលព្រះអង្គកំពុងសិក្សាធម៌វិន័យ។ លោកបានមានប្រសាសន៍ថា “ព្រះសង្ឃរងគ្រោះបានរងការកាប់នឹងកាំបិត រហូតដល់សុគត ហើយព្រះហស្ថ និងបំពង់ករបស់ព្រះអង្គត្រូវបានឃាតករអារ”។
លោក គន់ គឿង បានឲ្យដឹងថា នគរបាលជឿថា ជនដៃដល់ពីរនាក់ពាក់ព័ន្ធក្នុងឃាតកម្មនេះ។ លោកបានបន្ថែមថា អំពើប្លន់មិនត្រូវបានសង្ស័យថា ជាមូលហេតុដែលនាំឲ្យមានបទល្មើសនេះទេពីព្រោះព្រះសង្ឃអង្គនេះមិនមានបច្ច័យឬក៏ទ្រព្យសម្បត្តិអ្វីដែលសមនឹងត្រូវគេលួចទេ។ លោក គឿង បានឲ្យដឹងទៀតថា មុនពេលកើតហេតុព្រះសង្ឃរងគ្រោះនិមន្តចូលរួមពិធីបុណ្យសព ជាមួយព្រះសង្ឃពីរអង្គផ្សេងទៀតដែលត្រូវជាឪពុកនិងកូន មុនពេលវិលត្រឡប់មកវិញ នៅវេលាម៉ោង៩យប់ ពេលព្រះអង្គត្រឡប់ទៅកុដិរបស់ព្រះអង្គវិញ ហើយបានបើកភ្លើងបំភ្លឺកុដិរបស់ព្រះអង្គ។
លោក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា លោកបានហៅឪពុក និងកូនប្រុសរបស់ព្រះសង្ឃអង្គនេះទៅអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ កាលពីម្សិលមិញ។ លោកបញ្ជាក់ថា “ឥឡូវ យើងបានបញ្ជូនអ្នកទាំងពីរទៅកងរាជអាវុធហត្ថខេត្ត ដែលជាអ្នកជួយក្នុងការស៊ើបអង្កេត ដើម្បីធ្វើការសាកសួរហើយ”៕ សុធា