32.5 C
Phnom Penh

របាយការណ៍​​​បង្ហាញថា ភាព​​​មិន​​​ប្រក្រតី​​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​ឈ្នះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​​​​របាយការណ៍​​​មួយ​​​​​​ចង​​​ក្រង​​​ដោយ​​​សម្ព័ន្ធ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ដែលមាន​​​ឈ្មោះ​​​ថា សម្ព័ន្ធ​​​កែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត ​​​​​​(Electoral Reform Alliance) បាន​​​បង្ហាញ​​​ថា នៅ​​​ក្នុង​​​​​​តំបន់​​​ដែលមាន​​​ភាពមិន​​​ប្រក្រតី​​​ច្រើន​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ខែ​​​កក្កដា គណ​​​បក្ស​​​ប្រជា​​​ជនកម្ពុជា​​​ទទួល​​​បាន​​​សំឡេង​​​ឆ្នោត​​​ច្រើន បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​សំឡេង​​​ឆ្នោត​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​។

របាយការណ៍​​​រួម​​​ស្តី​​​អំពី​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​កម្ពុជា​​​ឆ្នាំ​​​២០១៣​​​ ដែល​​​ជា​​​ការ​​​វិភាគ​​​​​​ល្អិត​​​ល្អន់​​​បំផុត​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​ដែ​​ល​​​បាន​​​កើត​​​ឡើង​​​អំឡុង​​​ពេល​​​បោះ​​​ឆ្នោត​​​នេះ បង្ហាញ​​​ថា ​​​ក្នុង​​​តំបន់​​​ដែល​​​មាន​​​អ្នក​​​ចុះ​​​ឈ្មោះ​​​បោះឆ្នោត​​​ច្រើន​​​​​​ និង​​​មាន​​​ការ​​​ប្រើ​​​ប្រាស់​​ឯក​​​សារ​​​​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​បណ្តោះ​​​អាសន្ន​​​ច្រើន​​​​​​នោះ គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​ទទួល​​​​បាន​​​ការ​​​គាំ​​​ទ្រ​​​ច្រើន​​​​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​។

របាយការណ៍​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា “អ្វី​​​ ដែល​​​គួរ​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​នោះ នៅក្នុង​​​ខេត្ត​ដែល​​​មាន​បញ្ហា​ច្រើន​មួយ​​​ចំនួន និង​​​មាន​​​ចំនួន​​​អ្នក​​​បោះ​​​ឆ្នោត​​​​​​​​​​ស្រប​​​​​គ្នា​​​នឹង​​​ចំនួន​​​មធ្យម​​​​​​នៃ​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​តាម​​​ការិ​​​យាល័យ​​​បោះ​​​ឆ្នោត​​​នោះ​​​​​​ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​​​​ឈ្នះ ប៉ុន្តែ​​​នៅ​​​តាម​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​ដែល​​​មាន​​​ចំនួន​​​អ្នក​​​បោះ​​​ឆ្នោត​​​ច្រើន​​​ខុស​​​ពី​​​ធម្មតា​​​នោះ គណ​​​បក្ស​​​ប្រជាជន​​​កម្ពុ​​​ជា​​​ជា​​​អ្នក​​​ឈ្នះ​​​ទៅវិញ”។ ​​​របាយការណ៍​​​នេះ​​​បញ្ជាក់​​​ថា គណ​បក្ស​ប្រជាជន​​​កម្ពុជា​បាន​​​ឈ្នះ​​​ការ​​​បោះ​​​ឆ្នោត​នេះ​​​ប្រហែល​​​៣០០.០០០​​​សំឡេងក្នុង​​​ចំណោម​​​​​​​​​ សន្លឹក​​​ឆ្នោត​​​៦,៦​​​លានសន្លឹក​​​។​​​

បើ​​​យោង​​​តាម​​​ទិន្ន​​​ន័យ​​​ដែល​​​ចង​​​ក្រង​​​ដោយ​​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ ចំនួន​​​អ្នក​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​ឃុំ​​​សង្កាត់​​​មួយ​​​ចំនួន​​​ច្រើន​​​ជា​​​ងចំនួន​​​អ្នក​​​​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​ពិត​​​ប្រាកដ​​​នៅទីនោះ ​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​ប៉ាន់ប្រមាណ​​​នា​​​ពេល​​​ថ្មីៗ​​​នេះ ។ បញ្ហា​​​នេះ​​​បាន​​​កើត​​​ឡើង​​​ច្រើន​​​​​​បំផុត​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ ដោយ​​​ឃុំ​​​សង្កាត់​​​​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ខេត្ត​​​សៀម​​​រាប និង​​​ខេត្ត​​​ក្រចេះ​​​ ក៏​​​​​​ត្រូវ​​​បាន​​​រាយ​​​ការណ៍​​​​​​ថា មាន​​​ចំនួន​​​អ្នក​​​បោះ​​​ឆ្នោត​​​រហូត​​​ដល់​​​១២០​​​ភាគ​​​រយ​​​នៅ​​​តាម​​​ការិ​​​យា​​​ល័យ​​​​​​បោះ​​​ឆ្នោត​​​។

រូប​​​ភាព​​​ទិន្នន័យ​​​​​​​​​របស់​​​វិទ្យា​​​ស្ថាន​​​ជាតិ​​​ប្រជា​​​ធិបតេយ្យ​​​នៅទីក្រុង​​​វ៉ាស៊ីន​​​តោន​​​បង្ហាញ​​​ថា នៅពេល​​​អ្នក​​​បោះ​​​ឆ្នោត​​​មាន​​​ចំនួន​​​ចន្លោះពី​​​៧០​​​ទៅ​​​៨០​​​ភាគ​​​រយ​​​ គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​ទទួល​​​បាន​​​សំឡេង​​​ឆ្នោត​​​៤៨​​​ភាគរយ ប៉ុន្តែ នៅពេល​​​ដែល​​​អ្នក​​​បោះ​​​ឆ្នោត​​​មាន​​​ចំនួន​​​​​​ជាង​​​៩០​​​ភាគ​​​រយ គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទទួ​​​ល​​​បាន​​​សំឡេង​​​ឆ្នោត​​​៥៧​​​ភាគ​​​រយ។

របាយការណ៍​​​នេះ​​​លើក​​​ឡើង​​​ថា “នៅ​​​តាម​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​ដែល​​​មានចំនួន​​​អ្នក​​​បោះ​​​ឆ្នោត​​​ច្រើន​​​ជាង​​​ចំនួន​​​មធ្យម​​​នៃ​​​អ្នក​​​បោះ​​ឆ្នោត​​​ទូទាំង​​​ប្រទេស​​​​​​នោះ​​​ គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទទួលបាន​​​សំឡេង​​​ឆ្នោត​​​លើស​​​​​​ពី​​​ចំនួន​​​មធ្យម​​​នៃ​​​​​​អ្នក​​​បោះ​​​ឆ្នោ​​ត​​​​​​​​​នៅ​​​ទូទាំង​​​ប្រទេស​​​”។

គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ ក៏​​​បានទទួល​​​ការ​​​គាំទ្រ​​​ច្រើន​​​ផង​​​ដែរ​​​នៅ​​​តាម​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​ដែល​​​មាន​​​ការ​​​ប្រើ​​​ប្រាស់​​​​​​​​ប័ណ្ណ​​​​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​​​​សម្រាប់​​​បោះ​​​ឆ្នោត​​​ច្រើន​​​ខុស​​​ពី​​​ធម្មតា​​​ ដែល​​​ចេញ​​​ដោយ​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​ ដែល​​​៩៧​​​ភាគរយ​​​នៃ​​​​​​ឃុំ​​​សង្កាត់​​​ទាំងនោះ​​​ ត្រូវ​​​​បាន​​​គ្រប់​​​គ្រង​​​ដោយ​​​មន្ត្រី​​​ស្មោះ​​​ត្រង់​​​នឹង​​​គណ​​​បក្ស​​​កាន់​​​អំណាច។

ផ្អែក​​​តាម​​​​​​ការិយា​​​ល័យ​​​បោះ​​​ឆ្នោត​​​ដែល​​​គេ​​​​យក​​​ធ្វើ​​​ជា​​​គំរូ​​​នៅ​​​ទូទាំង​​​ប្រទេស ​​​និង​​​ដែល​​​​​​មាន​​​​ការ​​​អង្កេត​​​ពី​​​អង្គការ​​​តម្លា​​​ភាព​​​កម្ពុជា​​​នៅ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​នោះ​​​ មាន​​​​​ការ​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​គ្នា​​​​​​រវាង​​​​​​​ការ​​​​ប្រើ​​​ប្រាស់​​​​​​ប័ណ្ណ​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​ សម្រាប់​​​​ការ​​​បោះ​​​ឆ្នោត​ ជាមួយនឹង​​​សំឡេ​​​ង​​​ឆ្នោត​​​​​​ដែល​​​​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទទួល​​​បាន​​​។

របាយ​​​ការណ៍​​​នេះ​​​សរសេរ​​​ថា “នៅក្នុង​​​ចំណោម​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​ដែល​​​អង្គការ​​​តម្លា​​​ភាព​​​កម្ពុជា​​​បាន​​​សង្កេត សំឡេង​​​ឆ្នោត​​​គាំទ្រ​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​កើន​​​ឡើង​​​ ដោយ​​​សារ​​​តែមាន​​​ការ​​​ប្រើ​​​ប្រាស់​​​​​​ប័ណ្ណ​​​​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​សម្រាប់​​​​​​ការ​​​បោះ​​​ឆ្នោត​​​នៅតាម​​​ការិយា​​​ល័យ​​​បោះ​​​ឆ្នោត​​​”។

រូប​​​ភាព​​​ទិន្ន​​​ន័យ​​​បន្ថែម​​​មួយ​​​ទៀត​​​​​​បង្ហាញ​​​ថា នៅ​​​តាម​​​ការិយា​​​ល័យ​​​បោះ​​​ឆ្នោត​​​ដែល​​​មាន​​​ការ​​​ប្រើ​​​ប្រាស់​​ប័ណ្ណ​​​​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​ចន្លោះ​​​ពី​​​១​​​ទៅ​​​១០​​​នោះ​​​ គណ​​​បក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​ទទួល​​​បាន​​​សំឡេង​​​ឆ្នោត​​​៤៧,៦​​​ភាគ​​​រយ​ ចំណែក​​​ឯ​​​នៅ​​​តាម​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​ដែល​​​មាន​​​ការ​​​ប្រើ​​​ប្រាស់​​​​​ប័ណ្ណ​​​​​​​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​លើស​​​ពី​​​៥០​​​នោះ គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទទួល​​​បាន​​​សំឡេង​​​ឆ្នោត​​​៥២,៩ភាគ​​​រយ​​​។

នៅ​​​ក្នុង​​​ចំណោម​​​លទ្ធ​​​ផល​​​រក​​​ឃើញ​​​​​​របស់​​​របាយការណ៍​​​​​នេះ​​​ដែរ របាយការណ៍​​​នេះ​​​បញ្ជាក់​​​ថា នៅ​​​តាម​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​ដែល​​​ទើប​​​បង្កើត​​​ថ្មី​​​ចំនួន​​​២០៩​​​កន្លែង​​​នៅ​​​ទូទាំង​​​ប្រទេស​​​ គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ច្រើន​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​។

របាយការណ៍​​​នេះ​​​សរសេរ​​​ទៀត​​​ថា “ការិ​យាល័យ​​​បោះ​​​ឆ្នោត​​​ដែល​​​ទើប​​​បង្កើត​​​ថ្មី​​​មាន​​​ការ​​​គាំទ្រ​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​ជិត​​​៧០​​​ភាគ​រយ​​​ គឺ​​​លើស​​​ពី​​​ចំនួន​​​​​​មធ្យម​​​នៅ​​​ទូទាំង​​​ប្រទេស​​​ ដែល​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​ទទួល​​​បាន​​​៥៣​​​ភាគ​​​រយ​​​”។

តំណាង​​​សម្ព័ន្ធ​​​កែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត​​​​​​ដែល​​​មាន​​​សមា​​​សភាព​​​ជា​​​អ្នក​​​សង្កេត​​​​​ការណ៍​​​បោះ​​​ឆ្នោត​​​ និង​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​ចំនួន​​​១២ រូប​​​ បាន​​​បដិសេធ​​​មិនធ្វើ​​​អត្ថា​​​ធិប្បាយ​​​អំពី​​​របាយការណ៍​​​នេះ​​​ទេ ព្រោះ​​​របាយ​​​ការណ៍​​​នេះ​​​​​​មិនទាន់​​​​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​ទេ រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​១៣​​​ ខែ​​​ធ្នូ នេះ​​​បើ​​​យោង​​​តាម​​​លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​គណៈ​​​កម្មា​​​ធិការ​​​ខុមហ្វ្រែល។

ទោះជា​​​យ៉ាង​​​ណា សេចក្តី​​​ព្រាង​​​នៃ​​​របាយ​​​ការណ៍​​​​​​ដែល​​​ត្រូវ​​​បាន​​​បែង​​​ចែក​​​ទៅ​​​ឲ្យ​​​គណ​​​បក្ស​​​នយោ​​​បាយ​​​ និង​​​អ្នក​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នេះ​​​ត្រូវ​​​បាន​​​បង្ហោះ​​​តាម​​​គេ​​​ហទំព័រ​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។

ទោះ​​​បី​​​ជា​​​របាយ​​​ការណ៍​​​នេះ​​​ដាក់​​​បញ្ចូល​​​គ្នា​​​នូវ​​​ទិន្ន​​​ន័យ​​​ដែល​​​ចង​​​ក្រង​​​ដោយ​​​វិទ្យា​​​ស្ថាន​​​ជាតិ​​​ប្រជា​​​ធិប​​​តេយ្យ អង្គការ​​​តម្លា​​​ភាព​​​កម្ពុជា គណៈ​​​កម្មា​​​ធិការ​​​ខុមហ្វ្រែល គណៈ​​​កម្មា​​​ធិការ​​​​​និកហ្វិច និង​​​អង្គការ​​​លីកាដូ​​​ ក៏ដោយ​​​ ក៏​​​របាយ​​​ការណ៍​​​នេះ​​​បញ្ជាក់​​​ថា ទិន្ន​​​ន័យ​​​របស់​​​ខ្លួន​​​មិន​​​ទាន់​​​ពិត​​​ប្រាកដ​​​ទាំងស្រុង​​​ដែរ ដោយ​​​សារតែ​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​មិន​​​បញ្ចេញ​​​ឯក​​​សារ​​​ចាំ​​​បាច់​​​ដើម្បី​​​​​​ផ្ទៀង​​​ផ្ទាត់​​​ជា​​​មួយ​​​​​​លទ្ធ​​​ផល​​​បោះ​​​ឆ្នោត​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​នោះ​​​ទេ។

របាយការណ៍​​​នេះ​​​បង្ហាញ​​​ថា សូម្បី​​​តែ​​​ក្រោយ​​​ពី​​​មាន​​​ការ​​​វិភាគ​​​ទិន្ន​​​ន័យ​​​របស់​​​ គ.ជ.ប. បាន​​​ហ្មត់​​​ចត់​​​ហើយ​​​ក្តី យ៉ាង​​​ហោច​​​ណាស់​​​អ្នក​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​៨,៨​​​ភាគ​​​រយ ក្នុង​​​ចំណោម​​​អ្នក​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​ទូទាំង​​​ប្រទេស​​​ចំនួន​ ៩,៦៨​​​លាន​​​នាក់​​​ ​​​រក​​​​ឈ្មោះ​​​របស់​​​ខ្លួន​​​នៅ​​​លើ​​​បញ្ជី​​​​​បោះ​​​ឆ្នោត​​​ផ្លូវ​​​ការ​​​​​​មិន​​​ឃើញ​​​ទេ ​​​ហើយ​​​​​​​​​បញ្ហា​​​នេះ​​​ធ្វើ​​​​ឲ្យ​​​មនុស្ស​​​រាប់​​​ពាន់​​​នាក់​​​មិន​​​អាច​​​បោះ​​​ឆ្នោត​​​បាន​​​នៅ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​។

របាយការណ៍​​​នេះលើក​​​ឡើង​​​ថា “ ខណៈ​​​ដែល​​​មនុស្ស​​​ទាំងនោះ​​​ប្រហែល​​​ជា​​​ត្រូវ​​​បានគេ​​​លុប​​​ឈ្មោះ​​​ចេញពី​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ដោយ​​​អចេតនា​​​នោះ ចំនួន​​​នេះ​​​គួរ​​​តែ​​​មាន​​​ការ​​​សើុប​​​អង្កេត​​​ដើម្បី កំណត់​​​ថា តើ​​​មន្ត្រី​​​បាន​​​លុប​​​ឈ្មោះ អ្នក​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​ដោយ​​​ចេតនា ដើម្បីទទួលបាន​​​ផល​​​ចំណេញ​​​ផ្នែក​​​នយោ​​​បាយ​​​សម្រាប់​​​គណ​​​បក្ស​​​នយោ​​​បាយ​​​របស់​​​​ខ្លួន​​​ឬ​​​យ៉ាង​​​ណា”។

អ្នក​​​ស្រាវ​​​ជ្រាវ​​​នៅ​​​អង្គការ​​​លីកាដូ បាន​​​រក​​​ឃើញ​​​ឈ្មោះអ្នក​​​បោះ​​​ឆ្នោត​​​ស្ទួន​​​ជាង​​​២៦០.០០០​​​ឈ្មោះ នៅលើ​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត។ គេ​​​រក​​​ឃើញ​​​ឈ្មោះ​​​ស្ទួន​​​ចំនួន​​​៤៤​​​ភាគ​​​រយនៅ​​​ក្នុង​​​ខេត្ត​​​តែមួយ​​​ រី​​​ឯ​​​ឈ្មោះ​​​ស្ទួន​​​ប្រហែល​​​២០​​​ភាគ​​​រយ​​​ទៀត​​​ត្រូវ​​​បាន​​​រក​​​ឃើញនៅ​​​ក្នុង​​​ឃុំ​​​តែ​​​មួយ​​​ ដែល​​​​​​ធ្វើ​​​ឲ្យមនុស្ស​​​ម្នាក់​​​អាច​​​បោះ​​​ឆ្នោត​​​បាន​​​ច្រើន​​​ដង​​​។

របាយ​​​ការណ៍​​​នេះ​​​បង្ហាញ​​​ថា “ឈ្មោះ ស្ទួន​​​​​​​​​បង្ហាញពី​​​ការ​​​លួច​​​បន្លំ​​​សន្លឹ​​ក​​​ឆ្នោត​​​។ មនុស្ស​​​ផ្សេង​​​ទៀត ​​​ដូច​​​ជា​​​អ្នក​​​គ្មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​ អាច​​​​ប្រើ​​​ឈ្មោះ​​​ស្ទួនដើម្បី​​​​​​​​បោះ​​​ឆ្នោត​​​បាន​​​លើស​​​ពី​​​មួយ​​​ដង​​​ ឬ​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​​ដើម្បី​​​កេង​​​​ចំណេញ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​”។

របាយ​​​ការណ៍​​​នេះ​​​រិះ​​​គន់​​​​​​ចំពោះ​​​ការ​​​​​​ចេញ​​​​​​ប័ណ្ណ​​​​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​សម្រាប់​​​​​​ជំនួស​​​ទម្រង់​​​១០ ១៨ ជា​​​ឯក​​​សារ​​​សម្រាប់​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែល​​​បាត់​​​អត្ត​សញ្ញាណ​​​ប័ណ្ណ​​​ពិត​​​ប្រាកដ​​​របស់​​​ខ្លួន។​​​យោង​​​តាម​​​របាយ​​​ការណ៍​​​នេះ ប័ណ្ណ​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត គឺ​​​ជា​​​ផ្នែក​​​មួយ​​​​​​នៃ​​​កំណែ​​​ទម្រង់​​​​​​បន្ទាប់​​​ពី​​​​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០០៨ ដើម្បី​​​​​ធ្វើ​​​ឲ្យ​​​មាន​​​តម្លា​​​ភាព​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ការ​​​បោះ​​​ឆ្នោត​​​។

របាយ​​​ការណ៍​​​នេះ​​​​​​​​​លើក​​​ឡើង​​​ថា “ ទោះ​​​ជា​​​យ៉ាង​​​ណា​​​​​​ ស្មារតី​​​នៃ​​​កំណែ​​​ទម្រង់​​​ទាំងនេះ​​​ មិន​​​ត្រូវ​​​បាន​​​គេ​​​ចាប់​​​អារម្មណ៍​​​ទេ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣ ពីព្រោះ​​​ គ.ជ.ប. ​​​និង​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​​​​មិន​​​អនុញ្ញាតឲ្យ​​​អង្គការ​​​ឯក​​​រាជ្យ​​​​​​​​​ឃ្លាំ​​​មើលអំពី​​​ដំណើរ​​​ការ​​​ចេញ​​​​​​ប័ណ្ណ​​​​​​បញ្ជាក់​​​អត្ត​សញ្ញាណ​​​​សម្រាប់​​​​​ការ​​​​បោះ​​​ឆ្នោត​​​ ឬ​​​​​​ពិនិត្យ​​​​​​​​​មើល​​​ប័ណ្ណ​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​នេះ​​​នៅ​​​តាម​​​​​​ឃំុ​​​សង្កាត់​​​ទេ ​​​​​​​​​ ថ្វី​​​បើ​​​មាន​​​សំណើ​​​ជា​​​ច្រើន​​​ដងក៏​​​ដោយ​​​”។

របាយ​​​ការណ៍​​​នេះ​​​ប៉ាន់​​​ប្រមាណ​​​ថា មាន​​​ការ​​​ចេញ​​​​​​ប័ណ្ណ​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​សម្រាប់​​​​​ការ​​​​បោះ​​​ឆ្នោត​​​ចំនួន​​​១,៨​​​លានប័ណ្ណ​​​​​​​​​ អំឡុង​​​ពេល​​​បោះ​​​ឆ្នោត​​​នេះ​​​។ មាន​​​ការ​​​ចេញ​​​ប័ណ្ណ​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​សម្រាប់​​​​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ច្រើន​​​ និង​​​ដោយ​​​គ្មាន​​​​​​មូល​​​ហេតុ​​​ផង​​​ដែរ​​​ ដោយ​​​អ្នក​​​បោះឆ្នោត​​​ដែល​​​ប្រើ​​​ប្រាស់​​​ប័ណ្ណ​​​បញ្ជាក់​​​អត្តសញ្ញាណ​​​នេះ​​​នៅ​​​ក្នុង​​​ខេត្ត​​​មួយ​​​ចំនួន​​​ រួម​​​ទាំង​​​ខេត្ត​​​ព្រៃ​​​វែង​​​ផង មាន​​​ចំនួន​​​រហូត​​​ដល់​​​១៨​​​ភាគ​​​រយ ចំណែក​​​ឯ​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែល​​​ប្រើ​​​ប្រាស់​​​ប័ណ្ណបញ្ជាក់​​​អត្ត​​​សញ្ញាណ​​​នេះ​​​នៅ​​​ក្នុង​​​ខេត្ត​​​ផ្សេង​​​ទៀត រួម​​​ទាំង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​មាន​​​ចំនួន​​​តិច​​​ជាង​​​២ភាគរយ។ របាយ​​​ការណ៍របស់​​​សម្ព័ន្ធ​​​កែ​​​ទម្រង់​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​នេះ​​​លើក​​​ឡើង​​​ថា “ប្រការ​​​នេះ​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​គណនេយ្យ​​​ភាព និង​​​ជំនឿ​​​ទុក​​​ចិត្ត​​​ពីប្រជា​​​ជន​​​លើការ​​​បោះ​​​ឆ្នោត”។

លោក ទេព នីថា អគ្គលេខា​​​ធិការ​​​ គ.ជ.ប. បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​រីក​​​ចម្រើន​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០១៣នេះ គឺ​​​ជា​​​ភ័ស្តុតាង​​​បង្ហាញ​​​ថា ការ​​​បោះ​​​ឆ្នោត​​​នេះ​​​មិន​​​លម្អៀង​​​ទៅ​​​ខាង​​​គណ​​​បក្ស​​​​ប្រជាជន​​​កម្ពុជា​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ធ្លាក់​​​ចុ​​​ះពី​​​៩០​​​កៅអី មក​​​នៅ ត្រឹម​​​៦៨​​​កៅអី ហើយ​​​ឥឡូវ​​​នេះ​​​ តើ​​​គណ​​​បក្ស​​​​​​សង្គ្រោះជាតិ​​​ទទួល​​​បាន​​​ប៉ុន្មាន​​​កៅអី? ខ្ញុំ​​​មិន​​​​​​ចង់​​​និយាយ​​​អំពី​​​បញ្ហា​​​នយោ​​​បាយ​​​ទេ​​​”។

គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ទទួល​​​បាន​​​៥៥​​​អាសនៈ​​​ តាម​​​លទ្ធ​​​ផល​​​ផ្លូវ​​​ការ​​​របស់​​​ គ.ជ.ប. គឺ​​​កើន​​​ឡើង​​​ពី​​​២៩​​​អាសនៈ​​​របស់​​​គណ​​​បក្ស​​​ សម រង្ស៊ី និង​​​គណ​​​បក្ស​​​សិទ្ធិ​​​មនុស្ស​​​ មុន​​​ពេល​​​គណ​​​បក្ស​​​ប្រឆាំង​​​នេះ​​​រួម​​​បញ្ចូល​​​គ្នា​​​។ ទោះជា​​​យ៉ាង​​​ណា​​​ គណ​​​បក្ស​​​ប្រឆាំង​​​បាន​​​សន្យា​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​រដ្ឋ​​​សភា​​​ រហូត​​​ដល់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ព្រម​​​ព្រៀង​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ដោយ​​​តម្លា​​​ភាព​​​លើ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ។

ពាក់​​​ព័ន្ធ​​​នឹង​​​តួលេខ​​​ច្បាស់​​​លាស់​​​​​​នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​នេះ លោក ទេព នីថា បាន​​​មាន​​​ប្រសាសន៍​​​ថា គ.ជ.ប. បាន​​​រកឃើញ​​​ឈ្មោះ​​​ស្ទួន​​​ចំនួន​៣០១.០០០​ឈ្មោះ​ ហើយ​​​បាន​​​ស្នើ​​​សំុ​​​រួច​​​ហើយ​​​ឲ្យ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​លុប​​​ឈ្មោះ​​​ស្ទួន​​​ទាំង​​​នោះ​​​ចេញ​​​ពី​​​បញ្ជី​​​​​​ឈ្មោះ​​​បោះ​​​ឆ្នោត។

ទោះ​​​បី​​​ជា​​​របាយ​​​ការណ៍​​​នេះ​​​បញ្ជាក់​​​ថា គ.ជ.ប. នៅ​​​តែ​​​មិន​​​ព្រម​​​ប្រាប់​​​តួ​​​លេខ​​​ច្បាស់​​​លាស់​​​អំពី​​​ចំនួន​​​ប័ណ្ណ​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​ដែល​​​បាន​​​ចេញ​​​នោះ​​​ក៏​​​ដោយ ក៏​​​លោក ទេព នីថា បាន​​​មាន​​​ប្រសាសន៍​​​ថា តួលេខ​​​ចំនួន​​​១,៨លាន​​​នៅក្នុង​​​របាយ​​​ការណ៍​​​នេះ ត្រូវ​​​បាន​​​បំប៉ោង​​​ទាំង​​​ស្រុង។

លោក ទេព នីថា បាន​​​មាន​​​ប្រសាសន៍​​​ថា “គ.ជ.ប. បាន​​​ចេញ​​​ប័ណ្ណ​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​សម្រាប់​​​បោះ​​​ឆ្នោត​​​តែ​​​៤៦០.០០០​​​ប៉ុណ្ណោះ​​​នៅ​​​​​​​​​​​​ឆ្នាំ​​​២០១២ និង​​​២៧០.០០០​​​ទៀត​​​នៅ​​​ឆ្នាំ​​​នេះ” ដែលបាន​​​ធ្វើ​​​ឲ្យ​​​ចំនួន​​​ប័ណ្ណ​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​សម្រាប់​​​ការ​​​​​​បោះ​​​ឆ្នោត​​​មាន​​​ចំនួន​​​សរុប​​​៧៣០.០០០។​នៅ​​​ពេល​​​សួរ​​​ថា តើ​​​  គ.ជ.ប. នឹង​​​ធ្វើ​​​ការ​​​ដើម្បី​​​ធានា​​​ថា មិន​​​ឲ្យ​​​មាន​​​ភាព​​​ប្រក្រតី​​​កើត​​​ឡើង​​​ម្តង​​​ទៀត​​​នៅ​​​​​​ពេល​​​បោះ​​​ឆ្នោត​​​នា​​​ពេល​​​​​​​​​អនាគត​​​​​​ឬ​​​យ៉ាង​​​ណា​​​នោះ លោក​​​ ទេព​​​ នីថា បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “គ.ជ.ប. គ្រាន់​​​តែ​​​អនុ​​​វត្ត​​​តាម​​​​​​ច្បាប់​​​ដែល​​​មាន​​​ជា​​​ធរមាន​​​ប៉ុណ្ណោះ៕ គឹម​​​ហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស