33.2 C
Phnom Penh

ក្រសួង​​​សុខាភិបាល​​​នឹង​​​បិទ​​​គ្លីនិកឯកជន​​​​​​ដែល​​​អះអាង​​​ថា​​​អាច​​​ព្យាបាល​​​ជំងឺ​​​មហា​​​រីក​​​ និង​​​ទឹកនោម​​​ផ្អែម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​សុខាភិបាល​​​បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិលមិញថា​​​ ខ្លួន​​​នឹង​​​បិទគ្លីនិក​​​ឯកជន​​​មួយ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​ដែលបាន​​​​​​អះអាងថា ​​​អាច​​​​​​​​​ព្យាបាល​​​ជំងឺ​​​មួយ​​​ចំនួន​​​ជា​​​ដូច​​​ជា​​​​​​មហារីក​​​ និង​​​ទឹកនោម​​​ផ្អែម​​​ឲ្យ​​​ជា​​​បាន​​​ដោយ​​​ប្រើ​​​ម៉ាស៊ីន​​​បន្សាប​​​ជាតិ​​​ពុល​​​។

លោក​​​ សុខ​​​  សុគន្ធ ដែល​​​ជា​​​​​​ប្រធាន​​​មន្ទីរ​សុខាភិបាល​​​រាជធានី​​​ភ្នំពេញ ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ គ្លីនិក ​​​Immanuel Bicom True Healing Center ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​ មិន​​​មាន​​​អាជ្ញាប័ណ្ណ​​​ និង​​​មិន​​​​​​បាន​​​ជួល​​​បុគ្គលិកដែល​​​ធ្លាប់​​​ឆ្ល​​​ង​​​កាត់​​​​​​វគ្គ​​​បំពាក់​​បំប៉ន​​​ផ្នែក​​​វេជ្ជសាស្ត្រ​​​ឡើយ​​​។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​​​​ថា ក្រសួង​​​បាន​​​សម្រេច​​​បិទ​​​គ្លីនិក​​​នេះ​​​បន្ទាប់​​​​​​​​​ពីវា​​​បើក​​​សាកល្បង​​​បាន​​​បីខែ​​​និងពីរ​​​ថ្ងៃ​​​​​មុន​​​ពេលវា​​​​​​បើក​​​សម្ពោធ​​​​​​ជា​​​ផ្លូវ​​​ការ។

លោក​​​ សុខ សុគន្ធ​​​ ​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា​​​ “យើង​​​សម្រេច​​​បិទ​​​គ្លីនិក Immanuel  Bicom True Healing Center នៅ​​​ព្រឹក​​​នេះ​​​ ព្រោះ​​​គ្លីនិក​​នេះ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​ទេ​​​។​​​ប្រសិន​​​បើ​​​គេ​​​នៅតែ​​​បន្ត​​​ព្យាបាល​​​អ្នក​​​ជំងឺ​​​ទៀត​​​នោះ​​​ យើង​​​នឹង​​​ចាប់​​​ផ្តើមផាកពិន័យហើយ​​​”។ លោក​​​ សុខ​​​ សុគន្ធ​​​ បាន​​​ថ្លែង​​​​​​ថា “នាយក​​​ដ្ឋាន​​​​​​​​​​​​របស់​​​ខ្ញុំ​​​បាន​​​ស៊ើប​​​អង្កេត​​​គ្លីនិក​​​នេះ​​​មួយ​​​រយៈ​​​ហើយ  ​​​ហើយ​​​បាន​​​រក​​​ឃើញ​​​ថា​​​ ​​​វា​​​ពុំ​​​​​​​​​មាន​​​បំពាក់​​​ឧបករណ៍​​​ដែល​​​អាច​​​ព្យាបាល​​​ជំងឺ​​​មហា​​​រីក​​​ ទឹក​​​នោម​​​ផ្អែម​​​ និង​​​សន្លាក់​​​ដៃជើង​​​ឲ្យ​​​ជា​​​សះស្បើយ​​​បាន​​​ឡើយ។

លោក​​​ សុខ សុគន្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “គ្លីនិកឯកជន​​​​នេះ​​​មាន​​​បំពាក់​​​ម៉ាស៊ីនតែ​​​មួយ​​​ចំនួន​​​តូច​​​​​​ប៉ុណ្ណោះ ​​​ហេតុដូច្នេះ​​​តើគេអាច​​​ផ្តល់​​​ការព្យាបាល​​​​​​ជា​​​ដោយ​​​របៀបណាទៅ​​​? សូម្បី​​​​​​តែ​​​មន្ទីរ​​​ពេទ្យ​​​ដែល​​​មាន​​​បំពាក់​​​​​​គ្រឿង​​​បរិក្ខា​​​គ្រប់​​​គ្រាន់​​​ក៏​​​​​​​​​ស្ទើរ​​​តែ​​​មិន​​​អាច​​​ផ្តល់​​​ការ​​​ព្យាបាល​​​បាន​​​ត្រឹម​​​ត្រូវ​​​ផង​​​ ចុះ​​ទម្រាំ​​​គ្លីនិក​​​នេះ​​​ទៀត​​​នោះ​​​?”។

លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ជំងឺមហារីក​​​គឺ​​​ជា​​​ជំងឺ​​​ដែល​​​ចាំបាច់​​​ត្រូវការការ​​​វះកាត់​​​ដោយ​​​គ្រូ​ពេទ្យ​​​​​​ជំ​​​នាញ​​​ ប៉ុន្តែ​​​គ្លីនិក Immanuel Bicom True Healing Center មិន​​​មាន​​​ផ្តល់​​​ការ​​​ព្យាបាល​​​បែប​​​បែប​​​នេះឡើយ​​​។ លោកសាំង​​​ សារី​​​ ប្រធាន​​​នាយក​​​ដ្ឋាន​មន្ទីរ​​​ពេទ្យ​នៃ​​​​​​ក្រសួង​​​សុខា​​​ភិបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​គ្លីនិក​​​នេះ​​​កំពុង​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ដល់​​​​​​ពល​​​រដ្ឋ​​​។​ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា​​​ “ប្រសិន​​​បើ​​​​​​គ្លីនិក Immanuel Bicom True Healing Center ផ្តល់​​​ការ​​​ព្យាបាល​​​បន្ត​​​ទៀត​​​នោះ​​​​​​វា​​​អាច​​​នឹង​​​បង្ក​​​​​​ផល​​​​​​​​​ប៉ះ​​​ពាល់​​​ដល់​​​អាយុ​​​ជីវិត​​​ប្រជាពល​​​រដ្ឋ​​​។

​​​​​​អំឡុង​​​​​​កិច្ចសម្ភាសមួយ​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​​​​នេះអ្នកស្រី​ ហេលីណា គន្ធលីម ម្ចាស់​​​គ្លីនិក​​​ Immanuel Bicom True Healing Center ដែល​​​បាន​​​អះអាង​​​ថា ​​​​​​ខ្លួន​​​ត្រូវ​​​ព្រះ​​​ជា​ម្ចាស់​​ប្រាប់​​​ឲ្យ​​​ជួយ​​​អ្នក​​​ជំងឺ​​​នោះ​​​បាន​​​ទទួលស្គាល់​​​ថា ​​​ខ្លួន​​​ពុំ​​​​​​មាន​​​អាជ្ញាប័ណ្ណ​​​ពី​​​ក្រសួង​​​សុខាភិបាល​​មែន។ អ្នក​​​ស្រី​​​បានអះអាង​​​​​​ថា ជំងឺ​​​មួយ​​​ចំនួន​​​ដូច​​​ជា​​​មហារីក​​​ ទឹក​​​នោម​​​ផ្អែម​​​ និង​​​សន្លាក់​​​ដៃ​​​ជើង​​​គឺ​​​សុទ្ធ​​​តែ​​​បង្ក​​​ឡើង​​​ដោយ​​​ជាតិ​​​ពុល​​​ដែល​​​មាន​​​នៅ​​​ក្នុង​​​ខ្យល់ ទឹក​​​ និង​​ចំណីអាហារ​​​។  ដូច្នេះ​​​ម៉ាស៊ីន​​​បន្សាប​​​ជាតិ​​​ពុល​​​ដែល​​​អ្នក​​​ស្រី​​​ទិញ​​​អស់​​​រាប់​​​រយដុល្លារនេះ​​​​​​អាច​​​បន្សាប​​​ជាតិ​​​ពុល​​​នៅ​​​ក្នុង​​​ខ្លួន​​​មនុស្ស​​​បានដែរ​​​ ​​​ហើយ​​​ក៏​​​​​​អាច​​​ព្យាបាល​​​ជំងឺ​​​ទាំង​​​នេះ​​​ឲ្យជា។អ៊ីចឹង​​​ការ​វះ​កាត់ឬឧបករណ៍​​​ផ្សេងៗ​​​ទៀត​​​ គឺ​​​មិនចាំបាច់​​​​​​​​​ឡើយ។

ប៉ុន្តែ​​​ នៅពេល​​​ត្រូវ​​​បាន​​​សួរ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា​​​តើអ្នកស្រី​​​មាន​​​បាន​​​ទទួល​​​ដំណឹង​​​ពី​​​ក្រសួង​​​សុខាភិបាល​​​ស្ដីពីការ​​​បញ្ជា​​​​​​ឲ្យ​​​បិទ​​​គ្លីនិក​របស់​​​អ្នក​​​ស្រី​​​ដែរ ឬអត់​​​នោះ​​​ ​​​អ្នកស្រី​​​និយាយ​​​ថា​​​ ខ្លួន​​​​​​មិន​​​បាន​​​ដឹង​​​អំពី​​​រឿង​​​នេះ​​​​​​​​​ឡើយ ហើយ​​​បាន​​​អះអាង​​​ថា​​​តាម​​​ពិត​​​ទៅ​​​អ្នក​​​ស្រី​​​មាន​​​អាជ្ញាប័ណ្ណ។ អ្នក​​​ស្រី​​​បាននិយាយថា “ខ្ញុំ​​​មិន​​​បានទទួល​​​ដំណឹង​​​​​​អ្វី​​​ឡើយ​​​​​​។គ្មាន​​​នរណា​​ម្នាក់​​​អាច​​​បិទ​​​គ្លីនិក​​​របស់​​​ខ្ញុំ​​​បានទេ​​​​ ព្រោះ​​​ខ្ញុំ​​​មាន​​​អាជ្ញា​​​ប័ណ្ណ​​​ត្រឹម​​​ត្រូវ​​​”៕ ស៊ុយឈាង​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស