33.2 C
Phnom Penh

មាន​ការ​ផ្តល់​យោបល់​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដោះ​ស្រាយអ្នកទោស​លើស​ចំណុះ​​នៅ​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​មហា​ផ្ទៃ​ត្រូវ​បាន​ផ្តល់​យោបល់​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ចំនួន​អ្នក​ទោស​​​លើស​ចំណុះ​​នៅ​ក្នុង​​ពន្ធ​នាគារ​ និង​​បញ្ហា​ដឹក​ជញ្ជូន​អ្នក​ទោស​​​ពី​ពន្ធ​នាគារ​ទៅ​កាន់​តុលាការ​​ នៅ​ពេល​ដែល​​​ពន្ធ​នាគារ​បាន​ចាប់​ផ្ដើម​​​ធ្វើ​​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​ពីឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៨​សម្រាប់​​ ពន្ធនា​គារ​នៅទូទាំង​ប្រទេស​។

មានការ​ផ្តល់យោបល់​នេះ​នៅ​ពេល​ចាប់​ផ្ដើម​សិក្ខាសាលា​ពិគ្រោះ​យោបល់​រយៈ​ពេល​​ពីរ​ថ្ងៃ​រវាង​រដ្ឋា​ភិបាល​ និង​តំណាង​អង្គការ​សហ​ប្រជា​ជាតិ និង​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ កាលពីម្សិលមិញ ដើម្បី​​ពិនិត្យ​មើល​ដំណើរ​ការ​វិវឌ្ឍ និង​បញ្ហា​ប្រឈម​ដែល​នៅ​តែ​កើត​មាន​បន្ទាប់ពីការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រពីឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៣​សម្រាប់​ពន្ធនាគារ​។

ការិយាល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ប្រចាំ​​ប្រទេស​​កម្ពុជា​បាន​លើក​ឡើង​ថា “ យើង​សម្រេច​បាន​ ​ស្នាដៃ​សំខាន់​ៗ​នៅក្នុង​​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​មក​នេះ​” ពាក់​ព័ន្ធ​ការ​អនុម័ត​ច្បាប់​ស្តី​ពី​ពន្ធនាគារ​​ឆ្នាំ​២០១១​សេចក្ដី​ព្រាង​ព្រះ​រាជ​ក្រឹត្យ​ស្ដីពី​ការ​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការ​ងាររបស់​​បុគ្គលិក​ពន្ធនាគារ​ប្រសើរ​ឡើង​ អនុក្រឹត្យ​ស្ដីពី​របប​អាហារ​  សុខ​ភាព​ ការ​ស្ដារ​នីតិ​សម្បទា​ ការ​បញ្ចូល​អ្នក​ទោស​ចូល​ក្នុង​សង្គម​វិញ​ កម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ សេវា​សុខ​ភាព និង​ការ​ប្រឹង​ប្រែង​ទប់​ស្កាត់​កុំ​ឲ្យ​​​មាន​​អ្នក​​ទោស​​លើស​ចំណុះ​ក្នុង​បន្ទប់​ឃុំ​ឃាំង​។

កម្មវិធី​គាំទ្រ​កំណែ​ទម្រង់​ពន្ធនាគារ​របស់​ការិយាល័យ​ឧត្តម​ស្នង​ការ​សហ​ប្រ​ជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​នេះ ក៏​បាន​លើក​ឡើង​អំពី​​ការ​វិវឌ្ឍ​​សំខាន់ៗ​​” ក្នុង​ការ​បណ្ដុះ​បណ្ដាល​​បុគ្គលិក​ពន្ធ​នាគារ​ ការ​ពិភាក្សា​អំព​ី​ការ​​ដាក់​​អ្នក​ទោស​លើស​ចំណុះ និង​ការ​ទំនាក់​ទំនង ​បន្ថែមទៀតរវាង​ពន្ធ​នា​គារ​ និង​តុលាការ​។
​ការិយាល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ បាន​រក​ឃើញ​ថា “ទន្ទឹមនឹង​ភាព​ជោគ​ជ័យ​ខាង​លើ យើង​ក៏​ប្រឈម​បញ្ហា​មួយ​ចំនួន​ផង​ដែរ​ដូច​ជា​ការ​រំខាន​នៅ​ពេល​ដឹក​ជញ្ជូនអ្នកទោស​​ទៅកាន់​សាលា​ឧទ្ធរណ៍​ ចំនួន​អ្នក​ទោស​ច្រើន​ហួស​នៅ​ក្នុង​ពន្ធនាគារ​ និង​ការ​អនុ​វត្ត​ច្បាប់​មិន​បាន​ទូលំទូលាយ និង​ស៊ី​ជម្រៅ​”។

​ការិយាល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ បាន​លើក​ឡើង​ទៀត​ថា បញ្ហា​ប្រឈម​ក្នុង​ពន្ធនាគារ​រួម​មាន​ចំនួន​អ្នក​ទោស​ស្ត្រី​កើន​ឡើង​ជិត​ទ្វេ​ដង​ចាប់​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ ២០១៣” ដែល​បង្ក​ឲ្យ​មាន​ការលំបាក​ដល់​មន្ត្រី​ពន្ធនាគារ​ក្នុង​ការ​រក​​កន្លែង​​ដាក់​អ្នក​ទោស​ និង​គ្រប់​គ្រង​អ្នក​ទោស​ស្ត្រី​​ឲ្យ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​”។ ​ចាំ​បាច់​ ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ទាក់​ទង​នឹង​​ “ការ​បង្ការ ​កុំឲ្យ​មាន​​ជំងឺឆ្លង​នៅ​ក្នុង​ពន្ធ​នាគារ​ផង​ដែរ​”។

លោកស្រី វ៉ាន ហ៊ាលី​ តំណាង​ប្រចាំ​ប្រទេស​នៃ​​ការិយាល័យ​ឧត្តម​ស្នង​ការ​សហ​​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ បាន​មាន​ប្រសាសន៍​ថា“ ត្រូវឃ្លាំ​មើល​ការ​​ប្រព្រឹត្ត​​​ចំពោះ​​អ្នក​ទោស​ឲ្យ​បាន​ល្អ​ប្រសើរ​​ផង​ដែរ​”។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ទោះ​ជាយ៉ាង​ណា​ត្រូវ​ប្រឹង​ប្រែង​បន្ថែម​ទៀត​​ដើម្បី​ធ្វើ​ឲ្យ​ស្ថាន​ភាព​រស់​នៅ​កាន់​តែ​ប្រសើ​រ​ឡើង ​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​សេវា​សុខ​ភាព​ បង្កើត​យន្ត​ការ​ដាក់ពាក្យ​បណ្ដឹង និង​ធ្វើ​ឲ្យពន្ធនាគារទាំង​អស់​ស្រប​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​”៕សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស