32.5 C
Phnom Penh

លោក ហ៊ុន​​​ សែន​​​ ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​​​​អាស៊ាន​​​-ជប៉ុន​​​​​​នៅ​​​​​​ក្រុង​​​តូក្យូ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​​​​ជួប​ពិភាក្សា​ជាមួយ​លោក ស៊ីនហ្សូ អាបេ ​សម​​​ភាគី​​​​​​ជប៉ុន​ នៅ​ក្នុង​ទីក្រុ​ង​តូក្យូកាល​ពី​ម្សិល​មិញ​ មួយ​ថ្ងៃបន្ទាប់ពី​ប្រទេស​ជប៉ុន និង​​ប្រទេស​ជា​សមាជិក​អាស៊ាន​​បាន​ព្រម​ព្រៀង​ដើម្បី​ធានា​ឲ្យ​មាន​ “សេរីភាព​នៃ​ការ​ហោះ​ហើរ​” នៅ​ក្នុង​តំបន់​។

​ចិន​​​​ទំនង​ជា​នឹង​ចាត់​ទុក​​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ថា ជា​​​ការ​​​មើល​​​ស្រាល​​​​​​ ព្រោះ​​​​​​​​​​​​​​​​​​​​​​កាលពី​ពេល​ថ្មីៗ​នេះ​​​ចិន​​​​បាន​ដាក់​តំបន់​ការ​ពារ​ដែន​អាកាស​​​​​​​ឯកតោភាគី​របស់​ខ្លួន​​​នៅ​​​លើ​​​​​​ដែ​​​ន​​​ទឹក​​​​​​​មាន​​​ជម្លោះ​​​​​​នៅ​​​ចន្លោះ​​​ពី​​​​ដែន​ទឹក​​​​របស់​​​ខ្លួន​​​​ និង​​​​ដែន​​​ទឹក​​​​ជប៉ុន​។

ខណៈ​ដែល​ជប៉ុន​ជា​ប្រទេស​ម្ចាស់​ជំនួយ​អភិវឌ្ឍន៍​ដ៏ធំបំផុត​ដល់​ប្រទេស​កម្ពុជា​នោះ ប្រទេស​ចិន​គឺ​ជា​វិនិយោគិន​ដ៏​ធំ​បំផុត​របស់​​​​កម្ពុជា​ ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា មាន​ទំនាក់​​​ទំនង​​​​ជិត​ស្និទ្ធជាមួយ​ប្រទេស​កម្ពុជា​ជាង​ប្រទេស​ជា​សមាជិក​អាស៊ានដទៃទៀត​។

យោង​តាម​ទីភ្នាក់​ងារ​ព័ត៌​មាន​​អាកាប៉េ បាន​​​ឲ្យ​ដឹង​ថា ​​​​​​​​​​​កម្ពុជានិង​​ជប៉ុន​នឹង​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​មួយ​ដើម្បី​លើក​កម្ពស់​​​កិច្ច​សហ​ប្រតិបត្តិការ​ការ​ពារ​ជាតិ និង​ការ​ផ្លាស់​​​ប្តូរ​​​យោបល់​​​​​​​​នៅ​​​ឯ​​​​​​ជំនួប​​​​ទ្វេ​ភាគី​កាល​​​ពីម្សិល​​​មិញ​រវាង​នាយក​រដ្ឋមន្ត្រីនៃ​ប្រទេស​ទាំង​ពីរ រួម​​​ជា​​​មួយ​​​នឹង​​​​​កិច្ច​ព្រម​ព្រៀង​សេដ្ឋ​​​កិច្ច​​​​​​​​​​​​​ដែល​​​​​​គេ​​​មិន​​​បាន​​​បញ្ជាក់​​​​​​ផងដែរ​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពីម្សិល​មិញ​ថា  តាម​​​អនុស្សរណៈ​នេះ​​ប្រទេស​ជប៉ុន​​​​​​នឹង​​​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​យោធា​ដល់​ប្រទេស​​​កម្ពុជា​​ ប៉ុន្ដែ​លោក​មិន​អាច​និយាយ​លម្អិត​បានទេ ពីព្រោះ​លោក​មិន​បាន​​​​ឃើញ​​​កិច្ច​ព្រម​ព្រៀង​នោះទេ​។

ទីភ្នាក់​ងារ​ព័ត៌មាន​អាកា​ប៉េ បាន​រាយ​ការណ៍​​ថា កាលពីថ្ងៃ​សៅរ៍ លោក​ ហ៊ុន សែន បាន​ជួប​​​​ជាមួយ​លោក មីតស៊ូ ហ៊ីដាកា ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុ​​​ន​រុក​រក​ប្រេង​មីតស៊ូ នៅ​ក្រៅ​កិច្ច​ប្រជុំ​អាស៊ាន​ “ហើយ​​​បាន​​​បញ្ជាក់​​​​ថា លោក​ចង់​ឃើញ​​ប្រេង​លើក​ដំបូង​នៅ​ពេល​ឆាប់ៗ​នេះ​” ពី​ដី​​​សម្បទាន​រួម​របស់​ក្រុម​ហ៊ុន​មីត​ស៊ូ ជាមួយ​ក្រុម​ហ៊ុន​ឈេហ្វរ៉ុន នៅ​ក្នុង​សមុទ្រ​កម្ពុជា។ ការ​ចរចា​រវាង​ក្រុម​ហ៊ុន​​ឈេហ្វរ៉ុន និង​រដ្ឋា​ភិបាល​កម្ពុជា​ស្ដីពីការ​រុ​ក​រក​ប្រេង​នេះ​បាន​ជាប់​គាំង​រយៈ​ពេល​​ច្រើន​ឆ្នាំ​មក​ហើយ​។

ជំនួប​​​​របស់​លោក ហ៊ុន សែន ជាមួយ​ក្រុម​ហ៊ុន​មីតស៊ូ បាន​កើត​ឡើង​នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-ជប៉ុន​កាលពីថ្ងៃ​សៅរ៍ រំឭក​​ដល់​ទំនាក់ទំនង​ការទូត​រយៈ​ពេល​៤០​ឆ្នាំ​រវាង​​​​​​​ប្រទេស​ទាំង​ពីរ​ ដែល​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​នោះ​​​​ប្រទេស​ទាំង​ពីរ​​បាន​យល់​ព្រម​​​​លើ​​​​ “ សេរី​ភាព​នៃ​ការ​ហោះហើរ​” ក្នុង​តំបន់​។

ប្រទេស​ជប៉ុន និង​ប្រទេស​ជា​សមាជិក​​អាស៊ាន ក៏បានចេញ​សេចក្ដីថ្លែង​ការណ៍​រួម​មួយ​បន្ទាប់ពី​កិច្ច​ប្រជុំ​កំពូល​នេះ ដោយ​បង្ហាញ​​អំពី​សារៈសំខាន់​នៃ​ការ​​ថែ​រក្សា​សន្តិ​ភាព​ ស្ថិរ​ភាព និង​វិបុល​ភាព​នៅ​ក្នុង​តំបន់ និង​ជំរុញ​ឲ្យ​មាន​សន្តិ​សុខ និង​​សុវត្ថិភាព​​ដែន​ទឹក សេរី​ភាព​នៃ​ការ​ធ្វើ​នាវា​ចរ​…​ប្រើ​ប្រាស់​ការ​អត់​ធ្មត់ និង​ការ​​​​ដោះ​​​​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​”។

លោក​ អាបេ បាន​ឆ្លៀត​ឱកាស​នេះ​ប្រកាស​​​​​​​​​​​​​អំពី​កញ្ចប់​ជំនួយ​ដែ​ល​មាន​ទឹក​ប្រាក់​​១៩​,​៤​​​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​ជា​​សមាជិក​អាស៊ាន​សម្រាប់​​​ការ​​​ចំណាយ​​​​រយៈ​ពេល​ប្រាំ​ឆ្នាំ​ក្រោយ​​​ទៅ​​​លើ​​​​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​​​​​​ដើម្បី​​​បិទ​​​​​គម្លាត​​​​អភិវឌ្ឍ​ក្នុង​តំបន់​។ កិច្ច​ប្រជុំ​កំពូ​លនេះ និង​ដំណើរ​ទស្ស​នកិច្ច​​របស់​លោក ហ៊ុន សែន ទៅកាន់​ទីក្រុង​តូក្យូ​ធ្វើ​ឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក អាបេ មក​កាន់​ប្រទេស​កម្ពុជា​ និង​​​​​​​​ឡាវ​​​​​​​កាលពីខែ​មុន ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ផ្នែក​​​​​​​​​មួយ​នៃ​កិច្ច​ខិត​ខំប្រឹ​ង​ប្រែង​របស់​ប្រទេស​ជប៉ុន​ដើម្បីស្វែងរក​ការ​គាំទ្រ​ក្នុង​តំបន់​នៅពេល​ដែល​ទំនាក់​ទំនង​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​រវាង​ទីក្រុង​​​​​​​តូក្យូ​ជា​មួយ​ទីក្រុ​​ង​ប៉េ​កាំង​ជុំវិញ​កោះ​ដែល​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​។

កាលពីម្សិលមិញ ទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​ចិន​​​ស៊ីន​ហួ ​រាយការណ៍​ថា លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នៅ​ខែ​ក្រោយនេះ​ ដើម្បី​ធ្វើ​ជា​​សហ​ប្រធាន​កិច្ច​ប្រជុំ​​​​​​​​ដំបូង​នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​​អន្តរ​រដ្ឋាភិបាល​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ​។ ​យោង​តាម​ទីភ្នាក់​ងារ​ព័ត៌មាន​ស៊ីន​ហួ​បាន​​​​​​​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​នេះ​មាន​បំណង​ “ អ នុវត​​​្ត​​​ផែន​ការ​សកម្មភាព​ស្ដីពី​​​ភាព​​​​ជាដៃគូ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​យុទ្ធ​​​សាស្ត្រ​​​ទូលំ​​​ទូលាយ​​​​រវាង​ចិន​-កម្ពុជា”​​​៕​​​សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស